អានតួអត្ថបទ
កម្ពុជា

គ.ជ.ប.ប្រកាស​ទទួល​ស្គាល់​ប​ញ្ជី​ឈ្មោះ​បេក្ខជន​គណបក្ស​ប្រជាជន​កម្ពុជា​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោតហៅ​កាត់​ថា គ​.​ជ​.​ប​. បាន​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​ការចុះឈ្មោះ​គណបក្សនយោបាយ និង​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​តំណាងរាស្ត្រ នីតិកាល​ទី​៥ ដែល​នឹង​ធ្វើឡើង នៅ​ថ្ងៃ​ទី​២៨​កក្កដា​​ខាង​មុខ​។​ គិត​ត្រឹម​ថ្ងៃទី​២​ឧសភា គ​.​ជ​.​ប​. ប្រកាសថា មាន​គណបក្ស ចំនួន ៥ បាន​​ចុះឈ្មោះ និង​ដាក់​បេក្ខជន ដើម្បី​ចូលរួម​ការបោះឆ្នោត​។​

គ.ជ.ប.​ប្រកាសទទួលស្គាល់​បញ្ជីឈ្មោះ​បេក្ខជនគណបក្សប្រជាជនកម្ពុជា
គ.ជ.ប.​ប្រកាសទទួលស្គាល់​បញ្ជីឈ្មោះ​បេក្ខជនគណបក្សប្រជាជនកម្ពុជា RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

 


​ក្រៅពី​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​ការចុះ​ឈ្មោះ និង​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុង​សេចក្តីសម្រេច​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៣ គ​.​ជ​.​ប​. ក៏​បាន​តម្រូវឲ្យ​គណបក្ស​សញ្ជា​តិ​កម្ពុជា ធ្វើ​ការកែតម្រូវ​រយៈពេល ៥​ថ្ងៃ លើ​ចំណុច​ខ្វះខាត​។​

​សេចក្តីប្រកាស​ដដែល ក៏បាន​លើកឡើង​ថា សម្រាប់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គឺ គ​.​ជ​.​ប កំពុងតែ​ធ្វើ​ការ​ពិនិត្យ​។

​បញ្ជី​ឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ដាក់​នៅ គ​.​ជ​.​ប​. មិន​ត្រូវ​បាន​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ក៏ដូចជា មន្ត្រី​គ​.​ជ​.​ប​. ផ្តល់​ឲ្យ​អ្នកកាសែត​ឡើយ នៅ​ថ្ងៃ​សុក្រ​នេះ​។

​យ៉ាងណាក៏ដោយលោក អ៊​ក គីម​ហាន ប្រធាន​នាយកដ្ឋាន​បូកសរុប របស់​គណបក្ស​ប្រជា​ជន​​កម្ពុជា បាន​ប្រាប់​អ្នកកាសែត ក្នុង​ពេល​កន្លងមក​ថា បេក្ខជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដាក់​នៅ​ទូទាំង ២៤ រាជធានី​ខេត្ត ដោយ​មាន​បេក្ខជន​សរុប ២៦៨ នាក់​។ ក្នុងនោះ មាន​បេក្ខជន​ពេញសិទ្ធិ ១២៣ នាក់ និង​បម្រុង ១៤៥ នាក់​។ បេក្ខជន​នោះ ក៏​មាន​ស្ត្រី ៤៨ នាក់ ។
​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ថា ការរៀបចំ​បញ្ជី​បេក្ខជន​នេះមាន​តំណាងរាស្ត្រ​ចាស់ៗ មួយចំនួនធំ និង​មាន​ដាក់​អ្នកថ្មី ដែល​ជា​យុវជន និង​ជា​កូន​អ្នក​ដឹកនាំ​មួយចំនួន​ដែរ​។ យុវជន​ឈរឈ្មោះ​បោះឆ្នោត​ទាំង​នោះ រួមមាន​ទាំង​កូនប្រុស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ា​នី ដែល​ឈរឈ្មោះ នៅក្នុង​ខេត្ត​កំពង់ស្ពឺ​។​

​តាម​គ​.​ជ​.​ប គិត​ត្រឹម​ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០១៣ មាន​គណបក្សនយោបាយ​ចំនួន ៥ បាន​ដាក់​ពាក្យ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​។ គណបក្ស​ទាំង ៥ នោះ រួមមាន​៖ ទី​១-​គណបក្ស​ប្រជាជន​កម្ពុជា ទី​២-​គណបក្ស​សញ្ជាតិ​កម្ពុជា ទី​៣-​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទី​៤-​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ និង​ទី​៥-​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​។​

​ដំណើរការ​ចុះឈ្មោះ​គណបក្សនយោបាយ និង​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​តំណាង​រាស្ត្រ​ នីតិកាល​ទី​៥ ត្រូវធ្វើឡើង ចាប់ពី​ថ្ងៃ​ទី​២៩ ខែ​មេសា រហូត​ដល់​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៣​។​​ក្នុង​កិច្ចប្រជុំ​នៅ​គ​.​ជ​.​ប​. កាលពី​ព្រឹក​ថ្ងៃទី​៣​ឧសភា លោក ទេព នីថា អគ្គលេខាធិការ គ​.​ជ​.​ប​. ក៏​បាន​ឆ្លើយតប​នឹង​សំណួរ​របស់​អ្នកកាសែត ជុំវិញ​អនុសាសន៍​សំខាន់​ពីរ​ចំណុច​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​បញ្ជូន​ទៅ​កាន់​គ​.​ជ​.​ប​. កាលពី​ថ្ងៃ​២​ឧសភា ឆ្នាំ​២០១៣​។

នោះ​គឺ​ការស្នើ​ឲ្យ​គ​.​ជ​.​ប​. បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត នៅ​គ្រប់​ភូមិ​ទូទាំងប្រទេស និង​មួយ​ចំនុច​ទៀត សង្គម​ស៊ីវិល​ស្នើ​ឲ្យមាន​បញ្ចូល​សមាសភាព​តំណា​ង​គណបក្ស​នយោបាយ ចូលរួម​ក្នុងគណៈកម្មការ​រៀបចំ​ការបោះឆ្នោត​នៅតាម​ការិយាល័យ​បោះឆ្នោតនិង​តាម​គណៈ​កម្មការ​​រៀបចំ​ការបោះឆ្នោត នៅ​ឃុំ​សង្កាត់​ទូទាំង​ប្រទេស​។​

​ក៏​ប៉ុន្តែ​លោក ទេព នីថា បានបញ្ជាក់​ថា អនុសាសន៍​របស់​សង្គម​ស៊ីវិល​នោះ គឺ​មិនមែន​ជា​រឿង​ថ្មី​ទេ​។ គ​.​ជ​.​ប​. ក៏​មិន​អាច​ទៅ​បិទ​ឈ្មោះ​អ្នកបោះឆ្នោត រហូត​ដល់​តាម​ភូមិ​បានឡើយ​។ គ​.​ជ​.​ប​. អនុវត្ត​តាម​ច្បាប់ ហើយក៏​មិន​អាច​ទៅ​ចែក​កូត្តា​ដល់​គណបក្សនយោបាយ ឲ្យមាន​ការបញ្ចូល​តំណាង​គណ​បក្ស ទៅក្នុង​គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការបោះឆ្នោត ដូច​ការទាមទារ​របស់​សង្គម​ស៊ីវិល​នោះ​ឡើយ​៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ