អានតួអត្ថបទ
សង្រ្គាមអ៊ុយក្រែន

រុស្ស៊ីយល់ព្រម​បើកច្រកផ្លូវមនុស្សធម៌ តែ​អ៊ុយក្រែនបដិសេធ​មិន​បញ្ជូនប្រជាជនរបស់ខ្លួន​ទៅរុស្ស៊ី

កងទ័ពរុស្ស៊ី​បាន​ប្រកាស​នៅថ្ងៃ​ចន្ទ ទី​៧ មីនា ពីការអនុវត្តបទឈប់បាញ់​ដើម្បី​បើកច្រកផ្លូវ​មនុស្សធម៌ និងការជម្លៀស​ប្រជាជន​ស៊ីវិល​ចេញពី​ទីក្រុង​ដែលកំពុង​រងការវាយប្រហារ​របស់​រុស្ស៊ី។ ប៉ុន្តែ ឧបនាយករដ្ឋមន្រ្តី​អ៊ុយក្រែន លោកស្រី Iryna Verechtchouk បាន​បដិសេធ​មិនទទួល​យក​ច្រកផ្លូវ​មនុស្សធម៌​របស់​រុស្ស៊ី ដែល​មានគោលដៅ​បង្វែរ​ជម្លៀស​ប្រជាជន​អ៊ុយក្រែន ចូលទៅក្នុង​ទឹកដី​រុស្ស៊ី និង​បេឡារុស ដែលជាសម្ព័ន្ធមិត្ត​របស់​រុស្ស៊ី។

រថក្រោះរបស់​ក្រុមបំបែកទឹកអ៊ុយក្រែន និយមគាំទ្រ​រុស្ស៊ី បានចូលរួមដៃជាមួយទាហាន​រុស្ស៊ីដើម្បីវាយប្រហារ​ ដណ្តើម​ទឹកដីពីរដ្ឋាភិបាលអ៊ុយក្រែន។ រូបភាព​នៅថ្ងៃទី ៥មីនា នៅ​តំបន់​Donetsk ភាគខាងកើតអ៊ុយក្រែន
រថក្រោះរបស់​ក្រុមបំបែកទឹកអ៊ុយក្រែន និយមគាំទ្រ​រុស្ស៊ី បានចូលរួមដៃជាមួយទាហាន​រុស្ស៊ីដើម្បីវាយប្រហារ​ ដណ្តើម​ទឹកដីពីរដ្ឋាភិបាលអ៊ុយក្រែន។ រូបភាព​នៅថ្ងៃទី ៥មីនា នៅ​តំបន់​Donetsk ភាគខាងកើតអ៊ុយក្រែន REUTERS - ALEXANDER ERMOCHENKO
ផ្សាយពាណិជ្ជកម្ម

ក្រសួងការពារ​ជាតិ​រុស្ស៊ី​បាន​ប្រកាស​នៅថ្ងៃ​ចន្ទនេះថា កងទ័ព​រុស្ស៊ី​នឹង​អនុវត្ត​បទឈប់បាញ់ និង​បើក​ច្រកផ្លូវមនុស្សធម៌​សម្រាប់​ជម្លៀស​ប្រជាជនស៊ីវិល​ដែល​កំពុងនៅជាប់គាំង នៅតាម​ទីក្រុង​ដែលជាផ្ទាំងស៊ីប​វាយប្រហារ​របស់​កងទ័ពរុស្ស៊ី។

តាម​កងទ័ព​រុស្ស៊ី ម៉ូស្គូ​បាន​យល់ព្រម​ឲ្យបើកច្រកផ្លូវមនុស្សធម៌ ដោយមកពីមានការទទូចសុំផ្ទាល់​ពីប្រធានាធិបតី​បារាំង លោក​ម៉ាក្រុង នៅក្នុងអំឡុង​កិច្ចសន្ទនាតាមទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោក​ពូទីន កាលពីយប់​ថ្ងៃ​អាទិត្យ។

ទីក្រុង​កៀវ ខាកៀវ ទីក្រុង​ស៊ូមី (Soumy) ដែលកំពុងឡោមព័ទ្ធ​ដោយ​កងទ័ពរុស្ស៊ី និង​ទីក្រុង​កំពង់ផែ ម៉ារីយ៉ូប៉ូល ដែល​ត្រូវបំផ្លាញ​ខ្ទេចខ្ទាំ ​ដោយសារ​គ្រាប់មីស៊ីល គ្រាប់ផ្លោង​របស់​កងទ័ព​រុស្ស៊ី ស្ថិតក្នុង​ផែនការ​ជម្លៀសបន្ទាន់ ដែល​ស្នើឡើង​ដោយ​ភាគី​រុស្ស៊ី។ កាលពីថ្ងៃ​អាទិត្យ ដំណើរការជម្លៀសប្រជាជន​ស៊ីវិល​ចេញពី​ទីក្រុង​ម៉ារីយ៉ូប៉ូល​ត្រូវអាក់ខាន​ទៅវិញ បន្ទាប់ពី​កងទ័ពរុស្ស៊ី​រំលោភបទឈប់បាញ់ ជាច្រើនដង។ តើ​កងទ័ព​រុស្ស៊ី​នឹង​រំលោភ​បទឈប់បាញ់ ដូចលើកមុនៗ? នៅពេល​គេ​មិនទាន់​ឃើញច្បាស់ជំហរ​របស​រុស្ស៊ី ភាគី​អ៊ុយក្រែន តាមរយៈ ឧបនាយករដ្ឋមន្រ្តី អ៊ុយក្រែន​បានបដិសេធ នៅថ្ងៃ​ចន្ទនេះ មិនទទួល​យក​ច្រកផ្លូវមនុស្សធម៌ របស់​រុស្ស៊ី ដែល​មានដាក់​លក្ខខណ្ឌ បញ្ជូន​ចេញ ប្រជាជន​ស៊ីវិល​អ៊ុយក្រែន ទៅកាន់​ទឹកដី​រុស្ស៊ី។

តាម​ផែនទី​ស្តីពី ច្រកផ្លូវមនុស្សធម៌ ដែល​ទីភ្នាក់ងារព័ត៌មាន​រុស្ស៊ី RIA ចុះផ្សាយ​នៅថ្ងៃ​ចន្ទ ប្រជាជន​ស៊ីវិល​ដែល​ចង់ចាកពី​ទីក្រុង​កៀវ​ នឹងត្រូវ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​បេឡារុស សម្ព័ន្ធមិត្ត​របស់រុស្ស៊ី មុននឹង​ត្រូវ​យន្តហោះ​រុស្ស៊ី មកដឹក​យក​ទៅ​ប្រទេស​រុស្ស៊ី។ ប្រជាជន​នៅ​ខារកៀវ ទីក្រុង​ធំទី​២​របស់​អ៊ុយក្រែន ត្រូវ​បញ្ជូន​ទៅកាន់ទឹកដី​រុស្ស៊ី។ ចំណែក​ច្រកផ្លូវមនុស្សធម៌​ពីទីក្រុង​កំពង់ផែ ម៉ារីយ៉ូប៉ូល នឹង​តភ្ជាប់​ទៅ​ខាង​ទឹកដី​រុស្ស៊ីផង និង​ទៅកាន់ទីក្រុង​ផ្សេងទៀត​របស់​អ៊ុយក្រែន ដែល​មិន​ទាន់​រង​ការវាយប្រហារ​ធ្ងន់ធ្ងរ​ពី​សំណាក់​កងទ័ព​រុស្ស៊ី។

១២ថ្ងៃ​មកហើយ ដែល​កងទ័ពរុស្ស៊ី​ធ្វើ​សង្រ្គាមឈ្លានពាន​ទឹកដី​អ៊ុយក្រែន។ រដ្ឋាភិបាល​អ៊ុយក្រែនបានចោទប្រកាន់​រុស្ស៊ី​ថា​កំពុងប្រព្រឹត្តឧក្រិដ្ឋកម្ម​សង្រ្គាមយ៉ាងធ្ងន់ធ្ងរ ដោយ​បាន​បាញ់មីស៊ីល គ្រាប់ផ្លោង​សំដៅ សាលារៀន មន្ទីរពេទ្យ និង​លំនៅឋាន​ប្រជាជន​ស៊ីវិល។ តាមអង្គការ​សហប្រជាជាតិ នៅក្នុង​រយៈពេល ជាង ១០ថ្ងៃ សង្រ្គាមអ៊ុយក្រែន​បានបង្ខំ​ឲ្យ​ប្រជាជន​ជាង ១លាន ៥សែននាក់ រត់ភៀសខ្លួន​ចេញពី​អ៊ុយក្រែន សំដៅ ប្រទេស​អឺរ៉ុប នៅភាគខាងលិច​អ៊ុយក្រែន។ សហភាពអឺរ៉ុប​វាយតម្លៃថា នឹង​មាន​ប្រជាជន​ភៀសខ្លួន​ពី​អ៊ុយក្រែន ប្រមាណ ៥លាននាក់ ដោយសារ សង្រ្គាមឈ្លានពាន​របស់រុស្ស៊ី នៅអ៊ុយក្រែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ