អានតួអត្ថបទ
អ៊ីរ៉ាក់-អាមេរិក​-អង្គការអ៊ីស្លាមជីហាត

ខួប​១០​ឆ្នាំ​នៃ​ការ​ព្យួរក​លោក ​Saddam Hussein ​អតីត​​​មេ​ដឹកនាំ​ផ្តាច់ការ​អ៊ីរ៉ាក់​

ថ្ងៃ​ទី ៣០ ធ្នូ ជា​ថ្ងៃ​ខួប​១០​ឆ្នាំ​ដែល​អតីត​មេ​ដឹកនាំ​អ៊ីរ៉ាក់ លោក​សាដាម ហ៊ូសេន ត្រូវ​គេ​ព្យួរក នៅ​ក្រោយ​ការ​ចូល​វាយ​ឈ្លានពាន​របស់​កងទ័ព​អាមេរិក​នៅ​អ៊ីរ៉ាក់។ ១០​ឆ្នាំ​ក្រោយពី​ការ​ប្រហារ​ជីវិត​អតីត​មេ​ដឹក​នាំ​អ៊ីរ៉ាក់​នេះ​មក​ ប្រទេស​អ៊ីរ៉ាក់​នៅ​តែ​ញាំញី​ដោយ​ការ​បែង​ចែក​នយោបាយ​និង​និកាយ​សាសនា​ដែល​ជម្រុញ​ឲ្យ​អ៊ីរ៉ាក់ កាន់​តែ​ផុង​ជ្រៅ​ទៅៗ​នៅ​ក្នុង​សង្គ្រាម​​​រហូត​មក​ទល់​ពេល​​នេះ។​ 

ការ​ទម្លាក់​រូប​ចម្លាក់​មេដឹក​នាំ​អៀរ៉ាក់ Saddam Hussein
ការ​ទម្លាក់​រូប​ចម្លាក់​មេដឹក​នាំ​អៀរ៉ាក់ Saddam Hussein © Reuters
ផ្សាយពាណិជ្ជកម្ម

 

ខណៈពេល​ដែល​មេ​ផ្តាច់ការ​អ៊ីរ៉ាក់ Saddam Hussein ត្រូវ​គេ​ព្យួរក​នៅ​​ក្រុង​បាកដាត​ថ្ងៃ​ទី​៣០​ធ្នូ​២០០៦​មក ទាំង​ប្រធានាធិបតី​​លោក​George W Bush​និង​មតិ​សាធារណៈ​អាមេរិក បាន​ដឹង​ខ្លួន​រួច​ជា​ស្រេច​ទៅ​ហើយ​ថា “ការ​លុកលុយ​ឈ្លានពាន​របស់​អាមេរិក​នៅ​អ៊ីរ៉ាក់ ពុំ​បាន​ផ្តល់​លទ្ធផល​​ដូច​ដែល​ខ្លួន​ប្រាថ្នា​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ អំពើ​ហិង្សា​នៅ​អ៊ីរ៉ាក់ កាន់តែ​ធ្លាក់​ចុះ​ដុនដាប​ទៅៗ។ ចំណែក កងទ័ព​អាមេរិក​វិញ ​បាន​បាត់បង់​ជីវិត​អស់​យ៉ាង​សម្បើម​​ប្រមាណ​ជា​៣០០០​នាក់​នៅ​ក្នុង​សង្គ្រាម​នេះ។

១០​ឆ្នាំ​ក្រោយ​មក រដ្ឋបាល​អាមេរិក​ដែល​នឹក​ស្រម័យ​ចង់​ឃើញ​ពន្លក​លទ្ធិ​ប្រជាធិបតេយ្យ​មួយ​លេច​ចេញ​ជា​រូបរាង​នៅ​អ៊ីរ៉ាក់​នោះ នៅតែ​ពុំទាន់​បាន​សម្រេច​ជោគជ័យ​​នៅ​ឡើយ​ទេ​នៅ​ក្នុង​ការ​លុប​បំបាត់​អំពើ​ហិង្សា​រវាង​និកាយ​សាសនា​​ដែល​កាន់តែ​រីករាលដាល​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។

ម្យ៉ាងទៀត ដោយសារតែ​កំហឹង​របស់​សហគមន៍​ភាគ​តិច​និកាយ​ស៊ុននីត​នៅ​ក្នុង​ការ​ប្រឆាំង​ទល់​នឹង​រដ្ឋាភិបាល​ដែល​ត្រួតត្រា​ដោយ​ក្រុម​​និកាយ​ស៊ីអ៊ីត​ដែល​មាន​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស ​ជំរុញ​ឲ្យ​កកើត​មាន​ឡើង​ក្រុម​រដ្ឋអ៊ីស្លាម​និន្នាកា​ជ្រុល​និយម​ដែល​ក្នុង​នោះ កម្លាំង​មួយ​​ភាគ​គឺ​ជា​អតីត​កងទ័ព​របស់​លោក​Saddam Hussein។​

ដោយ​សារ​តែ​សង្គ្រាម​យាយី​របស់​រដ្ឋអ៊ីស្លាម​ជ្រុលនិយម​នេះ​ហើយ ដែល​អាមេរិក​នៅ​តែ​បន្ត​ដាក់​ពង្រាយ​កងទ័ព​ខ្លួន​ចំនួន​ជាង​៥០០០​នាក់​នៅ​លើទឹកដី អ៊ីរ៉ាក់​តទៅទៀត​ ដើម្បី​ជួយ​គាំទ្រ​ដល់​កងទ័ព​អ៊ីរ៉ាក់​​ដែល​នៅ​ពុំ​ទាន់​មាន​សមត្ថភាព​ពេញ​លេញ​នៅ​ក្នុង​​សង្គ្រាម​ប្រយុទ្ធ​ប្រឆាំង​ទល់​​នឹង​ពួក​រដ្ឋ​អ៊ីស្លាម​ជីហាត។

នៅ​ក្នុង​សង្គម​អាមេរិក​វិញ ​ស្នាម​របួស​ដោយ​សង្គ្រាម​នៅ​អ៊ីរ៉ាក់ នៅ​តែ​ដិត​ដាម​ជាប់​និង​រស់​រវើក​ជានិច្ច៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ