អានតួអត្ថបទ
អាមេរិក-ម៉ុហ្គោលី

អាមេរិក​ជួយ​ពង្រឹង​ទាហាន​​របស់​ប្រទេស​​ដែល​ស្ថិតនៅ​ជិតខាង​​ចិន

អាមេរិក​ជំរុញ​ចំណងមិត្តភាព​យោធា​ជាមួយ​ប្រទេស​ម៉ុងហ្គោលី ដែល​ស្ថិតនៅ​ជាប់​ជិត​ខាង​ជាមួយ​ចិន។ កាលពី​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក លោក​Chuck Hagel បាន​ចុះ​ហត្ថលេខា​រួម​ជាមួយ​សមភាគី​ម៉ុងហ្គោលី​លើ​សេចក្តីថ្លែងការណ៍​ស្តីពី​ចក្ខុវិស័យ​រួមគ្នា​មួយ ដើម្បី​ពង្រឹង​ចំណងយោធា​រវាង​ប្រទេស​ទាំងពីរ។

រដ្ឋមន្រ្តីការពារ​ជាតិ​អាមេរិក Chuck Hagel ធ្វើ​ទស្សនកិច្ច​នៅ​ម៉ុងហ្គោលី នៅថ្ងៃ​ព្រហស្បតិ៍ ទី ១០​មេសា
រដ្ឋមន្រ្តីការពារ​ជាតិ​អាមេរិក Chuck Hagel ធ្វើ​ទស្សនកិច្ច​នៅ​ម៉ុងហ្គោលី នៅថ្ងៃ​ព្រហស្បតិ៍ ទី ១០​មេសា © REUTERS/Alex Wong/Pool
ផ្សាយពាណិជ្ជកម្ម

ជាមួយ​សមភាគី​អាមេរិក រដ្ឋមន្រ្តីការពារ​ជាតិ​ម៉ុងហ្គោលី បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​ដែល​មាន​គោលដៅ ពង្រីក​សហប្រតិបត្តិការ​យោធា​រួម​គ្នា ជាពិសេស​ផ្នែក​បណ្តុះ​បណ្តាល និង​ជំនួយ​យោធា។

នៅក្នុង​សន្និសីទ​កាសែត កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក​រដ្ឋមន្រ្តីការពារ​ជាតិ អាមេរិក បាន​បញ្ជាក់​ថា ចំណងមិត្តភាព​យោធា​អាមេរិក ម៉ុងហ្គោលី​មាន​សារៈ​សំខាន់ សម្រាប់​ការឈរ បោះទីតាំង​របស់​អាមេរិក នៅ​អាស៊ី ប៉ាស៊ីហ្វិក។ អាមេរិក​ឈរជើង ប្រឈម​នឹង​ការពង្រីក​ឥទ្ធិពល​របស់​ចិន នៅ​អាស៊ី ប៉ាស៊ីហ្វិក គឺ​ជា​យុទ្ធសាស្រ្ត​យោធា​អាទិភាព​របស់​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា។

បើទោះបី​ជា​សេចក្តីថ្លែងការណ៍​លើក​នេះ ធ្វើ​ឡើង​តែ​នៅលើ​ក្រដាស ប៉ុន្តែ វា​អាច​ធ្វើ​ឲ្យ​ទីក្រុង​ប៉េកាំង​ក្តៅ​ចុងច្រមុះ។ ក្នុង​ក្រសែភ្នែក​ចិន ទីក្រុង​វ៉ាស៊ីនតោន​កំពុង​រំលោភ​​ចូល​ក្នុង​ដែនឥទ្ធិពល​របស់​ចិន តាមរយៈ​ការព្យាយាម​ពង្រីក​ចំណងសម្ព័ន្ធភាព​យោធា​របស់ខ្លួន ជាមួយ​បណ្តា​ប្រទេស​​នៅ​អាស៊ី តូចៗ ដែល​ស្ថិតនៅ​ជិតខាង​ប្រទេស​ចិន។

សូមរំលឹកថា ចាប់តាំង​ពី​ចាកចេញ​ពី​របប​កុម្មុយនិស្ត​នៅ​ឆ្នាំ ១៩៩០ ម៉ុងហ្គោលី​បាន​ចូលរួម​ក្នុង​សកម្មភាព​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ។ ប្រទេស​នេះ ដែល​មាន​ទីតាំង​ភូមិសាស្រ្ត រុំព័ទ្ធ​ដោយ​ចិន និង​រុស្ស៊ី ចាប់ផ្តើម​ចងចំណង​យោធា​ជាមួយ​អាមេរិក។ កងទ័ព​ម៉ុងហ្គោលី បាន​ចូលរួម​ក្នុង​កងទ័ព​ពិសេស​ដែល​ដឹកនាំ​ដោយ​អាមេរិក នៅក្នុង​សង្រ្គាម​អ៊ីរ៉ាក់ និង​អាហ្វហ្កានីស្ថាន។ ក្នុង​មួយ​ឆ្នាំៗ សហរដ្ឋ​អាមេរិក ផ្តល់​ថវិកា​ប្រមាណ​២​លាន​ដុល្លារ​សម្រាប់​​​យានយន្ត និង​ទូរគមនាគមន៍​យោធា​ម៉ុងហ្គោលី។ អាមេរិក​នៅ​ចំណាយ​១លាន​ដុល្លារ​បន្ថែម​ទៀត ដើម្បី​បណ្តុះបណ្តាល​ទាហាន​ម៉ុងហ្គោលី ​១ម៉ឺននាក់។

នៅក្នុង​សន្និសីទ​កាសែត​រួម​ជាមួយ​សមភាគី​អាមេរិក រដ្ឋមន្រ្តីការពារ​ជាតិ​ម៉ុងហ្គោលី​បាន​បញ្ជាក់​ថា សេចក្តីថ្លែងការណ៍​និយាយ​ត្រឹម​ចំណង​យោធា ផ្នែកបណ្តុះបណ្តាល ប៉ុន្តែ នឹង​គ្មាន​ការបោះទីតាំង​យោធា​របស់​អាមេរិក ក្នុង​ទឹកដី​ម៉ុងហ្គោលី ដូចដែល​អាមេរិក​បាន​ធ្វើ នៅ​ជប៉ុន និង​នៅ​កូរ៉េខាងត្បូង​ឡើយ។ នៅក្នុង​ជម្លោះ​ទឹកដី​នៅ​សមុទ្រចិនខាងកើត និង​ខាងត្បូង អាមេរិក​​បាន​ព្រមានទីក្រុង​ប៉េកាំង ដោយ​​ប្រយោល គ្មាន​ប្រទេស​ណាមួយ​ដែល​ប្រើ​កម្លាំង​បាយ​​ដើម្បី​កំណត់​ដែនទឹកដី​របស់​ខ្លួននោះទេ។ រដ្ឋមន្រ្តី​ការពារ​ជាតិ​អាមេរិក​បាន​ស្បថ​​ផង​ដែរ​ថា អាមេរិក​នឹង​បន្ត​ជួយ​ផ្នែក​យោធា​ដល់​សម្ព័ន្ធមិត្ត​របស់ខ្លួន គឺ​ហ្វីលីពីន និង​ជប៉ុន ដែល​កំពុង​ឈ្លោះ​ជាមួយ​ទីក្រុង​ប៉េកាំង នៅ​សមុទ្រ​ចិនខាងត្បូង និង​ខាងកើត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ