អានតួអត្ថបទ
អង្គការ​សហប្រជាជាតិ

អង្គការ​សហប្រជាជាតិ​ទាមទារ​ឲ្យ​អារ៉ាប៊ី សាអូឌីត​ឈប់​បិទ​ខ្ទប់​ព្រំដែន​យេម៉ែន

ក្រុមប្រឹក្សា​សន្តិសុខ របស់អង្គការ​សហប្រជាជាតិ នៅថ្ងៃ​ពុធ​ម្សិលមិញ បាន​ចេញ​សេចក្តីថ្លែងការណ៍ ទាមទារ​ឲ្យ​សម្ព័ន្ធ​អារ៉ាប់ ដឹកនាំ​ដោយ​អារ៉ាប៊ី សាអូឌីត ដកចោល​ទៅវិញ បម្រាម បិទខ្ទប់​ព្រំដែន​ប្រទេស​យេម៉ែន។ អារ៉ាប៊ី សាអូឌីត នៅ​ថ្ងៃ​ចន្ទ បាន​ប្រកាស​បិទ​ទាំងស្រុង ព្រំដែន ដីគោក អាកាស និង​ទឹក នៅក្រោយ​ក្រុមឧទ្ទាម​ហ៊ូទី នៅ​យេម៉ែន បាញ់​មីស៊ីល​សំដៅ​ព្រលាន​យន្តហោះ ក្នុង​រាជធានី រីយ៉ាដ​របស់​អារ៉ាប៊ី សាអូឌីត។

ប្រជាជន​យេម៉ែន ដើរ​នៅ​ក្បែរ​គំនរ​សំណង់​ដែល​ឆេះបំផ្លាញ​ដោយសារ​ការវាយប្រហារ​របស់​យន្តហោះ​ចម្បាំង​របស់​សម្ព័ន្ធអារ៉ាប់ ដឹកនាំដោយ​អារ៉ាប៊ី សាអូឌីត នៅថ្ងៃទី​១​វិច្ឆិកា ២០១៧
ប្រជាជន​យេម៉ែន ដើរ​នៅ​ក្បែរ​គំនរ​សំណង់​ដែល​ឆេះបំផ្លាញ​ដោយសារ​ការវាយប្រហារ​របស់​យន្តហោះ​ចម្បាំង​របស់​សម្ព័ន្ធអារ៉ាប់ ដឹកនាំដោយ​អារ៉ាប៊ី សាអូឌីត នៅថ្ងៃទី​១​វិច្ឆិកា ២០១៧ ©REUTERS/Naif Rahma
ផ្សាយពាណិជ្ជកម្ម

សមាជិក​ទាំង​១៥​របស់​ក្រុមប្រឹក្សា​សន្តិសុខ​បារម្ភ​ពី​វិបត្តិ​មនុស្សធម៌ នៅ​យេម៉ែន និង​បាន​លើកឡើង​ពី​សារៈសំខាន់​នៃ​ដំណើរចេញ​ចូល​ទៅ កំពង់ផែ និង​ព្រលានយន្តហោះ នៅក្នុង​ទឹកដី​យេម៉ែន។ នេះ​បើតាម​ខ្លឹមសារ​អត្ថបទ​ដែល​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ អង្គការ​សហប្រជាតិ បាន​អាន នៅ​ចំពោះ​មុខ​អ្នកកាសែត នៅ​ក្រោយ​កិច្ចប្រជុំ​បិទទ្វារ នៅថ្ងៃ ពុធ​ម្សិលមិញ។

អារ៉ាប៊ី សាអូឌីត ដែល​ដឹកនាំ​សម្ព័ន្ធ​អារ៉ាប់ ធ្វើ​ប្រតិបត្តិការ​យោធា​ប្រឆាំង​នឹង​ពួកឧទ្ទាម​ហ៊ូទី នៅ​យេម៉ែន បាន​សម្រេច​បិទ​រាល់ព្រំដែន ទឹក អាកាស និង​ព្រំដែន​គោក​របស់​យេម៉ែន នៅ​ពីរក្រោយ​ក្រោយ ដែល​ក្រុង​រីយ៉ាដ រងការវាយប្រហារ​ពី​មីស៊ីល​បាលីស្ទីក បាញ់​ចេញ​ពីទឹកដី​យេម៉ែន។ រដ្ឋាភិបាល​អារ៉ាប៊ី សាអូឌីត បាន​បញ្ជាក់ថា រាល់​ព្រំដែន​របស់​យេម៉ែន នឹង​ត្រូវ​បិទ មិន​ឲ្យ​មាន​ចរាចរណ៍ ចេញចូល លើកលែង​តែ​ការផ្តល់​ជំនួយ​មនុស្សធម៌។ ប៉ុន្តែ អង្គការ​សហប្រជាជាតិ បាន​អះអាងថា ចំណាត់ការ​របស់​អារ៉ាប៊ី សាអូឌីត បាន​ប៉ះពាល់​ភ្លាមៗ ទៅលើ​សកម្មភាព​ផ្តល់​ជំនួយ​មនុស្សធម៌ នៅ​យេម៉ែន។

អគ្គលេខាធិការ​រង​នៃ​កិច្ចការផ្តល់​ជំនួយ​មនុស្សធម៌​របស់​អង្គការ​សហប្រជាជាតិ ដែល​ទើប​ធ្វើដំណើរ​មក​ពី​ប្រទេស​យេម៉ែន បាន​ទាមទារ​ឲ្យអារ៉ាប៊ី សាអូឌីត ដកចេញ​ជាបន្ទាន់ វិធានការ​បិទ​ព្រំដែន​យេម៉ែន។ នៅ​មុខ​ក្រុមប្រឹក្សា​សន្តិសុខ លោក​Mark Lowcock បាន​លើកឡើង​ពីការប្រឈម​នឹង​គ្រោះអត់ឃ្លាន ដ៏ធំ មិនធ្លាប់ នៅ​យេម៉ែន បើសិន​អារ៉ាប៊ី សាអូឌីត​នៅតែ​បន្ត​បិទខ្ទប់ ព្រំដែន យេម៉ែន។ គ្រោះអត់ឃ្លាន នឹង​ប៉ះពាល់​ដល់​ប្រជាជន​យេម៉ែន រាប់លាន​នាក់។

នៅថ្ងៃ​ពុធ ម្សិលមិញ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក​អង់តូនីញ៉ូ ហ្គុយទែកស៍ បាន​ទូរស័ព្ទ ទៅ​រដ្ឋមន្រ្តី​ការបរទេស​អារ៉ាប៊ី សាអូឌីត ដើម្បី​ជួយ​បញ្ចុះបញ្ចូល លុបចោល​ទៅវិញ ចំណាត់ការ​បិទព្រំដែន​យេម៉ែន។ នៅ​ថ្ងៃអង្គារ​អង្គការ​សហប្រជាជាតិ ធ្លាប់​បាន​ទាមទារ​ឲ្យ​ក្រុង​រីយ៉ាដ​បើកឡើង​វិញ ព្រំដែន​ចេញចូល យេម៉ែន ប៉ុន្តែ អារ៉ាប៊ី សាអូឌីត ដែល​បាន​ទទួល​គាំទ្រ ពី​សហរដ្ឋអាមេរិក នៅរឿង​ធ្វើប្រតិបត្តិការ​ទ័ព​នៅ​យេម៉ែន ធ្វើគ ថ្លង់ គ្មាន​ផ្តល់ចម្លើយ អ្វីទាំងអស់។

នៅ​ថ្ងៃ​ពុធ អង្គការ​អន្តរជាតិ​ផ្តល់​ជំនួយ មនុស្សធម៌ ចំនួន ១៥ បាន​រួមគ្នា តវ៉ា​ប្រឆាំង​នឹង​ការបិទព្រំដែន​យេម៉ែន។ នៅក្នុង​កាលៈទេសៈ ដែល​យេម៉ែន កំពុង​ជួប​វិបត្តិមនុស្សធម៌ និង​ការរាតត្បាត​នៃ​ជម្ងឺអាសន្នរោគ ការពន្យារពេល ការបន្ទុចបង្អាក់​មិន​ឲ្យ​គេ​នាំយក​ជំនួយ ទៅ​យេម៉ែន នឹង​ធ្វើ​ឲ្យ​មាន​ការបាត់បង់​ជីវិត​មនុស្ស មិនថា ស្រ្តី ឬ​កុមារ យេម៉ែន។ នេះ​បើតាម​សេចក្តីថ្លែងការណ៍ រួម​របស់​អង្គការ ជនពិការ​អន្តរជាតិ គ្រូពេទ្យ​គ្មាន​ព្រំដែន អក់ស្វាម ឬ​អង្គការ​ប្រឆាំង​នឹង​ការអត់ឃ្លាន។

នៅ​យេម៉ែន ការបិទព្រំដែន​យេម៉ែន បញ្ជារ​ដោយ​អារ៉ាប៊ី សាអូឌីត នឹង​ធ្វើ​ឲ្យ​ស្ថានភាព​មនុស្សធម៌ កាន់តែ​ធ្លាក់​ចុះ​អាក្រក់។ តាម​អង្គការ​សហប្រជាជាតិ ប្រជាជន​យេម៉ែន ៧​លាននាក់ ស្ថិតនៅ​ក្បែរ​មាត់ជ្រោះ​នៃ​គ្រោះ ទុរភឹក្ស។ ក្មេង​យេម៉ែន​ម្នាក់​ស្លាប់​នៅ​រាល់ ១០​នាទី ដោយសារ​ជម្ងឺ និង មនុស្ស​១លាននាក់ ធ្លាក់ខ្លួន​ឈឺ ដោយ​ជម្ងឺ​រាតត្បាត អាសន្នរោគ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ