អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

កំដៅ​នៃ​ភាព​តានតឹង​កំពុង​តែ​កើន​ឡើង​ រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ ក្រោយ​ឃាតកម្ម​ផ្ទួនៗ

ភាព​តានតឹង​រវាង​អ៊ីស្រាអែល ​និង​ប៉ាឡេស្ទីន ​កំពុង​តែ​ពុះ​កញ្ជ្រោល​កាន់តែ​ខ្លាំង​ឡើង​នៅ​ក្នុង​ថ្ងៃ​អាទិត្យ​នេះ បន្ទាប់​ពី​មាន​ហេតុ​ការណ៍​ឃាតកម្ម ​បាន​កើត​ឡើង​ផ្ទួនៗ​គ្នា។ យប់​ថ្ងៃ​សៅរ៍​ឆ្លង​ចូល​ថ្ងៃ​អាទិត្យ​ នៅ​ក្រុង​ហ្ស៊េរូសាឡឹម ​បុរស​ប៉ាឡេស្ទីន​ម្នាក់ ​បាន​យក​កាំបិត​ ដើរ​ចាក់​ប្រជាជន​អ៊ីស្រាអែល ​បណ្តាល​ឲ្យ​ស្លាប់​ពីរ​នាក់ ​ហើយ​ជន​ដៃដល់​ ​ក៏​ត្រូវ​បាន​ប៉ូលីស​អ៊ីស្រាអែល​បាញ់​សម្លាប់​ផង​ដែរ។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ប្តី​ប្រពន្ធ​អ៊ីស្រាអែល​ ពីរ​នាក់ ​ក៏​ត្រូវ​បាន​គេ​សម្លាប់​ផង​ដែរ។ អាជ្ញាធរ​អ៊ីស្រាអែល ​បាន​បិទ​ទីលាន​វិហារ​ម៉ូស្កេ​បូរាណ​នៅ​ហ៊្សេរូសាឡឹម ​ហើយ​បាន​ទាំង​ចេញ​ប្រតិបត្តិការ​រុករក​ឃាតករ ​ពាស​ពេញ​តំបន់​ស៊ីសហ្សកដានី​ទៀត​ផង។

ទីលាន​វិហារ​ម៉ូស្កេ​បូរាណ​ត្រូវបាន​បិទ​ដោយ​អាជ្ញាធរ​អ៊ីស្រាអែល​ រយៈពេល​២ថ្ងៃ ក្រោយ​ហេតុ​ការណ៍​ភេរវកម្ម​សម្លាប់​ប្រជាជន​អ៊ីស្រាអែល​ ថ្ងៃ​៣ តុលា​ ២០១៥
ទីលាន​វិហារ​ម៉ូស្កេ​បូរាណ​ត្រូវបាន​បិទ​ដោយ​អាជ្ញាធរ​អ៊ីស្រាអែល​ រយៈពេល​២ថ្ងៃ ក្រោយ​ហេតុ​ការណ៍​ភេរវកម្ម​សម្លាប់​ប្រជាជន​អ៊ីស្រាអែល​ ថ្ងៃ​៣ តុលា​ ២០១៥ ©REUTERS/Ammar Awad
ផ្សាយពាណិជ្ជកម្ម

បើ​យើង​និយាយ​ពី​ភ្លើង​សង្រ្គាម ​ភ្លើង​គំនំ​រវាង​ដែន​ដី​ទាំង​ពីរ​ អ៊ីស្រាអែល ​និង​ប៉ាឡេស្ទីន ​គឺ​ថា​វា​មិន​ដែល​រលត់​ទាល់​តែ​សោះ ​គ្រាន់​តែ​ថា​មាន​ពេល​ខ្លះ​អណ្តាត​ភ្លើង ​បាន​ចុះថយ ​ហើយ​ពេល​ខ្លះ​អណ្តាត​ភ្លើង​ត្រូវ​ខ្យល់​បក់​ ឲ្យ​ឆាបឆេះ​កាន់​តែ​ខ្លាំង។ ដូច​ក្នុង​ពេល​នេះ ​ ​គឺថា​ ខ្យល់​កំពុង​តែ​បក់ ​ដែល​ធ្វើ​ឲ្យ​ភ្លើង​កំហឹង​រវាង​សត្រូវ​​ទាំង​ពីរ​ហ្នឹង​ឆាបឆេះ​ ហើយ​គេ​បារម្ភ​ខ្លាច​ថា ​អ៊ីស្រាអែល ​នឹង​ប្រើប្រាស់​កម្លាំង​យោធា ​ដូច​កាល​ពី​ឆ្នាំ​២០១៤​កន្លង​ទៅ ​នៅ​តំបន់​ហ្គាហ្សា។

 
ឃាតុកម្ម​នៅ​ស៊ីសហ្សកដានី​ខាង​ជើង ​ភេរវកម្ម​នៅ​ហ្ស៊េរូសាឡឹម
មាន​ហេតុការណ៍​ច្រើន​ណាស់ ​ដែល​កំពុង​តែ​ដុត​កំហឹង​ទាំង​អស់​នេះ។ តាម​ពិត​ទៅ ​ជម្លោះ​សម្លក់​សម្លឹង​គ្នា ​មាន​សឹងតែ​ជា​ប្រចាំ​ថ្ងៃ ​ជា​ពិសេស ​នៅ​ក្រុង​ហ្ស៊េរូសាឡឹម ​ដែល​ជា​ទីក្រុង​បូរាណ។ នៅ​ទីក្រុង​នេះ ​ខាង​លើ​ទីទួល​ គឺ​មាន​​​វិហារ​អ៊ីស្លាម​បូរាណ ​ដែល​ជា​ទី​​សក្ការៈ​ខ្ពស់​បំផុត​ទីបី​ សម្រាប់​ប្រជាជន​កាន់​សាសនា​អ៊ីស្លាម។ ហើយ​នៅក្បែរ​នេះ​ដែរ គឺ​មាន​ជញ្ជាំង​បូរាណ​ ដែល​ជា​ទី​សក្ការៈ​ របស់​ប្រជាជន​កាន់​សាសនា​ជ្វីហ្វ។ អញ្ចឹង​ហើយ​ការ​ប៉ះ​ទង្គិច​គ្នា ​គឺ​តែងតែ​មាន​ជា​រឿយៗ។ ចុង​សប្តាហ៍​មុន​នេះ ​គឺ​ជា​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​សាសនា​ជ្វីហ្វ ​របស់​ប្រជាជន​អ៊ីស្រាអែល ​ហើយ​វា​ចៃដន្យ​ចំ​ថ្ងៃ​បុណ្យ​ធំ​ ​តាម​ប្រពៃណី​សាសនា​អ៊ីស្លាម​ របស់​ជនជាតិ​ប៉ាឡេស្ទីន​ដែរ។ អញ្ចឹង​ទៅ ​កំហឹង​ស្អប់​គ្នា ក៏​វា​ឡើង​ទៅ​តាម​ហ្នឹង​ដែរ។

កាល​ពី​យប់​ថ្ងៃ​សៅរ៍​ម្សិលមិញ ​មាន​ហេតុការណ៍​ភេរវកម្ម​មួយ​ បាន​កើត​ឡើង ​នៅ​ហ្ស៊េរូសាឡឹម​តែម្តង ​ដោយ​បុរស​ជនជាតិ​ប៉ាឡេស្ទីន​ម្នាក់ ​បាន​យក​កំបិត​ ដើរ​ចាក់​មនុស្ស ​បង្ករ​ឲ្យ​ស្លាប់​ជនជាតិ​អ៊ីស្រាអែល​២​នាក់ ​និង​រហួស​​៨នាក់។ ភ្លាមៗ​នោះ ​ប៉ូលីស​អ៊ីស្រាអែល​បាន​បាញ់​សម្លាប់​ជន​ដៃ​ដល់ ​ដែល​តាម​ការ​ឲ្យ​ដំណឹង ​គឺ​ជា​សកម្មជន​របស់​ក្រុម​ជីហាដ​អ៊ីស្លាមីក ​ប៉ាឡេស្ទីន ​មាន​អាយុ​១៩ឆ្នាំ។ មិន​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ផង​ មាន​ហេតុការណ៏​ស្រដៀង​គ្នា​នេះ ​មួយ​ទៀត ​ប៉ុន្តែ​ជនរង​​គ្រោះ​ជា​ជនជាតិ​អ៊ីស្រាអែល​ គ្រាន់តែ​រង​របួស​ធ្ងន់ ​ចំណែក​ជន​ដៃ​ដល់​ ជា​ជនជាតិ​ប៉ាឡេស្ទីន ​ត្រូវ​បាន​ប៉ូលីស​បាញ់​សម្លាប់​ ដូច​ជន​ដៃដល់​ទីមួយ​ដែរ។

ហើយ​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី ​១តុលា ​មាន​ឃាតកម្ម​មួយ​កើតឡើង ​នៅ​ក្នុង​តំបន់​ ស៊ីសហ្សកដានី ​ដែល​តាម​ការ​សង្ស័យ​ គឺជា​ស្នាដៃ​របស់​ជនជាតិ​ប៉ាឡេស្ទីន​ដែរ ​ ដែល​បាន​សម្លាប់​ប្តី​ប្រពន្ធ​អ៊ីស្រាអែល ​ពីរ​នាក់ ​ក្នុង​ពេល​កំពុង​តែ​បើក​ឡាន ​ជាមួយ​នឹង​កូនៗ​បួន​នាក់​នៅ​ពី​ក្រោយ។ រឿង​ហេតុ​ទាំង​អស់​នេះ​ហើយ ​ ដែល​ធ្វើ​ឲ្យ​អ៊ីស្រាអែល ​និង​ប៉ាឡេស្ទីន​ តំឡើង​សរសៃ​ក​ដាក់​គ្នា​ឡើង​វិញ ​ក្នុង​ពេល​នេះ ​ហើយ​វា​បូក​ផ្សំ​នឹង​ ប៉ុន្មាន​ថ្ងៃ​មុន​ នៅ​អង្គការ​សហ​ប្រជា​ជាតិ ​គេ​បាន​សម្រេច​ បង្ហូត​ទង់​ប៉ាឡេស្ទីន ​ឡើង​ក្បែរ​ប្រទេស​ផ្សេងៗ ដែល​ជា​សញ្ញាណ​ នៃ​ការ​ខិត​ទៅ​ជិត​ការ​ទទួល​ស្គាល់​រដ្ឋ​ប៉ាឡេស្ទីន​អធិបតេយ្យ​ពេញ​បរិបូរណ៍។ រឿង​នេះ​ធ្វើ​ឲ្យ​អ៊ីស្រាអែល ​កាន់តែ​មួរម៉ៅ ​ខ្លាំង​ឡើង​ផងដែរ។

នគរបាល​ស៊ើបអង្កេត​អ៊ីស្រាអែល​ កុំពុង​តែ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ​ចាក់​សម្លាប់​នៅហ្ស៊េរូសាឡឹម​ ថ្ងៃទី​៣ តុលា​ ២០១៥
នគរបាល​ស៊ើបអង្កេត​អ៊ីស្រាអែល​ កុំពុង​តែ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ​ចាក់​សម្លាប់​នៅហ្ស៊េរូសាឡឹម​ ថ្ងៃទី​៣ តុលា​ ២០១៥ AFP PHOTO / AHMAD GHARABLI

អ៊ីស្រាអ៊ែល​​ចេញ​ប្រតិបតិ្តការ​ប្រមាញ់​នៅ​ស៊ីសហ្សកដានី ​ហើយ​បិទ​ក្រុង​បូរាណ​ហ៊្សេរូសាឡឹម៖
ក្រោយ​ហេតុការណ៍​​ឃាតកម្ម​នៅ​តំបន់​ស៊ីសហ្សកដានី ​កាល​ពី​ថ្ងៃ​ទី​ ១តុលា  ​ប៉ូលីស​អ៊ីស្រាអែល ​បាន​បើក​ប្រតិបត្តិការ​​តាម​ប្រមាញ់​ជន​ដៃដល់​ពាសពេញ​តំបន់​ស៊ីសហ្សកដានី​ខាង​ជើង​តែ​ម្តង។ ប្រតិបត្តិការ​នេះ​​ វា​រិត​តែ​ធ្វើ​ឲ្យ ​ប្រជាជន​ប៉ាឡេស្ទីន ​តំបន់​ស៊ីសហ្សកដានី ​មាន​កំហឹង​ក្តៅ​ក្រហាយ​ឡើង ​ព្រោះ​ថា​តំបន់​ស៊ីសហ្សកដានី ​ជា​ដែនដី​របស់​ប៉ាឡេស្ទីន​ ​ក៏​ប៉ុន្តែ​អ៊ីស្រាអែល ​បាន​ទន្រា្ទន​ចូល ​មក​សង់​ផ្ទះ​រស់នៅ ​ឥត​ឈប់ឈរ។ ក្នុង​ប្រតិបត្តិការ​តាម​ចាប់​ឃាតករ​នេះ ​ ទាហាន​អ៊ីស្រាអែល ​បាន​បាញ់​រះ​បណ្តាល​​ ឲ្យ​រង​របួល​ធ្ងន់​ប្រជាជន​ប៉ាឡេស្ទីន​២នាក់ ហើយ​ជិត​២០នាក់​ផ្សេង​ទៀត​រង​របួស ​ដោយសារ​គ្រាប់​កាំភ្លើង​កៅស៊ូ។

ចំណែក​នៅ​ក្រុង​ហ្ស៊េរូសាឡឹម​វិញ ​អជ្ញាធរ​អ៊ីស្រាអែល ​​ទើប​បាន​សម្រេច​​នៅ​ថ្ងៃ​នេះ​ថា ​នឹង​​បិទ​មិន​ឲ្យ​ប្រជាជន​​ប៉ាឡេស្ទីន​ចូល​ទៅ​ក្នុង​ទីក្រុង​បូរាណ ​ដែល​មាន​វិហារ​ម៉ូស្កេ ​ជា​ទី​សក្ការៈ​របស់​គេ​ទេ ​ ដោយ​យក​លេស​ថា ​ខ្លាច​មាន​ការ​ប៉ះ​ទង្គិច​សា​ជាថ្មី។ តាម​ការ​ឲ្យ​ដំណឹង​ ការ​ហាមឃាត់​នេះ ​គឺ​មាន​រយៈ​ពេល​បណ្តោះ​អាសន្ន​ពីរ​ថ្ងៃ ​ ហើយ​ហាម​តែ​ទៅ​លើ​ប្រជាជន​ប៉ាឡេស្ទីន​តែ​ប៉ុណ្ណោះ។ ចំណែក​អ្នក​ទេសចរណ៍​ រឺ​ក៏​ប្រជាជន​អារ៉ាប់​អ៊ីស្រាអែល​ មិន​ត្រូវ​បាន​ហាម​ឃាត់​​ទេ។ ដោយ​ឡែក​ វិហារ​ឥស្លាម​បូរាណ ​គឺ​ត្រូវ​គេ​ហាម​មិន​ឲ្យ​មនុស្ស​ អាយុ​ក្រោម​៥០​ឆ្នាំ​ចូល​ទៅ​ទេ។

ការ​ចាត់​វិធាន​ការ​នេះ​ គឺ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ និង​រើសអើង​ណាស់​សម្រាប់​ប្រជាជន​ប៉ាឡេស្ទីន​ ជា​ពិសេស​ក្រុម​ប្រជាជន​ប៉ាឡេស្ទីន ​៣​សែន​នាក់ ​ដែល​រស់នៅ​តំបន់​ហ្សេរូសាឡឹម​ខាង​កើត ​ដែល​មាន​ទម្លាប់​ចេញ​ចូល ​មក​ធ្វើការ​បន់ស្រន់​ នៅ​​ក្នុង​ទីក្រុង​បូរាណ​នេះ។ មាន​ប្រជាជន​អ្នក​កាន់​សាសនា​អ៊ីស្លាម​ មួយ​ក្រុម​ បាន​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ច្រក​ចូល ​នៅ​ថ្ងៃ​នេះ ​ ដោយ​បាន​ថ្កោលទោស​អ៊ីស្រាអែល ថា​បាន​បំបិទ​​សិទ្ធិសេរីភាព​គោរព​ជំនឿ​សាសនា​របស់​ពួកគេ។​ប៉ូលីស​អ៊ីស្រាអែល ​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ​ ​ជា​ច្រើន​គ្រាប់​ដើម្បី​បំបែក​ក្រុម​បាតុករ។

ម្នាក់​ថែម​អុស ​​ម្ខាង​ថែម​ធ្យូង  ​ភ្លើង​ជម្លោះ​កាន់តែ​ឆាបឆេះ ៖
អ្វីៗ​​អាច​កើត​ឡើង​គ្រប់​ពេល​វេលា ​ជា​ពិសេស​ក្នុង​ជម្លោះ​ រវាង​អ៊ីស្រាអែល ​និង​ប៉ាឡេស្ទីន ​ដូច​យើង​ធ្លាប់​បាន​ដឹង​កន្លង​មក​រួច​មក​ហើយ គឺ​ថា​ ផ្តើម​ចេញ​ពី​ចំណុច​តូច​មួយ ​គឺ​វា​ក្លាយ​ជា​សង្រ្គាម​ប្រឈមមុខ​ដាក់​គ្នា​ធំ​តែ​ម្តង។ នៅ​ពីក្រោយ​អំពើ​ឃាតកម្ម​ដែល​បង្ក​ឡើង​ដោយ ​ក្រុម​សកម្មជន​ជាតិ​និយម​ប៉ាឡេស្ទីន​ គឺវា​បាន​បង្កប់​នូវសេចក្តី​ក្រេវក្រោធ ​ទ្រាំ​លែង​បាន​ ចំពោះ​អំពើ​ឈ្លានពាន​របស់​អ៊ីស្រាអែល ​មក​លើ​ដែនដី​តំបន់​ស៊ីសហ្សកដានី។ ពោល​គឺ​ជា​ការ​ធ្វើ​អាណានិគម មក​លើ​ដែនដី​ប៉ាឡេស្ទីន។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​ឥឡូវ​នេះ ​អ៊ីស្រាអែល​ បាន​បិទ​ទីក្រុង​​បូរាណ​ហ្សេរូសាឡឹម ​មិន​ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន​ចូល​ទៅ​ទៀត។ ដូច​ឆ្នេះ ​យើង​ឃើញ​ថា ​គឺ​វា​វិល​ចុះ​វិល​ឡើង ​គ្មាន​ថ្ងៃ​បញ្ចប់​ទេ។ ខាង​ប៉ាឡេស្ទីន ​ធ្វើ​ភេរវកម្ម ​ខាង​អ៊ីស្រាអែល​ធ្វើ​ប្រតិបត្តិការ​តាម​ប្រមាញ់​ឃាតករ​ ដាក់​គំនៀប​លើ​ប្រជាជន​ប៉ាឡេស្ទីន ​អញ្ចឹង​វា​រិតតែ​ធ្វើឲ្យ​​​ប៉ាឡេស្ទីន​កាន់​តែ​ខឹង ​ហើយ​នាំ​គ្នា​ធ្វើ​ភេរវកម្ម​បន្ថែម​ទៀត ​វិល​ចុះ​វិល​ឡើង​គ្មាន​ថ្ងៃ​ចប់​ទេ។

ចំណែក​ថ្នាក់​ដឹកនាំ ​ទាំង​សងខាង​ គឺ​គ្មាន​នរណា ​ជួយ​ទប់​អ្នក​ណា​ទេ​ ​គឺ​មាន​តែ​យក​សាំង​ទៅ​ចាក់​ពី​លើ​ភ្លើង​បន្ថែម​ទៀត។ ជាក់​ស្តែង ​មេ​ដឹក​នាំ​ក្រុម​ហាម៉ាស ​ប៉ាឡេស្ទីន ​នៅ​តំបន់​ហ្គាសា ​បាន​ប្រកាស​នៅ​​ថ្ងៃ​នេះ​ ​កោត​សរសើរ​ចំពោះ​វីរភាព ​ភេរវករ​ប៉ាឡេស្ទីន ​ដែល​ហ៊ាន​ពលី​ជីវិត ​យក​កាំបិត​ដើរ​សម្លាប់​ប្រជាជន​អ៊ីស្រាអែល។ ដូចគ្នា​ដែរ​ លោក ​ម៉ាមូដ ហ្សាហារ ​មេ​ដឹកនាំ​មួយ​រូប​ដ៏​សំខាន់​របស់​ប៉ាឡេស្ទីន​ បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ដែរ​ថា ​សូម​ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន ​ក្រោក​ឈរ​ឡើង​កាន់​អាវុធ​ ដើម្បី​ប្រយុទ្ធ​ជាមួយ​អ៊ីស្រាអែល។ លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល ​ទើប​បាន​ប្រកាស​ប្រជុំ​បន្ទាន់ ​ដើម្បី​ដាក់​វិធានការ​ថ្មី​បន្ថែម ​សំដៅ​ទប់​ស្កាត់ ​និង​ឆ្លើយ​តប​ រាល់​អំពើ​ភេរវកម្ម​ផ្សេង​ទៀត ​ ដែល​បង្ករ​ឡើង​ដោយ​ ក្រុម​ជ្រុល​និយម​ប៉ាឡេស្ទីន។ អ៊ីស្រាអែល ​គេ​អត់​ខ្វល់​ច្រើន​ទេ។ គេ​ចាំ​តែ​វាយ​បក​ទេ ​ព្រោះ​កម្លាំង​យោធា​គេ​ ខ្លាំង​ណាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ