អានតួអត្ថបទ
អេហ្ស៊ីប

ក្តីសង្ឃឹម​មានតិចតួច ក្នុង​ការ​​​ជួយជនភៀសខ្លួន​​​​ដែល​​រងគ្រោះ​​​ក្រឡាប់​​ទូក​​ ជិត​ឆ្នេរ​​អេហ្ស៊ីប​ ​

ក្នុង​​ការ​​​ស្វែងរក​ជនភៀសខ្លួន​ដែល​រងគ្រោះ​ក្នុង​ការ​ក្រឡាប់កប៉ាល់​នេសាទ​​ នៅ​សមុទ្រ​មេឌីទែរ៉ាណេ ជិតឆ្នេរ​អេហ្ស៊ីប​ ក្តីសង្ឃឹម​ជួយពួកគេពេលនេះ ​​​គឺ​មានតិចតួចណាស់។ ទូកនេសាទ​ដែល​ក្រឡាប់​លិច​នេះ ​​​​ដឹកមនុស្សរហូត​​៤៥០នាក់ បាន​លិច​​ នៅ​​សមុទ្រ​មេឌីទែររ៉ាណេ កាលពី​ថ្ងៃពុធ ​ធ្វើអោយ​មាន​មនុស្ស​ស្លាប់​យ៉ាងហោច​​៤២នាក់។ តួលេខ​មនុស្សស្លាប់​​​អាច​​កើនឡើង​ច្រើន​​ជាងនេះ។ មនុស្ស​១៦៣នាក់ ត្រូវបាន​សង្គ្រោះនៅឆ្នេរ​ខាងជើង​អេហ្ស៊ីប នៅ​​​​Rosette ក្រុងឆ្នេរ​ភាគខាងជើង​អេហ្ស៊ីប។​

ទាហាន​អេហ្ស៊ីប និង​​បុរស​ម្នាក់​ឈរលើទូក​បៃតង ដែល​​ជា​សាច់ញាតិ​ជនរងគ្រោះម្នាក់ ​​ក្នុង​ការ​ក្រឡាប់ទូក។
ទាហាន​អេហ្ស៊ីប និង​​បុរស​ម្នាក់​ឈរលើទូក​បៃតង ដែល​​ជា​សាច់ញាតិ​ជនរងគ្រោះម្នាក់ ​​ក្នុង​ការ​ក្រឡាប់ទូក។ Reuters
ផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃពុធ កប៉ាល់​នេសាទ​មួយគ្រឿង បាន​​ដឹក​ជនភៀសខ្លួន​រហូត​​​៤៥០នាក់ បាន​ក្រឡាប់​លិច នៅ​​ជិតឆ្នេរ​ប្រទេស​អេហ្ស៊ីប។ ​ជនភៀសខ្លួនភាគច្រើន​ ​ស្ថិត​​​ក្នុង​បាតកប៉ាល់ នៅ​កន្លែង​ដែល​គេ​ទុកត្រី។ ​

​​មនុស្ស​​ប្រមាណ​១៦៣នាក់ ត្រូវបាន​ជួយ​សង្គ្រោះ​អោយ​រួច​​ជីវិត។ ជនភៀសខ្លួន​ដែលរួចផុតពី​​ការ​ស្លាប់ បាន​អះអាង​ថា កប៉ាល់នោះ​​​ដឹកមនុស្ស​ច្រើនពេក ទើប​បានជា​ក្រឡាប់​លិច ទៅ ក្នុងទឹក។​ យោងតាម​កងទ័ព​អេហ្ស៊ីប ​ក្នុងចំណោម​ជនភៀសខ្លួន​ដែលគេសង្គ្រោះ​អោយ​​រួចជីវិត​​ ភាគច្រើន ជា​ពលរដ្ឋ​អេហ្ស៊ីប តែ​ក៏មាន​ពលរដ្ឋ​ស៊ូដង់ សូម៉ាលី និង​ស៊ីរី​ដែរ។

អេហ្ស៊ីប​បាន​ក្លាយជា​ទីកន្លែងដែលជនភៀសខ្លួន​​ ដៅយក ដើម្បី​ធ្វើដំណើរ​ចេញ​ទៅ​ទ្វីប​អឺរ៉ុប។ ​ជនភៀសខ្លួន​​បាន​បង់លុយកាក់​សន្ធឹកសន្ធាប់​ដល់ឈ្មួញខុសច្បាប់​ ដើម្បី​អាច​ឆ្លង​សមុទ្រ​​មេឌី​ទែររ៉ាណេ​បាន។ ​តាំងពី​កំឡុង​ដើមឆ្នាំមក ក្រុម​ល្បាតឆ្នេរ​អេហ្ស៊ីប​បាន​ស្ទាក់​ចាប់​​ទូក​ដឹកមនុស្ស និង​បាន​​​ជួយសង្គ្រោះ​​​​មនុស្ស​រាប់រយនាក់។ ​

យោងតាម​ ​ទីភ្នាក់ងារ​ត្រួតពិនិត្យ​ព្រំដែន​អឺរ៉ុប ​ហ្វ្រុងតិច ឆ្នាំ២០១៦នេះ ​​កប៉ាល់​ឈ្មួញ​ដឹក​ជន​ភៀសខ្លួន​​​​​​បាន​ចេញ​ពី​អេហ្ស៊ីប ​​ឆ្លងសមុទ្រ​បាន​ប្រហែល​ជា​១០០០ជើងហើយ។ ​​ទីភ្នាក់ងារ​ហ្វ្រុងតិច​​គូសបញ្ជាក់​ទៀតថា តាំងពី​គេបិទ​ផ្លូវ​តំបន់​បាល់កង់​មិនអោយ​ជនភៀសខ្លួន​ឆ្លងកាត់​មក ​ជនភៀសខ្លួន​បាន​នាំគ្នា​​ចាប់ផ្តើម ធ្វើដំណើរ​ចេញ​​​ពី​ឆ្នេរអាហ្វ្រិកខាងជើង ​ពិសេស​ចេញ​ពី​​​លីប៊ី ឆ្ពោះ​ទៅ​អ៊ីតាលីវិញ។ ​

​តាំងពី​ឆ្នាំ​២០១៤មក ​ជនភៀសខ្លួន​ជាង១ម៉ឺននាក់​​ បាន​ស្លាប់​​នៅ​សមូទ្រមេឌីទែររ៉ាណេ គិត​តាំងពី​​ដើមឆ្នាំ២០១៦មក គឺ​មានជាង​​៣២០០នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ