អានតួអត្ថបទ
ស៊ីរី-អ៊ីរ៉ាក់

មេដឹកនាំ​កំពូល​របស់​ក្រុម​រដ្ឋអ៊ីស្លាម​បាន​លេច​មុខ​ធ្លោ​មក​វិញ

មេដឹកនាំកំពូល​របស់​ក្រុមជីហាត​រដ្ឋអ៊ីស្លាម ដែល​អាជ្ញាធរ​រុស្ស៊ី បាន​អះអាងថា ស្លាប់ នៅក្នុង​ប្រតិបត្តិការ​វាយប្រហារ​របស់​យន្តហោះ​ចម្បាំង​រុស្ស៊ី កាលពី​ចុង​ខែឧសភា កន្លងទៅ ទើប​បាន​បញ្ចេញ​សំឡេង នៅ​ក្នុង​ខ្សែអាត់​មួយ ដែល​អំពាវនាវ​ឲ្យ​ក្រុមជីហាត នៅ​ស៊ីរី និង​អ៊ីរ៉ាក់ នៅបន្ត​ក្រាញ​ននៀល ប្រយុទ្ធ​តទល់​នឹង​សត្រូវ។ នៅក្នុង​ខ្សែអាត់​សំឡេង​ ដែល​ត្រូវ​បានចាក់​ផ្សព្វផ្សាយ នៅថ្ងៃ ព្រហស្បតិ៍ ដោយ​វិបសៃតិ៍​របស់​ក្រុមរដ្ឋអ៊ីស្លាម មេដឹកនាំ​របស់​ក្រុមភេរវនិយម រដ្ឋអ៊ីស្លាម លើកទឹកចិត្ត​ផងដែរ ឲ្យ​សមាជិក អ្នកគាំទ្រ​របស់ខ្លួន វាយប្រហារ​មជ្ឈមណ្ឌល​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ប្រទេស ដែល​កំពុង​ធ្វើប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត នៅ​ស៊ីរី អ៊ីរ៉ាក់ និង​លីប៊ី។

បុរស​នេះ​ត្រូវ​គេ​គិត​ថា ជា​អាប៊ូ បាក់ អាល់​បាក់ដាឌី ដែល​ចេញមុខ​ប្រកាស​រដ្ឋកាលីហ្វា នៅ​អ៊ីរ៉ាក់ និង​នៅ​ស៊ីរី នៅឆ្នាំ ២០១៤
បុរស​នេះ​ត្រូវ​គេ​គិត​ថា ជា​អាប៊ូ បាក់ អាល់​បាក់ដាឌី ដែល​ចេញមុខ​ប្រកាស​រដ្ឋកាលីហ្វា នៅ​អ៊ីរ៉ាក់ និង​នៅ​ស៊ីរី នៅឆ្នាំ ២០១៤ © REUTERS/Social Media Website
ផ្សាយពាណិជ្ជកម្ម

ជាមួយ​នឹង​សារ​ជា​សំឡេង នៅក្នុង​ខ្សែអាត់ ចាក់ផ្សាយ នៅថ្ងៃ​ម្សិលមិញ នៅក្នុង​វិបសៃតិ៍​ឃោសនា​របស់​ក្រុមជីហាត (Al Fourkan) ក្រុមជីហាត រដ្ឋអ៊ីស្លាម​បាន​បង្ហាញ​ថា មេកើយ​ធំ​របស់ខ្លួន នៅ​មិនទាន់​ស្លាប់​នោះទេ។ អាប៊ូ បាក់ អាល់​បាក់ដាឌី មេដឹកនាំ​កំពូល​របស់​ក្រុមជីហាត រដ្ឋអ៊ីស្លាម ធ្លាប់ត្រូវ​បាន​រុស្ស៊ី​អះអាង​រួចហើយ​ថា បាន​ស្លាប់ នៅក្នុង​ការវាយប្រហារ​របស់​យន្តហោះ​ចម្បាំង​រុស្ស៊ី ទៅលើ​ក្រុង​រ៉ាកា ប្រទេស​ស៊ីរី កាលពី​ខែ​ឧសភា។

អង្គការ​ការពារ​សិទ្ធិមនុស្ស​ស៊ីរី ធ្លាប់​បាន​បញ្ជាក់​ការអះអាង​របស់​រុស្ស៊ី ប៉ុន្តែ ក្រសួង​ការពារ​​ជាតិ​អាមេរិក​ឯណោះវិញ ធ្លាប់​វាយតម្លៃថា មេដឹកនាំ​របស់​ក្រុមជីហាតអង្គការ​រដ្ឋអ៊ីស្លាម​អាច​នៅ​មាន​ជីវិត​នៅឡើយ។ នៅក្នុង​ខ្សែអាត់ សំឡេង ចាក់ផ្សាយ នៅថ្ងៃ​ម្សិលមិញ គេ​មិនដឹង​ណាស់ តើ​មេដឹកនាំ​ក្រុមជីហាត​បាន​ថតសំឡេង​នៅពេល​ណា​នោះទេ ប៉ុន្តែ នៅក្នុង​សារ រយៈពេល ៤៦​នាទី អាប៊ូ បាក់ អាល់​បាក់ដាឌី​បាន​និយាយ​យោង​ដល់ កូរ៉េខាងជើង ដែល​គំរាម​ចង់​វាយប្រហារ​ជប៉ុន ហើយ​និង​អាមេរិក ហើយ​និង​ការធ្លាក់​ទីក្រុង​មូស៊ូល ទៅក្នុង​ដៃ របស់​កងទ័ព​សម្ព័ន្ធមិត្ត​របស់​អាមេរិក។

នៅក្នុង​ខ្សែអាត់ សារ សំខាន់​របស់​អាល់បាក់ដាឌី​គឺ​អំពាវនាវ​ឲ្យ​ក្រុមទាហាន និង​អ្នកគាំទ្រ​អង្គការ​រដ្ឋអ៊ីស្លាម អត់ធ្មត់ និង​តស៊ូ ប្រយុទ្ធ ធ្វើ​សង្រ្គាម ប្រឆាំង​សត្រូវ នៅគ្រប់ទី​កន្លែង។ អាមេរិក រុស្ស៊ី និង​អ៊ីរ៉ង់ ស្ថិតនៅ​លើ​បញ្ជីរ​ឈ្មោះ ប្រទេស មិនស្មោះត្រង់ ដែល​មេដឹកនាំ​កំពូល​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ស្រែក​ប្រាប់ឲ្យ​កូនទាហាន​របស់​ខ្លួន សម្រុក​វាយប្រហារ កុំ​ខ្លាចស្លាប់។

ចាប់តាំង ពី​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម បើកការប្រយុទ្ធ​ហិង្សា ទន្ទ្រាន​កាន់កាប់​ទឹកដី​ស៊ីរី និង​អ៊ីរ៉ាក់ អាប៊ូ បាក់ អាល់​បាក់ដាឌី មេដឹកនាំ របស់​រដ្ឋអ៊ីស្លាម ធ្លាប់​បាន​បង្ហាញ​មុខ​តែ​មួយលើក​តែប៉ុណ្ណោះ គឺ​នៅ​ឆ្នាំ ២០១៤ ដើម្បី ប្រកាស​បង្កើត​អ៊ីស្លាម កាលីហ្វា នៅ​ស៊ីរី និង​នៅ​អ៊ីរ៉ាក់។ អាមេរិក​ធ្លាប់​បាន​ប្រកាស​ផ្តល់​ប្រាក់​២៥លាន​ដុល្លារ ដល់​អ្នកណា​ដែល​អាច​ផ្តល់ព័ត៌មាន ដើម្បី​ឲ្យ​គេ​ចាប់បាន​មេដឹកនាំ​របស់​ក្រុមអង្គការ​រដ្ឋអ៊ីស្លាម​រូបនេះ។

នៅ​ពីរឆ្នាំ​ចុងក្រោយនេះ ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​បាន​បរាជ័យ និង​បាត់បង់​ទឹកដី​កាន់កាប់​របស់​ខ្លួន ជា​បន្ត​បន្ទាប់ នៅ​ស៊ីរី អ៊ីរ៉ាក់ និង​លីប៊ី។ បន្ទាប់​ពី​បាត់បង់​ទីក្រុង​ស៊ៀរតិ៍ របស់​លីប៊ី នៅ​ចុងឆ្នាំ ២០១៦ ក្រុមជីហាត​បាន​បាត់បង់​ទីក្រុង​មូស៊ូល​នៅ​អ៊ីរ៉ាក់។ រដ្ឋធានី​របស់​ក្រុម​នេះ នៅ​រ៉ាកា ក្នុងទឹកដី​ស៊ីរី ក៏​កំពុង​ត្រូវ​ឡោមព័ទ្ធ និង​រង​ការវាយប្រហារ​ពីគ្រប់​ទិស ដែល​រៀបចំ​ឡើង​ដោយសម្ព័ន្ធអន្តរជាតិ ដឹកនាំ ដោយ​​អាមេរិក ហើយ​និង​រុស្ស៊ី ដែល​គាំទ្រ រដ្ឋាភិបាល​ស៊ីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ