អានតួអត្ថបទ

អាល្លឺម៉ង់ ៖ ប្រមុខ​សាសនាភៀស​​ខ្លួន​នៅ​អាមេរិក​មិនមែន​ជា​មេ​គំនិតធ្វើ​រដ្ឋប្រហារ​នៅ​តួកគី​ទេ

ប្រមុខ​ភ្នាក់ងារចារកិច្ច​​អាល្លឺម៉ង់ លោក ប្រ៊ុយណូ កាល់ Bruno Kahl បាន​អះអាង​នៅ​ថ្ងៃសៅរ៍​នេះ ប្រាប់​អ្នក​សារព័ត៌មាន​ថា ប្រមុខ​សាសនា​តួកគី ដែល​និរទេស​ខ្លួន​ទៅ​សំងំ​នៅ​សហរដ្ឋអាមេរិក ​មិន​មែន​ជា​មេគំនិត​រៀប​ចំ​ធ្វើ​រដ្ឋប្រហារ​មិន​សម្រេច កាលពី​ខែ​កក្កដា​ឆ្នាំ​២០១៦ ដូច​ដែល​ក្រុង​​អង់ការ៉ា ធ្លាប់​ចោទ​ប្រកាន់​​កន្លង​មក​នោះ​ទេ។ សេចក្តី​ប្រកាស​នេះ​ ធ្លាក់​មក​ជួន​ចំ​ពេល​ដែល​ភាព​តាន​តឹង​ការទូត​កំពុង​ប៉ោង​ខ្លាំង​រវាង​តួកគី​ជាមួយ​អឺរ៉ុប​ ជាពិសេស​ជាមួយ​ប្រទេស​ហូឡង់ និងអាល្លឺម៉ង់។

លោក Recep Tayyip Erdogan ប្រធានាធិបតី​តួកគី
លោក Recep Tayyip Erdogan ប្រធានាធិបតី​តួកគី Yasin Bulbul/Presidential Palace/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

តួកគី​បាន​ប្រើ​គ្រប់​មធ្យោបាយ​បញ្ចុះ​បញ្ចូល​លោក​ខាង​លិច​ឱ្យ​ជឿ​ថា​មាន​រដ្ឋប្រហារ​ប្រឆាំង​លោក អែរដូហ្កាន ប៉ុន្តែ​គ្មាន​នរណា​ជឿ​ទេ ! នេះ​បើ​តាម​ប្រសាសន៍លោក ប្រ៊ុយណូ កាល់ ​ប្រធាន​ចារកិច្ច​អាល្លឺម៉ង់ ដោយ​បាន​គូស​បញ្ជាក់​ថា រដ្ឋប្រហារមិន​សម្រេច​​ថ្ងៃទី ១៥​កក្កដា ២០១៦ គ្រាន់​តែ​ជា​លេស​ បន្ថែម​សម្រាប់​ពន្យឿន​នយោបាយ​បោសសំអាត​របស់​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ។

តាម​ការពិត ប្រតិបត្តិការ​​បោស​សម្អាត កម្ចាត់​អ្នក​ប្រឆាំង​ក្នុង​រដ្ឋាភិបាល បាន​ចាប់​ផ្តើម​តាំង​ពី​មុនថ្ងៃទី ១៥​កក្កដាមក​ម្ល៉េះ។ ដោយមើល​ឃើញ​សកម្មភាព​នេះ ទើប​ខាង​យោធា​ចាប់​ផ្តើម​គិត​ភ័យ​ព្រួយ​បារម្ភ នាំ​គ្នា​ងើប​ធ្វើ​ប្រហារ​មុខ​ដើម្បី​កុំ​ឱ្យ​លោក​អែរដូហ្កាន​កម្ចាត់​ពួក​គេ​ទាន់។ តែ​ជា​សំណាង​អាក្រក់​ ពួកគេ​ភ្ញាក់​ខ្លួន​យឺត​ពេលទៅ​ហើយ​ ហើយ​ក៏ក្លាយ​ជា​ក្រុម​ត្រូវ​កម្ចាត់​ចោល​ ក្រោមទោស​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​តែ​ម្តង។

ឯប្រមុខ​សាសនា​ Gulen ដែល​និរទេស​ខ្លួន​នៅ​សហរដ្ឋ​អាមេរិក និង​ដែល​ជាប់​ចោទ​ថា​ជា​មេ​ចលនា​ភេរវនិយម​ មាន​ទំនួល​ខុសត្រូវ​លើ​ការ​ស្លាប់​មនុស្ស​២៤៨​នាក់ ក្នុង​យប់នៃព្រឹត្តិការណ៍​រដ្ឋប្រហារ​ គឺ​ជា​សមាគម​ស៊ីវិល អប់រំ​ផ្នែក​សាសនា​ និង​បាន​សហការ​រាប់​ទសវត្ស​មក​ហើយ​ជាមួយ​លោក​អែរដូហ្កាន​។ សមាគម​នេះ​មាន​​បណ្តាញ​សាលា​រៀន សហគ្រាស​ ក្រុមហ៊ុន​និង​អង្គការ​ក្រៅរដ្ឋាភិបាលដ៏​ធំ។ នេះ​បើ​តាម​លោក Bruno Kahlដដែល។

ក្រោយ​រដ្ឋប្រហារ​មិន​សម្រេច​ មាន​មនុស្ស​ជាង​៤១០០០​នាក់ ត្រូវ​ចាប់​ខ្លួន និង​ជាង​១០​ម៉ឺន​នាក់​ ត្រូវ​ដក​ឬ​ព្យួរ​តំណែង មាន​អាទិ៍សាស្ត្រាចារ្យ ប៉ូលិស និង​ចៅក្រម។​ កាលពី​ថ្ងៃ​ពុធ​ តុលាការ​តួកគី​បាន​បើក​សវនការ​កាត់​ទោស​ចៅក្រម​ម្នាក់​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​របស់​អង្គការ​សហប្រជាជាតិ ពី​បទ​ផ្សំ​គំនិត​ក្នុង​រដ្ឋ​ប្រហារ បើ​ទោះ​បី​ជា​មាន​ការ​អំពាវនាវ​ពី​អង្គការ​សហប្រជាជាតិ​​ឱ្យ​គោរព​អភ័យ​ឯកសិទ្ធិ​គាត់​ក៏​ដោយ។

ម្យ៉ាង​ទៀត សេចក្តី​ប្រកាស​របស់​ភ្នាក់ងារ​ចារកិច្ច​អាល្លឺម៉ង់ ធ្លាក់​មក​ជួន​ចំ​ពេល​ដែល​ប៊ែរឡាំង​ត្រៀម​ហាម​ឃាត់ជា​លើក​ទីបី មិន​ឱ្យ​មាន​ការ​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម​គាំទ្រ​លោក​អែរដូហ្កាន។ ការ​ហាមឃាត់​ដែល​បាន​ធ្វើ​ឱ្យ​ទំនាក់ទំនង​ការ​ទូត​តួកគី​ជាមួយ​អឺរ៉ុប​ឡើង​តាន​តឹង​យ៉ាងខ្លាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ