អានតួអត្ថបទ
ហ្ស៊កដានី-ដើមបូព៌ា

នាយករដ្ឋមន្រ្តីហ្ស៊កដានី៖អំពើហិង្សា​នៅ​ហ្ស៊េរុយសាឡិម​កំពុង​ពន្លិច​ដំណើរ​ស្វែងរក​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន

លោក​នាយករដ្ឋមន្រ្តី​នៃ​ប្រទេស​ហ្ស៊កដានី​បាន​បញ្ចេញ​ប្រតិកម្ម​នៅ​ថ្ងៃ​អាទិត្យ ទី៩ វិច្ឆិកា​ថា ស្ថានភាព​ដែល​កំពុង​កើត​មាន​យ៉ាង​ក្តៅ​គគុក​នៅ​ទីក្រុង​ហ្ស៊េរុយសាឡិមខាងកើត​គឺ​ជា​កាំបិត​ចាក់​សម្លាប់​ដំណើរ​ស្វែង​រក​សន្តិភាព​នៅ​តំបន់​ដើមបូព៌ា​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ គួរ​ជម្រាប​ជូន​ថា​ថ្មីៗ​នេះ និង​ដើម្បី​ប្រឆំាង​នឹង​អំពើ​ហិង្សា​នៅ​ទីក្រុង​ហ្ស៊េរុយសាឡិមខាងកើត ពិសេស​នៅ​ទីលាន​វិហារសាសនា​អ៊ីស្លាម រដ្ឋាភិបាល​ទីក្រុង​អាម៉ាន់​បាន​កោះហៅ​ឯកអគ្គរាជទូត​របស់​ខ្លួន​ប្រចំា​ប្រទេស​អ៊ីស្រាអែល​ឲ្យ​ចូល​ស្រុក​វិញ។

លោក​នាយករដ្ឋមន្រ្តី​នៃ​ប្រទេស​ហ្ស៊កដានី​អាប់ដាឡា ស៊ូ (Abdallah Nsour)
លោក​នាយករដ្ឋមន្រ្តី​នៃ​ប្រទេស​ហ្ស៊កដានី​អាប់ដាឡា ស៊ូ (Abdallah Nsour)
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​សន្និសីទកាសែត​មួយ​ក្នុង​ទីក្រុង​អាម៉ាន់​ដែល​លោក​នាយករដ្ឋមន្រ្តី​នៃ​ប្រទេស​ហ្ស៊កដានី​អាប់ដាឡា ស៊ូ (Abdallah Nsour) បាន​រម្លឹក​ជា​ថ្មី​អំពី​កិច្ចព្រមព្រៀងសន្តិភាព ក៏​ដូច​ជា​កិច្ចសន្យា​ផ្សេងៗ​ទៀត​ដែល​ប្រទេស​ហ្ស៊កដានី​បាន​ចុះ​ហត្ថលេខា​ជាមួយ​ប្រទេស​អ៊ីស្រាអែល។ លោក​អាប់ដាឡា​បាន​បញ្ជាក់​ថា កិច្ចព្រមព្រៀង​ដែល​ហ្ស៊កដានី និង​អ៊ីស្រាអែល​បាន​ចុះ​ហត្ថលេខា​រួម​គ្នា គឺ​ជា​កិច្ចព្រមព្រៀង​ដែល​ត្រូវ​គោរព​ដោយ​ភាគី​ទំាង​ពីរ ពោល​មិនមែន​មាន​តែ​ម្នាក់​គោរព​ទេ។ ទន្ទឹម​គ្នា​នេះ លោក​ប្រមុខ​រដ្ឋាភិបាល​ហ្ស៊កដានី​ក៏​បាន​ថ្កោលទោស​ចំពោះ​អំពើហិង្សា​នៅ​ក្នុង​ទីក្រុង​ហ្ស៊េរុយសាឡិម​ខាងកើត ពិសេស​នៅ​ទីលានវិហារអ៊ីស្លាម និង​ថា អំពើហិង្សា​នោះ​មិន​មែន​កើត​ឡើង​ដោយ​ចៃដន្យ​ទេ តែ​មាន​ការ​រៀបចំ​ទុក​ពី​ក្រុមមនុស្ស​ជ្រុលនិយម ឬ​ពី​រដ្ឋាភិបាល ដោយ​លោក​ចង់​និយាយ​ទម្លាក់​កំហុស​ដាក់​ប្រទេស​អ៊ីស្រាអែល។

លោក​ប្រមុខ​រដ្ឋាភិបាល​ហ្ស៊កដានី​បាន​ចោទ​សួរ​ថា តើ​វិហារ​អាល់ អាសា នៅ​ទីលាន​វិហារអ៊ីស្លាម​មិនមែន​កំពុង​ក្លាយ​ជា​ប្រធានរឿង​ស្នូល​នៃ​គម្រោង​រៀបចំ​បោះឆ្នោត​មុនអាណត្តិ​នៅ​អ៊ីស្រាអែល​ទេ ឬ​យ៉ាង​ណា?។ សូម​ជម្រាប​ជូន​ថា រដ្ឋាភិបាល​ចម្រុះ​អ៊ីស្រាអែល​របស់​លោក​នាយករដ្ឋមន្រ្តី​នេតាន់យ៉ាហ៊ូ​សព្វថ្ងៃ​បាន​ចូលរួម​ដោយ​ក្រុមអ្នកជាតិនិយមសាសនា និង​ក្រុម​គំាទ្រ​ឲ្យ​មាន​អាណានិគម​លើ​ដែនដី​ប៉ាឡេស្ទីន។ លោក​ប្រមុខ​រដ្ឋាភិបាល​ហ្ស៊កដានី​បាន​យល់​ឃើញ​ថា អ្វី​ដែល​កំពុង​កើត​មាន​នៅ​ទីក្រុង​ហ្ស៊េរុយសាឡិម​ពេល​នេះ គឺ​ជា​ការ​ជាន់​ពន្លិច​ដំណើរការ​ស្វែង​រក​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ គួរ​ជម្រាប​ជូន​ថា ហ្ស៊កដានី ក៏​ដូច​ជា​អេហ្ស៊ីប​ជា​ប្រទេស​អារ៉ាប់​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​អ៊ីស្រាអែល។

បើ​ផ្អែក​តាម​កិច្ចព្រមព្រៀង​ជាមួយ​អ៊ីស្រាអែល ហ្ស៊កដានី​មាន​តួនាទី​ជា​អ្នកគ្រប់គ្រង​ទីលានវិហារអ៊ីស្លាម​នៅ​ហ៊្សេរុយសាឡិមខាងកើត។ មួយ​វិញ​ទៀត និង​យោង​តាម​កិច្ចព្រមព្រៀង​ដដែល មាន​តែ​អ្នកកាន់សាសនា​អ៊ីស្លាម​ទេ​ដែល​មាន​សិទ្ធិ​ចូល​ទៅ​ក្រាបបន់ស្រន់​នៅ​ទីលានវិហារ​អ៊ីស្លាម​នោះ។ ចំណែក​អ្នក​កាន់សាសានា​ផ្សេង​អាច​ទៅ​លេង​បាន តែ​មិន​អាច​ក្រាបបន់ស្រន់​បាន​ទេ។ ចំពោះ​ប្រជាជន​អ៊ីស្រាអែល​ក៏​អាច​ចូល​ទៅ​ទីនោះ​បាន​ដែរ តែ​មាន​ម៉ោង​កំណត់ និង​ទទួល​បាន​ការ​ការពារ​សុវត្ថិភាព​ខ្ពស់​បំផុត។ តែ​អំពើហិង្សា​បាន និង​កំពុង​បន្ត​ពុះកញ្ជ្រោល​យ៉ាង​ខ្លំាង ដោយសារ​ក្រុមអ្នកជាតិនិយម​សាសនា​ជ្វីហ្វ​បាន​នំា​គ្នា​ចូល​ទៅ​ទីលានវិហារ​អ៊ីស្លាម​ដោយ​បំពាន​ច្បាប់​នា​ពេល​កន្លង​មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ