អានតួអត្ថបទ
ប្រេងឆៅ

ប្រេងឆៅ​បន្ត​ធ្លាក់​ថ្លៃ ធ្វើ​ឲ្យ​ទីផ្សារ​រំជើប​រំជួល

តម្លៃ​ប្រេងឆៅ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​បាន​បន្ត​​ធ្លាក់ថ្លៃ ​ ដែល​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ទី​១២ ​មករា​ តម្លៃ​ប្រេង​បាន​ចុះ​មក​នៅ​តែ​ជាង​៣០​ដុល្លារ​បន្តិច​តែ​ប៉ុណ្ណោះ ​ក្នុង​មួយ​ធុង​បារីល។ ការ​បន្ត​ធ្លាក់ថ្លៃ​ជា​គំហុក​បែប​នេះ ​ បាន​ធ្វើ​ឲ្យ​ក្រុម​ប្រទេស​ផលិត​ប្រេង​​ មាន​ការ​បារម្ភ​ ហើយ​ទាមទារ​ឲ្យ​ពិភាក្សាគ្នា​ដើម្បី​កាត់​បន្ថយ​ចំនួន​ផលិត។ ប្រទេស​អារ៉ាប៊ីសាអូឌីត ​ប្រទេស​ផលិត​ប្រេង​ច្រើន​ជាង​គេ ​នៅតែ​ធ្វើ​មិន​ដឹង​មិនឮ​ពី​បញ្ហា​នេះ ​ដោយ​ហេតុ​ថា​ខ្លួន​ចង់​ប្រជែង​ទីផ្សារ​ ជាមួយ​អ៊ីរ៉ង់​ ដែល​កំពុងតែ​ត្រៀមខ្លួន​បើក​លក់​ប្រេង​ជាថ្មី។

ទង់អង្គការ OPEP/ OPEC ទី​ស្នាក់ការនៅ​ទីក្រុង​វីយែន ប្រទេស​អូទ្រីស
ទង់អង្គការ OPEP/ OPEC ទី​ស្នាក់ការនៅ​ទីក្រុង​វីយែន ប្រទេស​អូទ្រីស AFP PHOTO / ALEXANDER KLEIN
ផ្សាយពាណិជ្ជកម្ម

ម៉ោង​៦ព្រឹក​ ម៉ោង​សកល​ នៅ​ទីផ្សារ​អឺរ៉ុប​ ប្រេងឆៅ​បាន​ធ្លាក់​តម្លៃ​ មក​នៅ​ត្រឹម​៣០​ដុល្លារ ​៤៣​សេន ​ចំណែក​នៅ​ទីផ្សារ​អាមេរិក​វិញ ​មាន​តម្លៃ​៣០​ដុល្លារ​៤១​សេន។ នេះ​ជា​តម្លៃ​ទាប​បំផុត​មិន​ធ្លាប់​មាន​ ស្ទើរ​តែក្បែរ​៣០ដុល្លារ ​តម្លៃ​ទាប​បំផុត​កាល​ពី​១២​ឆ្នាំ​មុន។ បើគិត​ទៅ ​ក្នុង​ឆ្នាំ​២០១៥​ តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​ចំនួន​៣០% ​ហើយ​នៅ​ដើម​ឆ្នាំ​២០១៦​នេះ ​ បាន​បន្ត​ធ្លាក់​ចំនួន​ ១៥%​បន្ថែម​ទៀត។

 
Christopher Dembik ​អ្នក​ជំនាញ​វិភាគ​ទីផ្សារ​ប្រេង​បាន​និយាយ​ថា ​ គ្មាន​នរណា​ម្នាក់​អាច​ប្រាកដ​ថា ​តម្លៃ​ប្រេង​នឹង​មិន​បន្ត​ធ្លាក់​ទៀត​នោះ​ទេ។ ​គ្មាន​នរណា​អាច​ស្មាន​បាន​ថា ​ប្រេង​នឹង​ធ្លាក់​ថ្លៃ​ដល់​កម្រិត​ណា​នោះដែរ។ លោក​បន្ត​ថា ​កាលពី​ប៉ុន្មាន​ខែ​មុន​នេះ ​ គ្មាន​នរណា​ជឿ​ថា​ប្រេង​នឹង​សល់​តែ​ជាង​៣០​ដុល្លារ ​ក្នុង​មួយធុង​បារីល​ទេ ​ប៉ុន្តែ​ពេលនេះ​ការពិត​គឺ​នៅ​នឹង​មុខ​ស្រាប់។

មាន​មូលហេតុ​ជាច្រើន ​ដែល​កំពុង​ធ្វើ​ឲ្យ​ឧស្សាហកម្ម​ប្រេងឆៅ​ជួប​ភាព​រង្គោះរង្គោះ។ វិបត្តិ​នយោបាយ​នៅ​តាម​ប្រទេស​ផលិត​ប្រេង ​ដូច​ជា​វ៉េណេហ្ស៊ុយអេឡា ​ក៏​អាច​ជា​មូលហេតុ​មួយ​ផង​ដែរ។ ក៏ប៉ុន្តែ​អ្វី​ដែល​អ្នក​វិភាគ​យល់​ស្រប​គ្នា ​គឺ​ចំនួន​ផលិត​វា​កាន់​តែ​លើស​កំណត់​ពី​តម្រូវការ​ជាក់ស្តែង​លើ​ទីផ្សារ ​ ដែល​ការ​នេះ​ជម្រុញ​ឲ្យ​តម្លៃ​កាន់តែ​ថយចុះ។ ការ​ប្រកួត​ប្រជែង​ ក្នុង​វិស័យ​ថាមពល​ រវាង​ការ​ផលិត​ប្រេងឆៅ ​ការ​ផលិតហ្គាស​ធម្មជាតិ​ និង​ឧស្ម័ន​ហ្គាស​ឈីស្ត៍ ​ក៏​ធ្វើ​ឲ្យ​ទីផ្សារ​ប្រេងឆៅ​កាន់តែ​តូច​ចង្អៀត​ផង​ដែរ។

លោក Emanuel Ibe Kachikwu រដ្ឋមន្ត្រីក្រសួង​ប្រេងកាត​​នីហ្សេរីយ៉ា ដែល​ចេញ​មុខ​ទាមទារ​​ឲ្យ​អង្កការ​ OPEP ប្រជុំ​បន្ទាន់
លោក Emanuel Ibe Kachikwu រដ្ឋមន្ត្រីក្រសួង​ប្រេងកាត​​នីហ្សេរីយ៉ា ដែល​ចេញ​មុខ​ទាមទារ​​ឲ្យ​អង្កការ​ OPEP ប្រជុំ​បន្ទាន់ REUTERS/Afolabi Sotunde

OPEP ត្រូវប្រជុំបន្ទាន់៖
អារ៉ាប៊ីសាអូឌីត ​ប្រទេស​ផលិត​ប្រេង​ធំ​ជាង​គេ ​ កំពុង​ត្រូវ​បាន​ប្រទេស​សមាជិក​អង្គការ​ OPEP​ ផ្សេង​ទៀត​សម្លក់សម្លឹង​ ដោយសារ​តែ​ កន្លង​មក​ ប្រទេស​នេះ​នៅ​រឹង​ទទឹង​ មិន​ព្រម​កាត់​បន្ថយ​ចំនួន​ផលិត។ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​រ៉ែ​របស់​នីហ្សេរីយ៉ា ​បាន​ទាមទារ​ថា​អង្គការ​ OPEP ​ត្រូវតែ​ធ្វើការ​ប្រជុំ​ជា​បន្ទាន់ ​ដើម្បី​នែនាំឲ្យ​ប្រទេស​សមាជិក​កាត់​បន្ថយ​ការ​ផលិត។ រដ្ឋមន្ត្រី​រូបនេះ ​បាន​ថ្លែង​បែប​ផ្លែផ្កា ​ឲ្យ​អារ៉ាប៊ីសាអូឌីត​ថា ​ អង្គការ​OPEP​ ធ្លាប់​សន្យា​ថា​ បើ​ប្រេង​ធ្លាក់​ដល់ ​៣៥​ដុល្លារ​ នឹង​ធ្វើការ​ប្រជុំ​បន្ទាន់។ ឥឡូវ​ពេល​នេះ​ ប្រេង​នៅតែ​ជាង​៣០​ដុល្លារ ​បែរ​ជា​មិន​កំរើក​សោះ។

អារ៉ាប៊ីសាអូឌីត​សុខចិត្ត​លក់ខាត ឲ្យតែ​​លក់​ឲ្យ​បាន​ច្រើន៖
ការ​ដែល​អង្គការ​OPEP​ មិន​កំរើក​ នោះ​ក៏​ដោយសារ​តែ​អារ៉ាប៊ីសាអូឌីត​ ជា​អ្នក​សង្កត់។ កន្លង​មក​ថ្វី​ត្បិត​តែ​ក្នុង​នាម​ជា​ប្រទេស​សមាជិក​ដូចគ្នា​មែន​ តែ​អារ៉ាប៊ីសាអូឌីត​ មាន​កម្លាំង​ខ្លាំង​ជាង​គេ​ ដោយសារ​បរិមាណ​នៃ​ចំនួន​ផលិត​របស់​ខ្លួន។ អារ៉ាប៊ីសាអូឌីត ​សុខចិត្ត​លក់​ថោក ​តែ​ធ្វើម៉េច​លក់​ឲ្យ​បាន​ច្រើន ​ដើម្បី​រក្សា​អំណាច​របស់​ខ្លួន​នៅ​ក្នុង​ទីផ្សារ។

កាលៈទេសៈ​មួយទៀត​ ដែល​គេ​ជឿថា​អារ៉ាប៊ីសាអូឌីត ​សុខចិត្ត​លក់​ទាំង​ខាត​ គឺ​ដើម្បី​ប្រជែង​ជាមួយ​អ៊ីរ៉ង់​ ដែល​ជា​សត្រូវ​របស់​ខ្លួន​លើ​គ្រប់​វិស័យ ​មិន​ថា​នយោបាយ ​សាសនា ​រឺ​សេដ្ឋកិច្ច។ អ៊ីរ៉ង់​ក៏​ជា​សមាជិក​របស់​ អង្គការ​​OPEP ដែរ ​ហើយ​ពេល​នេះ​អ៊ីរ៉ង់​ កំពុង​ត្រៀម​ខ្លួន​ដាក់​ប្រេង​លក់​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ នៅ​ពេលណា​ដែល​សហគមន៍​អន្តរជាតិ​ ដក​ទណ្ឌកម្ម​ចេញ​ជា​ស្ថាពរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ