អានតួអត្ថបទ
ស៊ីរី

ស៊ីរី៖ អ.ស.ប.ចូល​ទៅ​ស៊ើបអង្កេត​ភូមិ​ដែល​សង្ស័យ​ថា​មាន​ការ​សម្លាប់​រង្គាល

ក្រុម​អ្នក​សង្កេតការណ៍​អ.ស.ប.​ប្រចាំ​នៅ​ស៊ីរី​បាន​ធ្វើ​ដំណើរ​ទៅដល់​ភូមិ Treimsa កាល​ពី​​​ថ្ងៃ​សៅរ៍ ម្សិលមិញ ដើម្បី​ធ្វើការ​ស៊ើបអង្កេត​ជុំវិញ​ព័ត៌មាន ស្តីពី​ការ​សម្លាប់​រង្គាល​ជនស៊ីវិល កាល​ពីថ្ងៃ​ព្រហស្បតិ៍។ ក្រោយ​ពី​បាន​ពិនិត្យ​ដល់​កន្លែង​កើតហេតុ នៅ​ល្ងាច​ថ្ងៃ​ដដែល មន្រ្តី​អ.ស.ប.​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​បញ្ជាក់ថា ការវាយប្រហារ​​ទៅលើ​ភូមិ Treimsa ភាគច្រើន​ធ្វើ​ឡើង​សំដៅ​ទៅលើ​ទីតាំង​របស់​ក្រុម​ឧទ្ទាម និង​សកម្មជន​ប្រឆាំង។ រដ្ឋាភិបាល​ស៊ីរី​ទទួលស្គាល់​ការ​វាយប្រហារ​ទៅលើ​ភូមិ ​Treimsa ក៏ប៉ុន្តែ ​​បដិសេធថា គ្មាន​​រថក្រោះ ឬ​យន្តហោះណាមួយ​​ត្រូវ​បាន​ប្រើ ក្នុង​​ប្រតិបត្តិការ​យោធានេះទេ។

រថយន្ត​របស់​ក្រុម​អ្នក​សង្កេតការណ៍​អ.ស.ប. នៅ​ Treimsa ដើម្បី​ស៊ើបអង្កេត​ករណី​សង្ស័យ​ថា​មាន​ការ​សម្លាប់​រង្គាល​ជនស៊ីវិល
រថយន្ត​របស់​ក្រុម​អ្នក​សង្កេតការណ៍​អ.ស.ប. នៅ​ Treimsa ដើម្បី​ស៊ើបអង្កេត​ករណី​សង្ស័យ​ថា​មាន​ការ​សម្លាប់​រង្គាល​ជនស៊ីវិល REUTERS
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ការ​ស៊ើបអង្កេត នៅ​ភូមិ Treimsa កាល​ពី​ថ្ងៃសៅរ៍ ក្រុម​មន្រ្តី​សង្កេតការណ៍​អ.ស.ប. បាន​រកឃើញ​មាន​ស្នាម​ឈាម ផ្ទះ​ និង​សាលារៀន​ត្រូវ​ឆេះ ដែល​មើលទៅ​ទំនង​ជា​មាន​ការ​ដុត​​ចេញ​ពី​ខាង​ក្នុង ហើយ​​ទីតាំង​មួយចំនួន​ទៀត ដែល​រងការ​ខូចខាត​ដោយ​គ្រាប់កាំភ្លើងធំ។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍ ធ្វើឡើង​ដោយ​អ្នក​នាំពាក្យ​បេសកកម្ម​សង្កេតការណ៍​អ.ស.ប.​ប្រចាំ​ប្រទេស​ស៊ីរី។

ក្រុម​អ្នក​សង្កេតការណ៍​បាន​ធ្វើ​​ការ​សន្និដ្ឋាន​ជំហាន​ដំបូងថា ការវាយប្រហារ​នៅ Treimsa នេះ ត្រូវ​បាន​ធ្វើឡើង​ ទៅលើ​គោលដៅ​​ជាក់លាក់ ដែល​មើលទៅ ភាគច្រើន​ជា​ទីតាំង ឬ​ផ្ទះ​របស់​ក្រុម​ទាហាន​ដែល​​ផ្តាច់ខ្លួន​ទៅចូល​​ជាមួយ​ក្រុម​ឧទ្ទាម និង​សកម្មជន​ប្រឆាំង។ ក៏ប៉ុន្តែ នៅ​ក្នុង​សេចក្តីសន្និដ្ឋាន​នេះ ក្រុម​អ្នក​សង្កេតការណ៍​មិន​បាន​បញ្ជាក់ថា តើ​ការ​វាយប្រហារ​នេះ​​ត្រូវ​ធ្វើ​ឡើង​ដោយ​ក្រុម​ណាមួយ​នោះទេ។ ចំពោះ​​អ្នក​ស្លាប់វិញ​ ក៏​គេ​នៅ​មិនទាន់​​អាច​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់​​ដែរ​ថា ​តើ​មាន​ចំនួន​​សរុប​ប៉ុន្មាន​នាក់ ក្នុង​នោះ​ ក្រុមឧទ្ទាម​ប្រដាប់​អាវុធ​ប៉ុន្មាននាក់ ហើយ​ជនស៊ីវិល​ប៉ុន្មាន​នាក់?

គួរ​បញ្ជាក់ថា រហូតមកទល់ពេលនេះ ចំនួន​អ្នក​ស្លាប់​នៅ Treimsa ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា មាន​យ៉ាងតិច ១៥០នាក់។

ក្រុម​អ្នក​សង្កេតការណ៍​គ្រោង​នឹង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​​ភូមិ Treimsa ជា​ថ្មី​ទៀត នៅ​ថ្ងៃ​អាទិត្យ​នេះ​ ដើម្បី​​ធ្វើ​ការស៊ើបអង្កេត​ជា​បន្ត​ទៀត។

ក្នុងពេល​ជាមួយ​គ្នា​នេះ មាន​សេចក្តីរាយការណ៍​ជា​បន្តបន្ទាប់​ថា​ រដ្ឋាភិបាល​របស់​លោក​អាសាដ​កំពុង​បន្ត​​បើក​ធ្វើ​​​​ប្រតិបត្តិការ​យោធា​ នៅ​ទីតាំង​មួយ​ចំនួន​ផ្សេងទៀតរបស់​ក្រុម​ប្រឆាំង។ អ្នក​យកការណ៍​ឲ្យ​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ AFP បាន​រាយការណ៍​ថា កាល​ពី​ថ្ងៃ​សៅរ៍ គេ​ឮ​ស្នូរ​កាំភ្លើង​ធំ​​បាញ់​ផ្លោង​សន្ធាប់​ជាប់ៗគ្នា​​​ ប្រមាណ​ជិត ៦ម៉ោង នៅជិត​ទីក្រុង​ Aleppo ដែល​ជា​ក្រុង​សេដ្ឋកិច្ច​​ដ៏ធំមួយ ​នៅ​ក្បែរ​​ព្រំដែន​តួកគី។

លោក​បាន គីមូន អគ្គលេខាធិការ​អ.ស.ប. បានជួប​សន្ទនា​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​ចិន ដោយ​បាន​អំពាវ​ឲ្យ​ចិន​ប្រើ​ឥទ្ធិពល​របស់​ខ្លួន ដើម្បី​ជំរុញ​ឲ្យ​លោក​អាសាដ​គោរព​ផែនការ​សន្តិភាព ៦ចំណុច របស់​លោក​កូហ្វ៊ី អាណាន់។ កិច្ចសន្ទនា​តាម​ទូរស័ព្ទ​នេះ ធ្វើ​ឡើង នៅមុនពេល​លោក​បាន គីមូន ត្រូវ​​​ទៅ​បំពេញ​ទស្សនកិច្ច នៅ​ចិន នៅថ្ងៃ​ចន្ទ​ស្អែក។ ចំណែក​រដ្ឋាភិបាល​រុស្ស៊ី​វិញ​ បាន​ប្រកាស​ឲ្យដឹង នៅថ្ងៃ​នេះ​ថា លោក​ពូទីន​នឹង​ជួប​ជជែក​ជាមួយ​លោក​កូហ្វ៊ី អាណាន់ នៅថ្ងៃ​អង្គារ នៅ​រដ្ឋធានី​ម៉ូស្គូ។

គួរ​រំឭកឡើងវិញ​ថា រហូតមកទល់ពេលនេះ ចិន និង​រុស្ស៊ី ដែល​ជា​សមាជិក​អចិន្រ្តៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. នៅតែ​បន្ត​ជំទាស់​រាល់​សេចក្តីសម្រេច​ ដែល​ចែង​គំរាម​ដាក់​ទណ្ឌកម្ម​លើ​ស៊ីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ