អានតួអត្ថបទ
ឥណ្ឌូណេស៊ី-ព្រៃឈើ

ជនជាតិភាគតិចលើ​កោះប័រណេអូនឹង​រងគ្រោះ ដោយសារ​ការរើផ្លាស់ទី​រដ្ឋធានីរបស់​ឥណ្ឌូណេស៊ី

ការរើផ្លាស់ទី លើករដ្ឋធានី​ទៅនៅលើ​កោះប័រណេអូ​នឹង​ជំរុញ​ឲ្យ​មាន​រលកបណ្តេញ​ចេញ ប្រជាជន​ភាគតិច យ៉ាងតិច ២ម៉ឺននាក់។ នេះជា​ការព្រមាន​របស់​អង្គការ​សម្ព័ន្ធ​ជនជាតិភាគតិច នៃប្រជុំកោះ នៅ ៣ថ្ងៃ​ក្រោយ រដ្ឋសភា​ឥណ្ឌូណេស៊ី​បាន​បោះឆ្នោត​យល់​ព្រម​ឲ្យ​មានការផ្ទេររ រើរដ្ឋធានីរដ្ឋបាល​​ចេញពី​ហ្សាការតា ទៅកាន់​កោះប័រណេអូ។ រដ្ឋាភិបាលឥណ្ឌូណេស៊ី ​របស់​លោក​ប្រធានាធិបតី ហ្សូកូវីដូដូ​បាន​ស្នើ​ឲ្យគេ​រើទីក្រុង​រដ្ឋបាល​ចេញពីហ្សាការតា ក្នុង​ហេតុផល​ថា រដ្ឋធានីចាស់​របស់​ឥណ្ឌូណេស៊ី ខ្វះហេដ្ឋារចនាសម្ព័ន្ធ សំបូរដោយ​ខ្យល់ពុល និងឧស្សាហ៍លិចទឹក។

ផ្សែងចេញពីភ្លើងឆេះព្រៃ​នៅ​ខេត្ត​កាលីម៉ានតាន់​​លើ​កោះប័រណេអូ នៅ​ឆ្នាំ ២០១៩
ផ្សែងចេញពីភ្លើងឆេះព្រៃ​នៅ​ខេត្ត​កាលីម៉ានតាន់​​លើ​កោះប័រណេអូ នៅ​ឆ្នាំ ២០១៩ AP - Fauzy Chaniago
ផ្សាយពាណិជ្ជកម្ម

សម្រាប់​អង្គការ​សម្ព័ន្ធប្រជាជនភាគតិច របស់​កោះប័រណេអូ មនុស្ស​យ៉ាងតិច​២ម៉ឺននាក់ មកពីក្រុមជនជាតិភាគតិច​ចំនួន ២១​ក្រុម នឹង​ត្រូវ​ប្រឈម​នឹង​ការបណ្តេញ​ចេញ​ពី​ដីភូមិ ដើម្បីទុកដី​សម្រាប់​គម្រោង​សាងសង់​អនាគត​រដ្ឋធានី​ថ្មី​របស់​ឥណ្ឌូណេស៊ី។

នៅថ្ងៃអង្គារ​ដើមសប្តាហ៍នេះ រដ្ឋសភា​ឥណ្ឌូណេស៊ី​បាន​បោះឆ្នោត​អនុញ្ញាត​ឲ្យ​គេ​សាងសង់​រដ្ឋធានី​ថ្មី​របស់​ឥណ្ឌូណេស៊ី នៅក្នុង​ខេត្ត​កាលីម៉ាន់តាន​ខាងកើត នៅ​លើ​កោះប័រណេអូ។ នូសាន់តារ៉ា ដែលមានន័យថា “ប្រជុំកោះ” នឹង​ក្លាយ​ជា​រដ្ឋធានី​រដ្ឋបាល​ថ្មី​របស់​ឥណ្ឌូណេស៊ី​ ចំណែក ហ្សាការតា​ត្រូវ​បាន​រដ្ឋាភិបាល​រក្សា​ទុក​ត្រឹម​ទីក្រុង​សេដ្ឋកិច្ច។

គម្រោង​សាងសង់​រដ្ឋធានី​ថ្មី ដែល​មានតម្លៃ​ជាង ៣៣ពាន់លាន​ដុល្លារ នឹង​គ្របដណ្តប់​លើ​ដែនដីព្រៃ ៥៦ ១៨០ហិចតា​នៅលើ​កោះប័រណេអូ។ ជាសរុប គេ ត្រូវការ​ផ្ទៃដី​ច្រើនជាង ២៥៦ ០០០​ហិចតាសម្រាប់​គម្រោង​ពង្រីករដ្ឋធានី​ទៅថ្ងៃ​អនាគត។

សម្រាប់​អង្គការ​ការពារ​សិទ្ធិជនជាតិភាគតិច គម្រោងរើទីក្រុងរដ្ឋបាល​ទៅនៅលើ​កោះប័រណេអូ​នឹង​បង្ក​ឲ្យ​មាន​បញ្ហាពីរ គឺ​ការរឹបអូស​យក​ដីភូមិ​របស់​ប្រជាជនភាគតិច និង​ការចាប់ចង ចោទប្រកាន់​ជនជាតិភាគតិច ពី​បទប្រព្រឹត្ត​ឧក្រិដ្ឋកម្ម នៅពេល​ពួកគេ​តវ៉ា​ដើម្បីការពារ​សិទ្ធិរស់នៅលើ​ដីចំការ​របស់ពួកគេ។ សហគមន៍​ប្រជាជន​ភាគតិច​នៅលើ​កោះប័រណេអូ កំពុង​ជួបប្រទះ បញ្ហា​នៅចំពោះមុខ​រួចហើយ ដូចជា​ជម្លោះជាមួយ​ក្រុមហ៊ុន​ឯកជន ដែល​បាន​ទទួល​កិច្ចសន្យា​វិនិយោគ​ធ្វើចំការ​លើ​ដីព្រៃ ជាង ៣ម៉ឺនហិចតា​របស់​ប្រជាជន​ភាគតិច។

ការរើផ្លាស់ទី រដ្ឋធានីថ្មី ទៅលើ​លើ​កោះប័រណេអូ មិនត្រឹម​តែ ធ្វើ​ឲ្យ​ប្រជាជន​ភាគតិច​បាត់បង់​ការងារ ដីចំការធ្វើកសិកម្ម​សម្រាប់ចិញ្ចឹមជីវិត និង​វប្បធម៌តែប៉ុណ្ណោះទេ ប៉ុន្តែ វា​នឹង​ប៉ះពាល់​ផងដែរ ដល់​ប្រព័ន្ធជីវចម្រុះ របស់​កោះប័រណេអូ ដែលជា​ជម្រកព្រៃត្រូពិក​ដ៏ធំមួយ នៅលើលោក។ ក្រុមអ្នកការពារ​បរិស្ថាន​ធ្លាប់បាន​ប្រឆាំង​នឹង​គម្រោង​រើរដ្ឋធានីទៅលើ​កោះប័រណេអូ ក្នុង​ហេតុផលថា ការសាងសង់​ទីក្រុងរដ្ឋបាល​នឹង​ទៅបំពុលបំផ្លាញ​បរិស្ថាន​មួយកម្រិត​បន្ថែមទៀតនៅក្នុងខណៈពេល​ដែល ក្រុមហ៊ុនជីករ៉ែ និង​ក្រុមហ៊ុន​ដាំដូងប្រេង​កំពុង​កាប់បំផ្លាញ ព្រៃត្រូពិក​នៅ​ប័រណេអូ​ដែល​ជា​ជំរកដ៏សំខាន់ របស់​សត្វស្វា Orangs Outans ដែល​ជា​ប្រភេទ​សត្វ​ប្រឈម​នឹង​ការរលាយផុតពូជ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ