អ្នកគាំទ្រសង្រ្គោះជាតិនៅឯនាយសមុទ្រព្រមដើរលើផ្លូវតែមួយវិញ បន្ទាប់ពីប្រេះឆា
បន្ទាប់ពីមានការប្រេះឆាគ្នាមួយរយៈដោយសារតែមានការបង្កើតចលនាសង្រ្គោះជាតិនោះ អ្នកគាំទ្រ អតីតគណបក្សសង្រ្គោះជាតិ បានវិលត្រឡប់មកដើរលើផ្លូវតែមួយវិញហើយ។ ការព្រមព្រៀងគ្នានេះ គឺតាមរយៈសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃទី២៤ខែកុម្ភៈ ហើយត្រូវបានលោក សម រង្ស៊ី លោក អេង ឆៃអ៊ាង លោកស្រី មូរ សុខហួរ និងលោក អ៊ូ ច័ន្ទឬទ្ធិ ចេញលិខិតអបអរសាទរជាបន្តបន្ទាប់គ្នាមកដល់ថ្ងៃទី២៨ខែកុម្ភៈ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១០
នៅក្នុងសេចក្តីថ្លែងការណ៍រួមនោះ បានបញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិសហរដ្ឋអាមេរិកដែលមានលោក អ៊ុង រិទ្ធី ជាប្រធាន និងគណបក្សសង្រ្គោះជាតិទ្វីបអាមេរិកខាងជើង ដែលមាន លោក ជា គឹមលី ជាប្រធាន បានព្រមព្រៀងគ្នាជាឯកច្ឆន្ទ ក្នុងការបង្រួបបង្រួមគណបក្សសង្រ្គោះជាតិទាំងពីរក្រុមនេះ ដោយបង្កើតសាខាបក្សតែមួយដែលមានឈ្មោះថា គណបក្សសង្រ្គោះជាតិ អាមេរិក។
សាខាគណបក្សប្រឆាំងប្រចាំនៅអាមេរិកនេះ គឺមានសមាសភាពមនុស្សសំខាន់ចំនួន៧នាក់ ដោយក្នុងនោះ លោក អ៊ុង រិទ្ធី ជាប្រធាន និងលោក ជា គីមលី ជាអនុប្រធានសាខាគណបក្សសង្រ្គោះជាតិ អាមេរិក។
ការវិលត្រឡប់មកដើរលើផ្លូវតែមួយវិញនៅពេលនេះ គឺបន្ទាប់ពី គេមើលឃើញថា ក្រុមអ្នកគាំទ្រ អតីត គណបក្សសង្រ្គោះជាតិ នៅឯនាយសមុទ្រ មានការប្រេះឆាគ្នា នៅពេល លោក សម រង្ស៊ី ប្រកាសបង្កើតចលនាសង្រ្កោះជាតិ ប៉ុន្តែលោក កឹម សុខា ប្រកាសមិនចូលរួម។
កាលណោះ លោក អ៊ុង រិទ្ធី ជាប្រធានអតីតគណបក្សសង្រ្គោះជាតិ សហរដ្ឋអាមេរិក ក៏បានប្រកាសលាលែងពីចលនាសង្គ្រោះជាតិ គឺក្រោយប្រកាសបង្កើតចលនានេះបានបីថ្ងៃប៉ុណ្ណោះ។ លោកអ៊ុង រិទ្ធី បានលើកហេតុផលនៃការសម្រេចលាលែងរបស់លោកថា ដោយសារតែលោកមើលឃើញពីការមិនយល់ស្របគ្នាក្នុងការបង្កើតចលនាសង្គ្រោះជាតិនេះ។
ទោះជាយ៉ាងណា នៅពេលក្រុម អ្នកគាំទ្រគណបក្សសង្រ្គោះជាតិ ដែលមានសមានចិត្តនឹងលោក សម រង្ស៊ី និងលោក កឹម សុខា វិលមករួមគ្នាតែមួយវិញនេះ ត្រូវបានទទួលការអបអរពីអតីតមេដឹកនាំកំពូលៗ នៃអតីត គណបក្សប្រឆាំងនៅកម្ពុជាដ៏ធំមួយនេះ។
លោក អេង ឆៃអាង និងលោកស្រី មូរ សុខហួរ អនុប្រធាន អតីតគណបក្សសង្រ្គោះជាតិ រួមទាំងលោក អ៊ូ ច័ន្ទឬទ្ធិ ប្រធានគណៈកម្មាធិការវិន័យនៃគណបក្សប្រឆាំងនេះ បាននាំគ្នាចេញលិខិតអបអរ ដាច់ដោយឡែកពីគ្នា ប៉ុន្តែក្នុងអត្ថន័យស្រដៀងគ្នាថា ការដែលសាខាគណបក្សសង្គ្រោះជាតិទាំងពីរ សម្រេចរួមបញ្ជួលគ្នានេះ គឺស្របតាមឆន្ទៈរបស់អ្នកគាំទ្រ ទាំងក្នុង និងក្រៅប្រទេស ដើម្បីឆ្ពោះទៅសង្រ្គោះជាតិកម្ពុជាឲ្យទាន់ពេលវេលា។
សម្រាប់ លោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី១ខែមីនានេះថា លោកអបអរសាទរ ការបង្រួបបង្រួមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងចលនាសង្គ្រោះជាតិទាំងអស់ នៅសហរដ្ឋអាមេរិកនឹងប្រទេសកាណាដា ដែលបានសម្រេចរួបរួមគ្នាជាធ្លុងមួយ ខណៈ លោក អ៊ុង រិទ្ធី មកពីខាងអតីតគណបក្សសិទ្ធិមនុស្ស និងលោក ជា គីមលី មកខាងអតីតគណបក្ស សម រង្ស៊ី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ