អានតួអត្ថបទ
តម្លៃ​ប្រេងឆៅ

ប្រេង​ឆៅ​​ចុះ​ថ្លៃ​​ខ្លាំង​ វ៉េណេហ្ស៊ុយអេឡា​​សំណូមពរ​​ឲ្យ​​ប្រទេស​​ផលិត​​ប្រេង​​ធ្វើ​​ជំនួប​​កំពូល

ប្រឈមមុខ​នឹង​តម្លៃប្រេង​ឆៅ​ ដែល​ធ្លាក់ថ្លៃ​ស្មើនឹង​ពាក់​កណ្តាល​ ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​មក​នេះ ​ប្រទេស​វ៉េណេហ្ស៊ុយអេឡា ​ដែល​ជា​សមាជិក​អង្គការ​ប្រទេស​នាំប្រេង​ចេញ ​បាន​អំពាវនាវ​ ដល់​ប្រទេស​ផលិត​ប្រេង​​ទាំង​អស់ ​ឲ្យ​បើក​ជំនួប​កំពូល​មួយ ​ដើម្បី​ស្វែងរក​វិធី​ ទប់​តម្លៃ​ប្រេង ​កុំ​ឲ្យ​ធ្លាក់ចុះ​ជាង​នេះ​ទៀត។ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ប្រេង​របស់​កាតា ​បាន​បញ្ជាក់​ថា ​ក្រុម​ប្រទេស​ផលិត​ប្រេង​តំបន់​អារ៉ាប់ ​កំពុងតែ​ពិចារណា ​លើ​សំណើ​នេះ។

លោក ប្រធានាធិបតី​វ៉េណាហ្ស៊ុយអេឡា នីកូឡាស ម៉ាដូរ៉ូ
លោក ប្រធានាធិបតី​វ៉េណាហ្ស៊ុយអេឡា នីកូឡាស ម៉ាដូរ៉ូ Fuente: Reuters.
ផ្សាយពាណិជ្ជកម្ម

លោក​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ប្រេង​ប្រទេស​កាតា ​បាន​បញ្ជាក់​ឲ្យដឹង​ នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ទី​១០ ​កញ្ញា​ថា ​លោក ​ នីកូឡាស ម៉ាឌូរ៉ូ ​ប្រធានាធិបតី​ប្រទេស​វ៉េណាហ្ស៊ុយអេឡា ​បាន​ធ្វើ​ការ​ស្នើសុំ​ ទៅ​បណ្តា​ប្រទេស​អ្នក​ផលិត​ប្រេង​ទាំង​អស់ ​ឲ្យ​រៀបចំ​ធ្វើ​ជំនួប​កំពូល​បន្ទាន់​មួយ ​ដើម្បី​រក​វិធី​ទប់​តម្លៃ​ប្រេង ​មិន​ឲ្យ​ធ្លាក់​ ជាង​នេះ។ ថ្លែងក្នុង​សន្និសីទ​កាសែត ​ បន្ទាប់​ពី​បាន​ជួប​ប្រជុំ​ នៅ​ក្រុង​ដូហា ​ជាមួយ​បណ្តា​រដ្ឋមន្ត្រី​ក្រសួង​ប្រេងកាត ​នៃ​ប្រទេស​អារ៉ាប់ ​នាំ​ប្រេង​ចេញ​ទាំង​អស់ ​លោក​រដ្ឋមន្រ្តី​កាតា ​បាន​បញ្ជាក់​ថា ​ក្រុម​ប្រទេស​អារ៉ាប់​ដែល​ផលិត​ប្រេង ​កំពុង​តែ​ពិចារណា​ លើ​សំណើ​របស់ ​វ៉េណេហ្ស៊ុយអេឡា។

 
សូម​បញ្ជាក់​ថា ​តម្លៃ​ប្រេងឆៅ ​នៅលើ​ទីផ្សារ​ មាន​តម្លៃ​មិន​ដល់ ​៤៥​ដុល្លារ​ផង ​ក្នុង​មួយ​ធុង​បារីស។ ​ប្រទេស​វ៉េណេហ្ស៊ុយអេឡា ​ដែល​ជា​សមាជិក​មួយ​រូប​ នៃ​អង្គការ​ប្រទេស​អ្នក​នាំ​ប្រេង​ចេញ ​ហៅ​កាត់​ថា ​OPEP ​ កំពុង​តែ​ជួប​នូវ​ការ​ខាតបង់​ជា​ខ្លាំង ​ដោយសារ​តែ​សេដ្ឋកិច្ច​របស់​ខ្លួន ​រំពឹង​ស្ទើរតែ​ទាំង​ស្រុង ​ទៅ​លើ​ការ​នាំ​ប្រេង​ចេញ។ ប្រទេស​នេះ ​បាន​អំពាវនាវ ​ម្តង​ហើយ​ម្តង​ទៀត ​ដើម្បី​ឲ្យ​ប្រទេស​ផលិត​ប្រេង​ទាំង​អស់ ​រក​វិធី​ទប់​ស្កាត់ ​កុំឲ្យ​ប្រេង​ចេះ​តែ​ចុះ​ថោក។

យ៉ាងណា​ក៏​ដោយ ​ គេ​មិន​ប្រាកដ​ថា ​ប្រទេស​ផលិត​ប្រេង​ផ្សេង​ទៀត  ​ទាំង​សមាជិក​អង្គការ​ OPEP ទាំង​មិន​មែន​សមាជិក ​ដូច​ជា​រុស្ស៊ី​និង​អាមេរិក ​នឹង​ព្រម​ជួបជុំ​គ្នា​ទៅ​តាម​សំណើរ​នេះ​ទេ។ ការ​រក្សា​ប្រេង​ ឲ្យ​នៅ​តម្លៃ​ទាប​ ​អាច​ជា​យុទ្ធសាស្ត្រ​មួយ ​ក្នុង​ការ​វាយ​លុក​ទីផ្សារ ​ហើយ​សម្រាប់​ ប្រទេស​នៅ​តំបន់​អារ៉ាប់​ ទោះ​បី​ប្រេង​មាន​តំម្លៃ​ថោក​ក៏​ដោយ ​ក៏​ប៉ុន្តែ​គេ​អាច​ផលិត​វា​បាន​ ក្នុង​បរិមាណ​ច្រើន ​ ហើយ​ធនធាន​ដែល​បាន​មក​​ពី​ការ​លក់​ប្រេង​ឆៅ ​មាន​ច្រើន ​និង​ជា​យូរ​ឆ្នាំ​មក​ហើយ។

ប្រទេស​៦ ​នៅ​តំបន់​អារ៉ាប់ ​ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​សហ​ប្រតិបត្តិការ​ឈូង​សមុទ្រ ​Conseil de Coopération du Golfe ​មាន​កាតា ​អារ៉ាប៊ីសាអ៊ូឌីត ​បារ៉ែន ​អេមៀរ៉ាត​អារ៉ាប់រួម ​កូវ៉េត ​និង​អូម៉ង់   ​ប្រទេស​ទាំង​​៦​នេះ ​ផលិត​ប្រេង​បាន​ដល់​ទៅ ​១៨​លាន​ធុង​បារីស​ ក្នុង​មួយ​ថ្ងៃ។ ដូច្នេះ​ទោះ​បី​ជា​ប្រេង​ថោក ​ក៏​គេ​នៅ​តែ​លក់​បាន​ច្រើន​ដែរ។ មិន​មាន​ការ​បញ្ជាក់​ណា​មួយ ​ពី​ខ្លឹមសារ ​នៃ​សេចក្តី​សម្រេច​របស់​ប្រទេស​ទាំង​៦ ​ក្នុង​ពេល​ប្រជុំ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ទេ ​ ប៉ុន្តែ​តាម​ព័ត៌មាន​មិន​ផ្លូវការ​ បញ្ជាក់​ថា ​គេ​នឹង​អាច​ស្នើ​ឲ្យ​មាន​ ការ​កំណត់​តម្លៃ​ប្រេង​ រួម​តែ​មួយ។

បន្ទាប់​ពី​បាន​ទៅ​ប្រទេស​កាតា​ កាល​ពី​សប្តាហ៍​មុន ​លោក ​ប្រធានាធិបតី​វ៉េណេហ្ស៊ុយអេឡា ​ ក៏​បាន​អញ្ជើញ​ទៅ​ចិន​ផង​ដែរ។ នៅ​ចិន​ លោក​បាន​ជួប​ជាមួយ ​លោក​ពូទីន ​ប្រធានាធិបតី​រុស្សី​ ​ ដែល​តាម​ការ​ស្មាន លោក​បាន​ស្នើ​សុំ​ការ​គាំទ្រ​ពី​រុស្ស៊ី ​ដើម្បី​រក​វិធី​ ទប់​តម្លៃ​ប្រេង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ