អានតួអត្ថបទ
បារាំង-ក្រុមហ៊ុនតូតាល់

ក្រុមហ៊ុន​តូតាល់​បារាំង ជាប់​ចោទ​ថា​ ផ្គត់ផ្គង់​ប្រេង​ឱ្យយន្តហោះ​​រុស្ស៊ី ទៅច្បាំងនៅអ៊ុយក្រែន

វត្តមាន​របស់ក្រុមហ៊ុន​ថាមពល​បារាំង តូតាល់ TotalEnergies នៅក្នុង​ប្រទេស​រុស្ស៊ី កំពុង​ត្រូវ​បាន​គេ​ចង្អុល​មុខ ជា​ថ្មី។ អង្គការ​ក្រៅ​រដ្ឋាភិបាល Global Witness​ បានចោទប្រកាន់​ ក្រុមហ៊ុន​តូតាល់​បារាំង ថា​បន្ត​ផលិត​ប្រេង​ឱ្យ​​យោធារុស្ស៊ី​ ដើម្បីយក​ទៅផ្គត់ផ្គង់​យន្តហោះចម្បាំង ដែល​វាយប្រហារ​លើ​អ៊ុយក្រែន។ តូតាល់​បាន​បដិសេធ និង​ច្រាន​ចោទ​ទាំងស្រុងព័ត៌មាន​ដែល​​​​កាសែត​ ឡឺម៉ុង បាន​ទម្លាយ ឱ្យ​ដឹង​​នៅពុធ​ទី ២៤​សីហា​ម្សិលមិញ។

ក្រុមហ៊ុន​តូតាល់​អេណែរហ្ស៊ី​បារាំង ជាប់​ចោទ​ថា​បាន​ផ្គត់ផ្គង់​ប្រេង​ឱ្យយន្តហោះ​ចម្បាំង​រុស្ស៊ី
ក្រុមហ៊ុន​តូតាល់​អេណែរហ្ស៊ី​បារាំង ជាប់​ចោទ​ថា​បាន​ផ្គត់ផ្គង់​ប្រេង​ឱ្យយន្តហោះ​ចម្បាំង​រុស្ស៊ី © CHRISTOPHE ARCHAMBAULT/AFP
ផ្សាយពាណិជ្ជកម្ម

បើ​តាម​អង្គការ​ក្រៅ​រដ្ឋាភិបាល Global Witness ក្រុមហ៊ុនបូម​​ប្រេង Terneftegaz ដែល​ជារបស់​​ក្រុមហ៊ុនតូតាល់​អេណែរហ្ស៊ី​បារាំង (៤៩%) និង​ក្រុមហ៊ុន​រុស្ស៊ី ណូវ៉ាតិក (៥១%) កំពុង​ធ្វើ​ផលិតកម្ម​បូមឧស្ម័ន​ហ្កាស នៅ​អណ្តូង Termokarstovoïeប្រទេស​រុស្ស៊ី។ ហើយ​គឺ​ផលិត​កម្ម​ឧស្ម័ន​រាវ​របស់​ក្រុមហ៊ុន​ឧស្ម័ន​តូតាល់​ នៅរុស្ស៊ី​នេះ​ហើយ​ ដែលរង​ការ​បរិហារ។

​ឧស្ម័នរាវ​​បូម​បាន​ ត្រូវបញ្ជូន​ទៅមណ្ឌល​ចម្រាញ់​ប្រេង​នៅស៊ីបេរី ដើម្បី​​​បំប្លែង​ឱ្យ​ក្លាយ​ជា​ប្រេង កេរ៉ូហ្សែន kérosène មុន​នឹង​ដឹក​ទៅ​ផ្គត់ផ្គង់​​​​​មូលដ្ឋានទ័ព​អាកាសពី​រ​ នៅក្បែរ​ប្រទេស​អ៊ុយក្រែន ដែល​មាន​កង​យន្តហោះ​ចម្បាំង។ កង​យន្តហោះចម្បាំងរុស្ស៊ីនេះ បាន​​ចេញ​ទៅ​ធ្វើ​ប្រតិបត្តិការ​វាយប្រហារ​ជន​ស៊ីវិល​អ៊ុយក្រែន​នៅ​ក្រុង​ម៉ារីយ៉ូប៉ូល រហូត​ដល់​ខែកក្កដា​យ៉ាង​ហោច។ នេះ​បើ​តា​ម​អង្គការ​Amnesty International។

សេចក្តី​សន្និដ្ឋាន​នេះ ជា​លទ្ធផលវិភាគ​​ដែល​ផ្អែក​លើ​ទិន្និន័យ​របស់ Refinitiv ​(អ្នក​ផ្គត់ផ្គង់ទិន្នន័យ​និង​រចនា​សម្ព័ន្ធ​លើ​ទីផ្សារ​ហិរញ្ញវត្ថុ​ពិភពលោក) ទើប​អាចត្រលប់​ទៅ​ស្រាវ​រក​ដាន​នៃបណ្តាញ​ផ្គង់ផ្គង់​ប្រេង ​​ដោយមាន​រូបភាព​ផ្កាយរណប​​ជា​ជំនួយបន្ថែម។ បើ​តាម​សេចក្តី​សន្និដ្ឋាន​នេះ មូលដ្ឋាន​ទ័ព​រុស្ស៊ី Omsk បាន​ទទួល​ប្រេង​ប្រមាណ៨%​នៃ​ការ​នាំ​ចេញ​វត្ថុធាតុដើម​របស់​ក្រុមហ៊ុន ​​គិត​ចាប់ពី​ថ្ងៃ​ទី ១៣​កុម្ភៈ​ដល់​ខែ​កក្កដា២០២២។ តាំងពី​ឆ្នាំ​២០១៧មកមូលដ្ឋានទ័ព​រុស្ស៊ី​ទាំងពីរ​នេះ​ពុំ​ដែល​ទទួល​ប្រេង​ចម្រាញ់​ហើយ​បែប​នេះ​សោះ។ នេះ​បើ​តាម​Global Witnessដដែល។

ប៉ុន្តែ តូតាល់អេណែរហ្ស៊ី​មិន​បាន​ផលិត​កេរ៉ូហ្សែន​សម្រាប់​យោធារុស្ស៊ីទេ ! នៅក្នុង​សេចក្តីថ្លែងការណ៍ ក្រុមហ៊ុន​ បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ នូវ​រាល់​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​ដោយ​កាសែត​Le Monde ដោយ​ពន្យល់ថា ក្រុមហ៊ុនបារាំង គ្មាន​តួនាទី​ប្រតិបត្តិ​ក្នុង​ការ​ធ្វើ​ផលិតកម្ម​នៅ​អណ្តូង​ឧស្ម័ន​Termokarstovoïeទេ។

ខុស​ពី​ក្រុមហ៊ុន​ប្រេង​ធំៗ​ផ្សេង​ទៀត ដូច​យ៉ាង Shell  BP ឬ​ Exxon តូតាល់​បាន​ជ្រើសរើស​មិន​ដើរ​ចេញ​ពី​​រុស្ស៊ី​ទេ ហើយ​បន្ត​នាំ​ចូល​ឧស្ម័ន​មក​អឺរ៉ុប និង​បាន​ទទួល​ប្រាក់​ចំណេញ​យ៉ាង​ច្រើន ដល់​ទៅ ១០,២​ពាន់​លាន​អឺរ៉ូ នៅ​ត្រីមាស​ទីមួយ​ឆ្នាំ​២០២២។ ពេល​សង្គ្រាម​អ៊ុយក្រែន​ចាប់​ផ្តើម​ភ្លាម តូតាល់​ បាន​ត្រឹម​អះអាង​ថា នឹង​ផ្អាក​សកម្មភាព​នៅលើ​ទឹកដី​រុស្ស៊ី បន្តិចម្តងៗ តែ​មិន​បាន​បញ្ជាក់​ថ្ងៃ​ខែ​ឱ្យ​ប្រាកដទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ