អានតួអត្ថបទ
តួកគី-ភេរវកម្ម

ភេរវកម្មនៅ​តួកគី៖ ដឹង​ខ្លះ​ពី​អត្តសញ្ញាណ​ជន​ដៃដល់ ​តែ​ចាប់​មិន​ទាន់​បាន

សមត្ថកិច្ច​តួកគី​ បាន​បង្ហើប​ខ្លះ​ពី​អត្តសញ្ញាណ​របស់​ជន​ដៃដល់ ​ដែល​បាន​ប្រព្រឹត្តិ​អំពើ​ភេរវកម្ម​ នៅ​យប់​ថ្ងៃ​ឆ្លងឆ្នាំ​សកល ​ដោយ​បាន​ផ្តាច់​ជីវិត​មនុស្ស​៣៩​នាក់ ​នៅ​ក្នុង​ក្លឹប​កំសាន្ត​រាត្រី​មួយ ​ក្នុង​ក្រុង​អ៊ីស្តង់ប៊ូល​ប្រទេស​តួកគី។ តាម​ការ​ផ្សាយ​របស់​បណ្តាញ​ព័ត៌មាន​តួកគី ​ជន​ដៃដល់ ​អាច​មាន​ដើម​កំណើត​មក​ពី​ប្រទេស​អាស៊ី​កណ្តាល ​ហើយ​អាច​ជា​សមាជិក​របស់​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​នៅ​ស៊ីរី ​នឹង​ជា​មនុស្ស​ដែល​មាន​បទ​ពិសោធន៍​ខ្ពស់ ​ក្នុង​ការ​ប្រើប្រាស់​អាវុធ។

នគរបាល​ពិសេសតួកគី ​ឈរ​យាម​នៅជុំ​វិញ​កន្លែង​​កើត​ហេតុ​ ព្រឹក​ថ្ងៃ​ទី​១ មករា ២០១៧
នគរបាល​ពិសេសតួកគី ​ឈរ​យាម​នៅជុំ​វិញ​កន្លែង​​កើត​ហេតុ​ ព្រឹក​ថ្ងៃ​ទី​១ មករា ២០១៧ REUTERS/Osman Orsal
ផ្សាយពាណិជ្ជកម្ម

ជន​ដៃដល់ ​នៃ​អំពើ​ភេរវកម្ម​កាល​ពី​យប់​ថ្ងៃ​៣១​ធ្នូ ​នៅ​ក្រុង​អ៊ីស្តង់ប៊ូល ​ នៅ​មិន​ទាន់​ចាប់​បាន​នៅ​ឡើយ​ទេ ​ តែ​ព័ត៌មាន​ស្តីពី​អត្តសញ្ញាណ​របស់​ជន​នេះ ​ត្រូវ​បាន​គេ​ស្រាវជ្រាវ​ដឹង​កាន់​តែ​ច្រើន។ រូបថត​ជា​ច្រើន​ ត្រូវ​បាន​គេ​ផ្សព្វផ្សាយ ​ ហើយ​បើ​តាម​ការ​សន្និដ្ឋាន ​ជន​ដៃដល់ ​ គឺ​ជា​បក្ស​ពួក​របស់​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម ​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ស៊ីរី។ ស្នាម​ម្រាមដៃ ​ត្រូវ​បាន​គេ​ស្រង់​បាន​ ​តែ​យ៉ាងណា​​ អាជ្ញាធរ​តួកគី ​ទទួល​ស្គាល់​ថា ​ការ​ស៊ើបអង្កេត ​មាន​ការ​លំបាក​ខ្លាំង។

 
អជ្ញាធរ​តួកគី​សន្និដ្ឋាន​ថា ​ភេរវជន ​មិនមែន​ជា​មនុស្ស​សាមញ្ញ​ទេ ​ តែ​ជា​មនុស្ស​ដែល​បាន​ទទួល​ការ​ហ្វឹកហាត់ ​ពី​របៀប​ប្រើប្រាស់​អាវុធ​យ៉ាង​ស្ទាត់​ជំនាញ។ ជាក់​ស្តែង​ក្នុង​ពេល​ធ្វើ​ប្រតិបត្តិការ ​ ជន​នេះ​បាន​ប្រើ​កាំភ្លើង​ Fusil d’assaut ​ដែល​មាន​ដាក់​គ្រាំ​ដល់​ទី​២​បង់ព្រម​គ្នា ​ដើម្បី​កុំ​ឲ្យ​ខាត​ពេល។ មួយ​វិញ​ទៀត ​​ជនដៃ​ដល់ ​បាន​បាញ់​តំរង់​ ទៅ​លើ​ជន​រងគ្រោះ​សំដៅ​លើទ្រូង ​ ដែល​ធ្វើ​ឲ្យ​ជន​រងគ្រោះ​អាច​ស្លាប់​មួយ​រំពេច។

តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​តួកគី ​ Hürriyetបាន​ឲ្យ​ដឹង​ថា ​ជន​ដៃដល់​អាច​មាន​ដើម​កំណើត​មក​ពី​ប្រទេស​អាស៊ី​កណ្តាល​ ដូចជា ​ កៀកហ្ស៊ីស្ថាន ​រឺ​ក៏​អូស​បេកគីស្ថាន​ជាដើម។ លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កៀកហ្ស៊ីស្ថាន ​បាន​ថ្លែង​ថា ​លោក​មិន​ជឿ​ថា​ជន​ដៃដល់ ​ដែល​គេ​កំពុង​តាមរក ​ គឺ​ជា​ជន​ជាតិ​កៀកហ្ស៊ីស្ថាន​ទេ ​ តែ​យ៉ាង​ណា​ក៏ដោយ ​អាជ្ញាធរ​ប្រទេស​លោក ​កំពុងតែ​ខិតខំ​ជួយ​សហការ ​ក្នុង​​ការ​តាមរក។

សូម​រំលឹក​ថា ​ ភេរវកម្ម​​នៅ​ក្នុង​ក្លឹប​រាត្រី​យប់​ថ្ងៃ​ឆ្លង​ឆ្នាំ ​នៅ​កណ្តាល​ក្រុង​អ៊ីស្តង់ប៊ូល ​បាន​ផ្តាច់​ជីវិត​មនុស្ស​៣៩​នាក់។ នៅ​វេលា​ម៉ោង ​ប្រមាណ​ជា​១ ​និង​១៥នាទី​ រំលង​អាធ្រាត្រ ​ជន​ដៃដល់​ប្រដាប់​ដោយ​កាំភ្លើង ​បាន​បាញ់​សម្លាប់​អ្នក​យាម​ពីរ​នាក់​នៅ​មាត់​ទ្វារ​ រួច​បាន​ចូល​ទៅ​ខាង​ក្នុង​ បាញ់រះ​សម្លាប់​មនុស្ស​យ៉ាង​សាហាវ ​មុន​នឹង​រត់​គេច​ខ្លួន។

រហូត​មក​ទល់​ពេល​នេះ ​ អជ្ញាធរ​តួកគី ​បាន​ចាប់​ឃាត់ខ្លួន ​ មនុស្ស​១៦​នាក់ ​ ដោយ​ក្នុង​នោះ​ មាន​២នាក់​ ​ជា​ជន​បរទេស ​ដែល​ទើប​តែ​ត្រូវ​បាន​ចាប់ខ្លួន​ កាល​ពី​ថ្ងៃ​អង្គារ ​ទី​៣​មករា។ ដោយ​ឡែក ​ទីភ្នាក់ងារ​ព័ត៌មាន ​Dogan របស់​តួកគី ​បាន​ផ្សាយ​ថា ​ ជន​ដៃដល់ ​បាន​បន្លំ​ខ្លួន​មក​រស់នៅ​ក្នុង​ក្រុង​Konya ​ភាគខាងត្បូង​តួកគី ​ជាមួយ​ប្រពន្ធ​និង​កូន​ពីរ​នាក់។ ប្រព​ន្ធរបស់​ជន​នេះ ​ ​ក៏​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​គេ​ចាប់​ខ្លួន​នេះ​ដែរ។

យោងតាម​សារព័ត៌មានHürriyet ដដែល ​បាន​ឲ្យ​ដឹង​ថា ​ សមត្ថកិច្ច​តួកគី ​ ចង់​ចាប់​ជន​ដៃ​ដល់​ឲ្យ​បាន​ទាំងរស់ ​ដើម្បី​អាច​មាន​ឱកាស​សួរចំលើយ ​ ហើយ​ឈាន​ទៅ​បំបែក​សំបុក​របស់​ពួក​វា។ អជ្ញាធរ​តួកគី​ ជឿថា ​ ជន​ដៃដល់ ​គឺ​ជា​បក្ស​ពួក​តែ​មួយ​របស់​ក្រុម​ភេរវករ​ ដែល​បាន​ដាក់​គ្រាប់​បែក​បំផ្ទុះ​នៅ​ព្រលាន​យន្តហោះ​ក្រុង​អ៊ីស្តង់ប៊ូល ​កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០១៦ ​ដែល​បាន​សម្លាប់​មនុស្ស​៤៧​នាក់។ ក្នុង​ឆ្នាំ២០១៦​កន្លង​មក​នេះ ​ តួកគី​ បាន​ក្លាយ​ជា​ទីតាំង​ប្រព្រឹត្តិ​អំពើ​ភេរវកម្ម​ធំ​បំផុត​ របស់​ពួក​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម។ ក្រុម​ជីហាត​ដ៏​ព្រៃផ្សៃ​នេះ ​ធ្លាប់​បាន​ចោទ​តួកគី​ថា ​ជា​ប្រ​ទេស​អ៊ីស្លាម ​ដែល​ក្បត់​ព្រះ​អាឡា ​ព្រោះ​បាន​ចូលដៃ​ជាមួយ​ពួក​ប្រទេស​កាន់​សាសនា​គ្រិស្ត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ