អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ប៉ះទង្គិច​គ្នា​សា​ជាថ្មី នៅ​ហ្សេរូសាឡឹម​ខាងកើត

នៅ​ដើមប៉ូព៌ា នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ទី ១៣ កញ្ញា មាន​ការប៉ះទង្គិច​គ្នា​យ៉ាង​ហិង្សា រវាង​ប៉ូលិស​អ៊ីស្រាអែល និង​ក្រុម​យុវជន​ប៉ាឡេស្ទីន នៅ​ក្នុង​វិហារ​សក្តិសិទ្ធ ដែល​ស្ថិតនៅក្នុង​ទីក្រុង​បុរាណ​របស់​ហ្សេរូសាឡឹម​ខាងកើត។ ឧប្បត្តិហេតុ​នេះ​កើតឡើង នៅ​ចំពេល​ដែល​ប្រជាជន​ជ្វីហ្វ​កំពុង​រៀបចំ ពិធីបុណ្យ​ចូល​ឆ្នាំ ដែល​ត្រូវ​ចាប់ផ្តើម​នៅ យប់​ថ្ងៃ​អាទិត្យនេះ។ 

ជនជាតិ​ប៉ាឡេស្ទីន​ធ្វើ​បាតុកម្ម​ នៅ​ទីលាន​វិហារ​ នៅ​ហ្សេរូសាឡឹម ដើម្បី​ទាមទារ​ឲ្យ​អ៊ីស្រាអែល​ដោះលែង​ជនជាតិ​របស់ខ្លួន
ជនជាតិ​ប៉ាឡេស្ទីន​ធ្វើ​បាតុកម្ម​ នៅ​ទីលាន​វិហារ​ នៅ​ហ្សេរូសាឡឹម ដើម្បី​ទាមទារ​ឲ្យ​អ៊ីស្រាអែល​ដោះលែង​ជនជាតិ​របស់ខ្លួន ©REUTERS/Ammar Awad
ផ្សាយពាណិជ្ជកម្ម

ប៉ូលិស​អ៊ីស្រាអែល និង​ក្រុម​ប្រជាជន​ប៉ាឡេស្ទីន​បាន​និយាយ​ទម្លាក់​កំហុស​ដាក់​គ្នា​ទៅវិញ​ទៅមក។ យោងតាម​សាក្សី​ដែល​ជាជនជាតិ​អ៊ីស្លាម និង​ដែល​ដកស្រង់​សំដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP គឺ​ប៉ូលិស​ដែល​បាន​ចូល​ទៅ​អុកឡុក បំផ្លាញ​សំភារៈ ក្នុង​វិហារ​អ៊ីស្លាម អាល់ អាក់សា នៅ​ទីលាន​វិហារ Esplanade des Mosquées ដែល​ជា​កន្លែង​សក្ការៈបូជា សំខាន់​ទី​៣​របស់​អ្នកកាន់​សាសនា​អ៊ីស្លាម និង​សំខាន់ទី១ របស់​ជនជាតិ​ជ្វីហ្វ។

 
អ្នកនាំពាក្យ​របស់​ប៉ូលិស​អ៊ីស្រាអែល​វិញ​បាន​បដិសេធ ការចោទប្រកាន់ និង​ថា កម្លាំង​រក្សា​សណ្តាប់ធ្នាប់​អ៊ីស្រាអែល​មាន​បំណង​តែមួយ គឺ​ចង់​បិទទ្វារ​ចូល​វិហារ​អាល់ អាក់សា។ មិនមែន​មាន​ភ្លើង ដោយ​គ្មាន​ផ្សែង​នោះទេ។ ការប៉ះទង្គិច ដ៏ហិង្សា រវាង​ប៉ូលិស​អ៊ីស្រាអែល និង​បាតុករ​ប៉ាឡេស្ទីន ជាលទ្ធផល​នៃ​ភាពតានតឹង ដែល​ភាគី​ទាំងពីរ​មាន​ជាមួយ​គ្នា ពោល គឺ​បន្ទាប់ពី​ក្រសួងការពារ​ជាតិ​អ៊ីស្រាអែល ទើប​បាន​ប្រកាស​ចាត់ទុក​ចលនា យុវជន​អ៊ីស្លាម ដែល​យាម​វិហារ​អ៊ីស្លាម អាល់ អាក់សា ថា ជា​ក្រុម​ខុសច្បាប់។

តាម​សេចក្តី​ថ្លែងការណ៍​របស់​ប៉ូលិស តាំងពី​យប់​ថ្ងៃ​សៅរ៍ ចូល​ដល់​ថ្ងៃ​អាទិត្យ ចលនា​យុវជន​អ៊ីស្លាម​ទាំងនោះ ដែល​ប្តេជ្ញា ការពារ​វិហារ​អាល់ អាក់សា បាន​ដាក់​រនាំង ក្នុង​បំណង​រារាំង​ជនជាតិ​ជ្វីហ្វ​មិន​ឲ្យ​ចូល​ទស្សនា​ក្នុង​វិហារ។ ព្រឹត្តិការណ៍​នេះ​កើតឡើង នៅមុន​ពេល​ជនជាតិ​ជ្វីហ្វ ប្រារព្ធ​បុណ្យ​ចូល​ឆ្នាំ ដែល​ត្រូវ​ចាប់ផ្តើម ពី​យប់​ថ្ងៃ​អាទិត្យ រហូត​ដល់​ថ្ងៃ​អង្គារ​សប្តាហ៍ក្រោយ។ តាមប៉ូលិស​អ៊ីស្រាអែល ក្រុម​យុវជន​ដែល​បិទមុខ បាន​ចោល​ថ្ម​ទៅលើ​ប៉ូលិស ហើយ នៅពេល​បង្រ្កាប ប៉ូលិស​រកឃើញ ផងដែរ​គ្រឿងផ្ទុះ ដែល​គេ​លាក់​នៅ​មាត់ទ្វារ​ចូល​វិហារ​អ៊ីស្លាម។

វិហារ​អ៊ីស្លាម អាល់ អាក់សា ​ស្ថិតនៅក្នុង​ទីលាន​វិហារ Esplanade des Mosquées ដែល​ទាំង​ជនជាតិជ្វីហ្វ និង​អ្នកកាន់​សាសនា​អ៊ីស្លាម​ចាត់ទុក ជា​កន្លែង​សក្តិសិទ្ធិ រៀងៗខ្លួន។ យោង​ទៅតាម​Statu quo ដែល​ជាលទ្ធផល​នៃ​ជម្លោះ​អ៊ីស្រាអែល ប៉ាឡេស្ទីន ឆ្នាំ ១៩៦៧ ជនជាតិ​ជ្វីហ្វ និង​អ្នក​ជឿ​សាសនា​អ៊ីស្លាម​មាន​សិទ្ធិ​ចូល​ទៅក្នុង​ទីលាន​វិហារ​ Esplanade des Mosquées ប៉ុន្តែ មាន​តែ​អ្នកកាន់​សាសនា​អ៊ីស្លាម​ទេ ដែល​អាចធ្វើ​ពិធី​សូត្រធម៌ ចំណែក​ជនជាតិ​ជ្វីហ្វ​ត្រូវ​បាន​ហាមដាច់ខាត​ពី​ខាង​ក្រសួង​ការពារ​ជាតិ​អ៊ីស្រាអែល។ សូមបញ្ជាក់ថា ហ្សេរូសាឡឹម​ខាងកើត ជា​ទឹកដី​រស់នៅ​ភាគច្រើន​របស់​ប្រជាជន​ប៉ាឡេស្ទីន ប៉ុន្តែ ស្ថិតនៅក្រោម​ការគ្រប់គ្រង​ដ៏ចម្រូងចម្រាស​របស់​អ៊ីស្រាអែល។ នៅរាល់​ការចរចា ជាមួយ អ៊ីស្រាអែល អាជ្ញាធរ​ប៉ាឡេស្ទីន​នៅតែ​ទាមទារ ចង់​បាន​ហ្សេរូសាឡឹម​ខាងកើត មក​ធ្វើ​ជា​រដ្ឋធានី​របស់​ខ្លួន ទៅ​ថ្ងៃ​អនាគត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ