ព្រះមហាក្សត្រជំរុញឲ្យដោះស្រាយបញ្ហានយោបាយតាមរដ្ឋធម្មនុញ្ញនិងស្ថាប័នជាតិ
ក្នុងព្រះរាជសារចុះថ្ងៃទី៣០ សីហា ព្រះមហាក្សត្រ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានជំរុញឲ្យភាគីជម្លោះនានាគោរពរដ្ឋធម្មនុញ្ញ និងច្បាប់នានារបស់ជាតិក្នុងនាមជារដ្ឋអធិបតេយ្យមួយ។ ក្រោយពីទទួលបានព្រះរាជសារព្រះមហាក្សត្រ មន្ត្រីគណបក្សប្រជាជនកម្ពុជាស្វាគមន៍ និងចាត់ទុកព្រះមហាកត្រថា ជាឥស្សរជនកំពូលបំផុតដែលគោរពរដ្ឋធម្មនុញ្ញ។ ចំណែកគណបក្សសង្គ្រោះជាតិកំពុងពិចារណាមុននឹងធ្វើសេចក្តីថ្លែងការណ៍អំពីព្រះរាជសារនេះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:២២
ខណៈដែលស្ថានការណ៍នយោបាយកំពុងតានតឹងខ្លាំង ព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញអន្តរាគមន៍ជាថ្មីទៀតដើម្បីជំរុញឲ្យមានដំណោះស្រាយ។
នៅក្នុងព្រះរាជសារចុះថ្ងៃទី ៣០ សីហាម្សិលមិញ ព្រះមហាក្សត្រ ដែលកំពុងគង់ប្រថាប់នៅឯទីក្រុងប៉េកាំង ប្រទេសចិន បានកត់សម្គាល់ថា លទ្ធផលនៃការបោះឆ្នោតសភាអាណត្តិទី៥ នឹងត្រូវប្រកាសជាផ្លូវការយ៉ាងយូរត្រឹមថ្ងៃទី ៨ កញ្ញាខាងមុខដើម្បីឲ្យរដ្ឋសភា និងរាជរដ្ឋាភិបាលដែលចេញពីការបោះឆ្នោតដំណើរការត្រឹមត្រូវតាមការកំណត់របស់រដ្ឋធម្មនុញ្ញ ក៏ដូចជាដើម្បីធានាស្ថិរភាព និងនិរន្តរភាពជាតិ។
ព្រះអង្គក៏បានសង្កត់ធ្ងន់ថា កម្ពុជាជារដ្ឋឯករាជ អធិបតេយ្យ និងមានរដ្ឋធម្មនុញ្ញជាច្បាប់កំពូលដែលប្រជាជាតិខ្មែរគោរពទាំងអស់គ្នា។ ដូច្នេះ ការដោះស្រាយបញ្ហាជាតិនានាគួរតែផ្អែកលើរដ្ឋធម្មនុញ្ញ និងប្រគល់ឲ្យស្ថាប័នមានសមត្ថកិច្ចដែលកំណត់ដោយរដ្ឋធម្មនុញ្ញ និងច្បាប់នានារបស់ជាតិ។ ព្រះអង្គក៏បានរម្លឹកអំពីមេរៀនប្រវត្តិសាស្ត្រដែលបានបង្ហាញអំពីការបែកបាក់គ្នា និងការឈឺចាប់ច្រើនឥតគណនារបស់ប្រជាជាតិខ្មែរ។ ដូច្នេះ ព្រះអង្គអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់បន្តរក្សាភាពស្ងប់ស្ងាត់និងសេចក្តីថ្លៃថ្នូរ។
ព្រះរាជសារនេះត្រូវគេមើលឃើញថាបានផ្តល់ទម្ងន់ដល់ជំហររបស់គណបក្សប្រជាជនកម្ពុជាដែលទាមទារឲ្យដោះស្រាយបញ្ហាតាមយន្តការជាតិ។ ប៉ុន្តែ វាជាសម្ពាធទៅលើគណបក្សសង្គ្រោះជាតិដែលកំពុងទាមទារឲ្យមានយន្តការដោះស្រាយបញ្ហាដែលមានការចូលរួមពីសហប្រជាជាតិ និងសង្គមស៊ីវិល។
លោក ជាម យៀប មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាបានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃសៅរ៍នេះថា ព្រះមហាក្សត្រគឺជាឥស្សរជនកំពូលរបស់ប្រទេសដែលតែងគោរពយ៉ាងខ្ជាប់ខ្ជួនតាមរដ្ឋធម្មនុញ្ញ។ លោកបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាដែលនៅស្ងាត់ស្ងៀមចំពោះមុខជម្លោះនយោបាយនេះក៏ព្រោះតែខ្លួនគោរពរដ្ឋធម្មនុញ្ញនិងច្បាប់នានារបស់ប្រទេសដែរ។
ចំណែកឯគណបក្សសង្គ្រោះជាតិវិញនៅមិនទាន់បញ្ចេញប្រតិកម្មអ្វីនៅឡើយទេរហូតមកទល់នឹងថ្ងៃត្រង់នេះ។ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានប្រាប់វិទ្យុបារាំងអន្តរជាតិថា គណបក្សរបស់លោកកំពុងពិចារណាទៅលើខ្លឹមសារនៃព្រះរាជសាររបស់ព្រះមហាក្សត្រ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ