The Lancet៖ ការត្រួតពិនិត្យជំងឺអេបូឡានៅតាមវាលយន្តហោះក្នុងប្រទេសប្រភពជំងឺអាចទប់ស្កាត់ការឆ្លងរាតត្បាត
វិធានការត្រួតពិនិត្យដែលគេបានដាក់ឲ្យអនុវត្តន៍ជាច្រើនខែមកហើយ នៅតាមព្រលានយន្តហោះនៃប្រទេសរងគ្រោះដោយជំងឺឆ្លងអេបូឡា ពោលគឺប្រទេស ហ្គីណេ លីបេរីយ៉ា និងស្សីរាលេអូន អាចបញ្ជៀសនូវការរាតត្បាតចំលងទៅបរទេស ជាមធ្យមបាន ៣ ករណី ក្នុងមួយខែ។ នេះជាលទ្ធផលនៃការស្រាវជ្រាវមួយដែលបានបោះពុម្ពផ្សាយកាលពីថ្ងៃអង្គារទី២១តុលាម្សិលមិញក្នុងទស្សនាវដ្តីវេជ្ជសាស្រ្តប្រចាំសប្តាហ៍ The Lancet នៃប្រទេសអង់គ្លេស។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:២៩
ជាការសិក្សាស្រាវជ្រាវដែលបានធ្វើឡើងដោយក្រុមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ ស្សាំង ម៉ាយឃឺល ក្រុង តូរុនតូ ប្រទេសកាណាដាដឹកនាំដោយលោកវេជ្ជបណ្ឌិតកាមរាកាន (Kamra Kahn)។ លទ្ធផលនៃការស្រាវជ្រាវនេះបានពីការអនុវត្តន៍វិធិសាស្ត្រនៃការគណនា ចំនួនករណីដែលត្រូវបាននាំចេញពីប្រទេសទាំងបីដោយគ្មានការត្រួតពិនិត្យបែបនេះ លើជើងហោះហើរចេញទៅបរទេសក្នុងឆ្នាំ ២០១៣ និងគ្រោងការហោះហើរសំរាប់ឆ្នាំ២០១៤ គួបផ្សំនឹងទិន្នន័យរបស់អង្គការសុខភាពពិភពលោក OMS ស្តីពី ស្ថានភាពនៃការឆ្លងរាតត្បាតនៅក្នុងប្រទេសរងគ្រោះទាំងបីនេះ។
លោកវេជ្ជបណ្ឌិត កាន និងសហការីរបស់លោកបានគូសបញ្ជាក់់ថា ការចាត់វិធានការត្រួតពិនិត្យនៅតាមព្រលានយន្តហោះពីកន្លែងចេញដំណើរនៃប្រទេសរងគ្រោះទាំងបី មានភាពងាយស្រួលនិងមានប្រសិទ្ធភាពជាង ការត្រួតពិនត្យលើអ្នកដំណើរដែលបានចាកចេញពីប្រទេសទាំងនេះនៅកន្លែងមកដល់នៅបរទេស។ ព្រោះថា រយៈពេលគិតពីចាប់តាំងពីការឆ្លងនិងរហូតដល់ការលេចឡើងនូវរោគសញ្ញានៃការឆ្លង វាវែងជាងច្រើនណាស់ពីរយៈពេលនៃការធ្វើដំណើរត្រឹមប៉ុន្មានម៉ោងចេញពីប្រទេសទាំងនោះ។
លោកវេជ្ជបណ្ឌិត កាននិងសហការីក៏បានផ្តល់ជាអនុសាសន៍ថា ថ្នាក់ដឹកនាំនៃប្រទេសនានាត្រូវធ្វើការថ្លឹងថ្លែងដោយប្រយ័ត្នប្រយែងចំពោះព្យសនកម្មឬការខូចខាតដែលអាចកើតមានពីការរិតត្បិតនៃការធ្វើដំណើរពីប្រទេសរងគ្រោះទាំងនេះ ដែលសំដៅកាត់់បន្ថយហានិភ័យនៃការឆ្លងចូលជំងឺឆ្លងអេបូឡានេះ។ លោកនិងសហការីបានសរសេរក្នុងរបាយការណ៍ស្រាវជ្រាវនោះថា ការត្រួតពិនិត្យលើអ្នកដំណើរ ពីកន្លែងចេញដំណើរនៅព្រលានយន្តហោះនៃប្រទេស ហ្គីណេ លីបេរីយ៉ានិងស្សីរាលេអូនគឺជាព្រំដែន ដ៏ល្អបំផុតសំរាប់ការវាយតម្លៃពីស្ថានភាពសុខភាពអ្នកដំណើរដែលអាចមានជាប់ជំងឺឆ្លងអេបូឡា។ ក៏ប៉ុន្តែ ការធ្វើអន្តរាគមន៍នេះអាចទាមទារឲ្យមានការគាំទ្រជាលក្ខណៈអន្តជាតិដើម្បីឲ្យវធានការត្រួតពិនិត្យប្រព្រឹត្តទៅមានប្រសិទ្ធិភាព។
បានសេចក្តីថាតាមយោបល់របស់ក្រុមវេជ្ជបណ្ឌិតដែលបានសិក្សាស្រាវជ្រាវលើបញ្ហានេះ គេគួរផ្តល់អាទិភាពដល់វិធានការត្រួតពិនិត្យនៅឯប្រភពផ្ទាល់តែម្តង ជាជាងការរឹតត្បិតទំនាក់ទំនងផ្លូវអាកាសរវាងប្រទេសរងគ្រោះទាំងបីជាមួយពិភពលោកខាងក្រៅ ព្រោះការរឹតត្បិតបែបនេះអាចបង្កឲ្យមានផលអាក្រក់ច្រើនជាងផលល្អ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ