អានតួអត្ថបទ

អាមេរិក​​សម្រុក​វាយប្រហារតាម​ផ្លូវអាកាស​លើ​​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅស៊ីរី​និង​អ៊ីរ៉ាក់

ជនស៊ីវិល​រាប់​រយ​នាក់​កំពុង​នាំ​គ្នា​​​រត់​ចេញ​ពី​តំបន់​ហ្វាលូចា Fallouja ប្រទេស​អ៊ីរ៉ាក់ ក្នុង​ខណៈ​ដែល​សម្ព័ន្ធ​មិត្ត​អន្តរជាតិ​​ ដឹក​នាំ​ដោយ​អាមេរិក សម្រុក​វាយប្រហារផ្លូវ​អាកាស​លើ​ពួក​ជីហាត​នៃ​អង្គការ​រដ្ឋ​អ៊ីស្លាម​ នៅ​ក្នុង​ខេត្ត​នេះ និង​នៅ​ខេត្ត​រ៉ាខា ប្រទេស​ស៊ីរី។ កម្លាំង​សម្ព័ន្ធ​មិត្ត​បង្កើន​ការ​វាយប្រហារ​ផ្លូវអាកាស​ដើម្បី​ជួប​ទាហាន​អ៊ីរ៉ាក់ ឱ្យ​ដណ្តើម​ទីតាំង​​ ពី​កណ្តាប់​ដៃ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​មកវិញ។

កងទ័ព​អ៊ីរ៉ាក់​បើក​សមរភូមិ​នៅហ្វាលូហ្សា​ ប្រឆាំង​នឹង​អង្គការ​រដ្ឋ​អ៊ីស្លាម ដោយ​មាន​ជំនួយ​ផ្លូវ​អាកាស​ពី​អាមេរិក
កងទ័ព​អ៊ីរ៉ាក់​បើក​សមរភូមិ​នៅហ្វាលូហ្សា​ ប្រឆាំង​នឹង​អង្គការ​រដ្ឋ​អ៊ីស្លាម ដោយ​មាន​ជំនួយ​ផ្លូវ​អាកាស​ពី​អាមេរិក AHMAD AL-RUBAYE / AFP
ផ្សាយពាណិជ្ជកម្ម

ហ្វាលូចា ស្ថិត​នៅ​ចម្ងាយ​តែ​ប្រមាណ​៥០​គីឡូម៉ែត្រ​ពី​រដ្ឋ​ធានី​បាតដាត​ប៉ុណ្ណោះ ហើយ​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម តាំង​ពី​ឆ្នាំ​២០១៤​មក។ ដើម្បីជួយ​កងទ័ព​អ៊ីរ៉ាក់ ឱ្យ​ចង់​ដណ្តើម​​ក្រុង​នេះ​មក​វិញ ទើប​​បាន​ជា​កងទ័ព​សម្ព័ន្ធ​មិត្ត​អន្តរជាតិ សម្រុក​បើក​យុទ្ធនាការ​ផ្លូវការ​ជា​ជំនួយ តាំង​ពីបួន​ថ្ងៃ​​មក ដោយ​ទម្លាក់​គ្រាប់បែក​ ពី​លើ​អាកាស​​ជាង​២០​គ្រាប់ អម​ជាមួយ​ការ​បាញ់​កាំភ្លើង​ធំ​​យ៉ាង​សន្ធាប់​លើ​តំបន់​នេះ។ ឯពួក​អង្គការរដ្ឋអ៊ីស្លាម​​ នៅ​តែ​ខ្លាំង និងទប់​ទល់​​បាន ដោយ​​ប្រើ​មធ្យោបាយ​​បំផ្ទុះ​រថយន្ត បំផ្ទុះ​គ្រាប់​បែក​អត្តឃាត និង​ការ​លាក់​ខ្លួន​ចាំ​បាញ់​ឆ្មក់។

 
ជា​លទ្ធផល​ មេកើយ​ជីហាត​ម្នាក់​នៅ​ហ្វាលូចា បាន​ស្លាប់ និង​កម្ចាត់​​​យុទ្ធជន​អ៊ីស្លាម​ជីហាត​រដ្ឋ​អ៊ីស្លាម បាន​ជាង​៧០​នាក់ទៀត។ ប៉ុន្តែ​ជនស៊ីវិល​​ជា​អ្នក​រង​គ្រោះខ្លាំង និងអាច​​ត្រូវ​បាន​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ប្រើ​​​ជា​ខែល​សម្រាប់​ការពារ។ បើ​តាម​អង្គការ​សហប្រជាជាតិ មាន​ជនស៊ីវិល​ប្រមាណ​៨០០​នាក់ បាន​សម្រុក​គេច​ខ្លួន​ចេញ​ពី​តំបន់​សមរភូមិ​ហ្វាលូចា​រួច។ យ៉ាង​ហោច​ជាង​៥​ម៉ឺន​នាក់​ផ្សេង​ទៀត កំពុង​ជាប់​កុន​ ក្នុង​​លក្ខខណ្ឌ​រស់​នៅ​យ៉ាង​លំបាក​លំបិន ​ខ្វះ​ស្បៀង​អាហារ​ និង​ថ្នាំ​សង្កូវ គ្រប់​យ៉ាង។
 

ជនស៊ីវិល​ប្រមាណ​៨​រយ​នាក់​​បាន​រត់​គេច​រួច​ពី​សមរភូមិ Falloujah
ជនស៊ីវិល​ប្រមាណ​៨​រយ​នាក់​​បាន​រត់​គេច​រួច​ពី​សមរភូមិ Falloujah AFP/Moadh al-Dulaimi

ទន្ទឹម​នឹង​ការ​វាយប្រហារ​ខ្លាំង​នៅ​អ៊ីរ៉ាក់ សម្ព័ន្ធមិត្ត​អន្តរជាតិ​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក ក៏​បានបើក​និង​​​បង្កើន​ប្រតិបត្តិការ​ នៅ​ខេត្ត​រ៉ាខា​ ទីតាំង​សំខាន់​​ជាង​គេ​របស់​ពួក​អង្គការ​រដ្ឋអ៊ីស្លាម​ នៅ​ប្រទេស​ស៊ីរី ដើម្បី​បើក​ផ្លូវ​ឱ្យ​កម្លាំង​អារ៉ាបនិង​គួដ​ ទៅ​សង្គប់​ពួក​អង្គការ​រដ្ឋអ៊ីស្លាម។ ប៉ុន្តែ​កម្លាំង​សម្ព័ន្ធ​អារ៉ាប​គួដ​ មិន​ទាន់​ព្រម​បើក​​យុទ្ធនការ​ផ្លូវគោក​រួម​គ្នា​នៅ​ឡើយ​ទេ។

សហគមន៍​អន្តរជាតិ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំងចំពោះ​ជោគវាសនា​របស់​ជនស៊ីវិល​ ដែល​ធ្លាក់​ក្នុង​អន្ទាក់​នៃ​ការ​ប្រយុទ្ធ​គ្នា។ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ត្រូវ​ពិភាក្សាគ្នា​ជា​ថ្មី​អំពីមហន្តរាយ​មនុស្សធម៌​នៅ​ស៊ីរី ដែល​មាន​ជនស៊ីវិល ជាង​២៨​ម៉ឺន​នាក់​បាន​ស្លាប់ និង​រាប់​លាន​នាក់​ត្រូវ​រត់​ភៀស​ខ្លួន គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១១​មក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ