អានតួអត្ថបទ
ប្រេងឆៅ

អារ៉ាប៊ីសាអូឌីត​សុខចិត្ត​សហការ​ដើម្បី​ឲ្យ​ប្រេងឆៅ​បាន​ឡើងថ្លៃ​ឡើងវិញ

ជិត​មួយខែ​មក​ហើយ ​ ដែល​តំលៃ​ប្រេងឆៅ​នៅ​លើ​ទីផ្សារ​អន្តរជាតិ ​បាន​ធ្លាក់​ចុះ​មក​នៅ​តែ​ត្រឹម​ជាង​៣០ដុល្លារ​ ក្នុង​មួយ​ធុង​បារីល។ ប្រទេស​សមាជិក​អង្គការ​អ្នក​នាំ​ប្រេង​ចេញ ​កំពុងតែ​ស្វះស្វែង​រក​វិធី​ ដើម្បី​ផ្តល់​សន្ទុះ​ឲ្យ​ប្រេងឆៅ​បាន​ឡើង​ថ្លៃ​ឡើងវិញ។ រុស្ស៊ី​ដែល​​មិនមែន​ជា​សមាជិក​អង្គការ​នេះ ​បាន​អំពាវនាវ​កាលពី​ថ្ងៃ​សុក្រ ​ថា​ខ្លួន​សុខចិត្ត​សហការ ​ ព្រោះ​ខ្លួន​ក៏​កំពុង​តែ​ខាតបង់​ច្រើន​ដែរ។ អារ៉ាប៊ីសាអូឌីត ​ដែល​ជា​ប្រទេស​នាំប្រេង​ចេញ​សំខាន់​ជាង​គេ ​ បាន​សន្យា​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា​ ខ្លួន​សុខចិត្ត​សហការ ​ដើម្បី​ឲ្យប្រេង​ឡើង​ថ្លៃ​ឡើង​វិញ ​តែ​មិន​បាន​បញ្ជាក់​ទេ​ថា ​នឹង​សុខចិត្ត​កាត់​បន្ថយ​ការ​ផលិត។

ប្រេងជាប្រភព​ថាមពល ប្រភព​ចំណូួល​ ប្រភព​ជម្ឡោះ ប្រភពនៃ​ជាតិ​ពុល​ក្នុង​បរិយាកាស
ប្រេងជាប្រភព​ថាមពល ប្រភព​ចំណូួល​ ប្រភព​ជម្ឡោះ ប្រភពនៃ​ជាតិ​ពុល​ក្នុង​បរិយាកាស REUTERS/Zohra Bensemra
ផ្សាយពាណិជ្ជកម្ម

កាលពី​ដើម​ខែ​មករា​ តម្លៃ​ប្រេង​ឆៅ​ធ្លាក់​នៅ​ត្រឹមតែ​ ៣០​ដុល្លារ​ក្នុង​មួយ​ធុង​បារីល។ នេះ​ជា​តម្លៃ​ទៀប​បំផុត​ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៣​មក។ ហើយ​បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០១៤ ​ តម្លៃ​ប្រេង​ឆៅ​បាន​ធ្លាក់​ដល់​ទៅ ៧០% ​ដែល​កាល​នោះ​មួយ​ធុង​បារីស​ថ្លៃ​ដល់​ទៅ ​១១០ដុល្លារ។

វ៉េណេហ្ស៊ុយអេឡា អ្នកខាតធំ៖
ប្រទេស​វ៉េណេហ្ស៊ុយអេឡា ​ សមាជិក​មួយ​រូប​នៃ​អង្គការ​ប្រទេស​អ្នក​នាំ​ប្រេង​ចេញ​ហៅ​កាត់​ថា​ OPEP ​កំពុងតែ​ខ្នះខ្នែង​រក​ដំណោះស្រាយ ​ ដោយសារ​តែ​ខ្លួន​ជា​អ្នក​ខាតបង់​ជាងគេ​ ព្រោះ​ចំណូល​រដ្ឋ​កំពុង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ វ៉េណេហ្ស៊ុយអេឡា ​បាន​អំពាវនាវ​ឲ្យ​អង្គការ​ OPEP​ ត្រូវ​ប្រជុំ​បន្ទាន់​នៅ​ដើម​ខែ​កុម្ភៈ​នេះ។ ហើយ​បើ​តាម​ការ​ប្រកាស​ របស់​លោក​ប្រធានាធិបតី​វ៉េណេហ្ស៊ុយអេឡា ​ប្រទេស​មាជិកអង្គការ​ OPEP ​កំពុងតែ​ជិត​ត្រូវរូវ​គ្នា​ហើយ ​ លើ​វិធានការ​មួយ​ចំនួន​ ដើម្បី​ផ្តល់​សន្ទុះ​ ដល់​តម្លៃ​ប្រេងឆៅ​ឡើងវិញ។

ការ​ប្រកាស​បែបនេះ ​គឺ​ស្របពេល​ដែល​រដ្ឋមន្ត្រី​ក្រសួង​ប្រេងកាត​របស់​វេណេហ្ស៊ុយអេឡា ​បាន​ទៅ​ដល់ក្រុង​មូស្គូ ​សុំការ​គាំទ្រ​ពី​រុស្ស៊ី មុន​នឹង​បន្ត​តំណើរ​ទៅកាន់​ប្រទេស​ផលិត​ប្រេង​ផ្សេង​ទៀត។ ជា​ការពិត ​ រុស្ស៊ី​មិនមែន​ជា​សមាជិក​​អង្គការ​ OPEP​ ទេ ​តែ​រុស្ស៊ីក៏​មាន​ចំណែក​ធំ​ នៅ​លើ​ការ​នាំចេញ​ប្រេង​លើ​ទីផ្សារ​ប្រេង​ផង​ដែរ។ រុស្ស៊ី​ដែល​កំពុង​តែ​ជួប​វិបត្តិ​សេដ្ឋកិច្ច ​គួរ​ឲ្យ​ព្រួយ​បារម្ភ​ កំពុង​តែ​លៃលក​វិធី​ រក​ចំណូល​ឲ្យ​បាន​ច្រើន។

កាល​ពីថ្ងៃ​សុក្រ​ទី​ ២៩ ​មករា​ ​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​រ៉ែ​រុស្ស៊ី ​​បាន​សន្យាថា​នឹង​ចូលរួម​សហការ​ជាមួយ​​អង្គការ ​OPEP ហើយ​បាន​ព្រលយ​ពាក្យ​ថា ​តាម​ការ​ស្មាន​ អារ៉ាប៊ីសាអូឌីត ​អាច​នឹង​សុខចិត្ត​កាត់​បន្ថយ​ការ​ផលិត​ចំនួន​ ៥% ​ ដើម្បី​ឲ្យ​ទីផ្សារ​មាន​លំនឹង​ឡើង​វិញ។ ការប្រកាស​នេះ ​ ត្រូវ​បាន​ខាង​អារ៉ាប៊ីសាអូឌីត ​បដិសេធ​ភ្លាមៗ​ ថា​គេ​មិនដែល​បាន​និយាយ​ដូច្នេះ​ទេ។ តែយ៉ាងណា​ក៏ដោយ ​នៅ​ថ្ងៃ​អាទិត្យ​ទី ​៣១​មករា​នេះ ​អារ៉ាប៊ីសាអូឌីត ​បាន​បន្ទន់​ឥរិយាបថ ​ដោយ​បាន​ប្រកាស​ថា​ខ្លួន​សុខចិត្ត​សហការ ​ប៉ុន្តែ​នៅតែ​មិន​បញ្ជាក់​ឲ្យ​ច្បាស់​ដដែល​ថា ​សុខចិត្ត​កាត់​បន្ថយ​ការ​ផលិតនោះ​ទេ។

កាត់​បន្ថយ​ការផលិត ជា​មធ្យោបាយល្អ តែ​ពិបាក​ស្រុះស្រួល​គ្នា៖
ជា​ការពិត​ណាស់ ​មធ្យោបាយ​មួយ ​ដើម្បី​ផ្តល់​សន្ទុះ​ដល់​តំលៃ​ប្រេង ​គឺ​ត្រូវ​កាត់​បន្ថយ​ការ​ផលិត ​ដើម្បី​កុំ​ឲ្យ​ប្រេង​ច្រាល់​នៅ​លើ​ទីផ្សារ។ ជាក់ស្តែង​គ្រាន់តែ​ពាក្យ​ចចាមអារ៉ាម​ថា ​អារ៉ាប៊ីសាអូឌីត ​នឹង​បន្ថយ​ការ​ផលិត​៥% ប្រេង​បាន​ឡើងថ្លៃ​ដល់​៣៨​ដុល្លារ​ ក្នុង​មួយ​ធុង​បារីល ​មុន​នឹង​ចុះ​មក​នៅ​ប្រមាណ​ជា​ ៣៣​ដុល្លារ​វិញ។ ក៏​ប៉ុន្តែ ​អារ៉ាប៊ីសាអូឌីត ​ធ្លាប់​បាន​ប្រកាស​ហើយ​ថា ​ខ្លួន​មិន​សុខចិត្ត​កាត់​បន្ថយ​តែ​ម្នាក់ឯង​ទេ ​គឺ​ត្រូវ​គ្រប់​ប្រទេស​នាំ​ប្រេង​ចេញ​ទាំងអស់​ធ្វើ​ដូចគ្នា។

ចំណុច​ខ្ទាស់​មួយ​ទៀត ​គឺ​អ៊ីរ៉ង់​ ដែល​ជា​សមាជិក​មួយ​រូប​ផង​ដែរ​ នៃ​អង្គការ ​OPEP​។ អ៊ីរ៉ង់ ​ដែល​នៅ​ក្រៅ​សៃវៀន​យូរហើយ ​ ​ទើបតែ​ឈាន​ជើង​ត្រឡប់​មក​កាន់​ទីផ្សារ​សារ​ជាថ្មី ​បន្ទាប់​ពី​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ។ ដូច្នេះ ​គេ​ពិបាក​នឹង​សង្ឃឹម​ណាស់​ ថា​អ៊ីរ៉ង់​ សុខចិត្ត​កាត់​បន្ថយ​ការ​ផលិត។ ម្យ៉ាងទៀត​ទំនាស់​រវាង​អ៊ីរ៉ង់ ​និង​អារ៉ាប៊ីសាអូឌីត ​រឹតតែ​ធ្វើ​ឲ្យ​ការ​ចរចា​រក​ដំណោះស្រាយ ​ដែល​គ្រោង​ធ្វើ​នៅ​ដើម​ខែ​កុម្ភៈ​នេះ ​ ឲ្យ​កាន់តែ​ស្មុគស្មាញ​ថែមទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ