អានតួអត្ថបទ
បារាំង-ភេរវកម្ម

បារាំង៖ ស្លាប់​សង្ឃ​កាតូលិក​ម្នាក់ ក្នុង​ហេតុការណ៍​ចាប់​ចំណាប់​ខ្មាំងក្នុងវិហារកាតូលិក

មាន​ហេតុការណ៍​ចាប់​ចំណាប់ខ្មាំង ​ នៅ​ក្នុង​វិហារ​កាតូលិក​មួយ​កន្លែង​ ក្បែរ​ក្រុង​រូអង់ ​ភាគ​ខាង​លិច​ឈាង​ខាងជើង​ប្រទេស​បារាំង ​ នៅ​វេលា​ព្រឹក​ថ្ងៃ​អង្គារ ​ទី​២៦​កក្កដា​នេះ។ ជន​ដៃដល់​ពីរ​នាក់​ ដែល​ប្រដាប់​ដោយ​កាំបិត​ បាន​ចូល​ទៅ​ក្នុង​វិហារ​កាតូលិក ​ ដោយ​បាន​ចាប់​ គ្រិស្ត​បរិស័ទ ដូនជី ​និង​សង្ឃ​សាសនា​កាតូលិក ​ជា​ចំណាប់​ខ្មាំង។

កម្លាំងសមត្ថកិច្ច ​កំពុងតែ​ឡោមព័ត្រ​​កន្លែង​​កើតហេតុវិហារ​កាតូលិក Saint-Etienne-de-Rouvray ខាងត្បូង​ក្រុង​Rouen
កម្លាំងសមត្ថកិច្ច ​កំពុងតែ​ឡោមព័ត្រ​​កន្លែង​​កើតហេតុវិហារ​កាតូលិក Saint-Etienne-de-Rouvray ខាងត្បូង​ក្រុង​Rouen CHARLY TRIBALLEAU / AFP
ផ្សាយពាណិជ្ជកម្ម

យោង​តាម​ព័ត៌មាន​បឋម ​ ទទួល​បាន​ពី​អ្នក​រាយការណ៍​ព័ត៌មាន​បារាំង ​AFP បាន​ឲ្យ​ដឹង​ថា ​ ចំណាប់​ខ្មាំង​ម្នាក់​ ដែល​ជា​សង្ឃ​កាតូលិក​ប្រចាំការ​នៅ​ក្នុង​វិហារ ​ ត្រូវ​បាន​ជន​ដៃដល់ ​អារក​សម្លាប់​នឹង​កាំបិត។ ហេតុការណ៍​នេះ ​បាន​កើត​ឡើង​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​២៦​កក្កដា ​នៅ​ក្នុង​វិហារ​កាតូលិក​មួយ​ឈ្មោះ  ​Saint-Etienne-du-Rouvrayភាគ​ខាងត្បូង​ក្រុង​Rouen ។ មាន​មនុស្ស​ម្នាក់​ទៀត ​រង​របួល​ធ្ងន់។ ចំណែក​ជន​ដៃដល់​ទាំងពីរ​នាក់ ​ ត្រូវ​បាន​សមត្ថកិច្ច​បារាំង ​ បាញ់​ស្លាប់​នៅ​នឹង​កន្លែង។

 
យោង​តាម​ប្រភព​ពី​ក្រសួង​មហាផ្ទៃ​បារាំង ​ក្នុង​ពេល​កើត​ហេតុ ​ ជន​ដៃដល់​បាន​ចាប់​មនុស្ស​៥នាក់ ​នៅ​ក្នុង​វិហារ ​ជា​ចំណាប់ខ្មាំង​ ដោយ​មាន​កាំបិត​ជា​អាវុធ។ ក្រោយ​មក​ក្នុង​ពេល​ដែល​នគបាល​កំពុង​ឡោមព័ត្រ​កន្លែង​កើតហេតុ ​ ជន​ដៃដល់​ទាំង​ពីរ​នាក់ ​ បាន​ដើរ​ចេញ​មក​ខាង​ក្រៅ​វិហារ ​ ទើប​នគរបាល​បាញ់​សម្លាប់​នៅ​នឹង​កន្លែង។

កម្លាំង​សមត្ថកិច្ច​ កំពុង​តែ​ធ្វើ​ប្រតិបត្តិ​ការ​ រុករក​គ្រាប់បែក ​រឺ​អាវុធ​ជាតិ​ផ្ទុះផ្សេងៗ​ ដែល​ជន​ដៃដល់​អាច​ដាក់​បង្កប់​នៅ​កន្លែង​កើតហេតុ។ លោក ​Pierre-Henry Brandet ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ ​ បាន​បញ្ជាក់​ថា ​ មក​ត្រឹម​ពេល​នេះ ​ គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ដែល​ជំរុញ​ឲ្យ​ជន​ដៃដល់​ទាំងពីរ ​ ​ធ្វើ​អំពើ​ចាប់​ចំណាប់​ខ្មាំង​នេះ​ទេ ​ហើយ​អាជ្ញាធរ​ក៏​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ថា ​ ​វា​ជា​អំពើ​ភេរវកម្ម ​បង្ករ​ឡើង​ដោយ​ជន​ជីហាដ​អ៊ីស្លាម​ជ្រុល​និយម​ដែរ។

យ៉ាង​ណាក៏ដោយ ​ ករណី​នេះ ​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​កម្លាំង​សមត្ថកិច្ច​ពិសេស​បារាំង​ ដែល​មាន​តួនាទី​ស៊ើប​អង្កេត​បទ​ឧក្រិដ្ឋ​ភេរវកម្ម។ លោក​ប្រធានាធិបតី​បារាំង ​ អម​ដំណើរ​ដោយ​លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​កំពុងតែ​ធ្វើ​ដំណើរ​ទៅ​កន្លែង​កើតហេតុ។

គួររំលឹក​ដែរ ​ថា​បារាំង​ទាំងមូល ​កំពុង​ស្ថិត​ក្នុង​ភាព​អាសន្ន​ផ្នែក​សន្តិសុខ ​បន្ទាប់​ពី​បាន​រង​អំពើ​ភេរវកម្ម​ ផ្ទួនៗ​គ្នា ​ដែល​លើក​ចុង​ក្រោយ​គឺ​កើត​ឡើង​នៅ​ទីក្រុង​នីស ​កាល​ពី​យប់​ថ្ងៃ​បុណ្យ​ជាតិ​បារាំង ​ថ្ងៃ​ទី​១៤ ​កក្កដា ​ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៨៥​នាក់។ ដោយឡែក ​កាល​ពី​ឆ្នាំ​២០១៥ ​សមត្ថកិច្ច​បារាំង ​បាន​ទប់​ស្កាត់​បាន​សម្រេច ​នូវ​គម្រោង​វាយ​ប្រហារ​ភេរវកម្ម​មួយ ​ដែល​បាន​ប៉ុនប៉ង​សម្លាប់​មនុស្ស​នៅ​ក្នុង​វិហារ​កាតូលិក​ ក្នុង​តំបន់​Villejuifជាយ​ក្រុង​ប៉ារីស ​ភាគ​ខាងត្បូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ