អានតួអត្ថបទ
អ៊ីស្រាអែល-អេហ្ស៊ីប

អ៊ីស្រាអែល​ជម្លៀស​មន្រ្តីទូត​ចេញពី​អេហ្ស៊ីប ក្រោយពី​ស្ថានទូត​រង​ការ​វាយប្រហារ

នៅយប់ថ្ងៃ​សុក្រ ទី៩ កញ្ញា ២០១១​នេះ ស្ថានទូត​អ៊ីស្រាអែល​ប្រចាំ​ទីក្រុង​គែរ ប្រទេស​អេហ្ស៊ីប ត្រូវទទួលរង​នូវការ​វាយប្រហារ​ពី​សំណាក់​បាតុករ​ប្រឆាំង​អ៊ីស្រាអែល។ ឯកអគ្គរដ្ឋទូត ព្រមទាំង​បុគ្គលិក​ស្ថានទូត​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​អេហ្ស៊ីប​តាមរយៈ​យន្តហោះ​យោធា។ លោក​អូបាម៉ា​បាន​សម្តែង​នូវការ​ព្រួយបារម្ភ​ចំពោះ​វិបត្តិ​ការទូត​រវាង​អ៊ីស្រាអែល និង​អេហ្ស៊ីប​នេះ។

បាតុករ​អេហ្ស៊ីប​នាំគ្នា​វាយបំបាក់​ជញ្ជាំង​បេតុង ដែល​អាជ្ញាធរ​អេហ្ស៊ីប​សង់​ការពារ​ស្ថានទូត​អ៊ីស្រាអែល
បាតុករ​អេហ្ស៊ីប​នាំគ្នា​វាយបំបាក់​ជញ្ជាំង​បេតុង ដែល​អាជ្ញាធរ​អេហ្ស៊ីប​សង់​ការពារ​ស្ថានទូត​អ៊ីស្រាអែល REUTERS/Amr Abdallah Dalsh
ផ្សាយពាណិជ្ជកម្ម

ការវាយប្រហារ​ទៅលើ​ស្ថានទូត​អ៊ីស្រាអែល នៅយប់ថ្ងៃ​សុក្រ​នេះ បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​ការទូត​រវាង​អេហ្ស៊ីប​ និង​អ៊ីស្រាអែល​បោះជំហាន​ទៅកាន់​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​មួយ។ វិបត្តិ​ការទូត​នេះ​បាន​ចាប់ផ្ទុះឡើង ក្រោយ​ពី​កងទ័ព​អ៊ីស្រាអែល​បាន​សម្លាប់​ទាហាន​ការពារ​ព្រំដែន​អេហ្ស៊ីប​ចំនួន ៥នាក់ កាលពី​ខែ​សីហា​កន្លងទៅ។ អេហ្ស៊ីប​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​សុំទោស​ជា​សាធារណៈ​ ហើយ​ថែមទាំង​​បាន​គំរាម​ថា​នឹង​ដកឯកអគ្គរដ្ឋ​ទូត​ចេញ​​ពី​អ៊ីស្រាអែល​ទៀតផង។

អ៊ីស្រាអែល​បាន​សម្តែងការ​សោកស្តាយ​ចំពោះ​ការ​ស្លាប់​ទាហាន​អេហ្ស៊ីប ក៏ប៉ុន្តែ បដិសេធ​មិន​សុំទោស ដោយ​លើកហេតុផល​ថា ការស៊ើបអង្កេត​លើ​ការស្លាប់នេះ​នៅ​មិនទាន់​បញ្ចប់ ហើយ​គេ​នៅមិនទាន់​ដឹងច្បាស់​អំពី​មូលហេតុ​ពិតប្រាកដ។

គួររំឭកឡើងវិញ​ថា កាលពីថ្ងៃ​ទី១៨ សីហា ២០១១​កន្លងទៅនេះ ក្រោយ​ពី​មាន​ការវាយប្រហារ​ភេរវកម្ម បណ្តាល​ឲ្យ​ប្រជាជន​​អ៊ីស្រាអែល​ចំនួន ៨នាក់​បាត់បង់​ជីវិត កងទ័ព​អ៊ីស្រាអែល​បាន​ដេញ​តាមប្រមាញ់​ភេរវជន​ប៉ាឡេស្ទីន​ រហូតដល់​ព្រំដែន​អេហ្ស៊ីប។ នៅ​ក្នុង​ប្រតិបត្តិការ​នេះ កងទ័ព​អ៊ីស្រាអែល​បាន​សម្លាប់​ទាហាន​ការពារព្រំដែន​អេហ្ស៊ីប​ចំនួន ៥នាក់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាជន​អេហ្ស៊ីប​ផ្ទុះ​កំហឹង ហើយ​នាំគ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​អ៊ីស្រាអែល​ ប្រចាំ​ទីក្រុង​គែរ។ ពួកបាតុករ​ថែម​ទាំង​បាន​ដោះ​ទង់ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ស្ថានទូត ហើយ​បង្ហូត​ទង់ជាតិ​អេហ្ស៊ីប​ជំនួស​វិញ។

ក្រោយ​ពី​ឧប្បត្តិហេតុនេះ អាជ្ញាធរ​អេហ្ស៊ីប​បាន​សង់​ជញ្ជាំង​​បេតុង​កម្ពស់​ប្រមាណ ៣ម៉ែត្រ​កន្លះ ដើម្បី​ការពារ​ទីតាំង​ស្ថានទូត​អ៊ីស្រាអែល។ ការសង់​ជញ្ជាំង​នេះ​បាន​បណ្តាល​ឲ្យ​បាតុករ​កាន់តែ​ផ្ទុះ​កំហឹង​ខ្លាំង​ឡើង​ថែម​ទៀត។ នៅយប់ថ្ងៃ​សុក្រ បាតុករ​ប្រមាណ ៣០០​នាក់​ ក៏​បាន​នាំគ្នា​វាយ​កម្ទេច​ជញ្ជាំង​នេះ ហើយ​វាយលុក​ចូល​ដល់​ក្នុង​អគារ​ស្ថានទូត។

នៅក្នុងពេល​ស្ថានទូត​កំពុង​ស្ថិត​ក្រោមការ​វាយប្រហារ​ លោក​នេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល បាន​ទូរស័ព្ទ​ទៅ​លោក​អូបាម៉ា ហើយ​រដ្ឋមន្រ្តី​ការពារ​ជាតិ​អ៊ីស្រាអែល​​ក៏​បាន​ទូរស័ព្ទ​ទៅ​កាន់​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​ដែរ ដើម្បី​ស្វែងរក​ជំនួយ​ពីអាមេរិក ក្នុង​ការពារ​​សុវត្ថិភាព​មន្រ្តីទូត​អ៊ីស្រាអែល នៅ​អេហ្ស៊ីប។

លោក​អូបាម៉ា​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ អំពាវនាវ​ឲ្យ​អេហ្ស៊ីប​គោរព​កាតព្វកិច្ច​តាម​ច្បាប់​អន្តរជាតិ ទាក់ទង​នឹង​​ការ​រក្សា​សុវត្ថិភាព​​មន្រ្តី​ការទូត​អ៊ីស្រាអែល។ លោក​អូបាម៉ា​ក៏​បាន​សម្តែង​នូវ​ការ​ព្រួយបារម្ភ​ផងដែរ​ ចំពោះ​វិបត្តិ​ការទូត​រវាង​អ៊ីស្រាអែល និង​អេហ្ស៊ីប ហើយ​សន្យា​ថា​នឹង​ចាត់វិធានការ ដើម្បី​បញ្ចប់​វិបត្តិ​នេះ។

គួរបញ្ជាក់ថា អេហ្ស៊ីប​គឺ​ជា​ប្រទេស​អារ៉ាប់​ដ៏កម្រ ដែល​​មាន​ទំនាក់ទំនង​ជា​សម្ព័ន្ធមិត្ត​ជាមួយ​អ៊ីស្រាអែល ដោយបាន​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​គ្នា កាលពី​ឆ្នាំ​១៩៧៩។ ដោយសារ​តែ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អ៊ីស្រាអែល អេហ្ស៊ីប​បាន​ទទួល​ជំនួយ​ ពី​សហរដ្ឋ​អាមេរិក​ ​រាប់ពាន់​លាន​ដុល្លារ​ក្នុងមួយ​ឆ្នាំៗ ជាពិសេស ជំនួយ​ផ្នែក​យោធា។ ក្រោយ​ពី​លោក​មូបារ៉ាក់​ត្រូវ​ធ្លាក់​ពី​អំណាច​ ប្រជាជន​អេហ្ស៊ីប​ជាច្រើន​បាន​ទាមទារ​ឲ្យ​​អេហ្ស៊ីប​ផ្តាច់​ទំនាក់ទំនង​ការទូត​ជាមួយ​អ៊ីស្រាអែល។

បន្ទាប់​ពី​​មាន​វិបត្តិ​ការទូត​ជាមួយ​តួកគី​មិនទាន់​ដោះស្រាយ​ចប់ អ៊ីស្រាអែល​ត្រូវ​ប្រឈមមុខ​នឹង​វិបត្តិ​ការទូត​ថ្មី​មួយ​បន្ថែម​ទៀត​ជាមួយ​អេហ្ស៊ីប ដែល​ជា​ហេតុ​​ធ្វើ​ឲ្យ​អ៊ីស្រាអែល​កាន់តែ​ធ្លាក់​​ក្នុង​ភាព​ឯកោ ក្នុង​ពេល​ដែល​អាជ្ញាធរ​ប៉ាឡេស្ទីន​កំពុង​តែ​ព្យាយាម​ស្វះស្វែង​រក​ការ​គាំទ្រ ដើម្បី​ចូល​ជា​សមាជិក​អ.ស.ប. នៅ​​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​ទៀតនេះ។ វិបត្តិ​ទាំងពីរ​​នេះ​​ក៏​កំពុង​តែ​គំរាម​កំហែង​ដល់​ស្ថិរភាព​ក្នុង​តំបន់​ដើមបូព៌ា​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ