អានតួអត្ថបទ
រុស្ស៊ី

បញ្ហា​សិទ្ធិ​មនុស្ស ជា​ក្តី​កង្វល់​របស់​ប្រធានាធិបតី​រុស្ស៊ី​បច្ចុប្បន្ន

ថ្ងៃនេះ លោកមេដវេដេវ ទទួល​ជួប​គណៈប្រតិភូរបស់​ក្រុមប្រឹក្សា​នៅអម​ប្រធានាធិបតី​រុស្ស៊ីខាង​អភិវឌ្ឍន៍​សង្គម​ស៊ីវិល និង​សិទ្ធិ​មនុស្សដើម្បី​ស្តាប់​សេចក្តី​សន្និដ្ឋាន អន្តរកាលអំពី​មូលហេតុ​នៃ​មរណភាព​អ្នកច្បាប់​រុស្ស៊ី Serguei Magnitski នៅក្នុង​ពន្ធនាគារកាលពី​ជិត២​ឆ្នាំមុន។ មរណភាពដែលញ៉ាំង​ឲ្យមាន​រលក​តវ៉ាពី​ខាង​មជ្ឈដ្ឋាន​បស្ចិម​លោកទាមទារ​ឲ្យ​ថ្កោលទោស​រាល់មន្ត្រី​រុស្ស៊ី​ណាដែល​ជាប់​ពិរុទ្ធ​ក្នុង​រឿង​នេះ។

លោក Dmitry Medveded ប្រធានាធិបតីរុស្ស៊ី
លោក Dmitry Medveded ប្រធានាធិបតីរុស្ស៊ី Reuters
ផ្សាយពាណិជ្ជកម្ម

ជាបឋម​គួរ​រំលឹក​ថា តាំងពី​គាត់​ឡើងកាន់​តំណែង​ជា​ប្រធានាធិបតី​រុស្ស៊ី​ជាង​៣ឆ្នាំ​មុន​មក លោក​មេដវេដេវក្នុង​ឋានៈ​ជា​អតីត​សាស្ត្រាចារ្យ​ច្បាប់ តែង​លើក​ជា​អាទិភាព​មួយ​នៃ​នយោបាយ​គាត់ ​គឺកសាង​ប្រទេស​រុស្ស៊ីឲ្យ​ទៅ​ជានីតិរដ្ឋ បាន​ន័យថា រាល់តែ​មន្ត្រី​ទាំងអស់​ដោយ​មិន​អាស្រ័យ​នឹង​បុណ្យ​​​សក្តិ​​ខ្លួន​ឡើយ គឺត្រូវ​ស្ថិតនៅ​ក្រោមច្បាប់មិនមែន​នៅពី​លើ​ច្បាប់ ទេលុះណា​តែ​យ៉ាងនេះ​ទើប​រុស្ស៊ី​អាច​ចាត់ទុក​ខ្លួនឯងជា​រដ្ឋ​ស៊ីវិល័យ​លូតលាស់​ខ្ពស់។

 
សាច់រឿង​នៃ​ជំនួបថ្ងៃនេះ គឺថាលោក​ប្រធានាធិបតី​មេដវេដេវ នឹងត្រូវ​គេលាត​ត្រដាង​ជូន​នូវ​សេចក្តី​សន្និដ្ឋាន​ត្រួសៗ​ជាមុន អំពី​មូលហេតុ​នៃ​មរណភាព​អ្នក​យុត្តិសាស្ត្រ​រុស្ស៊ី​ឈ្មោះ Serguei Magnitski ដែលបាន​ធ្វើការជាទីប្រឹក្សា​របស់​មូលនិធី​វិនិយោគ Hermitage Capital Management ហើយ​ដែល​ក្នុងឆ្នាំ២០០៨ បាន​ត្រូវ​ចាប់ខ្លួនចំពោះ​ការជួយឲ្យ​មូលនិធិ​នេះ​គេចពន្ធ​ក្នុង​ទឹកប្រាក់២១៣​លាន​រូប្ល ឬស្មើនឹង​ជាង៧លាន​ដុល្លារ​អាមេរិក។  

លុះ​ថ្ងៃ​១៧ វិច្ឆិកា​ ឆ្នាំ២០០៩ ដោយ​មកពី​ពួកមន្ត្រី​គុក​ពុំព្រម​អើពើ ​នឹងពាក្យ​ត្អូញត្អែរ​របស់​គាត់ចំពោះ​អាការៈ​សុខភាព​យ៉ាប់យ៉ឺន ពេលរូប​គាត់ត្រូវ​គេដឹក​ទៅ​មន្ទីរពេទ្យគឺ​ហួសពេល​ទៅហើយគាត់​ក៏​បានដាច់​ខ្យល់ស្លាប់​នៅយប់នោះ​ឯងតែម្តង ស្លាប់​ក្នុងវ័យ​ជាបុរស​នៅ​ពេញកម្លាំង​នៅឡើយ ក្នុងវ័យ​ទើប​៣៧ឆ្នាំ។

ស្របនឹង​សេចក្តី​សន្និដ្ឋាន​នោះ មាន​មន្ត្រី​មួយចំនួន​ដែលប្រាថ្នា​ឲ្យ​លោក Serguei Magnitski ក្ស័យ​ជីវិត​ទៅ​សម្រាប់​ជា​ប្រយោជន៍​របស់​ពួកគេ​ផ្ទាល់។

តាម​ដែល​កាសែត​ក្រុងម៉ូស្គូឈ្មោះ Kommersant ចុះផ្សាយ​ សាច់រឿង​ គឺ​អំពីមន្ត្រី​ចំនួន៦០នាក់ដែលជា​មន្ត្រី​ក្រសួង​មហាផ្ទៃ គណៈកម្មាធិការ​ជាតិ​ខាង​ស៊ើបអង្កេត ស្ថាប័ន​រដ្ឋ​អាជ្ញា និង​ចៅក្រមជាដើម។

ថ្ងៃទី៤ កក្កដា ​ម្សិលមិញឈ្មោះមន្ត្រី​ទាំងនេះ ត្រូវ​បាន​រដ្ឋាភិបាល​ហូឡង់​ដាក់​ទណ្ឌកម្មជា​គំរូ​សម្រាប់​ប្រទេស​ឯទៀត​នៅទ្វីប​អឺរ៉ុប ហាមមិន​ឲ្យចូល​ប្រទេស​នេះ ចំណែក​ទ្រព្យសម្បត្តិ​គេបើមាន​នៅលើ​ដែនដី​ហូឡង់គឺ​ត្រូវ​ផ្អាប់ទុក។

ទាំងសភា​ថ្នាក់លើនឹង​ថ្នាក់ក្រោមនិងរដ្ឋសភា​សហរដ្ឋអាមេរិកកំពុង​ពិនិត្យ​មើល​វិធានការ​នេះ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ