អានតួអត្ថបទ
តួកគី

​តួកគី​ គំរាម​​បើក​ទ្វារ​ព្រំដែន ​ឱ្យ​ជន​ភៀសខ្លួនស៊ីរី​ ​ជាង​៣លាន​នាក់​ រត់​ចូល​សហគមន៍​អឺរ៉ុប​

ឆ្លើយចំពោះការរិះគន់របស់​អន្តរជាតិ​​, ប្រធានាធិបតី​តួកគី​ លោក Erdogan ចំអក​ឌឺដង ថា បើចង់​សាក តួកគីនឹង​​បើក​ទ្វារ​ច្រកព្រំដែន ​ឱ្យ​ជន​ភៀសខ្លួន ​ជាង​៣លាន​៦សែន​នាក់​ រត់​ចូល​សហគមន៍​អឺរ៉ុប​។ នេះជាការ​ប្រកាសចំអកឡកឡឺយ​របស់​ប្រមុខ​រដ្ឋ​តួកគី តាម​រយៈ​ទូរទស្សន៍​តែម្តង  ពីថ្ងៃទី​១០តុលា ក្រោយ​ពេល​ដែល សហគមន៍អន្តរជាតិ​ពីគ្រប់​ទិស​តាំងពី​អឺរ៉ុប អាស៊ី អាមេរិក មជ្ឃិមបូព៌ា បាន​រិះគន់​និង​ថ្កោលទោស​ប្រទេស​តួកគី ជុំវិញ​​ការ​វាយ​ប្រហារ​របស់កងទ័ព​តួកគី ទៅលើ​កង​កម្លាំងគួឌីស្ថាន​នៅស៊ីរី។

ប្រធានាធិបតីតួកគី ៖ «បើចង់សាក តួកគីនឹងបើកទ្វារច្រកព្រំដែន ឱ្យជនភៀសខ្លួនស៊ីរី ជាង៣លាននាក់ រត់ចូលសហគមន៍អឺរ៉ុប»។
ប្រធានាធិបតីតួកគី ៖ «បើចង់សាក តួកគីនឹងបើកទ្វារច្រកព្រំដែន ឱ្យជនភៀសខ្លួនស៊ីរី ជាង៣លាននាក់ រត់ចូលសហគមន៍អឺរ៉ុប»។ Murat Kula/Presidential Press Office/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

ប្រសាសន៍​របស់​លោកប្រធានាធិបតីតួកគី អេឌូហ្គាន់ ​៖

«តួកគីយើង អាច​ប្រហែ​ល​ជាប្រទេសតែមួយ​ ដែល​នឹង​ឈរ​ជើង​នៅ​ស៊ីរី​ ដោយ​ស្រប​ច្បាប់​​។

ពីព្រោះថា ​សន្តិសុខ​ជាតិ​យើង​ទាំងមូលកំពុង​ត្រូវ​រង​ការ​គំរាម​កំហែង ហើយ​នេះ​មិនមែន​ជាហេតុផល​​តែមួយ​មុខ​នោះទេ ប៉ុន្តែ​យើង​ក៏នៅ​ទទួល​បន្ទុក​ជួយ​ទទួល​ជនភៀសខ្លួន​ស៊ីរី​ដល់​ទៅ​ជាង​៣លាន​៦សែន​នាក់ទៀតឯណោះ​។

‌ឱ! អស់លោកលោកស្រី សហគមន៍​អឺរ៉ុប​អើយ! សូម​បើកភ្នែក ភ្ញាក់​ស្មារតី​ឡើងផងមើល!

ប្រសិន​បើ​អស់លោក នៅតែ​ព្យាយាម​ចោទ​តួកគី​យើង​ថាមាន​ចេតនា​រំលោភ​បំពាន​ឈ្លាន​គេ​តទៅទៀត! នោះ​ល្បែង​នយោបាយជាមួយ​ពួកយើង​គឺ​ងាយ​ស្រួល​ទេ! ការ​ងាយ​បំផុត​នោះ គឺ​យើង​បើក​ច្រក​ផ្លូវ ច្រ​ក​ព្រំដែន ហើយ​សហគមន៍​អឺរ៉ុប​របស់​អស់​លោកអ្នក​ នឹង​ឃើញ​ជន​ភៀសខ្លួន​ ទាំង​ជា​ង​៣លាន​៦សែន​នាក់​នោះ ជា​មិន​ខាន!

​ចំមើល អ្នក​ឯងនឹងភ្លឺភ្នែក ហើយតើ​​នៅ​ហ៊ាន​មាត់កតទៅទៀត​ ដែរ​ឬទេ?​»

តួកគី​ចាក់​ចំចំណុច​ខ្សោយ​របស់​អឺរ៉ុប​ ដែល​ខ្លាច​លំហូរ​ចូល​នៃ​ជន​ភៀសខ្លួនស៊ីរី ដែល​ជា​ចំណុច​ស្នូរ​នៃ​វិបត្តិ​មួយ​នៅអឺរ៉ុប។ ម្យ៉ាងវិញ​ទៀត សហគមន៍​អន្តរជាតិ ក៏​ខ្លាចដែរ ការ​ងើប​បះបោរ​ឡើងវិញ នៃពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ជីហាត ដែល​ពេលនេះ មា​នភេរវជនជីហាត​​ជាង​១ម៉ឺន​នាក់ ដែលត្រូវ​ពួក​គួឌីស្ថាន​ចាប់ឃុំ។ បើ​ពួក​ភេរវជន​អស់​នេះ ត្រូវ​រួចខ្លួន​ចេញ​​ពី​ទ្រង់ដោយសារតែ​ការ​វាយ​ប្រហារ​របស់​តួកគី, នោះ​ច្បាស់​ជា​អាសន្នធំហើយចំពោះ​សន្តិសុខ​ពិភពលោក។​

គួរ​បញ្ជាក់ថា នៅថ្ងៃពុធ កង​ទ័ពតួកគី​ បានបើការ​​វាយប្រហារ​ទីតាំង​របស់​ពួក​គួកឌី​ស្ថាននៅស៊ីរី​ ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​កង​កម្លាំង​អន្តរជាតិ បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​ ប្រមាណ​២០នាក់ ហើយ​មនុស្ស​ជាង​៦ម៉ឺននាក់​កំពុង​រត់​ភៀសខ្លួន​។ ការ​វាយ​ប្រហារ​នេះ គឺក្រោយ​ការ​ប្រកាស​​របស់ប្រធានាធិបតី​​លោក ដូណាល់ ត្រាំ នៅក្នុង​ការដកទ័ព​អាមេរិក​ចេញពី​ស៊ីរី។​ ​តួកគី ចាត់ទុក​ពួក​គួកឌី​ស្ថានថា​ជា​ពួក​ក្រុម​ឧទ្ទាម​ភេរវជន ហើយ​ការ​វាយប្រហារ​នេះ គឺជា«ការ​ការពារខ្លួន​ទុក​ជា​មុន» ដែល​ករណី​នេះ ទទួល​ស្គាល់​ដោយ​មាត្រា​៥១នៃ​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ​។

សកម្មភាព​នេះ​ ត្រូវ​រងការ​រិះគន់​ជុំទិស ថា​ការ​ឈ្លាន​​និងគំរាមកំហែង​ដល់​សន្តិសុខ​ក្នុង​តំបន់​។​ ​​ប្រទេសជាច្រើន​ក្នុង​​ស​ម្ព័ន្ធ​អារ៉ាប់ បាន​ចេញ​មុខ​ថ្កោលទោសតួកគី ថា ការ​វាយ​ប្រហាររបស់​តួកគី​​នេះ ជារឿង​មិន​អាច​ទទួល​យក​បាន​សោះឡើយ។ ចំណែក​ អារ៉ាប៊ីសាអូឌីត ចាត់ទុកថា​ ទង្វើនេះ គឺ​បង្ក​ផលវិបាកអ​ស្ថិរភាព​នៅ​ក្នុង​តំបន់​ទាំងមូល។ ប្រទេស​ចិន​ ក៏​ចេញមុខ​មក​នឹងគេដែរ ដោយ​ចិន​រម្លឹក​តួកគីថា ត្រូវតែ​គោរព​ដែន​អធិបតេយ្យ​ភាព​និង​បូរណភាពទឹក​ដី​របស់​ស៊ីរី​។ រីឯ​ រុស្ស៊ី  ចង់​ឱ្យ​ចរចាគ្នា កុំ​ប្រើ​ចុង​កាំភ្លើង។

នៅ​ចំពោះ​មុខ​ស្ថានការណ៍​នេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បាន​​បើក​ប្រជុំ​ជាបន្ទាន់​ ពីម្សិលមិញនេះ​។ ហើយចំណែក ​សភាអាមេរិកាំងវិញ បាន​រារាំង​តួកគី ដោយ​គ្រោងអនុម័តច្បាប់ដាក់ទណ្ឌកម្មសេដ្ឋកិច្ច​លើ​តួកគី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ