អានតួអត្ថបទ
អ៊ីរ៉ង់

ក្រុម​ប្រទេស​មហា​អំណាច​ទាមទារ​ឲ្យ​អ.ស.ប.​ចាត់ការ​រឿង​មីស៊ីល​បាលីស្ទីក​អ៊ីរ៉ង់

កិច្ចព្រមព្រៀង​ស្តីពី​ការ​គ្រប់គ្រង​កម្មវិធី​នុយក្លេអ៊ែរ​ ដែល​អ៊ីរ៉ង់​ បាន​ចុះ​ហត្ថលេខា​ជាមួយ​ប្រទេស​មហា​អំណាច ​បាន​ចូល​ជា​ធរមាន​ទើបតែ​បាន​៣ខែ ​ក៏​ប៉ុន្តែ​បញ្ហា​ថ្មី​កំពុង​ចោទឡើង ​ដោយសារ​អ៊ីរ៉ង់​ បាន​ធ្វើការ​បាញ់​សាកល្បង​កាំជ្រួច​មីស៊ីល​បាលីស្ទីក​ថ្មី​មួយ ​កាល​ពី​ថ្ងៃ​ទី​៩​មីនា ​កន្លង​ទៅ។ ប្រទេស​មហា​អំណាច ​មាន​សហរដ្ឋ​អាមេរិក​ បារាំង​ អង់គ្លេស ​និង​អាល្លឺម៉ង់ ​បាន​ធ្វើ​លិខិត​រួមគ្នា​មួយ ​នៅ​ថ្ងៃ​ទី​៣០​ មីនា​នេះ ​ផ្ញើរ​ទៅកាន់​លោក​បាន គីមូន​ ដើម្បី​សុំ​ឲ្យ​អង្គការ​សហប្រជាជាតិ ​ដោះស្រាយ​បញ្ហា​នេះ​ព្រោះ​អ៊ីរ៉ង់​បាន​រំលោភ​លើ​សេចក្តី​សម្រេចចិត្ត​លេខ​ 2231​ របស់​ក្រុម​ប្រឹក្សា​សន្តិសុខ។

កំជ្រួចមីស៊ីល​បាលីស្ទីក​អ៊ីរ៉ង់ ហោះចេញ​ពីភ្នំ Alborz ​នៅភាគ​ខាងជើង​ ថ្ងៃទី​​៩ មីនា ២០១៦
កំជ្រួចមីស៊ីល​បាលីស្ទីក​អ៊ីរ៉ង់ ហោះចេញ​ពីភ្នំ Alborz ​នៅភាគ​ខាងជើង​ ថ្ងៃទី​​៩ មីនា ២០១៦ MAHMMOD HOUSSEINI / TASNIM NEWS / AFP
ផ្សាយពាណិជ្ជកម្ម

វា​មិនមែន​ជា​ការ​ប្តឹង​ទេ ​វា​គ្រាន់តែ​ជា​ការ​ជូន​ដំណឹង​ នឹង​ស្នើរ​សុំ​ ដើម្បី​ឲ្យ​អង្គការ​សហប្រជាជាតិ​ធ្វើការ​ដោះស្រាយ ​ រក​ខុស​ត្រូវ ​ទាក់ទិន​នឹង​ការ​បាញ់​កាំជ្រួច​មីស៊ីល​បាលីស្ទីក។ ឈរលើ​មូលដ្ឋាន​អ្វី? ​គឺ​ថា​ប្រទេស​មហាអំណាច ​សំអាង​លើ​សេចក្តី​សម្រេចចិត្ត​លេខ​ 2231 ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ ​ដែល​បាន​អនុម័ត​ជា​ឯកច្ឆ័ន​កាល​ពី​ ខែ​កក្កដា ​ឆ្នំា​២០១៥។

 
ប៉ុន្តែ​យើង​ត្រូវ​ចែកគ្នា​ឲ្យ​ដាច់ ​រវាង​កិច្ច​ព្រមព្រៀង​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ​និង​សេចក្តី​សម្រេចចិត្ត​លេខ​2231​នេះ។ តែ​យ៉ាង​ណាក៏​ដោយ ​សេចក្តី​សម្រេចចិត្ត​លេខ​2231​នេះ ​គឺ​ត្រូវ​បាន​ស្ថាបនា​ឡើង​ក្នុង​ទិសដៅ​ស្របគ្នា ​ហើយ​នឹង​ដើម្បី​ញ៉ាំង​ឲ្យ​កិច្ច​ព្រមព្រៀង​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ​ មាន​ប្រសិទ្ធភាព​កាន់តែ​ល្អ។

សេចក្តីសម្រេច​ចិត្ត​លេខ​2231 ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ៖
អ្វីដែល​ប្រទេស​មហាអំណាច​ទាំងបួន​សំអាង​នា​ពេល​នេះ ​ គឺ​គេ​ថា​អ៊ីរ៉ង់​ មិន​បាន​អនុវត្ត​ទៅ​តាម​ការ​សន្យា​របស់​ខ្លួន​ទេ ​ ពោល​គឺ​ការ​សន្យា​ដែល​មាន​កំណត់​ក្នុង​សេចក្តី​សម្រេច​ចិត្ត​លេខ​2231​នេះ​ឯង។ ក្នុង​សេចក្តី​សម្រេច​ចិត្ត​នេះ​ នៅត្រង់​ កថាខណ្ឌ​ចំណុច​ទី៣ ​នៃ ​Annexe B ​មាន​កំណត់​ជា​អាថិ៍​ថា ​ អ៊ីរ៉ង់​មិន​ត្រូវ​ធ្វើសកម្មភាព​បាញ់​គ្រាប់​មីស៊ីល​បាលីស្ទីក​ ដែល​អាច​បំពាក់​ដោយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ទេ​ ហើយ​សូម្បី​តែ​ការ​បាញ់​សាកល្បង​ដោយ​ប្រើ​បច្ចេកវិទ្យា​បាលីស្ទីក ​ក៏​អ៊ីរ៉ង់​មិន​ត្រូវ​ធ្វើ​ដែរ

ត្រង់​ចំណុច​នេះ​ហើយ​ទើប​ប្រទេស​មហាអំណាច ​គិត​ថា​អង្គការ​សហប្រជាជាតិ ​ត្រូវ​ចាត់​វិធានការ​ជា​បន្ទាន់ ​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​អាកប្បកិរិយា ​របស់​អ៊ីរ៉ង់ ​ ដែល​អាច​រំលោភ​លើ​សេចក្តី​សម្រេចចិត្ត​លេខ​2231។ លិខិត​នេះ ​ត្រូវ​បាន​ផ្ញើរ​ទៅ​កាន់​លោក ​បាន គីមូន ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ​ និង​លោក ​អគ្គរដ្ឋទូត​អេស្ប៉ាញ​ប្រចាំ​អង្គការ​សហប្រជាជាតិ ​ព្រោះ​អេស្ប៉ាញ​មាន​តួនាទី​ជា​អ្នក​សម្រប​សម្រួល​បញ្ហា​នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ ​ទាក់ទិន​ទៅ​នឹង​សេចក្តី​សម្រេចចិត្ត​លេខ​2231​នេះ។

កាំជ្រួច​បាលីស្ទីក​ គ្មាន​ក្បាល​គ្រាប់​នុយ​ក្លេអ៊ែរ៖
ខាង​អ៊ីរ៉ង់​ គេ​នៅ​តែ​ប្រកែក​ថា ​ គ្រាប់​មីស៊ីល​បាលីស្ទីក​ដែល​គេ​បាញ់​សាកល្បង ​គឺ​ដើម្បី​ការពារ​ខ្លួន​តែ​ប៉ុណ្ណោះ។ កាល​ពី​២​សប្តាហ៍​មុន​ លោក​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​​បាន​អះអាង​ថា ​ កាំជ្រួញ​បាលីស្ទីក​របស់​អ៊ីរ៉ង់​ ពុំមាន​បំពាក់​ក្បាលគ្រាប់​នុយក្លេអ៊ែរ​ទេ។​ ដូច្នេះវា​ជា​កាំជ្រួច​ធម្មតា ​ដែល​គេ​មិន​អាច​ហាមឃាត់​អ៊ីរ៉ង​មិនឲ្យ​ធ្វើ​បាន​ឡើយ។

ប៉ុន្តែ​ចំណោទ​នៅ​តែកើត​មាន ​ ព្រោះ​បើ​យើង​ពិនិត្យ​ឲ្យ​ច្បាស់ ​នៅ​ក្នុង​អ្វី​ដែល​បាន​ចែង​ក្នុង​សេចក្តី​សម្រេច​ចិត្ត​លេខ​2231 ​ គឺ​គេ​កំណត់​ច្បាស់​ណាស់​ថា ​អ៊ីរ៉ង់​មិន​ត្រូវ​បាញ់​រាល់​គ្រាប់​មីស៊ីល​បាលីស្ទីក ​ដែល​អាច​បំពាក់​ក្បាលគ្រាប់​នុយក្លេអ៊ែរ​បាន។ ដូច្នេះ​មាន​ន័យ​ថា ​ទោះ​មីស៊ីល​នោះ​មាន​រឺ​ អត់​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ​គឺ​មិន​សំខាន់​ទេ។ អ្វី​ដែល​សំខាន់​ឲ្យ​តែ​ជា​ប្រភេទ​មីស៊ីល​បាលីស្ទីក។ នេះ​ជាកា​រ​បកស្រាយ ​របស់​ប្រទេស​មហា​អំណាច​កន្លង​មក។

អញ្ចឹងហើយ ​បាន​ជា​ពេល​នេះ ​គេត្រូវការ​ការ​បក​ស្រាយ​ពី​អង្គការ​សហប្រជាជាតិ។ កាល​ពី​ថ្ងៃ​ទី​១០​ មីនា ​ លោក​បាន គីមូន​ គ្រាន់តែ​បាន​អំពាវនាវ​ ​ឲ្យ​អ៊ីរ៉ង់​បង្ហាញ​ជំហរ​ស្ងប់ស្ងាត់ ​កុំ​ច្រលោត ​និង​ត្រូវ​ប្រុង​ប្រយ័ត្ន​នូវ​រាល់​សកម្មភាព​របស់​ខ្លួន ​ចៀសវាង​ការ​បង្ករ​ភាព​តានតឹង​ក្នុង​តំបន់។ តែ​លោក​បាន​ គីមូន ​ មិន​បាន​បញ្ជាក់​ថា​សកម្មភាព​បាញ់​មីស៊ីល​បាលីស្ទីក​អ៊ីរ៉ង់​ ​វា​រំលោភ​ទៅ​លើ​សេចក្តី​សម្រេច​ចិត្ត​លេខ​2231​ទេ។ យ៉ាងណា ​គាត់​គ្រាន់​តែ​ថា ​វា​ជា​តួនាទី​របស់​ក្រុមប្រឹក្សា​សន្តិសុខ ​ ដែល​ត្រូវ​ប្រជុំ​គ្នា​ដោះស្រាយ​បញ្ហា​នេះ។
 

មន្ត្រីជំនាញអ៊ីរ៉ង់ និង​ជាសមាជិក​កម្លាំងឆ្មាំការពារ​​បដិវដ្ត​អ៊ីរ៉ង់ កំពុង​​ត្រួត​​ពិនិត្យ​​គ្រាប់​​មីស៊ីល​ មុនពេល​បាញ់​បង្ហោះ
មន្ត្រីជំនាញអ៊ីរ៉ង់ និង​ជាសមាជិក​កម្លាំងឆ្មាំការពារ​​បដិវដ្ត​អ៊ីរ៉ង់ កំពុង​​ត្រួត​​ពិនិត្យ​​គ្រាប់​​មីស៊ីល​ មុនពេល​បាញ់​បង្ហោះ REUTERS/sepahnews.com

តើ ​អ៊ីរ៉ង់​រំលោភ​លើ​កិច្ច​ព្រមព្រាង​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ ​ដែររឺទេ?
យើងត្រូវ​បែងចែក​ឲ្យដាច់ ​ រវាង​កិច្ច​ព្រមព្រាង​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ ​និង​សេចក្តី​សម្រេចចិត្ត​លេខ​2231​ របស់​ក្រុមប្រឹក្សា​សន្តិសុខ។ ទោះ​បី​​ជា​វា​ជាប់​ពាក់ព័ន្ធ​គ្នា ​ តែ​វា​ជា​អត្ថបទ​ពីរ​ដាច់​ដោយឡែក ​ ដែល​យើង​មិន​អាច​យក​មក​បូលបល់​ចូល​គ្នា​បាន​ទេ។ អត្ថបទ​និមួយៗ​ មាន​បញ្ញត្តិ​ និង​យន្តការ​អនុវត្ត​រៀងៗ​ខ្លួន។ ដូច្នេះ​បើ ​ក្នុង​ករណី​ដែល​អ៊ីរ៉ង់​ ត្រូវគេ​ចាត់​ទុក​ថា​បាន​រំលោភ​លើ​សេចក្តី​សម្រេចចិត្ត​លេខ​2231 ​ ​ក៏​មិន​មែន​មាន​ន័យ​ថា​អ៊ីរ៉ង់ ​រំលោភ​លើ​កិច្ច​ព្រមព្រាង​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​ដែរ។

ដាក់​ទណ្ឌកម្ម​ថ្មី​លើ​អ៊ីរ៉ង់៖
ការ​ដាក់​ទណ្ឌកម្ម ​និង​នៅ​តែ​អាច​មាន ​ បើ​សិន​ជា​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​ យល់​ថា​អ៊ីរ៉ង់​ពិត​ជា​រំលោភ​សេចក្តី​សម្រេចចិត្ត​នោះមែន។ ដោយឡែក ​ទណ្ឌកម្ម​ជា​លក្ខណៈ​បុគ្គល​ ដែល​ប្រទេស​មួយ​អាច​ដាក់​ទៅ​លើ​អ៊ីរ៉ង់ ​ ក៏​អាច​ធ្វើ​ទៅ​បាន​ដែរ។ ជាក់ស្តែង​សហរដ្ឋ​អាមេរិក ​ បាន​ដាក់​ទណ្ឌកម្ម​ថ្មី​ទៅ​លើ​អ៊ីរ៉ង់​ កាល​ពី​២ខែ​មុន ​ បន្ទាប់​ពី​អ៊ីរ៉ង់​បាន​បាញ់​គ្រាប់​មីស៊ីល​បាលីស្ទីក​ចម្ងាយ​មធ្យម​ កាល​ពី​ខែ​តុលា ​ឆ្នាំ​២០១៥។ កាល​ពី​ពីរ​សប្តាហ៍​មុន​នេះ​ទៀត ​ លោកស្រី​សាម៉ាន់តា ផៅវើ ​អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ បាន​គំរាម​ថា ​ អាមេរិក​នឹង​រក​ទណ្ឌកម្ម​ថ្មី​បន្ថែម​ទៀត។ ចំណែក​លោក ហ្សង់ម៉ាក អេរ៉ូ​ រដ្ឋមន្ត្រី​ការបរទេស​បារាំង ​ក៏​បាន​ថ្លែង​ផងដែរ​ កាល​ពី​ថ្ងៃ​ទី​១៣ ​មីនា ​ថា ​បើ​ចាំបាច់ ​គឺគេ​នឹង​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅ​លើ​អ៊ីរ៉ង់។

មីស៊ីល​បាលីស្ទីក​ ទុក​បាញ់ដាក់​សត្រូវ​”អ៊ីស្រអែល”៖
បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន ​Reuters ​ដែល​បាន​អាន​លិខិត ​ដែល​ប្រទេស​មហា​អំណាច​ទាំងបួន​បាន​សរសេរ​រួមគ្នា ​នៅ​ថ្ងៃ​នេះ​ ​គឺ​ក្នុង​លិខិត​នេះ ​មិន​បាន​លើកឡើង​ដោយ​ចំៗ​ទេ ​ថា​អ៊ីរ៉ង់​រំលោភ​លើ​សេចក្តី​សម្រេចចិត្ត​លេខ​2231 ​តែ​គ្រាន់តែ​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ ដែល​អ៊ីរ៉ង់​បាន​ធ្វើ​ក្នុង​ន័យគំរាម​ប្រទេស​ជិតខាង។ ប្រទេស​ជិតខាង​នោះ ​គឺ​គ្មាន​នរណា​ក្រៅ​ពី​អ៊ីស្រាអែល​ទេ។

ជា​ការ​ពិត​មែន​ នៅថ្ងៃ​ធ្វើការ​បាញ់​សាក​ល្បង​មីស៊ីល ​មាន​ថ្នាក់​ដឹកនាំ​កងទ័ព​អ៊ីរ៉ង់​ម្នាក់ ​បាន​និយាយ​បែប​គំរាម​ថា ​គ្រាប់​មីស៊ីល​បាលីស្ទីក​នេះ​ ​គឺ​អ៊ីរ៉ង់​ទុក​បាញ់​សត្រូវ​អ៊ីរ៉ង់​ទាំងឡាយ​ណា ​តួយ៉ាង​គឺ​អ៊ីស្រាអែល​ជាដើម។ ទោះ​ចង់មិន​ចង់ ​នេះ​ជា​ការ​គម្រាម​មួយ​ដែរ ​ សម្រាប់​អ៊ីស្រាអែល​ផ្ទាល់​និង​ក្នុង​តំបន់​ដើមបូព៌ា​ទាំង​មូល​ ព្រោះ​ថា​រវាង​អ៊ីរ៉ង់ ​និង​អារ៉ាប៊ីសាអូឌីត ​ក៏​កំពុងតែ​ក្តៅ​គគុក​ផងដែរ។

ជា​ការពិត​ណាស់​ ប្រទេស​នីមួយៗ ​មាន​សិទ្ធិ​ការពារ​ខ្លួន​ តែ​ត្រូវ​ស្ថិត​ក្នុង​ក្របខណ្ឌ​កាតព្វកិច្ច​អន្តរជាតិ​ ដែល​មាន​អង្គការ​សហប្រជាជាតិ​​ជា​អ្នក​គ្រប់គ្រង។ ទាក់ទិន​នឹង​អាវុធ​នុយក្លេអ៊ែរ ​ គឺ​វា​មាន​ភាព​សាំញ៉ាំ​ណាស់ ​ ហើយ​ដែល​ទាមទារ​ឲ្យ​ប្រទេស​ហត្ថលេខី​ទាំងអស់​ គោរព​ឲ្យ​បាន​ម៉ដ្ឋចត់ ​ព្រោះ​បើ​បច្ចេកវិទ្យា​នេះ​រីក​សាយភាព ​ទៅដល់​ដៃ​មនុស្ស​អាក្រក់ ​ គឺ​សុខ​សន្តិភាព​ពិភពលោក ​នឹង​ត្រូវ​រង​ការ​គំរាម​កំហែង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ