អានតួអត្ថបទ
មហោស្រពភាពយន្តកានទី​៧៦

សមិទ្ធិករចិននាំយកកុនឯកសារ រឿង Youth មកប្រកួតក្នុងមហោស្រពកាន

បន្ទាប់ពីសមិទ្ធិករជប៉ុន លោកកូរ៉េ អេដា ម្ចាស់រឿង Monster ដល់វេនសមិទ្ធិករចិន លោក​វ៉ាង ប៊ីង​ ដែលមានខ្សែភាពយន្តរបស់ខ្លួនចូលរួមប្រកួតប្រជែងចង់បានរង្វាន់តាល់ប័ត្រមាស​របស់​មហោស្រពភាពយន្តកាន។ Youth យុវវ័យ និទិឃរដូវ​ របស់​សមិទ្ធិករចិន ជាខ្សែភាពយន្តឯកសារ​តែមួយគត់នៅក្នុងចំណោមខ្សែភាពយន្តចំនួន២១ដែលត្រូវប្រកួតប្រជែងដណ្តើមរង្វាន់ធំ​របស់មហោស្រព។

Youth យុវវ័យ និទិឃរដូវ​ របស់​សមិទ្ធិករចិន លោកវ៉ាងប៊ីង​ដែលស្ថិតនៅក្នុងចំណោមកុន​២១​ប្រកួតយករង្វាន់តាល់ប័ត្រមាស នៅមហោស្រពភាពយន្តកានឆ្នាំ​២០២៣
Youth យុវវ័យ និទិឃរដូវ​ របស់​សមិទ្ធិករចិន លោកវ៉ាងប៊ីង​ដែលស្ថិតនៅក្នុងចំណោមកុន​២១​ប្រកួតយករង្វាន់តាល់ប័ត្រមាស នៅមហោស្រពភាពយន្តកានឆ្នាំ​២០២៣ © ACACIASFILMS.COM
ផ្សាយពាណិជ្ជកម្ម

ខ្សែភាពយន្តឯកសារ៣ម៉ោងកន្លះ​របស់​សមិទ្ធិករចិននិយាយ​ពី​យុវជន​ចិន​ អាយុពី​១៦ទៅ ២៦ឆ្នាំ​ធ្វើការ​នៅកន្លែងដេរខោអាវរយ។ សមិទ្ធិករ លោកវ៉ាង ប៊ីងដែលល្បីឈ្មោះខាងផលិតភាពយន្តឯកសារចិន ប្រើកាម៉េរ៉ាតាមថតយុវជនប្រុសស្រីដែលជួលបន្ទប់ស្នាក់នៅរួមគ្នា ធ្វើការជាមួយគ្នា និងពេលខ្លះ​មួយចំនួនបានឈានទៅដល់ ទំនាក់ទំនងជ្រៅជាងទំនាក់ទំនងមិត្តរួមការងារ រួមបន្ទប់។ ពួកគេទាំងនោះធ្វើដំណើរមកពីគ្រប់ខេត្ត មកធ្វើការ​នៅ​ទីក្រុង​Zhili តាមដងទន្លេយ៉ង់សេ មិនឆ្ងាយប៉ុន្មានពីទីក្រុង​សេដ្ឋកិច្ច​សៀងហៃ។ ក្នុងកុនឯកសារ​៣ម៉ោងកន្លះ លោក​វ៉ាងប៊ីង​បង្ហាញ​យុវជន​ដែលធ្វើការមិនឈប់ គិតតែចង់បាន​ការងារបន្ថែមម៉ោង ដើម្បី​សង្ឃឹមថា នឹង​បានប្រាក់ផ្ញើទៅចិញ្ចឹមកូននៅឯខេត្ត ដើម្បីទិញផ្ទះ ឬ​មានទុន​ដើម្បីបង្កើត​កន្លែងដេរខោអាវរយ​នឹងគេដែរ។

យុវជន ជា​លទ្ធផលនៃ​ការងារ​ដ៏អត់ធ្មត់ ព្រោះថា លោកវ៉ាងប៊ីង បាន​ចំណាយពេល​៥ឆ្នាំ ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៩ ដើម្បីរស់នៅ​ទីក្រុង Zhili ដើម្បីអាច​ស៊ាំ ទម្លាប់ខ្លួនក្នុងបរិស្ថាន​របស់​កម្មករ យុវជនរដេរ។ សមិទ្ធិករចិន លោក វ៉ាង ប៊ីង​ចាប់អារម្មណ៍និយាយ​ពី​យុវជនកាត់ដេរ បន្ទាប់ពីលោកសង្កេតឃើញថា នៅពេល ​ទៅដល់​ទីក្រុង​ Zhili លោករាប់ឃើញមាន​កន្លែងដេរ​ឯកជន ដល់ទៅ ២ម៉ឺនកន្លែង។ ខុសពីរោងចក្រដែលដំណើរការ​ទ្រង់ទ្រាយធំ ផ្ទះដេរតូចៗ ជាប់ៗគ្នាដែលទទួល​ដេរខោអាវរយ​សម្រាប់តែតម្រូវការក្នុងស្រុកចិន។

ក្នុងរយៈពេល​៥ឆ្នាំ តាមថតកម្មករយុវជន លោក​វ៉ាង ប៊ី​មានវីដេអូសរុប​២៦០០ម៉ោង។ គេអាច​ថា ខ្សែកុនឯកសារ​៣ម៉ោងកន្លះ ជា​ការសង្ខេបខ្លី​ពីវីដេអូថតសរុប ២៦០០ម៉ោង។

តាមលោក​វ៉ាង ប៊ីង កុនឯកសារ​របស់លោកមានរយៈដល់​ទៅ ៣ម៉ោងកន្លះ មិនមែន​មកពីលោក​ចង់ធ្វើ​ឲ្យវែងនោះទេ ប៉ុន្តែ មកពីលោក​ចង់​ឲ្យ​ទស្សនិកជន​ស្គាល់​ទីក្រុង​Zhili ប្រជាជន និងជីវភាពរស់នៅ​របស់ពួកគេ ដែល​មិនសូវត្រូវគេ​ស្គាល់​ច្រើន​ មិនថា នៅស្រុកចិន ឬ​នៅបរទេស។ ជាក់ស្តែង​សម្រាប់​លោកផ្ទាល់ផ្ទាល់ ដែល​ជាអ្នកមានកំណើតរស់នៅភាគខាងជើងប្រទេស​ចិន ដូចជា​ប៉េកាំង  ​ទីក្រុង​Zhili សៀងហៃ នៅតំបន់ភាគខាងត្បូង​នៅតែ​អាថ៌កំបាំង សម្រាប់អ្នកពីចម្ងាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ