អានតួអត្ថបទ
កម្ពុជា

គ.ជ.ប.៖ ​លទ្ធផល​ផ្លូវការ​នៃការបោះឆ្នោត​ព្រឹទ្ធសភានឹងប្រកាស​នៅចុង​សប្តាហ៍នេះ​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​. បានប្រកាស​ថា លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ នីតិកាល​ទី​៣ ​នឹង​ត្រូវ​ប្រកាស ​នៅ​ចុង​សប្ដាហ៍​នេះ​។​គ​.​ជ​.​ប​. ក៏​បាន​បដិសេធ​នូវ​ពាក្យបណ្តឹង​របស់​គណបក្ស​សម​រង្ស៉ី​ផង​ដែរ​។

ព្រឹទ្ធសភា​កម្ពុជា
ព្រឹទ្ធសភា​កម្ពុជា ©​ លី​ ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

សេចក្ដីប្រកាស​របស់ ​គ​.​ជ​.​ប​. នៅ​ថ្ងៃ​៧​កុម្ភៈ​នេះ បាន​លើកឡើង​ថា បន្ទាប់​ពី​ដោះស្រាយ​បណ្ដឹង​​ទាក់ទង​នឹង​ការឃោសនា​បោះឆ្នោត ការបោះឆ្នោត​ និង​រាប់​សន្លឹកឆ្នោត​ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ​នីតិកាល​ទី​៣មក គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​. គ្រោង​នឹង​ប្រកាស​លទ្ធផល​ផ្លូវការ​ នៃ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៣ ​នៅ​ចុង​សប្ដាហ៍​នេះ​។

 
លោក ទេព នីថា ​អគ្គលេខាធិការ គ​.​ជ​.​ប​. បាន​លើកឡើង​ថា បណ្ដឹង​ទាក់ទង​ទៅនឹង​ការឃោសនាបោះឆ្នោត សរុប​មាន ៧ បណ្ដឹង​។​ បណ្ដឹង​ទាំងនេះ ត្រូវបាន​ដោះស្រាយ​រួចរាល់ ត្រឹម គ​.​ជ​.​ប​. ថ្នាក់​រាជធានី​-​ខេត្ត (​គ​ធ​/​ខ​ប​) ចំនួន ៤ បណ្ដឹង​ ដោយ​ដើម​បណ្ដឹង ​មិន​បាន​ប្ដឹង​បន្ត​មក គ​.​ជ​.​ប​. ទេ​។ ​ប៉ុន្តែ​បណ្ដឹង​ចំនួន ៣ ទៀត ត្រូវបាន​ដើមបណ្ដឹង​បន្ត​ប្ដឹង​មក គ​.​ជ​.​ប​. ហើយ​បណ្ដឹង​ទាំងនោះ ត្រូវបាន គ​.​ជ​.​ប​. ដោះស្រាយ​រួចរាល់ នៅ​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១២​។

លោក ទេព នីថា បាន​បន្តទៀតថា ចំណែក​បណ្ដឹង​ទាក់ទង​ទៅ​នឹង​ការបោះឆ្នោត និង​រាប់​សន្លឹកឆ្នោត ចំនួន ២ បណ្ដឹង ​នៅ​ខេត្ត​កំពង់ឆ្នាំង​ ក្នុងនោះ​មាន ១​បណ្ដឹង ប្ដឹង​សម្រាប់​សន្លឹកឆ្នោត​ឡើងវិញ​ នៅ​ការិយាល័យ​បោះឆ្នោត​លេខ​៧០០៣ ត្រូវបាន គ​.​ជ​.​ប​. ធ្វើការ​ដោះស្រាយ​ចប់​នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១២ និង ១​បណ្ដឹង​ទៀត ប្ដឹង​មន្ត្រី​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត កំពង់ឆ្នាំង ​ត្រូវបាន គ​.​ជ​.​ប​ ដោះស្រាយ​ចប់​ត្រឹម​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១២​។

លោក​អគ្គលេខាធិការ បាន​បន្ថែមថា បណ្ដឹង​ទាក់ទង​ទៅនឹង​ការឃោសនា​បោះឆ្នោត គឺ​ក្នុង​ករណី​ដើមបណ្ដឹង ​ពុំ​បាន​ប្ដឹង​បន្ត​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ក្នុង​រយៈពេល ៧២ ​ម៉ោង​យ៉ាងយូរ ​បន្ទាប់ពី​បាន​ទទួល​សម្រង់​សេចក្ដី​សម្រេច​របស់ គ​.​ជ​.​ប​. ទេ នោះ គ​.​ជ​.​ប​. នឹង​ធ្វើ​ការប្រកាស​លទ្ធ​ផល​ផ្លូវការ ​ស្តីពី​ការ​បែងចែក​អាសនៈ​ និង​ប្រកាស​ផ្សាយ​បញ្ជី​បេក្ខជន​ជាប់ឆ្នោត​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៣ នៅ​ចុង​សប្ដាហ៍​នេះ​។

លទ្ធផល​បណ្តោះអាសន្ន នៃ​ការបោះឆ្នោត​ព្រឹទ្ធសភា កាលពី​ថ្ងៃ​ទី​២៩​មករា ត្រូវបាន គ​.​ជ​.​ប​. ប្រកាសថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​ ៨.៨៨០ សំឡេង​ និង​គណបក្ស​សមរង្ស៊ី ​ទទួលបាន ២.៥០៣ សំឡេង​។​ តាម​លទ្ធផល​នេះ គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​ទទួលបាន ៤៦ អាសនៈ​។ រីឯ​គណបក្ស​សមរង្ស៊ី​ ទទួលបាន​ ១១ អាសនៈ ​ដូច​អ្វី​ដែល​គេ​បាន​គិតគូ​រទុក​ជាមុន​ តាម​ចំនួន​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កា​ត់ និង​តំណាងរាស្ត្រ​ដែលជា​អ្នក​បោះឆ្នោត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ