អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

តុលាការ​​​​អ៊ីស្រាអែល​សម្រេច​ឲ្យ​កូនទាហាន​ម្នាក់ជាប់​​ពិរុទ្ធ​​ពី​​បទ​​បាញ់​​​សម្លាប់​​ជន​ប៉ាឡេស្ទីន​​​

នៅ​អ៊ីស្រាអែល​កាលពី​​ថ្ងៃ​ពុធ​ម្សិលមិញ ​តុលាការ​យោធា​មួយ បាន​សម្រេច​ឲ្យ​​ទាហាន​អ៊ីស្រាអែល​ម្នាក់​ឈ្មោះ Elor Azaria ​អាយុ​២០​ឆ្នាំ​និង​ដើម​កំណើត​បារាំង ជាប់​ពិរុទ្ធ​ពី​បទ​បាន​បាញ់​សម្លាប់​​ជន​ជាតិ​ប៉ាឡេស្ទីន​មួយ​រូប​ដែល​រងគ្រោះ​នៅ​ដេក​ស្តូក​ស្តឹង​លើ​ដី​មិន​ទាន់ស្លាប់។

ទាហានអ៊ីស្រាអែល​​ដើមកំណើតជនជាតិ​បារាំង Elor Azaria ​.
ទាហានអ៊ីស្រាអែល​​ដើមកំណើតជនជាតិ​បារាំង Elor Azaria ​. REUTERS/Heidi Levine/Pool
ផ្សាយពាណិជ្ជកម្ម

តុលាការ​យោធា​អ៊ីស្រាអែល​កាលពី​ម្សិលមិញ​ ទើប​សម្រេច​អោយ​ពលបាលត្រី Elor Azaria ជាប់​ពិរុទ្ធ​ពី​បទ​បាញ់​សម្លាប់​ជនជាតិ​ប៉ាឡេស្ទីន​ម្នាក់។ ក៏ប៉ុន្តែ​តុលាការ​ត្រូវ​​រង់ចាំ​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍​ខាង​មុខ​ទៀត​មុន​នឹង​ប្រកាស​ទោស​របស់ Elor Azaria ទោស​ដែល​អាច​នឹង​​ត្រូវ​ជាប់​ក្នុង​ពន្ធនាគារ​រហូត​ដល់​ទៅ​២០​ឆ្នាំ។

 
ទាហាន​អ៊ីស្រាអែល​​នេះ ត្រូវ​បាន​តុលាការ​យក​មក​ជំនំ​ជំរះ​តាំង​ពី​ខែ​ឧសភា​ឆ្នាំ​២០១៦​​ម្ល៉េះ ពី​បទ​បាន​បាញ់​សម្លាប់​ជន​ប៉ាឡេស្ទីន​ម្នាក់​ដែល​រង​គ្រោះ​ដេក​ស្តូកស្តឹង​នៅ​​លើ​ដី​តែ​មិន​ទាន់​ស្លាប់ បន្ទាប់​ពី​ជន​នេះ​បាន​ប្រើ​កាំបិត​ប្រឆាំង​ទៅ​លើ​ក្រុម​ទាហាន​អ៊ីស្រាអែល។

ការ​ជំនំជំរះ​ទោស​លើ​ទាហាន​​វ័យ​ក្មេង​នេះ ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​អ៊ីស្រាអែល ប្រតិកម្ម​​ថា ជា​ការ​កាត់​ទោស​មួយ​ពុំ​គួរ​ត្រូវធ្វើ​ឡើង​សោះ ពីព្រោះ Elor Azaria ​​ជា​កូន​ចៅ​​អ៊ីស្រាអែល ហើយ​អ៊ីស្រាអែល​គួរតែ​ចាត់​វិធានការ​ដាក់​វិន័យ​នៅ​ក្នុង​រង្វង់​អង្គភាព​របស់​ទាហាន​រូប​នេះ។

សូមបញ្ជាក់ថា នៅ​ពេល​ដែល​តុលាការ​យោធា សម្រេច​អោយ​កូន​ទាហាន​នេះ​ជាប់​ពិរុទ្ធ ​ក៏​មាន​ការ​ប៉ះ​ទង្គិច​គ្នា​មួយដែរ​​​រវាង​ក្រុម​យុវជន​​ដែល​គាំទ្រ Elor Azaria ​រាប់​សិប​នាក់​តទល់​និង​កង​កម្លាំង​រក្សា​សណ្តាប់​ធ្នាប់​ដែល​បាន​ការពារ​នៅ​ទី​កន្លែង​តុលាការ​យោធា។

យោង​តាម​ប៉ូលីស​អ៊ីស្រាអែល ជន​​ពីរ​នាក់​ត្រូវ​បាន​ប៉ូលីស​ចាប់​ខ្លួន។ ចំណែក​ក្រុម​អ្នក​គាំទ្រ​ទាហាន​អ៊ីស្រាអែល បាន​នាំ​គ្នា​លើក​ប័ណ្ឌ​ប្រកាស​មួយ​ដែល​សរសេរ​ជា​ពាក្យ​ពេជន៍​ថា “​ប្រជាជន​អ៊ីស្រាអែល​មិន​បោះបង់​ចោល​ទាហាន​របស់​ខ្លួន​ឡើយ។ រីឯ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីស្រាអែល លោក​ Avigdor Lieberman វិញ​​នៅ​មុន​ពេល​ឡើង​កាន់​មុខ​តំណែង​ ធ្លាប់​បាន​បញ្ជាក់​ពី​ការ​គាំទ្រ​របស់​លោក​ចំពោះ​កូន​ទាហាន​​នេះ ​ដោយ​លោក​បាន​ចូល​អង្គុយ​តាម​ដាន​ស្តាប់​ការ​ជំនំ​ជម្រះ​​តាំង​តែ​ពី​លើក​តំបូង​ម្ល៉េះ។ ប៉ុន្តែ​ចាប់​តាំងពី​លោក​បាន​ឡើង​កាន់​មុខ​តំំណែង​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​មក លោក​បាន​ថ្លែង​បញ្ចាក់​ថា​លោក​ពុំ​សប្បាយចិត្ត​ទាល់​តែសោះ​ចំពោះ​​ការ​ជំនំជំរះ​ទោស​នេះ​។ ​លោក ថែមទាំង​​បាន​អំពាវនាវ​សុំ​ឲ្យ​ប្រជាជន​អ៊ីស្រាអែល​គោរព​ ចំពោះ​ការ​សម្រេចនានា​​របស់​តុលាការ​យោធា​និង​អំពាវនាវ​ឲ្យ​ប្រជាជន​ខ្លួន​​មាន​អំណត់​អត់ធ្មត់ ​ដោយ​សុំ​​ឲ្យ​ក្រុម​អ្នក​នយោបាយ បិទ​​បញ្ចប់​នូវ​ការ​បង្ក​រករឿង​ជាមួយ​បណ្តា​​​មន្ត្រី​ទទួល​បន្ទុក​ក្រសួង​សន្តិសុខ កងទ័ព​និង​មេ​បញ្ជាការ​កងទ័ព​របស់​ខ្លួន។

គួរបញ្ជាក់ថា អ៊ីស្រាអែល ជាញឹកញាប់​តែងតែ​ត្រូវ​ទទួល​រង​ការ​វាយប្រហារ​ពី​សំណាក់​ក្រុម​ជន​ប៉ាឡេស្ទីន។ ​ហើយ​កងទ័ព​អ៊ីស្រាអែល​គឺ​ជា​ស្ថាប័ន​គន្លិះ​មួយ​​នៅ​ក្នុង​ប្រទេស។ ក្នុង​ន័យ​នេះហើយ បាន​ជា​​ប្រជាជន​អ៊ីស្រាអែល​រាប់​សិប​ពាន់​នាក់ ពួត​ដៃ​គ្នា​ដើម្បី​ធ្វើការ​គាំទ្រ​​ចំពោះ ពលបាលត្រី Elor Azaria នៅ​ឱកាស​ធ្វើបាតុកម្មនានា​និង​នៅ​តាម​បណ្តាញ​សង្គម​ជាដើម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ