អានតួអត្ថបទ
ឥណ្ឌា

ឥណ្ឌា​ផ្ដល់​សច្ចាប័ន​លើ​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​ស្ដី​ពី​ការ​ប្រែប្រួល​អាកាសធាតុ

នៅ​ថ្ងៃ​អាទិត្យ​ទី​២​តុលា​នេះ ឥណ្ឌា​ ​បាន​ផ្ដល់​សច្ចាប័ន​លើ​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​ស្ដី​ពី​ការ​ប្រែប្រួលអាកាសធាតុ​។ នេះ​គឺ​ជា​ដំណឹង​មួយ​ដ៏​ល្អ ព្រោះ​ឥណ្ឌា​​ជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​ពុលច្រើន​ជាង​គេ​ទី​៣នៅ​លើ​លោក បន្ទាប់​ពី​ចិន​និង​អាមេរិក​។ ការ​បោះ​ជំហាន​ថ្មី​របស់​ឥណ្ឌា​នា​ថ្ងៃ​នេះ កំពុងតែ​​ធ្វើ​​ឲ្យ​កិច្ច​ព្រម​ព្រៀង​ស្ដី​ពី​ការ​កាត់​បន្ថយ​កំដៅ​ផែនដី រំកិល​ទៅ​រក​ការ​​​ពិត​ជា​បណ្ដើរ​ៗ​ហើយ ខណៈ​អង្គការ​សហប្រជាជាតិ​ចង់​ឲ្យ​កិច្ច​ព្រម​ព្រៀង​នេះ ​ចូល​​ជា​ធរមាន​ជា​ស្ថាពរ​ឲ្យ​បាន​នៅ​មុន​ដំណាច់​ឆ្នាំ​២០១៦។

ឧស្ម័ន​កាបូនិក​ចេញ​ពី​ការផលិត​ថាមពល​អគ្គិសនី​គឺ​ជា​ដើមហេតុ​ដ៏ចម្បង​មួយ​​នៃ​ការ​​ប្រែប្រួល​អាកាសធាតុ
ឧស្ម័ន​កាបូនិក​ចេញ​ពី​ការផលិត​ថាមពល​អគ្គិសនី​គឺ​ជា​ដើមហេតុ​ដ៏ចម្បង​មួយ​​នៃ​ការ​​ប្រែប្រួល​អាកាសធាតុ REUTERS/Siphiwe Sibeko
ផ្សាយពាណិជ្ជកម្ម

ថ្វី​ត្បិត​តែ​សម្រេច​​ផ្ដល់​សច្ចាប័ន​ជា​ផ្លូវ​ការ​លើ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ស្ដី​ពី​ការ​ប្រែ​ប្រួល​អាកាសធាតុ​ក៏​ពិត​មែន ប៉ុន្តែ​ឥណ្ឌា​មិន​បាន​សន្យា​ថា​នឹង​ទប់​ស្កាត់ ឬ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ពុល​របស់​ខ្លួន​ទាំង​ស្រុង​ដូច​ប្រទេស​មួយ​ចំនួន​ទៀត​ទេ​។ ផ្ទុយ​ទៅ​វិញ ឥណ្ឌា​បានបញ្ជាក់​ពី​ការ​តាំង​ចិត្ត​របស់​ខ្លួន​ថា នឹង​បង្កើន​ការ​ប្រើ​ប្រាស់​ថាមពល​បៃតង និង​កាត់​បន្ថយ​បំភាយ​ឧស្ម័ន​ពុល​ទាក់ទង​ទៅ​នឹងផលិតផលក្នុង​ស្រុក​របស់​ខ្លួន​ឲ្យ​បាន​៣៥​ភាគ​រយ​នៅ​ឆ្នាំ​២០៣០ ពី​កម្រិត​ឧស្ម័ន​ពុល​ដែល​ខ្លួន​បាន​បញ្ចេញ​ទៅ​ក្នុង​បរិយាកាស​នៅ​ឆ្នាំ​២០០៥។ នេះ​មាន​ន័យ​ថា ការ​បញ្ចេញ​ឧស្ម័ន​ពុល​នៅ​ឥណ្ឌា​នឹង​នៅ​តែ​កើន​ឡើង​ដដែល ប៉ុន្តែ​ក្នុង​ល្បឿន​យឺត​ជាង​មុន​។

យ៉ាង​ណា​ក៏​ដោយ ការ​បោះ​ជំហាន​ថ្មី​របស់​ឥណ្ឌា​នា​ថ្ងៃ​នេះ កំពុងតែ​​ធ្វើ​​ឲ្យ​កិច្ច​ព្រម​ព្រៀង​ស្ដី​ពី​ការ​កាត់​បន្ថយ​កំដៅ​ផែនដី រំកិល​ទៅ​រក​ការ​​​ពិត​ជា​បណ្ដើរ​ៗ​ហើយ ខណៈ​អង្គការ​សហប្រជាជាតិ​ចង់​ឲ្យ​កិច្ច​ព្រម​ព្រៀង​នេះ ​ចូល​​ជា​ធរមាន​ជា​ស្ថាពរ​ឲ្យ​បាន​នៅ​មុន​ដំណាច់​ឆ្នាំ​២០១៦ ​។ ដើម្បី​ឲ្យ​កិច្ច​ព្រម​ព្រៀង​នេះ​ចូល​ជា​ធរមាន គេ​ត្រូវ​សម្រេច​ឲ្យ​បាន​នូវ​លក្ខខណ្ឌ​ចំនួន​២​។ ​ទីមួយ ​គឺត្រូវ​ឲ្យមាន​ប្រទេស​ហត្ថលេខី​ចំនួន​យ៉ាង​ហោចណាស់ ​៥៥​ប្រទេស ​ផ្តល់​​សច្ចាប័ន ​ដល់​កិច្ច​ព្រមព្រៀង​នេះ។ ហើយ​លក្ខខណ្ឌ​ទី​ពីរ ​ គឺ​ប្រទេស​ទាំង​៥៥​នេះ​ ត្រូវតែ​ជា​ប្រទេស​ដែល​មាន​ចំណែក​បញ្ចេញ​ឧស្ម័នពុល​ សរុប​រួម ​យ៉ាងហោច​ណាស់​៥៥%។ លក្ខខណ្ឌ​ទាំង​ពីរ​នេះ ​ ​គឺ​មិន​អាច​ខ្វះ​មួយ​ណា​បាន​ទេ។

 

រហូត​មក​ទល់​ពេល​នេះ មាន​ប្រទេស​ចំនួន​៦១​ហើយ ដែល​បាន​ផ្ដល់​សច្ចាប័ន​លើ​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​ស្ដី​ពី​ការ​ប្រែ​ប្រួល​អាកាសធាតុ​។ ប៉ុន្តែ​អត្រា​បញ្ចេញ​ឧស្ម័ន​​ពុលនៃ​ប្រទេស​ទាំង​អស់​នេះរួម​គ្នា មាន​កម្រិត​ត្រឹម​តែ​ប្រមាណ​៤៨​ភាគ​រយ​ប៉ុណ្ណោះ​។ ឥណ្ឌា ដែល​ទើប​ផ្ដល់​សច្ចាប័ន បាន​បញ្ចេញ​ឧស្ម័ន​ពុល​ជាង​៤​ភាគ​រយ។ ដូច្នេះ គេ​ត្រូវ​ការការ​ផ្ដល់​សច្ចាប័ន​ពី​​ប្រទេស​ផ្សេង​ទៀត ជា​ពិសេស​ប្រទេស​នៅ​សហភាព​អឺរ៉ុបដែល​មាន​សេដ្ឋកិច្ច​នាំ​មុខ ​ដើម្បី​រុញ​កិច្ច​ព្រម​ព្រៀង​​ក្រុង​ប៉ារីស​ស្ដី​ពី​អាកាសធាតុ ឲ្យ​ចូល​ជា​ធរមាន​​បាន​នៅ​ចុង​ឆ្នាំ​២០១៦​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ