ភេរវកម្មនៅអ៊ីស្តង់ប៊ូល៖ ភេរវជនគឺជាមនុស្សជំនាញខាងប្រើអាវុធ របស់ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម
ឃាតករ ដែលបានប្រព្រឹត្តិអំពើភេរវកម្មយ៉ាងព្រៃផ្សៃ នៅទីក្រុងអ៊ីស្តង់ប៊ូល ប្រទេសតួកគី ត្រូវបានចាប់ខ្លួនបានហើយ ដោយជននេះបានសំងំលាក់ខ្លួន នៅក្នុងទីក្រុងអ៊ីស្តង់ប៊ូលដដែល ជាទីដែលខ្លួន បានបាញ់សម្លាប់មនុស្ស៣៩នាក់ កាលពីយប់ថ្ងៃឆ្លងឆ្នាំសកល។ តាមលទ្ធផលស៊ើបអង្កេតបឋម បង្ហាញថា ភេរវជនអ៊ីស្លាមជ្រុលនិយមរូបនេះ គឺជាមនុស្សសំខាន់ម្នាក់ ដែលមានជំនាញផ្នែកប្រើប្រាស់អាវុធ យ៉ាងស្ទាត់ជំនាញ នៅក្នុងក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១២
ជនឈ្មោះ Mohammad Khorassani មានឈ្មោះពិតប្រាកដថា Abdulgadir Masharipov គឺជាជនជាតិអូសបេគីស្ថាន អាយុ៣៤ឆ្នាំ។ តាមការផ្សាយរបស់ ទីភ្នាក់ងារព័ត៌មាន Anadolu តួកគី បានឲ្យដឹងថា ជននេះ គឺជាមេក្លោងរបស់ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម ប្រចាំតំបន់អាស៊ីកណ្តាលម្នាក់ដ៏សំខាន់។ យោងតាមប្រភពផ្សេងទៀត ពីបណ្តាញព័ត៌មានតួកគី គឺជននេះ បានធ្វើបេសកកម្មនៅស៊ីរី ដោយបានទទួលការហ្វឹកហាត់ ហើយមានជំនាញខ្ពស់ ខាងប្រើប្រាស់អាវុធ។
បន្ទាប់ពីបានតាមដានស្រាវជ្រាវ អស់២សប្តាហ៍ នគរបាលសម្ងាត់តួកគី បានតាមដានដឹងថា ជននេះ មិនបានទៅណាឆ្ងាយទេ។ បើយោងតាមការផ្សាយរបស់ទូរទស្សន៍ TRT តួកគី បានឲ្យដឹងថា នគរបាលសំងាត់តួកគី បានតាមដានដឹងកន្លែងលាក់ខ្លួន របស់ជន Mohammad Khorassani តាំងតែពី៣ថ្ងៃមុន មុននឹងឈានទៅដល់ការចុះចាប់កាលពីថ្ងៃចន្ទកន្លងទៅ។ នគរបាលតួកគី បានទុកពេលវេលាតាមដាន ដើម្បីចង់ដឹងពីបក្សពួកផ្សេងទៀតរបស់ជននេះ។
នៅថ្ងៃចាប់ខ្លួន វេលាម៉ោងប្រមាណជា ៩ និង១៥នាទី យប់ ឃាតករនេះ កំពុងនៅជាមួយកូនប្រុសរបស់ខ្លួន អាយុ៤ឆ្នាំ។ ទីភ្នាក់ងារ Anadolu បានផ្សាយរូបភាពជននេះ ដោយមានមុខប្រលាក់ឈាម ហើយនគរបាលកំពុងក្របួចចាប់ពីក្រោយ។ ទូរទស្សន៍តួកគីវិញ បានផ្សាយថា មានមនុស្ស៤នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន ក្នុងនោះប្រុសម្នាក់ ដែលជាអ្នកជួលផ្ទះឲ្យភេរជននេះលាក់ខ្លួន និងមនុស្សស្រី៣នាក់ទៀត។ បច្ចុប្បន្ន កូនរបស់ជននេះ ត្រូវបានបញ្ជូនទៅកាន់មណ្ឌលសង្រ្គោះសង្គម។ បើរាប់ចាប់តាំងពីថ្ងៃភេរវកម្ម មកទល់ពេលនេះ នគរបាលសំងាត់តួកគី បានចាប់ខ្លួនមនុស្សប្រមាណ៣៥នាក់ហើយ។
កាសែតក្នុងស្រុកតួកគីបានផ្សាយថា ជន Mohammad Khorassani នេះ បានបន្លំខ្លួនចូលមកក្នុងទឹកដីតួកគីពីប្រទេសស៊ីរីនៅរវាងខែវិច្ឆិកា ដោយបានរស់នៅក្នុងតំបន់ Konya ភាគខាងត្បូងតួកគី ជាមួយប្រពន្ធ និងកូន២នាក់ ក្នុងនាមជាជនភៀសខ្លួនស៊ីរី។ យ៉ាងណាមិញ ក្រោយពេលភេរវកម្ម ដែលជននេះបង្កឡើង អាជ្ញាធរតួកគី បានរឹតបន្តឹងសន្តិសុខ នៅតាមព្រំដែនយ៉ាងម៉ដ្ឋចត់។
ភេរវកម្មដែលជននេះបង្កឡើង នៅក្នុងក្លឹបរាត្រី ថ្ងៃឆ្លងឆ្នាំសកល ត្រូវបានក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម ចេញមុខមកទទួលថា ជាស្នាដៃរបស់ខ្លួន។ ក្រុមជីហាតជ្រុលនិយមនេះ បានប្រកាសថា គេចង់ដាក់ទោសតួកគី ដែលក្បត់ព្រះអាឡា ទៅដើរតាមពួកប្រទេសលោកខាងលិច និងធ្វើបុណ្យឆ្លងឆ្នាំសប្បាយភ្លើតភ្លើន តាមបែបពួកប្រទេសសាសនាគ្រិស្ត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ