អានតួអត្ថបទ

ហេតុអ្វី​បាន​ជា​អ៊ីរ៉ង់​ចង្អុលមុខ​បស្ចិមលោក​ពី​បទ​នៅ​ពី​ក្រោយ​ភេរវកម្ម​ក្នុង​ទីក្រុង​អាវ៉ា?

នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ មួយ​ថ្ងៃ​ក្រោយ​ភេរវកម្ម​ក្នុង​ទីក្រុង​អាវ៉ា​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ២៩នាក់ និង​របួស​ជិត ៦០នាក់​មក ទីក្រុង​តេហេរ៉ង់​បាន​ចោទ​បស្ចិមលោក អាមេរិក និង​ប្រទេស​អារ៉ាប៊ីសាអូឌីត​ពី​បទ​បាន​គាំទ្រ ឬ​មាន​សមានចិត្ត​ចំពោះ​ភេរវនិយម។ ទន្ទឹម​នឹង​ការ​ចោទ​ប្រកាន់​នេះ រដ្ឋាភិបាល​អ៊ីរ៉ង់​ក៏​បាន​សន្យា​ធ្វើ​ការ​សងសឹក​ឲ្យ​សក្តិសម​វិញ​ដែរ។ គួរ​រម្លឹក​ជូន​ថា ទោះ​បី​ជា​ភេរវកម្ម​នោះ​ត្រូវ​បាន​អង្គការ​រដ្ឋអ៊ីស្លាម​ប្រកាស​ទទួល​ស្គាល់​ជា​ស្នាដៃ​របស់​ខ្លួន​ក៏​ដោយ ក៏​ទីក្រុង​តេហេរ៉ង់​បាន​ទម្លាក់​កំហុស​លើ​ចលនា​ទាមទារ​ផ្តាច់ទឹកដី​និយម​អារ៉ាប់​ក្នុង​ស្រុក​មួយ​ឈ្មោះ « អាល់ អាវ៉ាហ្ស៊ី » (Al-Ahvazieh) ដែល​គាំទ្រ​ដោយ​បរទេស។

លោក Hassan Rohani ប្រធានាធិបតី​អ៊ីរ៉ង់ ថ្ងៃទី២២ កញ្ញា ២០១៨
លោក Hassan Rohani ប្រធានាធិបតី​អ៊ីរ៉ង់ ថ្ងៃទី២២ កញ្ញា ២០១៨ STRINGER/AFP
ផ្សាយពាណិជ្ជកម្ម

នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី២២ កញ្ញា ពោល​ប៉ុន្មាន​ម៉ោង​ក្រោយ​ភេរវកម្ម ក្រសួង​ការបរទេស​អ៊ីរ៉ង់​បាន​កោះ​ហៅ​ឯកអគ្គរាជទូត​នៃ​ប្រទេស​អឺរ៉ុប​ចំនួន ៣ គឺ​ដាណឺម៉ាក ហូឡង់ និង​អង់គ្លេស​ទៅ​សួរនាំ។ បើ​យោង​តាម​សម្តី​របស់​អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​អ៊ីរ៉ង់​ដែល​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ផ្លូវការ​អ៊ីរ៉ង់​ឈ្មោះ អៀណា ប្រទេស​អឺរ៉ុប​ទាំង ៣ នេះ​បាន​ផ្តល់​ទីជម្រក​ឲ្យ​សមាជិក​មួយ​ចំនួន​នៃ​ចលនា​ទាមទារ​ផ្តាច់ទឹកដី​និយម​អារ៉ាប់​ក្នុង​ទឹកដី​អ៊ីរ៉ង់​ឈ្មោះ « អាល់ អាវ៉ាហ្ស៊ី » (Al-Ahvazieh)។ ក្រោម​ភ្នែក ច្រមុះ​របស់​ទីក្រុង​តេហេរ៉ង់ ពួក​នេះ​បាន​រៀបចំ​ភេរវកម្ម​ប្រឆាំង​លើ​ក្បួន​ព្យុះហយាត្រា​កងទ័ព​អ៊ីរ៉ង់​ក្នុង​ទីក្រុង​អាវ៉ា​នា​ថ្ងៃ​សៅរ៍ ទី២២ កញ្ញា​ដោយ​បាន​ផ្តាច់​ជីវិត​មនុស្ស​យ៉ាង​តិច ២៩នាក់ ក្នុង​នោះ​មាន​ស្រ្តី និង​កូនក្មេង រួម​ទាំង​មាន​អ្នក​របួស​ធ្ងន់ ស្រាល់​ជិត ៦០នាក់​ផ្សេង​ទៀត។

នៅ​ចំពោះ​មុខ​ឯកអគ្គរាជទូត​នៃ​ប្រទេស​ដាណឺម៉ាក ហូឡង់ និង​មន្រ្តីទូត​អង់គ្លេស ក្រសួង​ការបរទេស​អ៊ីរ៉ង់​បាន​សម្តែង​ការ​តវ៉ា និង​ការ​មិន​សប្បាយចិត្ត​ចំពោះ​រដ្ឋាភិបាល​នៃ​ប្រទេស​អឺរ៉ុប​ទាំង ៣ ដែល​បន្ត​គាំទ្រ និង​មាន​សមានចិត្ត​ចំពោះ​ភេរវនិយម។ ទន្ទឹម​គ្នា​នេះ ក្រសួង​ការបរទេស​អ៊ីរ៉ង់​ក៏​បាន​វាយប្រហារ​លើ​សហភាព​អឺរ៉ុប​ដែល​មិន​បាន​ដាក់​ឈ្មោះ​សមាជិក​របស់​ចលនា​« អាល់ អាវ៉ាហ្ស៊ី » ទៅ​ក្នុង​បញ្ជីខ្មៅ​ជា​ក្រុម​ភេរវជន។ អ៊ីរ៉ង់​បាន​ចោទ​ជា​សំណួរ​ដោយ​ដាក់​ផ្លៃផ្កា​ឲ្យ​អឺរ៉ុប​ថា អឺរ៉ុប​បាន​ចុះ​ក្នុង​បញ្ជីខ្មៅ​តែ​ឈ្មោះ​ភេរវជន​ណា​ដែល​បង្ក​ភេរវកម្ម​លើ​ទឹកដី​អឺរ៉ុប​ប៉ុណ្ណោះ។ ចំណែក​ពួក​ភេរវជន​ដែល​បង្ក​ភេរវកម្ម​នៅ​អ៊ីរ៉ង់​បែរ​ជា​អឺរ៉ុប​បាន​ជួយ​គាំទ្រ និង​ផ្តល់​ទីជម្រក​ឲ្យ​ទៅ​វិញ។

ជា​ការ​ឆ្លើយ​តប​វិញ​ក្នុង​សម្តី​ការទូត ឯកអគ្គរាជទូត​នៃ​ប្រទេស​ដាណឺម៉ាក ហូឡង់ និង​មន្រ្តីទូត​អង់គ្លេស​បាន​សន្យា​ពាំនាំ​ពាក្យ​សម្តី​ដែល​ភាគី​អ៊ីរ៉ង់​បាន​លើក​ឡើង​ទៅ​ជម្រាប​រដ្ឋាភិបាល​របស់​គេ​រៀងៗ​ខ្លួន ព្រម​ទាំង​បញ្ជាក់​ពី​ឆន្ទៈ​របស់​ប្រទេស​ខ្លួន​ក្នុង​ការ​សហការណ៍​ជាមួយ​រដ្ឋាភិបាល​អ៊ីរ៉ង់​ដើម្បី​វែកមុខ​ជនដៃដល់​នៅ​ក្នុង​អំពើភេរវកម្ម និង​ការ​ដោះដូរ​ព័ត៌មាន​សម្ងាត់។

អង្គការ​រដ្ឋអ៊ីស្លាម​សារភាព តែ​រដ្ឋាភិបាល​អ៊ីរ៉ង់​មិន​សូវ​ជឿ

នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​ភេរវកម្ម គឺ​មាន​តែ​អង្គការ​រដ្ឋអ៊ីស្លាម​មួយ​គត់​ដែល​បាន​ប្រកាស​សារភាព​ថា​ជា​ស្នាដៃ​របស់​ខ្លួន។ រីឯ​ចលនា​ទាមទារ​ផ្តាច់ទឹកដី​និយម​អារ៉ាប់ « អាល់ អាវ៉ាហ្ស៊ី » មិន​បាន​បញ្ចេញ​ប្រតិកម្ម​អ្វី​ទាំង​អស់។ តែ​ការ​ប្រកាស​សារភាព​របស់​អង្គការ​រដ្ឋអ៊ីស្លាម​មិន​ត្រូវ​បាន​រដ្ឋាភិបាល​អ៊ីរ៉ង់​យក​ចិត្ត​ទុក​ដាក់​ប៉ុន្មាន​ទេ និង​បន្ត​សង្ស័យ​តែ​លើ​ចលនា​ទាមទារ​ផ្តាច់ទឹកដី​និយម​អារ៉ាប់ « អាល់ អាវ៉ាហ្ស៊ី »។ គួរ​បញ្ជាក់​ថា នៅ​ក្នុង​អំពើ​ភេរវកម្ម​ជា​ច្រើន​ដែល​បាន​កើត​មាន​លើ​ទឹកដី​អ៊ីរ៉ង់ គេ​កម្រ​ឃើញ​អង្គការ​រដ្ឋអ៊ីស្លាម​ចេញ​មុខ​ប្រកាស​សារភាព​ជា​ស្នាដៃ​របស់​ខ្លួន​ណាស់។

ភេរវកម្ម​នៅ​អ៊ីរ៉ង់​ដែល​អង្គការ​រដ្ឋអ៊ីស្លាម​បាន​ប្រកាស​សារភាព​លើកទី១ គឺ​ការ​វាយប្រហារ​លើ​រដ្ឋសភា​ក្នុង​ទីក្រុង​តេហេរ៉ង់​ដែល​បាន​ផ្តាច់​ជីវិត​មនុស្ស​ចំនួន ១៧នាក់ និង​របួស​ប្រមាណ ១០នាក់​ផ្សេង​ទៀត​កាល​ពី​ថ្ងៃទី៧ មិថុនា ឆ្នាំ ២០១៧។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ការ​ប្រកាស​សារភាព​របស់​អង្គការ​រដ្ឋអ៊ីស្លាម​លើកទី១ ក្នុង​ឆ្នាំ ២០១៧ ក៏​ដូច​ជា​លើកទី២ ពេល​នេះ​ហាក់​មិន​សូវ​បាន​រដ្ឋាភិបាល​អ៊ីរ៉ង់​យក​ចិត្ត​ទុក​ដាក់​ប៉ុន្មាន​ទេ។ សម្រាប់​ទីក្រុង​តេហេរ៉ង់ អ្នក​ដែល​បាន​ជ្រើសរើស ហ្វឹកហ្វឺន និង​ចិញ្ចឹម​ពួក​ជីហាត​ឲ្យ​ចូល​បង្ក​ភេរវកម្ម​លើ​ទឹកដី​អ៊ីរ៉ង់ គឺ​បរទេស ពិសេស​ក្រុម​ប្រទេស​អារ៉ាប់​ក្នុង​តំបន់​ឈូង​សមុទ្រពែក្ស​ដោយ​មាន​ការ​ជួយ​គាំទ្រ​ពី​សហរដ្ឋអាមេរិក។

នៅ​ត្រង់​ចំណុច​នេះ និង​ទោះ​បី​ជា​អ៊ីរ៉ង់​មិន​បង្ហើប​ឈ្មោះ​ប្រទេស​ណា​ក៏​ដោយ ក៏​គេ​ដឹង​ថា អ៊ីរ៉ង់​ចង់​និយាយ​សំដៅ​ដល់​អារ៉ាប៊ីសាអូឌីត​ដែល​ជា​គូប្រជែង និង​ជា​សត្រូវស៊ូពូជ​របស់​ខ្លួន​នៅ​ក្នុង​តំបន់។ លោក​ប្រធានាធិបតី​អ៊ីរ៉ង់​រ៉ូហានី និង​ប្រមុខ​សាសនា​អ៊ីស្លាម​អ៊ីរ៉ង់​ដ៏​មាន​ឥទ្ធិពល​លោក​អាលី ខាមេណី​បាន​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​ដាក់​អាមេរិក​ដោយ​ចោទ​ពី​បទ​ព្យាយាម​បង្ក​អស្ថិរភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់។ នេះ​មិនមែន​ជា​លើក​ទី១ ហើយ​ក៏​ប្រហែល​មិនមែន​លើក​ចុង​ក្រោយ​ទេ​ដែល​អ៊ីរ៉ង់​បាន​ចង្អុល​មុខ​អារ៉ាប៊ីសាអូឌីទ និង​អាមេរិក​ពី​ការ​ព្យាយាម​បង្ក​អស្ថិរភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ក្នុង​គោលដៅ​ផ្តួល​រំលំ​របប​ដឹកនាំ​នៅ​អ៊ីរ៉ង់​សព្វថ្ងៃ។

រវាង​អ៊ីរ៉ង់ និង​អារ៉ាប៊ីសាអូឌីត គឺ​មិន​ខុស​គ្នា​រវាង​ទឹក និង​ប្រេង​ដែល​គ្មាន​ថ្ងៃ​រលាយ​ចូល​គ្នា​បាន​ឡើយ។ ដូច្នេះ​វា​ជា​រឿង​ធម្មតា​ដែល​គូសត្រូវ និង​គូប្រជែង​ក្នុង​តំបន់​ទាំង​ពីរ​តែង​ព្យាយាម​កាច់បំបាក់​គ្នា​ទៅ​វិញ ទៅ​មក។ ចូរ​កុំ​ភ្លេច​ថា អ៊ីរ៉ង់​ជា​ប្រទេស​កាន់​សាសនា​អ៊ីស្លាម​និកាយ​ឈីអ៊ីត ចំណែក​អារ៉ាប៊ីសាអូឌីត​ជា​ប្រទេស​កាន់​សាសនា​អ៊ីស្លាម​និកាយ​ស៊ុយនីត។ ទន្ទឹម​នឹង​ការ​ប្រជែង​គ្នា​នៅ​ក្នុង​តំបន់​រវាង​អ៊ីរ៉ង់ និង​អារ៉ាប៊ីសាអូឌីត ក៏​មាន​ការ​គួប​ផ្សំ​នឹង​បរិបទ​អន្តរជាតិ​សព្វថ្ងៃ​នៅ​ក្នុង​ទំនាក់ទំនង​តានតឹង​ខ្លាំង​រវាង​អាមេរិក និង​អ៊ីរ៉ង់​ដែរ ពិសេស​ក្រោយ​ពី​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ហត្ថលេខា​ឆ្នាំ ២០១៥។

យ៉ាង​ណា​ក៏​ដោយ ទីក្រុង​តេហេរ៉ង់​បាន​ប្តេជ្ញា​នឹង​ធ្វើ​ការ​សងសឹក​វិញ​ឲ្យ​សក្តិសម​បំផុត​ចំពោះ​អ្នក​ដែល​បាន​ឃុបឃិត​បង្ក​ភេរវកម្ម​ក្នុង​គោលដៅ​បង្កើត​ឲ្យ​មាន​អស្ថិរភាព​នយោបាយ​នៅ​អ៊ីរ៉ង់។ តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​វិធានការ និង​មធ្យោបាយ​ណា​ខ្លះ​ដែល​រដ្ឋាភិបាល​អ៊ីរ៉ង់​គ្រោង​ប្រើ​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ