អ៊ីស្រាអែលបិទច្រកព្រំដែនជាមួយអេហ្ស៊ីប រុកកែតមួយគ្រាប់បានធ្លាក់នៅចូលក្នុងទឹកដីអ៊ីស្រាអែល
ក្រោយពីអំពើភេរវកម្មផ្ទួនៗបង្កដោយពួកអ៊ីស្លាមជីហាតប្រឆាំងទៅលើវិហារគ្រឹស្តសាសនានៅអេហ្ស៊ីបក្នុងក្រុងTanta និង Alexandrie កាលពីថ្ងៃអាទិត្យ៩មេសាមក អ៊ីស្រាអែល កំពុងស្ថិតក្នុងភាពប្រុងជើងការណ៍ដ៏ម័តធ្យ័តខ្ពស់បំផុត។ ជាពិសេសនៅខណៈពេលប្រារព្ធបុណ្យ Pâque ពេញមួយសប្តាហ៍នេះ អ៊ីស្រាអែល បានសម្រេចចិត្តបិទច្រកTaba កាលពីម្សិលមិញ តំបន់ព្រំដែនជាមួយអេហ្ស៊ីប ដោយការបារម្ភខ្លាចមានការវាយប្រហារនានាក្នុងពេលឆាប់ៗនេះពីសំណាក់ក្រុមជីហាត។ តែបន្ទាប់ពីការជូនដំណឹងនេះបានតែ២ឬ៣នាទីប៉ុណ្ណោះ ស្រាប់តែរុកកែតមួយគ្រាប់ផ្លោងចេញពីតំបន់ Sinaï បានធ្លាក់នៅក្នុងទឹកដីអ៊ីស្រាអែលដែរ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៤១
អ៊ីស្រាអែល បានប្រកាសសញ្ញាអាសន្នដោយការវាយប្រហារមីស៊ីល ក្រោយពីខ្លួនបានជូនដំណឹងកាលពីថ្ងៃចន្ទម្សិលមិញតែ ២ឬ៣នាទីប៉ុណ្ណោះនៅក្នុងការបិទច្រកចេញចូលនៅ Taba ជាប់ព្រំដែនជាមួយអេហ្ស៊ីប។ ដោយរុកកែតមួយគ្រាប់ដែលបាញ់ចេញពីតំបន់ Sinaï អេហ្ស៊ីប បានធ្លាក់ចូលទៅក្នុងដែនដីអ៊ីស្រាអែលក្នុងតំបន់ Eshkol ជាប់ព្រំដែនជាមួយអេហ្ស៊ីបនិងដែនដី Gaza តែពុំបានបណ្តាលឲ្យមានអ្នករងរបួសណាម្នាក់ទេដោយហេតុ តែរុកកែតនោះ បានធ្លាក់ទៅលើវាលចំការ។
យោងតាមកងទ័ពអ៊ីស្រាអែល គ្រាប់មីស៊ីលនោះ ប្រហែលជាបាញ់ចេញពីតំបន់ Sinaï។ ដោយការបារម្ភខ្លាចមានការវាយប្រហារជិតមកដល់នៅក្នុងតំបន់ អាជ្ញាធរអ៊ីស្រាអែល បានសម្រេចចិត្តបិទច្រកនៅTaba ជាប់ព្រំដែនជាមួយអេហ្ស៊ីបកាលពីថ្ងៃចន្ទម្សិលមិញ ចំពោះប្រជាជនអ៊ីស្រាអែល ណាដែលមានបំណងចង់ធ្វើដំណើរចេញទៅកាន់តំបន់Sinaï អេហ្ស៊ីប។មិនតែប៉ុណ្ណោះ អាជ្ញាធរអ៊ីស្រាអែលថែមទាំងបានអំពាវនាវឲ្យប្រជាជនខ្លួនដែលកំពុងស្ថិតនៅតំបន់ Sinaïនោះ វិលត្រឡប់ចូលមកក្នុងប្រទេសជាបន្ទាន់វិញតាមច្រកចូល Taba នេះ។
តែវិធានការហាមពលរដ្ឋអ៊ីស្រាអែលមិនអោយធ្វើដំណើរចេញក្រៅប្រទេសតាមច្រក Taba នោះ នឹងត្រូវបន្តរហូតដល់ថ្ងៃទី១៨មេសាខាងមុខ។
សេចក្តីសំរេចចិត្តរបស់រដ្ឋអ៊ីស្រាអែលក្នុងការបិទច្រកព្រំដែននេះ គឺដោយសារអ៊ីស្រាអែល បានព័ត៌មានដ៏ជាក់លាក់មួយបញ្ជាក់ពីផែនការវាយប្រហាររបស់ពួកអ៊ីស្លាមជីហាតក្នុងការប្រឆាំងទល់នឹងប្រជាជនអ៊ីស្រាអែលនៅ Sinaï ជាពិសេសការវាយប្រហារភេរវកម្មនាពេលឆាប់ៗខាងមុខប្រឆាំងទៅលើពួកអ្នកទេសចេរនៅតំបន់ Sinaï រួមទាំងពលរដ្ឋអ៊ីស្រាអែលផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ