អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន

ថ្នាក់ដឹកនាំ​ប៉ូឡូញទៅជួបលោក​ចូ បៃដិន និងអំពាវនាវ​ឲ្យអាមេរិក​ត្រូវបន្ត​​ជួយអ៊ុយក្រែន

លោក​ប្រធានាធិបតី​ និងនាយករដ្ឋមន្ត្រី​ប៉ូឡូញ បានទៅជួបលោក​ចូ បៃដិន នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃ​អង្គារ ទី​១២មីនា។ ជាជំនួប​ក្នុ​ងឱកាស​បុណ្យ​ខួប​២៥ឆ្នាំ ​​នៃការចូលជាសមាជិក​អូតង់របស់ប៉ូឡូញផង និង​ដើម្បីនិយាយ​អំពីបញ្ហា​សន្តិសុខតំបន់ ដោយ​ប៉ូឡូញបាន​លើកឡើងពី​គ្រោះថ្នាក់​កាន់តែខ្លាំង នៃចេតនាសង្គ្រាម​ឈ្លានពាន​របស់រុស្ស៊ី​។ ក្នុងឱកាសនេះដែរ លោក​ចូ បៃដិន​ បានប្រកាសពីកិច្ចសន្យាលក់អាវុធឲ្យ​ប៉ូឡូញ និង​ផ្តល់កញ្ចប់​ថវិកា​មួយចំនួន​តូច ដើម្បីជួយអ៊ុយក្រែន​។

លោក​ប្រធានាធិបតី ចូ បៃដិន ក្នុងពេលជួបជាមួយ​លោក​ប្រធានាធិបតីប៉ូឡូញ Andrzej Duda និងលោកនាយករដ្ឋមន្ត្រី Donald Tusk ។ សេតវិមានក្រុងវ៉ាស៊ីនតោន ថ្ងៃទី​១២មីនា២០២៤
លោក​ប្រធានាធិបតី ចូ បៃដិន ក្នុងពេលជួបជាមួយ​លោក​ប្រធានាធិបតីប៉ូឡូញ Andrzej Duda និងលោកនាយករដ្ឋមន្ត្រី Donald Tusk ។ សេតវិមានក្រុងវ៉ាស៊ីនតោន ថ្ងៃទី​១២មីនា២០២៤ AP - Andrew Harnik
ផ្សាយពាណិជ្ជកម្ម

នៅសេតវិមាន ក្នុងពេលជួប​លោក​ប្រធានាធិបតីប៉ូឡូញ Andrzej Duda និងលោកនាយករដ្ឋមន្ត្រី​ប៉ូឡូញ Danald Tusk លោក​ចូ បៃដិន​ បាន​លើកឡើងថា “យើងត្រូវតែ​ប្រឹងប្រែង មុននឹងអ្វីៗត្រូវយឺតពេល ព្រោះថា​ដូចប៉ូឡូញ​ដឹងច្បាស់និង​មិនភ្លេចទេ ថា​រុស្ស៊ី​នឹងមិនឈប់នៅត្រឹមអ៊ុយក្រែនឡើយ​”។ ចំណែកលោក ​ប្រធានាធិបតីប៉ូឡូញ វិញបានថ្លែងថា “យើងមិនអាច​ទុក​ឲ្យ​ចក្រពត្ររុស្ស៊ី​ បង្កព្យុះភ្លៀង បំផ្លាញ​ស្ថិរភាព​សន្តិភាពរបស់អឺរ៉ុបនោះឡើយ​"។

ក្នុងឱកាសជំនួបនេះ វ៉ាស៊ីនតោនបាន​យល់ព្រម​អនុញ្ញាតកិច្ចសន្យា​លក់អាវុធ ទៅឲ្យ​ប៉ូឡូញ ដែលជា​សម្ព័ន្ធមិត្ត​ក្នុងអូតង់។ កិច្ចសន្យា​ដែលមានតម្លៃទឹកប្រាក់សរុប​ ចំនួន៣៥០០លានដុល្លារនេះ គឺផ្តោតទៅលើ​ការ​លក់មីស៊ីលចំងាយឆ្ងាយ​ពីដៅទៅលើអាកាស និងមីស៊ីលចំងាយ​មធ្យមបាញ់​លើអាកាស។

ដោយឡែក សេតវិមានអាមេរិក ក៏បានប្រកាសផងដែរ នូវកញ្ចប់ថវិកាចំនួន ៣០០លានដុល្លារ ដើម្បីជួយ​អ៊ុយក្រែន​។ ជាជំនួយ​ដ៏តឹចតួចស្តួចស្តើងណាស់ បើប្រៀបធៀបទៅកញ្ចប់ថវិកាធំមួយទៀត ដែល​លោក​បៃដិនបានស្នើទៅកាន់​សភា​ខុនហ្ក្រេស ហើយដែលនៅតែជាប់គាំងមិនទាន់មានការបោះឆ្នោត​អនុម័ត។ លោក Jake Sullivan ទីប្រឹក្សាពិសេសរបស់​លោកចូ បៃដិន បានឲ្យដឹងថា​ថវិកា៣០០លានដុល្លារ​​នេះ គឺមាន​​មីស៊ីលការពារផ្លូវអាកាស គ្រាប់កាំភ្លើង​ និងគ្រាប់កាំភ្លើងត្បាល់  ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាបន្ទាន់របស់អ៊ុយក្រែន។​

មន្ត្រីជាន់ខ្ពស់ម្នាក់​​នៃរដ្ឋាភិបាលអាមេរិក បាន​ឲ្យដឹងថា កញ្ចប់ថវិកានេះមានចំនួនតិចតួចខ្លាំងណាស់។ ជាថវិកា​ជំនួយ ដែល​កាត់យកមក​ពីថវិកាសន្សំសំចៃ របស់ក្រសួងការពារជាតិ​អាមេរិក សម្រាប់ជួយអ៊ុយក្រែនដោះទ័លមួយគ្រា ក្នុងរយៈពេលខ្លី​។

គួរបញ្ជាក់ថា សំណុំរឿងអ៊ុយក្រែន គឺជាចំណុចធំបំផុតនៃការជជែកគ្នា រវាងលោកចូ បៃដិន និង​ថ្នាក់ដឹកនាំប៉ូឡូញ ដែលព្រួយបារម្ភខ្លាំងណាស់ អំពី​ជ័យជំនះ​របស់រុស្ស៊ី​។ កាលពីថ្ងៃចន្ទ លោក​ប្រធានាធិបតី​ប៉ូឡូញ បានប្រកាសអំពាវនាវ ឲ្យ​ប្រទេសសមាជិកអូតង់ ត្រូវតែបន្ថែម​ការប្រឹងប្រែង បង្កើន​ថវិកាយោធា ដើម្បី​ផ្ញើសារច្បាស់ទៅ​រុស្ស៊ី ថា​អូតង់មិនខ្លាចញញើត។

កាលពីថ្ងៃអង្គការដែរ នៅវ៉ាស៊ីនតោន លោក​ប្រធានាធិបតីប៉ូឡូញ បានចូលជួបលោក​ Mike Johnson ប្រធានសភាតំណាងអាមេរិក​មកពីបក្សសាធារណៈរដ្ឋ ដែលនៅតែរឹងរូស មិនព្រមបោះឆ្នោតអនុម័តកញ្ចប់ថវិកាធំជួយអ៊ុយក្រែន។ លោកនាយករដ្ឋមន្ត្រីប៉ូឡូញ Donald Tusk បាន​លើកឡើងថា លោកសង្ឃឹមថា សំឡេងដង្ហើយអង្វររបស់ប៉ូឡូញ និងជួយជំរុញឲ្យលោក Mike Johnson ប្តូរគោលជំហរ ព្រោះត្រូវដឹងថា ជីវិត​ប្រជាជនអ៊ុយក្រែនរាប់លាននាក់ គឺផ្ញើលើការសម្រេចចិត្តរបស់​លោក​ Mike Johnsonហើយ​។​

សូមរំលឹកដែរថា យោងតាមទីភ្នាក់ងារចារិកអាមេរិក CIA គឺ​មានសញ្ញាណ​គួរ​ការព្រួយបារម្ភកាន់តែខ្លាំង អំពីស្ថានភាព​សមរភូមិនៅអ៊ុយក្រែន។ លោក Bill Burns អគ្គនាយក​ CIA បាន​លើកឡើងកាលពីថ្ងៃ​ចន្ទថា អ៊ុយក្រែនមិនមែន​ខ្វះ​ទឹកចិត្ត​ក្លាហាននិងការតស៊ូទេ តែអ្វីដែលអ៊ុយក្រែនខ្វះខ្លាំងនាពេលនេះ គឺអ៊ុយក្រែនខ្វះគ្រាប់ ខ្វះគ្រឿងសព្វាវុធចាំបាច់ ដើម្បី​ប្រយុទ្ធទល់នឹងរុស្ស៊ី​​​។ លោក​បានទាញសញ្ញាអាសន្នថា បើចង់ជួយអ៊ុយក្រែន គឺត្រូវតែ​រូតរះឡើង ព្រោះ​អ្វីៗជិតហួសពេលហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ