អានតួអត្ថបទ
កម្ពុជា

គ្រោះថ្នាក់ចរាចរណ៍ពេលចូលឆ្នាំខ្មែរ ស្លាប់៣៩ របួស២៤៨នាក់

ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​កន្លង​ទៅ​នេះ អ្នក​ស្លាប់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​សរុប​ចំនួន​៣៩​នាក់ ហើយ​អ្នករងរបួស​ចំនួន​២៤៨​នាក់។ គឺ​ជា​ការ​សរុប​ទិន្នន័យ​ទូទាំង​ប្រទេស​ដោយ​អគ្គស្នង​ការដ្ឋាន​នគរ​បាល​ជាតិ។ មូល​ហេតុ​ចម្បង​មួយចំនួន​ដែល​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ទាំង​នោះ គឺ​ដោយ​សារ បើក​បរ​ហួស​ល្បឿន​កំណត់ បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង និង​ដោយសារ​ការ​មិន​ដាក់​ខ្សែ​ក្រវាត់ ឬ​មិន​ពាក់​មួក​សុវត្ថិភាព។ បន្ថែម​ពី​នេះ អ្នក​ធ្វើ​ការ​ខាង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​បាន​សង្កេត​ឃើញ​ថា គ្រោះ​ថ្នាក់​ច្រើន​កើត​មាន​នៅ​តាម​ផ្លូវជាតិ ពិសេស​នៅ​កំពង់ចាម​និង​ភ្នំពេញ។

គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា
គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា © សុវណ្ណរ៉ា
ផ្សាយពាណិជ្ជកម្ម

 

គិត​ចាប់​ពី​ថ្ងៃទី១៤ដល់​ថ្ងៃទី​១៦​មេសា មាន​មនុស្ស​ចំនួន​៣៩​នាក់ បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​អ្នករងរបួស​ចំនួន​២៤៨​នាក់។ នេះ​បើ​តាម​គេហទំព័រ​អគ្គស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ។ តាម​គេហទំព័រ​ដដែល​បញ្ជាក់​ថា នៅ​ថ្ងៃ​ចុងក្រោយ​នៃ​បុណ្យ​ឆ្នាំ​ថ្មី គឺ​ថ្ងៃទី​១៦​មេសា មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​ចំនួន​៤៩លើក​យប់​២០​លើក ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​១៦​នាក់។

របាយ​ការណ៍​ពី​នាយកដ្ឋាន​សណ្តាប់​ធ្នាប់​នៃ​អគ្គស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ថ្ងៃ​ចូល​ឆ្នាំ​ទី​២ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូ​ទាំង​ប្រទេស​ចំនួន​៣៩​លើក យប់​២០​លើក ហើយ​បណ្តាល​បាត់​បង់​ជីវិត​មនុស្ស​ចំនួន​១៣​នាក់។ ចំណែក​អ្នក​របួស​នៅ​ថ្ងៃទី​១៥​មេសា​នោះ  មាន​របួស​ធ្ងន់​៤៧​នាក់​និង​របួស​ស្រាល​៤២​នាក់។

ជាមួយ​គ្នា​នេះ នៅ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ទី១ មនុស្ស​ចំនួន​៨​នាក់​បាន​ស្លាប់ ហើយ​របួស​ធ្ងន់​និង​ស្រាល ចំនួន​៤៣​នាក់ ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍។

មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ទាំង​នោះ គឺ​ដោយ​សារ​បើកបរ​ល្បឿន​ពេក ស្រវឹង ប្រជែង​នឹង​គ្រោះ​ថ្នាក់ មិន​គោរព​សិទ្ធ​អាទិភាព និង​មិន​ប្រកាន់​ស្តាំ​ជា​ដើម​។ ចំពោះ​អ្នក​ជិះ​ម៉ូតូ ក៏​កើត​មាន​ដែរ ព្រោះ​មិន​បាន​ពាក់​មួក​សុវត្ថិភាព​។ នេះ​បើតាម​គេហទំព័រ​អគ្គស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ ដែល​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃទី​១៧​មេសា​២០១៥​។

ទោះយ៉ាងណា​ក្តី លោក អៀ ចរិយា ទីប្រឹក្សា​ឯករាជ្យ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍ បាន​សង្កេតឃើញថា មូលហេតុធំៗចំនួន៣ ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ គឺ​ដោយសារ បើកបរ​ហួស​ល្បឿន​កំណត់ បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង និង​ដោយសារ​ការមិន​ដាក់​ខ្សែក្រវាត់ ឬ​មិន​ពាក់មួក​សុវត្ថិភាព។ នៅតាម​បណ្តា​ផ្លូវជាតិ ពិសេស​នៅ​កំពង់ចាម​និង​ភ្នំពេញ​ដែលមាន​ប្រជាជន​ច្រើន​និង​ផ្លូវជាតិ​ច្រើន គឺ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ ក៏​ច្រើនជាង​ខេត្ត​ដទៃ​ដែរ។
 

លោក អៀ ចរិយា ឲ្យ​ដឹង​ទៀតថា ៧០ភាគរយ​នៃ​អ្នកបើកបរ​ម៉ូតូ​មាន​គ្រោះថ្នាក់ គឺ​រងរបួស​និង​ស្លាប់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិ ដែល​បង្ក​ឲ្យ​មានការ​ប៉ះទង្គិច​ក្បាល​ធ្ងន់ធ្ងរ។ ទីប្រឹក្សា​ឯករាជ្យ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​រូបនេះ បាន​កត់សម្គាល់ថា ការពង្រឹង​សុវត្ថិភាព​ចរាចរណ៍ មាន​ភាពរឹងមាំ​និង​មាន​ប្រសិទ្ធភាព​ជាង​មុន បើ​ប្រៀបធៀប​នឹង​ឆ្នាំ​កន្លងទៅ។ ​នេះ​ក៏​ដោយ សារ​ការចេញ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី កាលពី​ខែធ្នូ​កន្លងទៅ​នេះដែរ។ ក្នុងនាម​ជាទី​ប្រឹក្សា​ឯករាជ្យ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍ លោក អៀ ចរិយា សង្កេតឃើញ​មន្ត្រី​ពាក់ព័ន្ធ​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ព្រមទាំង​ក្រសួងមហាផ្ទៃ បានចេញ​លិខិត​ណែនាំ និង​ចុះ​អប់រំ​ពី​ច្បាប់​ចរាចរណ៍​ថ្មី និង​ផ្សព្វផ្សាយ​ពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ច្រើនជាង​ពេល​កន្លងទៅ។

យ៉ាងណា​ក៏ដោយចុះ បញ្ហា​គ្រោះ​ថ្នាក់លើ​ដងផ្លូវ​នៅ​ឆ្នាំនេះ មានការ​ថយចុះ បើ​ធៀប​នឹង​ឆ្នាំមុន។ នេះ​បើតាម​លោក អៀ ចរិយា។ លោក​បាន​បញ្ជាក់ថា ជាមធ្យម​មនុស្ស​ស្លាប់​ពី​៥ទៅ​៦នាក់​ក្នុង​មួយ​ថ្ងៃៗ នៅទូទាំង​ប្រទេស​កម្ពុជា ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ