អានតួអត្ថបទ
អ៊ីស្រាអែល-ស៊ីរី

យន្តហោះ​អ៊ីស្រាអែល​បាញ់ប្រហារ​ទីតាំងយោធា​​ស៊ីរី​ ​ក្រោយ​​មរណភាព​​​​​ក្មេងជំទង់​អ៊ីស្រាអែល​​

នៅយប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ យន្តហោះ​​​អ៊ីស្រាអែល​​បាន​​​បាញ់រះ​​ទីតាំង​ស៊ីរី​ជាច្រើន​កន្លែង​ ​ដើម្បី​​​​សងសឹក​​នឹង​ការ​បាញ់​ប្រហារ​របស់​កងទ័ព​ស៊ីរី​​ ​ដែល​បាន​​​សម្លាប់​​​​ក្មេងជំទង់​អ៊ីស្រាអែល​​​​​​ម្នាក់ ​កាលពី​​​ថ្ងៃ​​អាទិត្យ​​​ នៅ​ខ្ពង់រាប​​​ហ្កូឡង់។ អ៊ីស្រាអែល​ប្រាប់ថា ​ការបាញ់​សងសឹក​​ទៅ​ស៊ីរី​វិញនេះ​ មិនបានបង្ក​អោយ​មាន​ជនរងគ្រោះទេ។ ​​ ការប៉ះទង្គិច​តាម​ព្រំដែន​​រវាង​អ៊ីស្រាអែល​និង​ស៊ីរី​ចាប់​​តានតឹង​ខ្លាំង​ តាំង​ពី​ស៊ីរី​ធ្លាក់​ក្នុង​វិបត្តិ​សង្គ្រាម​​ឆ្នាំ​២០១១មក។

ទាហាន​អ៊ីស្រាអែល​​នៅខ្ពង់រាប​ហ្កូឡង់ ដែល​ស្ថិត​ក្រោម​ការកាន់កាប់​អ៊ីស្រាអែល។
ទាហាន​អ៊ីស្រាអែល​​នៅខ្ពង់រាប​ហ្កូឡង់ ដែល​ស្ថិត​ក្រោម​ការកាន់កាប់​អ៊ីស្រាអែល។ REUTERS/Baz Ratner
ផ្សាយពាណិជ្ជកម្ម

នៅ​យប់ថ្ងៃអាទិត្យ​ម្សិលមិញ ឈាន​ចូលព្រឹក​ថ្ងៃចន្ទនេះ ​កងទ័ព​អ៊ីស្រាអែល​បាន​​ប្រើ​យន្តហោះ​​បាញ់​ចំ​ទីតាំង​ស៊ីរីចំនួន​៩កន្លែង ក្នុង​នោះ​មាន​​ទីបញ្ជាការដ្ឋាន​​​យោធា​កងទ័ព​ស៊ីរី​ជាច្រើន​​កន្លែង។ អ៊ីស្រាអែល​ប្រាប់ថា គ្មាន​ជនរងគ្រោះ​ក្នុង​ការបាញ់​ប្រហារ​នេះទេ។

អ៊ីស្រាអែល​ចង់​សងសឹកនឹង​ការ​បាញ់​ប្រហារ​ពីសំណាក់​​​ស៊ីរី កាលពីព្រឹក​ថ្ងៃ​អាទិត្យ​ម្សិលមិញ ដែល​បាន​ធ្វើអោយ​ក្មេងជំទង់​ម្នាក់​អាយុ​១៣ឆ្នាំ ​បាត់បង់​ជីវិត។ ព្រឹក​ម្សិលមិញ ​ក្មេងជំទង់​រូបនេះ ​ស្ថិត​ក្នុង​​រថយន្ត​មួយគ្រឿង ជាមួយ​​ឳពុក​​​គេ ព្រមទាំង​​​បុរស​​ម្នាក់ទៀត នៅតំបន់​​ខ្ពង់រាប​ហ្កូឡង់។ ​រថយន្ត​នោះបាន​ផ្ទុះ​ឡើង ធ្វើអោយ​កុមារ​អ៊ីស្រាអែលរូបនោះ​ស្លាប់ ហើយ​បុរស​ទាំង​២ ​រូប​រង​របួស។ គួរ​បញ្ជាក់​ថា ​ឳពុក​របស់​ក្មេងប្រុស​រូបនោះ រួម​និង​បុរស​​រួមរថយន្ត​នោះ ​​បំរើការ​អោយ​ក្រសួង​ការពារ​ជាតិ​អ៊ីស្រាអែល​។ អ៊ីស្រាអែល​ចោទ​ស៊ីរី​ថា ប៉ុនប៉ង​បាញ់ប្រហារ​រថយន្ត​ជន​ស៊ីវិល។ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ ​បេនយ៉ាមីន នេតាយ៉ាហ៊ូ បាន​ថ្កោលទោស​ការបាញ់​ប្រហារ​របស់​កងទ័ព​ស៊ីរី។ ​

គួរ​រំលឹក​ថា តំបន់​ខ្ពង់រាប​ហ្កូឡង់ ដែល​មាន​ហេតុការណ៍​បាញ់​ប្រហារ​ពី​សំណាក់​ស៊ីរី ​ដើមឡើយ​ជា​ដែនដី​​ភាគខាងត្បូង​​ស៊ីរី។ អ៊ីស្រាអែល​​បាន​​​កាន់កាប់តំបន់​នេះ ​តាំងពី​ឆ្នាំ​១៩៦៧​មក ក្រោយ​បាន​ធ្វើ​សង្គ្រាម​ជាមួយ​អេហ្ស៊ីប ហ្សកដានី និង​ស៊ីរី។​ អ៊ីស្រាអែល​បាន​​ដាក់​​ផ្ទៃដី​តំបន់​​១២០០​គីឡូម៉ែត្រ​ការេ ចូល​ជា​ឧបសម្ព័ន្ធ​​ ទោះ​ជា​សហគមន៍​អន្តរជាតិ​មិន​ទទួល​​ស្គាល់​​ក្តី។ ​​រីឯ​​ស៊ីរី​គ្រប់គ្រង​ផ្ទៃដី​សេសសល់​​ ​ប្រមាណ​៥១០គីឡូម៉ែត្រ​ការេ។​ គួរ​បញ្ជាក់​ដែរ​ថា ​អ៊ីស្រាអែល​​និង​ស៊ីរីស្ថិត​ក្នុង​ស្ថានភាពសង្គ្រាម​ជាមួយ​គ្នា ជាផ្លូវការ។

​ហេតុការណ៍​ប៉ះទង្គិច​​រវាង​អ៊ីស្រាអែល​និង​ស៊ីរី ថ្ងៃ​អាទិត្យ​ម្សិលមិញ ​​ជាហេតុការណ៍​គួរ​អោយ​កត់សម្គាល់​ខ្លាំង​​ ​​នៅ​ព្រំដែន​ជាមួយ​ស៊ីរី​ ​គិត​ចាប់ពីពេល​មាន​សង្គ្រាម​ស៊ីវិល​មក។ គេ​នៅ​ចាំ​បានថា​ កាលពី​ខែ​មិនា កងទ័ព​អ៊ីស្រាអែល​បាន​ទំលាក់​គ្រាប់បែក​លើ​ទីតាំង​កងទ័ព​ស៊ីរី​ជាច្រើន​កន្លែងផងដែរ ​បន្ទាប់​ពី​មាន​ការផ្ទុះ​​គ្រាប់បែក ​​បង្ក​របួស​ដល់​ទាហាន​អ៊ីស្រាអែល​៤រូប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ