អានតួអត្ថបទ

Brexit៖ បាន​កិច្ចព្រមព្រៀង​បច្ចេកទេស​ជាមួយ​អឺរ៉ុប តែ​រដ្ឋាភិបាល​អង់គ្លេស​បែកបាក់​ផ្ទៃក្នុង

កាលពីថ្ងៃពុធ ទី១៤ វិច្ឆិកា លោកស្រីតេរ៉េហ្សា ម៉េ នាយករដ្ឋមន្ត្រីអង់គ្លេស បានទទួលការគាំទ្រ ពីសំណាក់​រដ្ឋមន្ត្រីសំខាន់ៗ ក្នុងការយល់ព្រមទទួល​​កិច្ចព្រមព្រៀងបច្ចេកទេស ស្តីពីការផ្តាច់ខ្លួនរបស់អង់គ្លេស ចេញពីសហភាពអឺរ៉ុប។​ ភាគីសហភាពអឺរ៉ុប បានអបអរ ថាកិច្ចព្រមព្រៀងបច្ចេកទេសនេះ គឺជាការបោះជំហានទៅមុខដ៏សំខាន់ ខណៈដែល កាលបរិច្ឆេទផ្តាច់ខ្លួនជាស្ថាពរ កាន់តែខិតជិតមកដល់។ ផ្ទុយទៅវិញ កិច្ចព្រមព្រៀងនេះ បានបង្កឲ្យមានការបែកបាក់ផ្ទៃក្នុង នៃ​រដ្ឋាភិបាលអង់គ្លេស​។ នៅថ្ងៃព្រហស្បតិ៍នេះ មានរដ្ឋមន្ត្រីជាច្រើនណាស់ បានដើរចេញពីតំណែង ដើម្បីសំដែងការមិនគាំទ្រ លើកិច្ចព្រមព្រៀងនេះ។

លោកស្រី​Theresa May នៅខាងមុខ 10 Downing Street បន្ទាប់ពីប្រជុំគណរដ្ឋមន្ត្រី ល្ងាចថ្ងៃទី​១៤ វិច្ឆិកា ២០១៨
លោកស្រី​Theresa May នៅខាងមុខ 10 Downing Street បន្ទាប់ពីប្រជុំគណរដ្ឋមន្ត្រី ល្ងាចថ្ងៃទី​១៤ វិច្ឆិកា ២០១៨ REUTERS/Toby Melville
ផ្សាយពាណិជ្ជកម្ម

ជិត២ឆ្នាំហើយ ដែលរដ្ឋាភិបាលអង់គ្លេស ដឹកនាំដោយលោកស្រីតេរ៉េហ្សា ម៉េ បានព្យាយាមចរចា ជាមួយសហភាពអឺរ៉ុប ដើម្បីគូវវាសផ្លូវដើរ ក្នុងនីតិវិធី នៃការផ្តាច់ខ្លួនរបស់អង់គ្លេស ចេញពីសហភាពអឺរ៉ុប។ កាលពីថ្ងៃពុធ ទី១៤វិច្ឆិកា កិច្ចព្រមព្រៀងបច្ចេកទេស ដែលអឺរ៉ុបនិងក្រុមចរចាតំណាងអង់គ្លេស បានត្រូវរូវ​គ្នា ត្រូវបានរដ្ឋមន្ត្រីធំៗរបស់អង់គ្លេស ទទួលយល់ព្រម។ បន្ទាប់មកទៀត លោកស្រីតេរ៉េហ្សា ម៉េ​ នឹងនាំយក​កិច្ចព្រមព្រៀងនេះ ទៅបង្ហាញនៅមុខសភាអង់គ្លេស​​ នៅថ្ងៃព្រហស្បតិ៍នេះ។ ក៏ប៉ុន្តែ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លិខិតលាឈប់ ដើរចេញពីរដ្ឋាភិបាល បានធ្លាក់មកជាបន្តបន្ទាប់។

គិតមកដល់ពេលនេះ មានរដ្ឋមន្ត្រី និងរដ្ឋលេខាធិការ ៤រូបហើយ ដែលបានលាលែងពីតំណែង។ លោក Dominic Raab រដ្ឋមន្ត្រីទទួលបន្ទុកចរចាBrexit បានសរសេរលើទំព័រ Twitter ថា លោកមិនអាចក្បត់ឧត្តមគតិលោក ទៅគាំទ្រកិច្ចព្រមព្រៀងបច្ចេកទេសនេះទេ។

ដោយឡែក លោកស្រី Arlene Foster ប្រធានគណបក្សសហភាពប្រជាធិបតេយ្យ ដែលមានសម្លេងភាគច្រើនក្នុងសភានោះ បាននិយាយទៅកាន់​លោកស្រីតេរ៉េហ្សា ម៉ា ថា គណបក្សលោកស្រី មិនអាចបោះឆ្នោត​គាំទ្រ កិច្ចព្រមព្រៀងនេះទេ បើសិនជាកិច្ចព្រមព្រៀងនេះ ធ្វើឲ្យប៉ះពាល់ ដល់បូរណៈភាពទឹកដី របស់អង់គ្លេស។

លោក Jon Trickett មកពីគណបក្សពលករ ដែលជាបក្សប្រឆាំង បានលើកឡើងថា កិច្ចព្រមព្រៀងនេះ កំពុងតែធ្វើឲ្យរដ្ឋាភិបាលលោកស្រីតេរ៉េហ្សា ម៉េ រលំ ព្រោះថា នេះជាលើកទី២ហើយ ដែលរដ្ឋមន្ត្រីអង់គ្លេស ទទួលបន្ទុក Brexit បានលាលែងចេញពីតំណែង ដើម្បីសំដែងការមិនពេញចិត្ត ទៅនឹងកិច្ចព្រមព្រៀង។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងបច្ចេកទេស ដែលទើបតែសម្រេចបាននេះ មានកម្រាស់​៥៨៥​ទំព័រ ដែលបានកំណត់ជាអាថទិ៍ ស្តីពីលក្ខខន្តិកៈបណ្តោះអាសន្ន នៃចំណងរវាងអង់គ្លេស និងសហភាពអឺរ៉ុប ចាប់ពីចុងខែមីនាឆ្នាំ ២០១៩ ដល់ខែកក្កដា ឆ្នាំ២០២០។ ចំណុចសំខាន់នៃកិច្ចព្រមព្រៀងនេះ ហើយដែលចោទជាបញ្ហាចំរូងចំរាសបំផុតនោះ គឺទាក់ទិននឹងតំបន់អៀរឡង់ខាងជើង។ ដើម្បីបញ្ចៀសកុំឲ្យមានព្រំដែន​រវាងប្រទេសអៀរឡង់ និងដែនដីអៀរឡើងខាងជើង លោកស្រីតេរ៉េហ្សា ម៉េ បានសុខចិត្តអនុវត្តនូវលក្ខខន្តិកៈបណ្តោះអាសន្ន ដោយឲ្យតំបន់នេះ បន្តគោរពក្រិត្យក្រមបទដ្ឋានច្បាប់អឺរ៉ុប មួយចំនួន។

សម្រាប់ភាគីអឺរ៉ុបវិញ តាមការគ្រោងទុក កិច្ចព្រមព្រៀងបច្ចេកទេសនេះ នឹងត្រូវយកទៅពិភាក្សាគ្នា នៅក្នុងជំនួបកំពូលអឺរ៉ុប ដែលគេគ្រោងធ្វើ នៅថ្ងៃទី ២៥ វិច្ឆិកា ខាងមុខនេះ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ