អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

អ៊ីស្រាអែល​​ស្ថិត​ក្នុង​សភាពការ​ប្រុងប្រយ័ត្ន​ដ៏​ខ្ពស់​បំផុត​នៅ​មុន​ពិធី​បុណ្យ​សាសនា​ជ្វីវ​

នៅ​មុន​ពិធី​បុណ្យ​សាសនា​ជ្វីវ​ឈ្មោះ​Yom Kippour ឬ​”ការ​អភ័យទោស​ដ៏​ធំធេង”​ដែល​ត្រូវ​​ចាប់​ផ្តើម​នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ ​អ៊ីស្រាអែល កំពុង​ស្ថិត​ក្នុង​សភាពការ​ប្រុងប្រយ័ត្ន​ដ៏​ខ្ពស់​បំផុត។ ស្របគ្នានេះ កង​កម្លាំង​អ៊ីស្រាអែល បាន​ធ្វើ​ការ​ព័ទ្ធចាប់​ជន​​ប៉ាឡេស្ទីន​រាប់​សិប​នាក់ បន្ទាប់ពី​មាន​អំពើ​ភេរវកម្ម​ដ៏​ហិង្សា​មួយ​នៅ​ក្រុងJérusalem ខាង​កើតរួចមក។ 

ទាហានអ៊ីស្រាអែល​ប្រតិបត្តិការ​យាមល្បាត​នៅ​ក្នុង​តំបន់​អាណានិគម​មួយនៅ​ Kiryat Arba​​ថ្ងៃ​៣០​មិថុនា​២០១៦​.
ទាហានអ៊ីស្រាអែល​ប្រតិបត្តិការ​យាមល្បាត​នៅ​ក្នុង​តំបន់​អាណានិគម​មួយនៅ​ Kiryat Arba​​ថ្ងៃ​៣០​មិថុនា​២០១៦​. MENAHEM KAHANA / AFP
ផ្សាយពាណិជ្ជកម្ម

ការ​ផ្ទុះ​ឡើង​អំពើ​ហិង្សា​ជា​ថ្មី​នេះ ជម្រុញ​ឲ្យ​ប្រជាជន​អ៊ីស្រាអែល មាន​ការ​ភ័យ​ខ្លាច​យ៉ាង​ក្រៃលែង​​ខណៈពេល​ដែល​ពិធី​បុណ្យ​ធំៗ​របស់​សាសនា​ជ្វីវ​បាន​ខិត​មក​ដល់។

ដោយហេតុថា​ ជន​ប៉ាឡេស្ទីន​ម្នាក់​អាយុ​៣៩​ឆ្នាំ បាន​សម្លាប់​ជន​ចូល​និវត្តន៍​អ៊ីស្រាអែល​មួយ​រូប​អាយុ​៦០​ឆ្នាំ​និង​ប៉ូលីស​ម្នាក់​អាយុ​២៩​ឆ្នាំ​នៅ​ក្រុង Jérusalem ខាង​កើត ប៉ែក​ខាង​ប៉ាឡេស្ទីន​ដែល​ស្ថិត​នៅ​ក្រោម​ការ​កាន់កាប់​របស់​អ៊ីស្រាអែល។ មិនតែប៉ុណ្ណោះ ក៏​មាន​ជន​អ៊ីស្រាអែល​៥​នាក់​ផ្សេង​ទៀត ត្រូវ​រង​របួសដែរ​​នៅ​មុន​ពេល​ដែល​ជន​បង្ក​ហេតុ ត្រូវ​បាន​ទាហាន​អ៊ីស្រាអែល​បាញ់​សម្លាប់។

 

ចាប់​តាំង​ពី​ការ​វាយប្រហារ​នោះ​មក ជន​ប៉ាឡេស្ទីន​រាប់​សិប​នាក់ ត្រូវ​បាន​កងកម្លាំង​ប៉ូលីស​អ៊ីស្រាអែល​ចាប់​ខ្លួន​នៅ​Jérusalem ខាង​កើត ក្នុង​នោះក៏​​មាន​​សមាជិក​នៃ​ក្រុមគ្រួសារ​របស់​ជន​​បង្ក​​ការវាយប្រហារ​ ប្រជាជន​ប៉ាឡេស្ទីន​ដែល​ចង់​អបអរ​សាទរ​ចំពោះ​កាយវិការ​របស់​ភេរវជន​​និង​ជន​ប៉ាឡេស្ទីន​ផ្សេងៗ​ទៀត​ដែល​ជាប់​ចោទ​ពី​បទ​គប់​ដុំ​ថ្ម​និង​ដប​បង្ក​អគ្គីភ័យ​​ប្រឆាំង​​ទៅ​លើ​ប៉ូលីស​អ៊ីស្រាអែល​នា​ពេល​ប៉ះ​ទង្គិច​អាវុធ។

ម្យ៉ាងទៀត ក៏​មាន​ជន​ប៉ាឡេស្ទីន ១៦​នាក់​ផ្សេង​ទៀត​ ត្រូវ​បាន​ប៉ូលីសអ៊ីស្រាអែល ចាប់​ខ្លួន​នា​ពេល​​យប់​នៅ ​Cisjordanie  ដែនដី​ជាប់​គ្នា​នឹង​ទីក្រុង​Jérusalem និង​​ស្ថិត​នៅ​ក្រោម​ការ​កាន់​កាប់​​របស់​អ៊ីស្រាអែល។ ទោះបី​ជា​អំពើ​ភេរវកម្ម​ពិត​​ឬ​​ក៏​មិនពិត​​ក្តី ​ក៏​ទាហាន​អ៊ីស្រាអែល តែងតែ​ប្រតិបត្តិ​ការ​​​ចាប់​ខ្លួន​ជន​ប៉ាឡេស្ទីន​ជា​រឿយៗ​នៅ​ Cisjordanie និង​​បាន​អះអាង​ដែរ​​ថា “ប៉ូលីសអ៊ីស្រាអែល​ បាន​​កំទេចបំផ្លាញ​​​រោង​ជាង​ផលិត​អាវុធ​មួយ​កន្លែង​ដែរ។

គួររំលឹកថា កាលពី​ឆ្នាំ​២០១៥ ពិធី​បុណ្យសាសនា​ជ្វីវ​ ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្នុងបរិបថ​មួួយ​​ដ៏​សែន​តានតឹង​​ និង​​​បាន​ចាប់​ផ្តើម​ឡើងក្រោម​ឥទ្ធិពល​នៃអំពើ​ហិង្សា​ដែល​​នៅ​តែ​​មាន​កំសួល​ខ្លាំង​រហូត​មក​ទល់​ពេល​នេះ។ ចាប់​តាំ​ងពី​ថ្ងៃ​ទី​១​តុលា​២០១៥មក  អំពើ​ហិង្សា​នៅ​Jérusalem ​ក្នុង​​ដែនដី​ប៉ាឡេស្ទីន​និង​អ៊ីស្រាអែល បាន​សម្លាប់​ជីវិត​ជន​ជាតិ​ប៉ាឡេស្ទីន​ចំនួន​២៣២​នាក់ ជន​ជាតិ​អ៊ីស្រាអែល​៣៦​នាក់​ជនជាតិ​អាមេរិក ពីរ​រូប​​ ជនជាតិ Erythré ​ម្នាក់​​និង​ជនជាតិ​ស៊ូដង់​ម្នាក់-​នេះ​បើ​យោង​តាម​តុល្យាការ​របស់​ទីភ្នាក់ងារព័ត៌មាន​បារាំង ​AFP ។

ហើយ​ជនជាតិ​ប៉ាឡេស្ទីន​​​ដែល​​​ស្លាប់​នោះ ភាគ​ច្រើន​ជា​មេ​ក្លោង​បង្ក​ការវាយប្រហារ​​ឬ​ក៏​​ជាប់​សង្ស័យ​​នៅ​ក្នុង​​អំពើភេរវកម្ម​​ជាដើម។

ម្យ៉ាងទៀត ប៉ូលីស​អ៊ីស្រាអែល ទើប​បាន​ជូន​ដំណឹងដែរ ​អំពី​ការ​ដាក់​ពង្រាយ​ប៉ូលីស​ជា​បន្ថែម​ទៀត​នៅ​ Jérusalem និង​នៅ​អីស្រាអែល ​ជាពិសេស​នៅ​ក្នុង​ទីក្រុង​ចំណាស់​និង​នៅតាម​​ទី​កន្លែង​​​សក្ការៈ​​ចំនួន​៣០០០​នាក់​ទៀត ដើម្បី​រក្សា​ការពារ​សន្តិសុខ​របស់​ប្រជាជន​ខ្លួន​នៅ​​ក្នុង​ពេល​​​បុណ្យ​សាសនា​ជ្វីវ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ