អានតួអត្ថបទ

ភូមា ក្លាយជាប្រទេស​ផលិត​អាភៀនទី១លើពិភពលោក និង វ៉ាដាច់ អាហ្វហ្កានីស្ថាន

​​​ប៉ុន្មាន​ឆ្នាំថ្មីៗនេះ ​ភូមា បាន​បង្កើន​ដី​ដាំ​អាភៀន​យ៉ាងខ្លាំង។ ឆ្នាំ២០២៣ ភូមា ​ក្លាយ​ជា​ប្រទេស​ទី១ ឈាននាំមុខ​គេលើពិភពលោក​ ខាង​ផលិតអាភៀន និង​បាន​វ៉ា​ដាច់​នាំមុខប្រទេស អាហ្វហ្កានីស្ថាន ទៀត​ផង គឺ​បន្ទាប់​ពី​ពួក​រដ្ឋអំណាចតាលីបង់​​កាត់​បន្ថយ​ការ​ផលិត​អាភៀន​។ ​បើធៀបក្នុង​រយៈ​​ពេល​ ២ ទសវត្សរ៍​ចុងក្រោយ​នេះ​ គឺ​គ្រាន់តែ​​មួយ​ឆ្នាំ២០២៣ ភូមា បាន​ផលិត​អាភៀន​ក្នុងចំនួន​ច្រើន​ជាង​ឆ្នាំណាៗទាំង​អស់។ ​​នេះបើតាម​របាយការណ៍​របស់ ការិយាល័យប្រឆាំង​ឧក្រិដ្ឋ​កម្ម​គ្រឿង​ញៀន នៃ ​អង្គការ​សហប្រជាជាតិ​ ចេញផ្សាយ​ថ្ងៃអង្គារ ទី​១២ ធ្នូ។

ចម្ការអាភៀន នៅភូមា។
ចម្ការអាភៀន នៅភូមា។ AFP - -
ផ្សាយពាណិជ្ជកម្ម

ភូមា ជាបងធំមួយ​​នៃ​«តំបន់​ត្រីកោណមាស» ​​ជង្រុក​ធំ​នៃអាភៀន និងគ្រឿងញៀន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ ​ ​«តំបន់​ត្រីកោណមាស» មានបីប្រទេស ថៃ ឡាវ និង ភូមា។ ភូមា ផលិត​អាភៀន​បានប្រមាណ​ ១ ០៨០ តោន​ ក្នុង​ឆ្នាំ២០២៣ គឺច្រើន​ជាង​ឆ្នាំ ២០២២ ដែល​មាន​ប្រមាណតែ ៧៩០ តោន។ នេះបើតាម​របាយការណ៍​អង្កេត​របស់ ការិយាល័យប្រឆាំង​ឧក្រិដ្ឋ​កម្ម​គ្រឿង​ញៀន នៃ ​អង្គការ​សហប្រជាជាតិ​ និង​ដែលបាន​ប៉ាន់​ប្រមាណថា អាភៀន បាន​នាំ​ប្រាក់​ចំណូល​ដល់​សេដ្ឋកិច្ច​ជាតិភូមា ក្នុង​រង្វង់​ចន្លោះ ពី ១ ទៅ​ ២,៤ ពាន់លាន​ដុល្លារ​ ​ពោលគឺ​អាច​​ស្មើ​នឹង​ ចន្លោះពី ១,៧% ទៅ​ ៤,១% នៃ​ប្រាក់​ចំណូល​ក្នុងស្រុក​សរុប​។​ អង្គការ​សហប្រជាជាតិ ក៏​បាន​គូស​បញ្ជាក់ថា  ​គ្រាន់តែ​​មួយ​ឆ្នាំ២០២៣ ភូមា បាន​ផលិត​អាភៀន​ក្នុងចំនួន​ច្រើន​ជាង​ឆ្នាំណាៗទាំង​អស់ បើធៀប​នឹង​រយៈពេល​២០ឆ្នាំចុងក្រោយ​នេះ។

របបសឹក​ភូមា ឡើង​កាន់អំណាច​ដោយ​រដ្ឋប្រហារ នៅឆ្នាំ​២០២១។ ដូច្នេះ សេដ្ឋកិច្ច​ជាតិភូមា​ ជាប់គាំង អស្ថិរភាព និង​ជួបការរលំបាក​ក្នុង​ចូល​ទីផ្សារ​អន្តរជាតិ​។ ហេតុដូច្នេះហើយ ទើប​របបសឹក​យោធា​ បា​នជំរុញ​ឲ្យអ្នក​វិនិយោគនិង​ប្រជាកសិករ​នាំ​គ្នា​ដាំអាភៀន​ឲ្យ​កាន់តែច្រើន។

នៅភូមា ទំហំ​ដីដាំ​ អាភៀន​ មានប្រមាណ​​ ៤១ ៣០០ ហិកតា​ ស្មើនឹង​ ១ភាគ​៣ នៃ​ផ្ទៃ​ដី​​​ដំណាំ​កសិកម្ម​ ហើយ​ ​ដីដាំអាភៀន ប្រមាណ​ ៩០% ​គឺ​ឋិត​នៅក្នុង​រដ្ឋ​ស្ហាន (Shan) ប៉ែក​ខាង​ជើង​ប្រទេស ដែល​គ្រប់​គ្រងដោយ​ក្រុម​យោធារបបសឹក។ រដ្ឋស្ហាន​នេះ​​ ក៏ជាទី​ដែលចម្រូង​ចម្រាស់​រវាងក្រុម​កម្លាំង​ប្រដាប់អាវុធ​ ជនជាតិ​ភាគតិច និងកម្លាំង​​​រដ្ឋអំណាច​របបសឹក។

នៅរដ្ឋស្ហាន ប៉ែក​ខាង​កើតវិញ ចរន្ត​ផលិតកម្ម​អាភៀន​បាន​កើន​ឡើង​ ស្ទើរ​តែ​៥០%។ ឆ្នាំ​២០២២ ជា​មធ្យម ផ្ទៃដី ១ ហិកតា ផលិត​បាន​អាភៀន ជិត ​២០ គីឡូក្រាម ក៏​ប៉ុន្តែ ​ក្នុង​​ឆ្នាំ២០២៣ វា​កើន​ឡើង​ដល់​ជិត ​៣០ គីឡូក្រាម ឯណោះ ក្នុង ​១ ហិកតា។ នេះក៏ព្រោះតែ ភូមា បាន​ខំ​បង្កើន​ការ​វិនិយោគទុន បង្កើន​បច្ចេកទេស​ផលិត និង​ដាក់​ជី​បំប៉ន់​បន្ថែម​ ជាដើម។​

អ្នក​វិភាគជាច្រើន​ មើលឃើញ​ថា របបសឹកភូមា គ្មាន​ចេតនា​នឹង​ទប់​ស្កាត់​​ជំនួញពាណិជ្ជកម្ម​អាភៀន​ទេ។ មន្ត្រីជាន់​ខ្ពស់​ភូមា ជាប្រធានការិយាល័យ​កណ្តាលប្រឆាំងសារធាតុញៀន ក៏​ធ្លាប់​បាន​ទទួល​ស្គាល់ថា យុទ្ធនាការ​​ប្រឆាំងគ្រឿង​ញៀន​ ហាក់ដូ​ចជា​គ្មាន​ប្រសិទ្ធភាព​ឡើយ​ នៅភូមា។​

ភូមា នៅទីបំផុត បានក្លាយជាប្រទេស​នាំចេញ​អាភៀនទី១លើពិភពលោក និង វ៉ាដាច់ អាហ្វហ្កានីស្ថាន។ នេះក៏ព្រោះតែ អាហ្វហ្កានីស្ថាន ក្រោម​កណ្តាប់ដៃ​ពួក​រដ្ឋអំណាច​តាលីបង់ បាន​ហាម​ឃាត់​ជំនួញ​អាភៀន ហើយ​និង​កាត់​បន្ថយផ្ទៃ​ដី​ដាំ​អាភៀន​យ៉ាងគំហុក។ ជាក់ស្តែង ក្នុង​ឆ្នាំ២០២២ ដី​ដាំ​អាភៀនរបស់​អាហ្វហ្កានីស្ថាន​ មាន​ចំនួន ២៣៣ ០០០ ហិកតា ប៉ុន្តែ ​ដល់​ជិត​ដាច់​ឆ្នាំ២០២៣នេះ ទំហំ​ដី​ដាំអាភៀន នៅអាហ្វហ្កានីស្ថាន បាន​ធ្លាក់​ចុះ​ខ្លាំង​ មកត្រឹមតែ​ជាង ១ម៉ឺន​ហិកតា តែប៉ុណ្ណោះ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ