អានតួអត្ថបទ
ភូមា-ជម្លោះ​ប្រដាប់អាវុធ

ប៉េកាំងសុំឲ្យឈប់បាញ់ ក្រោយសម្ព័ន្ធ​​​​ជនជាតិ​ភាគ​តិច​​ភូមា​ដណ្តើមបាន​ក្រុង​​​យុទ្ធសាស្ត្រ​ជាប់​ព្រំដែន​ចិន

របប​សឹក​ភូមា​កំពុង​ចាញ់​លើ​សមរភូមិ​ប្រយុទ្ធ​​ជាមួយ​​ក្រុម​ប្រដាប់​អាវុធជនជាតិ​ភាគ​តិចនៅ​ភាគ​ខាង​ជើង​ប្រទេស ដោយ​របូត​​​ក្រុង​យុទ្ធ​សាស្ត្រ​​ជាប់​ព្រំដែន​ចិន​ពី​​ដៃ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​​​អ្នក​នាំពាក្យ​រដ្ឋាភិបាលភូមា។ ក្នុងស្ថានភាព​បែប​នេះ ចិន​បាន​ចេញ​សេចក្តីអំពាវនាវ​ភ្លាម​ឱ្យ​ភាគី​ទាំងពីរ​បញ្ឈប់​ការ​​ប្រយុទ្ធ​គ្នា។

សម្ព័ន្ធ​​​ជន​ជាតិភាគ​តិច​ភូមា​ប្រដាប់​អាវុធ​ដណ្តើមកាន់កាប់​ក្រុង​​​យុទ្ធសាស្ត្រ​ជាប់​ព្រំដែន​ចិន។ រូបថត​នៅ​ភូមិ​Laukkaingនៃ​រដ្ឋ​Shan ថ្ងៃទី ២៨​តុលា​២០២៣
សម្ព័ន្ធ​​​ជន​ជាតិភាគ​តិច​ភូមា​ប្រដាប់​អាវុធ​ដណ្តើមកាន់កាប់​ក្រុង​​​យុទ្ធសាស្ត្រ​ជាប់​ព្រំដែន​ចិន។ រូបថត​នៅ​ភូមិ​Laukkaingនៃ​រដ្ឋ​Shan ថ្ងៃទី ២៨​តុលា​២០២៣ © Kokang Information Network / via AFP
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សារ​​សំឡេង អ្នក​នាំពាក្យ​រដ្ឋាភិបាល​សឹក​ភូមា បាន​អះអាង​ រដ្ឋាភិបាល ស្ថាប័ន​រដ្ឋបាល និង​កង​កម្លាំង​រក្សា​សន្តិសុខ​បាន​ដក​ចេញ​ពី​ក្រុង​Chinshwehaw ដែល​ស្ថិត​ជាប់របង​​ខេត្ត​យូណាន​របស់​ចិនអស់​រលីង​​ហើយ​។ ៦​ថ្ងៃចុងក្រោយ​មក​នេះ សម្ព័ន្ធ​​ជនជាតិ​ភាគ​តិច​ប្រដាប់​អាវុធ​បី​ក្រុមបាន​រួម​ដៃ​គ្នាបើក​ការ​វាយប្រហារនិង​ប្រយុទ្ធ​ជាមួយ​​កង​កម្លាំង​យោធាភូមា​​នៅ​១០​កន្លែង​ផ្សេង​គ្នា​ នៃ​រដ្ឋ​Shan ភាគ​ខាង​ជើង។ នេះ​បើ​តាម​អ្នក​នាំពាក្យ​រដ្ឋាភិបាល​សឹក​ភូមា​ដដែល​ដោយ​មិន​លម្អិត​ព័ត៌មាន​ទាក់​ទង​នឹង​​ចំនួន​ជន​រងគ្រោះ​ទេ។

សម្ព័ន្ធ​ប្រដាប់​អាវុធជនជាតិ​ភាគ​តិចបី​ គឺក្រុមប្រដាប់​អាវុធ​រំដោះ​ជាតិ​Taaung (TNLA) ក្រុមប្រដាប់​អាវុធ​អារ៉ាកាន (AA) និង​សម្ព័ន្ធ​ប្រជាធិបតេយ្យ​ជាតិ​ភូមា (MNDAA) បានចង​មេត្រីភាព​​រួមដៃ​​គ្នា​ប្រមូល​កម្លាំង​ប្រយុទ្ធ​បាន​ប្រមាណ​​យ៉ាង​ហោច​១៥០០០នាក់​។ សម្ព័ន្ធ​​បាន​ប្រកាស​តាំង​ពី​ថ្ងៃចន្ទទី៣០​តុលា​២០២៣ ដណ្តើម​កាន់​កាប់​​បាន​នូវ​ទីតាំងយោធា​​ភូមា​ជា​ច្រើន និង​ត្រួត​ត្រា​ផ្លូវ​យុទ្ធសាស្ត្រ​សម្រាប់​ផ្តោះ​ប្តូរ​ពាណិជ្ជកម្ម​ជាមួយ​ចិន​ដែលជា​ដៃ​គូ​ដ៏​ចម្បង​របស់​ភូមា​។

ជម្លោះ​ប្រដាប់​អាវុធ​នេះ បាន​បង្ក​ឱ្យ​មនុស្ស​ជាង​៦ពាន់​នាក់​ធ្វើ​បំលាស់​ទី និង​ជា​ច្រើន​ពាន់​នាក់​ទៀត​ណាស់​ភៀស​ខ្លួន​ទៅ​ប្រទេស​ចិន។ នេះ​បើ​តាម​ការ​ព្រមាន​របស់​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​ចន្ទ។ ប៉ុន្តែ​អ្នក​ជំនាញ​​​មិន​អាច​ផ្ទៀង​ផ្ទាត់​​​តួលេខ​ជន​រងគ្រោះ​​ដែល​ភាគីជម្លោះ​ម្ខាង​បន្ទាប​ម្ខាង​បំប៉ោងទេ។ ក្រុមជាតិ​ពិន្ធុ​​ប្រដាប់​អាវុធ​ថា​មានអ្នក​​របួស​ ស្លាប់​និង​ចាប់​ខ្លួនជាប់​ក្នុង​ដៃ​​ ​យោធា​ជា​ច្រើន​សិប​នាក់ តែ​ភ្នាក់ងារ​សារព័ត៌មាន​បារាំង​AFP មិន​អាច​​ទាក់​ទង​បញ្ជាក់​​បាន​ទេ។

ក្រុម​ប្រដាប់​អាវុធ​ជនជាតិ​ភាគតិច​នេះ បាន​តស៊ូ​ប្រឆាំង​នឹង​រដ្ឋាភិបាល​កណ្តាល​ភូមា​តាំងពី​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​ដើម្បីការពារ​ស្វ័យភាព​និង​ការ​គ្រប់គ្រងធនធាន​ធម្មជាតិ​​នៃ​រដ្ឋ​Shan ដែល​ស្ថិត​ជាប់​​ព្រំ​ដែនចិន។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​​ចិន​​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង និង​ចេញ​សេចក្តី​អំពាវនាវ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ឱ្យ​ភាគី​ទាំងពីរ​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​ជា​បន្ទាន់​ ហើយ​ងាក​មក​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី។ ចិន​ជា​ប្រទេស​តែ​មួយ​គត់​ដែល​បន្ត​មាន​​ទំនាក់ទំនង​មាំមួន​​ជាមួយ​របប​សឹក​ភូមា តែ​ប៉េកាំង​ក៏​​​រក្សា​ចំណងទាក់ទង​ល្អ​ជាមួយ​ក្រុម​ប្រដាប់​អាវុធជនជាតិ​ភាគ​តិច​ភូមា​នៅ​ជាប់​ព្រំដែន​ដែរ។ កាលពី​ថ្ងៃ​អង្គារ​ទី ១​វិច្ឆិកា រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន បាន​ជួប​ ​លោក មីន អ៊ុងឡាំង ប្រមុខ​ដឹកនាំ​របប​សឹក​ភូមា​ នៅក្រុង​ណៃពិដ​ដើម្បី​​ពិភាក្សា​អំពី​ទង្វើ​វាយប្រហារ​របស់​ក្រុមឧទ្ទាម​ប្រដាប់​អាវុធ​ដែល​បង្ក​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សន្តិភាព​និង​ស្ថិរភាព​តំបន់។ នេះ​បើ​តាម​សម្រង់​ព័ត៌មាន​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន​រដ្ឋ​ភូមា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ