អានតួអត្ថបទ

រដ្ឋ​អាជ្ញា​តុលាការ​ព្រហ្មទណ្ឌសុំ​បើក​អង្កេត​លើ​សង្គ្រាម​ហ្ស័កហ្ស៊ី​និង​រុស្ស៊ី

រដ្ឋ​អាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​​អន្តរជាតិ​ បាន​ស្នើ​សុំ​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ ការ​អនុញ្ញាត​ពី​ចៅក្រម ដើម្បី​បើក​អង្កេត​លើ​​សំណុំ​រឿង​សង្គ្រាម​ រវាង​ហ្ស័កហ្ស៊ី និង​រុស្ស៊ី ដែល​ជា​អ្នក​ត្រួត​ត្រា​តំបន់​អូសេទីត​ខាង​ត្បូង កាលពី​ខែ​សីហា ឆ្នាំ​២០០៨។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ ប្រសិន​បើ​តុលាការ​យល់​ព្រម​ នេះ​ជា​ការ​អង្កេត​ក្តី​ដំបូង​ដែល​មិន​មែន​ជា​វិបត្តិ​នៅ​ទ្វីប​អាហ្វ្រិក។

លោកស្រី​រដ្ឋអាជ្ញា Fatou Bensouda នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ
លោកស្រី​រដ្ឋអាជ្ញា Fatou Bensouda នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ Reuters
ផ្សាយពាណិជ្ជកម្ម

លោកស្រី រដ្ឋ​អាជ្ញា ហ្វាទូ បេនស៊ូដា Fatou Bensouda បាន​ដាក់​ពាក្យ​ ជា​ផ្លូវការ សុំ​ទៅ​ចៅ​ក្រម បើក​អង្កេត​ស្តី​ពី​សង្គ្រាម​មួយ​ឆាប​ រវាង​ហ្ស័កហ្ស៊ី និង​រុស្ស៊ី ថា​អាច​មាន​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ លោកស្រី​រដ្ឋអាជ្ញា​ ចង់​ធ្វើ​ការ​អង្កេត​ រាល់​សកម្មភាព​ នៅ​រវាង​ពី​ថ្ងៃ​ទី ១ កក្កដា ដល់​ថ្ងៃ​ទី​១០​តុលា ២០០៨។

 
រុស្ស៊ី និងហ្ស័កហ្ស៊ី បាន​ធ្វើ​សង្គ្រាម​បង្ហូរ​ឈាម​ អស់​រយៈ​ពេល​៥​ថ្ងៃ កាលពី​ខែ​សីហា ឆ្នាំ​២០០៨។ ជ័យ​ជំនះ​បាន​ធ្លាក់​លើ​ដៃ​រុស្ស៊ី ដោយ​បាន​ច្បាម​កាន់កាប់​តំបន់​អូសេទីត​ខាង​ត្បូង បន្ទាប់​មក​ម៉ូស្គូ​ ក៏​បាន​ប្រកាស​ទទួល​ស្គាល់​ឯករាជភាព​ដែនដីនេះ។

ជា​សង្គ្រាម​តែ​មួយ​ឆាបមែន ប៉ុន្តែ​បើ​តាម​លោកស្រី​រដ្ឋ​អាជ្ញា ការ​ខូច​ខាត​មាន​ច្រើន មាន​ទាំង​ការ​លួច​ប្លន់ អគ្គីភ័យ ការ​បំផ្លិច​បំផ្លាញ​បណ្តេញ​ប្រជាពលរដ្ឋ​ដើម​កំណើត​ហ្ស័កហ្ស៊ី​ឱ្យ​ចេញ​ពី​ទឹក​ដី​អូសេទីត​ខាង​ត្បូង។ ពលរដ្ឋហ្ស័កហ្ស៊ី​​ប្រមាណ​ពី ១៣៤០០ ទៅ​១៨៥០០​នាក់ ត្រូវ​​ភៀស​ខ្លួន​ដោយ​បង្ខំ ហើយ​ផ្ទះ​សម្បែង​ជាង​៥ពាន់​ខ្នង​ត្រូវ​កម្ទេច។ ប្រភព​ដដែល​នេះ បាន​អះអាង​ថា ប្រជាជន​ហ្ស័កហ្ស៊ី​នៅ​តំបន់​នេះ​ត្រូវ​បាន​កម្ចាត់​អស់​ប្រមាណ​ជាង​៧៥%។
ជន​ស៊ីវិល​ប្រមាណ​ពី ៥១​ ទៅ​១១៣​នាក់ បាន​បាត់​បង់​ជីវិត​ នៅ​ក្នុង​យុទ្ធនាការកម្ចាត់​ពួក​ហ្ស័កហ្ស៊ី​ ​​របស់​អាជ្ញាធរ​ផ្តាច់ការ​អូសេទីត​ខាង​ត្បូង និងទំនង​ដោយ​មាន​កង​កម្លាំង​យោធា​រុស្ស៊ី​​ជា​អ្នក​ជួយ​ជ្រោមជ្រែង​ពី​ក្រោយ​ផង។

លោកស្រី​រដ្ឋអាជ្ញា ក៏​ចង់​បើក​អង្កេត​​ជុំ​វិញ ការ​វាយប្រហារ​ប្រឆាំង​នឹង​ទាហាន​រកទាហាន​រក្សា​សន្តិសុខ​ ពី​សំណាក់​ទាហាន​អូសេទីតខាង​ត្បូង និង​ទាហាន​ហ្ស័កហ្ស៊ីផង​ដែរ។ ហ្ស័កហ្ស៊ី ដែល​បាន​ចោទ​ប្រកាន់​ម៉ូស្គូ​ថា​បាន​ដឹកនាំ​សង្គ្រាម​បោសសម្អាត​ជាតិ​ពិន្ធុ ជា​រដ្ឋ​សមាជិក​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ដែរ ទើប​ស្ថាប័ន​នេះ​អាច​មាន​សមត្ថកិច្ច​បើក​អង្កេត​លើ​ឧក្រិដ្ឋកម្ម​ក្នុង​ទឹក​ដី​នេះ​បាន។
តុលាការ​ព្រហ្មទណ្ឌ​នេះ​ ជាតុលាការ​អន្តរជាតិ​អចិន្ត្រៃយ៍​ កាត់​ក្តី​តែ​លើ​សំណុំ​រឿង​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ ដែល​តុលាការ​ជាតិ មិន​អាច​ ឬ​មិន​ចង់​ ប្តឹង​ផ្តល់​ប្រឆាំង​នឹង​មេដឹកនាំ​របស់​ខ្លួន។ តុលាការ​នេះ មាន​​បើក​អង្កេត​សំណុំ​រឿង​ឧក្រិដ្ឋកម្ម​សង្គ្រាម​​ច្រើន​ តែ​​ភាគ​ច្រើន​ជា​វិបត្តិ​នៅ​អាហ្វ្រិក​។ ប្រសិន​បើ​សំណើ​របស់​រដ្ឋ​អាជ្ញា​​បាន​សម្រេច ការ​អង្កេតលើ​សង្គ្រាម​​​រុស្ស៊ី-ហ្ស័កហ្ស៊ី​ នឹង​ក្លាយ​ជា​សំណុំ​រឿង​ដំបូង​ក្រៅ​ទ្វីប​អាហ្វ្រិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ