អានតួអត្ថបទ
ជប៉ុន-អ៊ុយក្រែន

នាយករដ្ឋមន្ត្រី​អ៊ុយក្រែន​ទៅ​ជប៉ុន​ដើម្បីជំរុញ​​ការ​ស្ថាបនា​ប្រទេស​ឡើង​វិញ

នៅថ្ងៃចន្ទទី ១៩ កុម្ភៈ​២០២៤​នេះ លោក​នាយករដ្ឋមន្ត្រី​អ៊ុយក្រែន បាន​អំពាវនាវ​ពី​ទីក្រុង​តូក្យូ​ហៅ​ជប៉ុន​និង​ក្រុមហ៊ុន​ឯកជន​នានា​ឱ្យនាំ​គ្នា​​ទៅ​ធ្វើ​និយោគ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ក្រោយ​ចប់​សង្គ្រាម​ជាមួយ​រុស្ស៊ី។ ប្រមុខ​រដ្ឋាភិបាលក្រុង​កៀវ​ធានា​ថា ក្រុមហ៊ុន​ដែល​ចូល​រួម​ស្ថាបនា​អ៊ុយក្រែនពេល​នេះ​ នឹង​ទទួល​ផល​ចំណេញ​និង​សំណាង​ដ៏​សម្បើម​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ។

នាយករដ្ឋមន្ត្រី​អ៊ុយក្រែន លោក  Denys Shmyhal (ឆ្វេង) និង​សមភាគីជប៉ុន​លោក Fumio Kishida (ស) ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពីស្ថាបនា​អ៊ុយក្រែនឡើង​វិញ
នាយករដ្ឋមន្ត្រី​អ៊ុយក្រែន លោក Denys Shmyhal (ឆ្វេង) និង​សមភាគីជប៉ុន​លោក Fumio Kishida (ស) ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពីស្ថាបនា​អ៊ុយក្រែនឡើង​វិញ via REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

នាយករដ្ឋមន្ត្រី​អ៊ុយក្រែនលោកដេនីស ស្មីហាល់ Denys Chmygal កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ក្រុង​តូក្យូ​ប្រទេស​ជប៉ុន។ ក្នុង​សន្និសីទ​ជាមួយ​តំណាង​រដ្ឋាភិបាល​ជប៉ុន​និង​វិនិយោគិន​ជប៉ុន​-អ៊ុយក្រែន លោកនាយរដ្ឋមន្ត្រី​Denys Chmygal បាន​គូស​បញ្ជាក់​ថា ជប៉ុន​ជា​ដៃគូ​ហិរញ្ញវត្ថុ​លំដាប់​ទីបួន​សម្រាប់​អ៊ុយក្រែន ដោយ​តាំង​ពីផ្ទុះ​សង្គ្រាម​ជាមួយ​​រុស្ស៊ី​មក ជប៉ុន​បាន​ផ្តល់​ជំនួយ​ផ្សេងៗបើ​​គិត​ជា​ទឹក​ប្រាក់​ស្មើ​នឹង​ជាង​១០ពាន់​លាន​ដុល្លារ។ ហេតុដូច្នេះ​ហើយ​បាន​ជា​អ៊ុយក្រែនចង់ឱ្យ​ជប៉ុនមាន​ចំណែក​ទទួល​ផល​ពីសន្ទុះ​​សេដ្ឋកិច្ចដ៏​ខ្លាំងក្លា​​ ​នៃការ​ធ្វើ​ទំនើបកម្ម​និង​ស្ថាបនា​ប្រទេស​ឡើង​វិញ ក្រោយ​ចប់​សង្គ្រាម។

​ថាមពល ហេដ្ឋារចនា​សម្ព័ន្ធ ឧស្សាហកម្ម​រថយន្ត បច្ចេកវិទ្យា​ឌីជីថល​ និង​ការ​ទាញ​ធនធាន​ធម្មជាតិ​ដូច​យ៉ាង​លីចូម​ ជា​​វិស័យធំ​​៥ ដែល​អ៊ុយក្រែន​មាន​​សក្តានុពលធ្វើ​​​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​ជប៉ុន។ នេះ​បើ​តាម​ការ​រៀប​រាប់​របស់​​លោកប្រមុខ​រដ្ឋាភិបាលអ៊ុយក្រែន ដែល​បញ្ជាក់​ទៀត​ថា ក្រុមហ៊ុនចូល​ទៅ​ធ្វើ​​វិនិយោគ​នៅអ៊ុយក្រែន​នា​ពេល​នេះ​អាច​នឹង​ទទួល​ផល​ចំណេញ​និង​ឱកាស​ដ៏​មហាសាល​នាឆ្នាំខាង​មុខ ព្រោះ​​វិស័យ​ឯកជន​គឺ​ជា​ក្បាល​ម៉ាស៊ីន​បំប៉ន​កិច្ច​ខិត​ខំ​ប្រឹងប្រែង​ស្តា​រ​អ៊ុយក្រែន​ឡើង​វិញ។

ដើម្បី​ស្ថាបនា​និង​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ អ៊ុយក្រែន​ត្រូវ​ការ​ថវិកា​ច្រើន​ខ្លាំងណាស់ និង​កាន់​តែ​ច្រើន​ឡើងជា​លំដាប់។ បើ​តាមការ​វាយតម្លៃ​របស់​​ធនាគារ​ពិភពលោក អង្គការ​សហប្រជាជាតិ សហភាព​អឺរ៉ុប​និង​ក្រុង​គៀវ​ផ្ទាល់ អ៊ុយក្រែន​​ត្រូវ​ការ​ដល់​ទៅ​៤៨៦​ពាន់​លាន​ដុល្លារ ពោល​គឺ​៧៥ពាន់​លាន​ដុល្លារ​លើស​តម្លៃ​ព្យាករ​លើក​មុន (មីនា​២០២៣)។

នៅថ្ងៃ​ចន្ទ​​នេះ អ៊ុយក្រែន​និង​ជប៉ុន​ក៏​បាន​ចុះ​កិច្ចព្រមព្រៀងផ្សេងៗ ស្តីពី​ការ​ស្ថាបនាហេដ្ឋារចនា​សម្ព័ន្ធ និង​កសិកម្មរបស់​អ៊ុយក្រែន​ឡើង​វិញ ព្រមទាំង​ការ​ដោះមីន​។ នាយករដ្ឋមន្ត្រី​ជប៉ុន បាន​សន្យា​ជួយ​និង​បន្ត​នៅក្បែរ​អ៊ុយក្រែន​ជា​រៀង​រហូត ប៉ុន្តែ​ដោយ​មាន​រដ្ឋធម្មនុញ្ញ​សន្តិនិយម ជប៉ុន​ផ្តោតការ​គាំទ្រ​​តែ​លើ​ផ្នែក​មនុស្សធម៌ សេដ្ឋកិច្ច​និង​ការ​ស្តារ​ប្រទេស​ឡើង​វិញ​ បន្ថែម​ពី​លើ​ការ​ចូល​រួម​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​ជាមួយ​បណ្តាប្រទេស​មហាអំណាច​​នៃ​ក្រុមហ្សេ៧។

ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី​អ៊ុយក្រែននៅជប៉ុន ប្រព្រឹត្ត​ទៅ​ក្នុង​ខណៈ​ដែល​ប្រទេស​កំពុង​ជួយ​ការ​លំបាក​យ៉ាង​ខ្លាំងនៅលើ​សមរភូមិ និង​បាត់បង់​ ​Avdiïvka ក្រុងឧស្សាហកម្ម​នៅភាគ​ខាង​កើត​ប្រទេស ដោយ​ហេតុ​តែ​មិន​អាច​ស៊ូតតាំង​​នឹង​ការ​វាយប្រហាររបស់​រុស្ស៊ី​បាន។ ​តាំងពី​ប៉ុន្មាន​ខែចុងក្រោយ​មក​នេះ​ អ៊ុយក្រែន​ខ្វះ​​អាវុធ​យុទ្ធភណ្ឌ​កាន់​តែ​ខ្លាំងឡើងៗ។ ជំនួយ​យោធា​មក​ពី​បស្ចិមលោក​កាន់​តែ​ស្តួច​ស្តើង ហើយ​សភា​អាមេរិក​នៅ​តែមិន​ព្រម​ទម្លាយ​កញ្ចប់​ថវិកាជំនួយ​ស​ម្រាប់​អ៊ុយក្រែនដដែល។ តែ​ចិន​បានធានា​អះអាង​ថា ប៉េកាំងមិន​ឆ្លៀត​យក​ចំណេញ ដោយ​​លក់​អាវុធ​ប្រល័យ​ជីវិត​ទៅ​ឱ្យ​រុស្ស៊ី​ទេ។ នេះ​ជា​ប្រសាសន៍​របស់​លោក​ប្រមុខ​ការ​ទូត​ចិន​ទៅ​កាន់​សមភាគី​អ៊ុយក្រែន​កាលពី​ថ្ងៃ​សៅរ៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ