អានតួអត្ថបទ
អារ៉ាប៊ីសាអូឌីត-លីបង់-អ៊ីរ៉ង់

លីបង់រង​ទុក្ខ​ ដោយសារ​ជម្លោះ​រវាង​អារ៉ាប៊ីសាអូឌីត​ និង​អ៊ីរ៉ង់

ប្រទេស​លីបង់ ​កំពុងតែ​ប្រឈមមុខ​នឹង​បញ្ហា ​ដោយសារ​ការ​ដាក់​គំនៀប​ពី​សំណាក់​អារ៉ាប៊ីសាអូឌីត ​ដែល​ព្យាយាម​រកវិធី​បង្អាក់​ឥទ្ធិពល​របស់​អ៊ីរ៉ង់ ​នៅ​តំបន់​ដើមបូព៌ា​ ទាំងមូល។ បន្ទាប់​ពី​បាន​ផ្តាច់​ជំនួយ​យោធា ​ក្នុង​ទឹក​ប្រាក់​៣ពាន់​លាន​ដុល្លារ​ ​ពី​លីបង់​ អារ៉ាប៊ីសាអូឌីត ​ មាន​ប្រមែរប្រមូល​ប្រទេស​សមាជិក​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រ ​ឲ្យ​ចាត់​ទុក​ក្រុម​ចលនា​តស៊ូ​ហេសបូឡា​លីបង់ ​ថា​ជា​ក្រុម​ភេរវកម្ម​ទៀត។ អ៊ីរ៉ង់​បាន​មាន​ប្រតិកម្ម​ភ្លាមៗ ​ថា​ការ​ចាត់​ទុក​ក្រុម​ហេសបូឡា​ជាក្រុម​ភេរវកម្ម ​គឺ​វា​នឹង​ឈាន​ទៅ​បង្ករ​អ​ស្ថេរភាព​នយោបាយ​របស់​លីបង់។

លោក Hassan Nasrallah មេចលនាហេសបូឡា ដែលបានថ្លែងថា​ អារ៉ាប៊ីសាអូឌីត​​ជា​អ្នក​​ញុះញង់​​ឲ្យ​និកាយ​​ស៊ុនីត និង​​ឈីអ៊ីត​​បែកបាក់​គ្នា​
លោក Hassan Nasrallah មេចលនាហេសបូឡា ដែលបានថ្លែងថា​ អារ៉ាប៊ីសាអូឌីត​​ជា​អ្នក​​ញុះញង់​​ឲ្យ​និកាយ​​ស៊ុនីត និង​​ឈីអ៊ីត​​បែកបាក់​គ្នា​ AFP PHOTO / ANWAR AMRO
ផ្សាយពាណិជ្ជកម្ម

ខឹង​អ៊ីរ៉ង់ ​ជះ​កំហឹង​លើ​អ៊ីរ៉ង់៖

អារ៉ាប៊ីសាអូឌីត ​កំពុង​រិះរក​គ្រប់​មធ្យោបាយ ​ដើម្បី​វាយ​ប្រហារ​អ៊ីរ៉ង់ ​មិន​ថា​ដោយ​ផ្ទាល់រឺ​ដោយ​ប្រយោល។ ក្រោយ​ពេល​ដែល ​អ៊ីរ៉ង់​ និង​អាមេរិក​ផ្តើម​មាន​ទំនាក់ទំនង​នឹង​គ្នា​ឡើងវិញ ​ អ៊ីរ៉ង់ ​ចាប់ផ្តើម​វាយលុយ​ទីផ្សារ​ប្រេង​ឡើងវិញ​ ​កងទ័ព​រដ្ឋាភិបាល​បាស្ឆា ​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​កំពុងតែ​មាន​ប្រៀប​នៅ​ស៊ីរី​ ទាំងអស់​នេះ ​ បាន​ធ្វើ​ឲ្យ​អារ៉ាប៊ីសាអូឌីត​ ក្រហល់​ក្រហាយ​ នៅ​មិន​សុខ។

លីបង់​ដែល​កន្លង​មក​នៅ​កណ្តាល ​រវាង​អ៊ីរ៉ង់​ និង​អារ៉ាប៊ីសាអូឌីត ​កំពុង​តែ​ក្លាយ​ជា​ផ្ទាំង​ស៊ីប ​ ដើម្បី​ឲ្យ​អារ៉ាប៊ីសាអូឌីត​ជះ​កំហឹង។ កាល​ពី​ពេល​ថ្មីៗ​នេះ​ អារ៉ាប៊ីសាអូឌីត ​ បាន​សម្រេច​លប់​ជំនួយ​យោធា ​ដែល​មាន​ទឹក​ប្រាក់​៣ពាន់​លាន​ដុល្លារ​ពី​លីបង់។ បន្ទាប់​មក​ទៀត ​រដ្ឋាភិបាល​រាជាណាចក្រ​មហា​សេដ្ឋី​ប្រេង ​ មាន​អំពាវនាវ​ឲ្យ​ប្រជាជន​ខ្លួន​ដែល​រស់នៅ​និង​រកស៊ី​នៅ​លីបង់ ​ ឲ្យ​ចាកចេញ​ពី​ប្រទេស​នេះ​ជា​បន្ទាន់។

អារ៉ាប៊ីសាអូឌីត ​បាន​កោះប្រជុំ​ប្រទេស​សមាជិក​ក្រុម​ប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រ​ ដែល​មាន​ប្រទេស​កាតា ​ប្រទេស​អេមៀរ៉ាត់​អារ៉ាប់រួម​ ប្រទេស​អូម៉ង់​ គូវែត​ និង​បារ៉ែន។ ក្រុមប្រឹក្សា​នេះ ​បាន​ចេញ​សេចក្តី​សម្រេច​រួមគ្នា ​ ទៅ​តាម​ការ​ទាមទារ​របស់​អារ៉ាប៊ីសាអូឌីត ​ដោយ​ចាត់ទុក​ថា ​ក្រុម​ចលនា​តស៊ូ​ហេសបូឡា​លីបង់​ ​ថា​ជា​ចលនា​ភេរវវកម្ម។ សេចក្តី​សម្រេច​នេះ ​ធ្វើឡើង​ដោយ​បាន​ចោទ​ក្រុម​ហេសបូឡា ​ថា​បាន​ប្រើប្រាស់​ឥទ្ធិពល​និង​ជំនួយ​របស់​អ៊ីរ៉ង់​ ទៅ​អូស​ទាញ​សកម្មជន​ក្មេងៗ​ ឲ្យ​មក​ធ្វើ​អំពើភេរវកម្ម ​ និង​បង្ករ​អស្ថិរភាព​ក្នុង​តំបន់។

អ៊ីរ៉ង់៖​ចាត់ទុក​ក្រុម​ហេសបូឡា ​ជា​ក្រុម​ភេរវកម្ម ​គឺដូច​ញុះញង់​ឲ្យ​លីបង់​ឈ្លោះ​គ្នា
សេចក្តី​សម្រេច​ចាត់ថ្នាក់​ក្រុម​ហេសបូឡា ​ថា​ជា​ក្រុម​ភេរវកម្ម​នេះ ​ ត្រូវ​បាន​រដ្ឋមន្ត្រី​ការបរទេស​របស់​អ៊ីរ៉ង់ ​បរិហារ​ថា ​គឺ​ចេតនា​បង្ក​ជម្លោះ ​និង​អស្ថិរភាព​នយោបាយ​ទៅ​លើ​ប្រទេស​លីបង់។ ធ្វើបែប​នេះ​ គឺ​ធ្វើ​ឲ្យ​បរិបទ​និយោបាយ​លីបង់​ បែកបាក់​គ្នា។ លោក​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​ បាន​បន្ថែម​ថា ​អ៊ីរ៉ង់​គាំទ្រ ​និង​សូម​សរសើរ​ដល់​ចលនា​តស៊ូ​របស់​ក្រុម​ហេសបូឡា ​ដែល​ត្រូវ​បាន​ស្ថាបនា​ឡើង​ កាល​ពី​ដើម​ដំបូង​ដើម្បី​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​អ៊ីស្រាអែល ​ទៅលើ​លីបង់ ​ហើយ​ក្រោយ​មក​ចលនា​នេះ ​បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​នៅ​លីបង់​ យ៉ាង​សកម្ម។

សូម​រំលឹក​ថា ​ ចលនា​ហេសបូឡា ​ជា​ចលនា​តស៊ូ​អ៊ីស្លាម​ឈីអ៊ីត ​ដែល​បាន​បង្កើត​ឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​ របស់​ក្រុម​បដិវដ្ត​អ៊ីស្លាម​អ៊ីរ៉ង់​ ក្នុង​ទសវត្ស​ឆ្នាំ​៨០ ​ ដើម្បី​ប្រយុទ្ធ​ទប់ទល់​នឹង​ការ​ឈ្លានពាន​របស់​អ៊ីស្រាអ៊ែល​ មក​លើ​លីបង់។ បើទោះ​បី​សង្រ្គាម​ស៊ីវីល​លីបង់​ត្រូវ​បាន​បិទ​បញ្ចប់​នៅ​ឆ្នាំ​១៩៩០ ​តែ​ក្រុម​ហេសបូឡា ​នេះ​ជាក្រុម​តែមួយ​គត់ ​ដែល​មិន​ព្រម​ធ្វើការ​ប្រគល់​អាវុធ។ បច្ចុប្បន្ន ​ក្រុម​ហេសបូឡា ​កំពុង​ជួយ​ធ្វើ​សង្រ្គាម​នៅ​ស៊ីរី​ ដោយ​គាំទ្រ​ក្រុម​កងទ័ព​រដ្ឋាភិបាល​បាស្ឆា ​អាល់​អាសាដ។

រដ្ឋាភិបាល​លីបង់ ​ ដែល​មួយ​ផ្នែក​ទទួល​ឥទ្ធិពល​ពី​ក្រុម​ហេសបូឡា ​កំពុង​តែ​ទ័លច្រក ​ ព្រោះតែ​ជម្លោះ​រវាង​ខ្លា​អារ៉ាប៊ីសាអូឌីត ​និង​ខ្លា​អ៊ីរ៉ង់។ អ្វី​ដែល​ជា​ការ​ព្រួយ​បារម្ភ​បន្ថែម​ទៀត ​ គឺ​ប្រជាជន​លីបង់​ប្រមាណ​ជា​៥សែន​នាក់​ ដែល​រស់​នៅ​ធ្វើការ​នៅ​តាម​ប្រទេស​តំបន់​ឈូង​សមុទ្រ​ពែក្ស ​ហើយ​ក្នុង​នោះ​គឺ​៣សែន​នាក់​ ដែល​រស់នៅ​អារ៉ាប៊ីសាអូឌីត។ ប្រជាជន​លីបង់​ទាំងនោះ​កំពុងតែ​ព្រួយ​បារម្ភ​ពី​សន្តិសុខ​ផ្ទាល់ខ្លួន ​ព្រមទាំង​ការ​ប្រឈមមុខ​នឹង​ការ​បាត់បង់​ការងារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ