ជេមស៍ ខមី៖ លោកដូណាល់ ត្រាំពិតជាបានប្រាប់ឲ្យឈប់ស៊ើបអង្កេតលើករណីពាក់ព័ន្ធនឹងរុស្ស៊ី
តើអតីតមេដឹកនាំប៉ូលិសសហព័ន្ធអាមេរិក FBI លោកជេមស៍ ខមី បានរងការដាក់សម្ពាធពីប្រធានាធិបតី ដូណាល់ ត្រាំ? លោកជេមស៍ ខមី ត្រូវចូលខ្លួនទៅឆ្លើយបំភ្លឺ នៅថ្ងៃព្រហស្បតិ៍ទី ៨មិថុនា នៅគណៈកម្មការស៊ើបការណ៍សម្ងាត់របស់ព្រឹទ្ធសភាអាមេរិក។ នៅក្នុងចម្លើយជាសំណេរ ដែលចេញផ្សាយនៅថ្ងៃពុធគណៈកម្មការស៊ើបការណ៍សម្ងាត់របស់ព្រឹទ្ធសភា លោកជេមស៍ ខមី បានរៀបរាប់ថា លោកដូណាល់ ត្រាំ ពិតជាបានប្រាប់លោកឲ្យលែងស៊ើបអង្កេតលើអតីតទីប្រឹក្សាសន្តិសុខជាតិ Michael Flynn ដែលជាប់ពាក់ព័ន្ធនឹងរុស្ស៊ី។
ចុះផ្សាយនៅថ្ងៃ៖
ការសួរដេញដោលនៅគណៈកម្មការស៊ើបអង្កេតរបស់ព្រឹទ្ធសភាអាមេរិកធ្វើឡើងនៅក្នុងពីរដំណាក់កាល។ ដំណាក់កាលទី១ដែលធ្វើឡើងជាសាធារណៈនឹងត្រូវចាក់ផ្សាយបន្តផ្ទាល់នៅតាមប៉ុស្តទូរស្សន៍បី គឺ ABC CBS និងNBC។ ចំណែកដំណាក់កាលទី២ ធ្វើឡើងដោយបិទទ្វារជិតរវាងលោកជេមស៍ ខមី James Comey និងសមាជិកគណៈកម្មការព្រឹទ្ធសភា។
នៅក្នុងចម្លើយជាសំណេរ៧ ទំព័រដែលលោកខមីប្រុងនឹងអាន នៅមុខគណៈកម្មការព្រឹទ្ធសភា លោកខមី បានសរសេរយ៉ាងលម្អិត ពីខ្លឹមសារនៃកិច្ចសន្ទនារវាងលោក ជាមួយលោកដូណាល់ ត្រាំ តាំងពីខែមករា។ លោកជេមស៍ ខមី បានសរសេរថា នៅក្នុងរយៈពេល ៤ខែ លោកបានជួប លោកដូណាល់ ត្រាំ ដល់ទៅ ៩ដង ដោយជួបទល់មុខ ចំនួន៣ដង និង៦ដងទៀត គឺជួបនិយាយតាមទូរស័ព្ទ។ លោកខមីបានប្រៀបធៀបទៅនឹងអាណត្តិ៨ឆ្នាំរបស់លោកអូបាម៉ា ដែលលោកជួបផ្ទាល់ ទល់មុខ តែពីរលើកគត់ និងមិនដែលបាននិយាយទូរស័ព្ទទាក់ទង ដូចដែលលោកដូណាល់ ត្រាំធ្វើជាមួយលោកនោះទេ។
ខ្លឹមសារនៃចម្លើយសំណេររបស់លោកជេមស៍ ខមី ដូចគ្នានឹងការចុះផ្សាយកន្លងមករបស់កាសែតអាមេរិកាំង។ ចម្លើយសំណេររបស់លោកជេមស៍ ខមីបានបញ្ជាក់ ធ្វើឲ្យព័ត៌មានដែលកាសែតអាមេរិកាំងចុះផ្សាយកន្លងមកថា ជារឿងពិត នោះគឺលោកដូណាល់ ត្រាំបានទាមទារឲ្យលោកជេមស៍ ខមី កាលនៅជាមេដឹកនាំរបស់FBI ឲ្យឈប់ស៊ើបអង្កេតទៅលើអតីតទីប្រឹក្សាសន្តិសុខជាតិ លោកMichael Flynn។ តាមសំណេររបស់លោកខមី លោកដូណាល់ ត្រាំ បានហៅលោកឲ្យជួបនៅក្នុងបន្ទប់ប្រធានាធិបតី នៅមួយថ្ងៃក្រោយ លោកMichael Flynn បានបង្ខំចិត្តលាចេញពីតំណែង ដោយសាររឿងអាស្រូវ មានជាប់ទាក់ទងនឹងរុស្ស៊ី។ តាមសំនេររបស់លោកខមី លោកដូណាល់ ត្រាំ បានឃាត់ទុកលោកតែម្នាក់ បន្ទាប់ពីបានប្រាប់ឲ្យអនុប្រធានាធិបតី និងជំនួយការផ្សេងទៀត ចេញពីបន្ទប់ប្រជុំប្រធានាធិបតី។ នៅពេលមានគ្នាតែពីរនាក់ ជាមួយលោកខមី លោកដូណាល់ ត្រាំបាននិយាយថា លោកសង្ឃឹមថា លោកខមីនឹងបោះបង់ចោលការស៊ើបអង្កេតទៅលើ លោកFlynn។ លោកFlynn ជាមនុស្សល្អ មិនបានធ្វើអ្វីអាក្រក់នោះទេ។ នេះជាសំដីរបស់លោកត្រាំ ដែលលោកខមី បានកត់ត្រា នៅក្រោយជំនួបជាមួយលោកដូណាល់ ត្រាំ។
នេះជាលើកទី១ ជាផ្លូវការដែលលោកជេមស៍ ខមីអះអាងចេញពីមាត់របស់លោកថា លោកដូណាល់ ត្រាំបានប្រាប់ឲ្យលោកឈប់ស៊ើបអង្កេតលើMichael Flynn។
នៅក្នុងចម្លើយសំណេររបស់លោកខមី លោកខមីបានលើកផងដែរ ខ្លឹមសារជំនួបរវាងលោក និងលោកដូណាល់ ត្រាំ នៅថ្ងៃទី ២៧មករា ពោលគឺមួយសប្តាហ៍ក្រោយលោកបានស្បថក្លាយជាប្រធានាធិបតីអាមេរិក។ តាមលោកខមី លោកដូណាល់ ត្រាំបានសួរលោក មួយដង ជាពីរដង ថា តើលោកចង់នៅធ្វើជាប្រធានFBIដែរឬទេ។ បន្ទាប់មក លោកបាននិយាយថា លោកចង់បានភាពស្មោះស្ម័គ្រ ពីលោកជេមស៍ ខមី។ ដោយទើសទាល់ លោកខមីបានឆ្លើយទៅវិញថា លោកដូណាល់ត្រាំ នឹងបានភាពស្មោះត្រង់ពីលោក។ “អ្វីដែលខ្ញុំសង្កេតឃើញថា ចម្លែកណាស់ គឺថា លោកប្រធានាធិបតីបាននិយាយដដែលៗ ពីរលើក នៅក្នុងការសន្ទនាកន្លងមកថា លោកចង់ឲ្យខ្ញុំនៅកាន់តំណែងជាប្រធានFBI”។ នៅក្នុងចម្លើយសំណេរដាក់ទៅព្រឹទ្ធសភា លោកខមីបានសរសេរថា លោកចាប់ផ្តើមសង្ស័យថា លោកប្រធានាធិបតីបានប្រើការទទួលទានអាហារពេលល្ងាចជាមួយលោក ដើម្បី ទាក់ទាញឲ្យលោកនិយាយថា លោកចង់នៅកាន់តំណែងជាប្រធានFBI និងចង់បង្ហាញថា លោកខមីដែលអាចកាន់តំណែងជាប្រធានប៉ូលិសសហព័ន្ធ គឺនៅជំពាក់គុណរបស់ប្រធានាធិបតី។
“ស្មោះស្ម័គ្រ” តើមានអ្វីដែលខុស?
នៅអាមេរិក ប្រធានាធិបតីមានសិទ្ធិអំណាចដកហូត និងតែងតាំងប្រធានFBIក៏ពិតមែនហើយ ប៉ុន្តែ ប្រធានាធិបតីគ្មានសិទ្ធិ ទាមទារឲ្យមេដឹកនាំFBIត្រូវតែស្មោះស្ម័គ្រនឹងខ្លួនតែម្នាក់នោះទេ។ នៅក្នុងសំណេរ លោកខមីនិយាយថា លោកបារម្ភដែលលឺលោកដូណាល់ ត្រាំទាមទារឲ្យលោកនិយាយពាក្យស្មោះស្ម័គ្រនឹងលោក ព្រោះថា តាមប្រពៃណីអាមេរិក FBIជាស្ថាប័នឯករាជ្យ មិនស្ថិតនៅក្រោមអំណាចប្រធានាធិបតីនោះទេ។
ប្រធានាធិបតីគ្មានអំណាច គ្មានសិទ្ធិលូកដៃ បញ្ជារឲ្យFBIធ្វើតាមបញ្ជាររបសខ្លួននោះទេ។ FBI ដែលស្ថិតនៅក្រោមការដឹកនាំតែមួយគត់ពីក្រសួងយុត្តិធម៌ គឺមានសិទ្ធិស៊ើបអង្កេតលើគ្រប់បុគ្គល មិនថា ប្រធានាធិបតី ឬសមាជិកសភាអាមេរិក។ ដូច្នេះ នៅពេលលោកដូណាល់ ត្រាំ ទាមទារឲ្យជេមស៍ ខមីស្មោះស្ម័គ្រនឹងលោក លោកដូណាល់ ត្រាំ ដែលធ្លាប់តែធ្វើជំនួញ គិតស្មាន ចង់ទាក់ទាញ លោកខមី ឲ្យគោរពស្មោះស្ម័គ្រនឹងលោក មិនធ្វើអ្វីប្រឆាំងនឹងលោក។ លោកដូណាល់ ត្រាំយល់ច្រឡំ ខុសធ្ងន់ណាស់ ព្រោះថា ធ្វើដូច្នេះ លោកកំពុងរំលោភអំណាច ប្រើឥទ្ធិពលរបស់ខ្លួន ដើម្បីដាក់គំនាប សម្ពាធទៅលើប្រធានFBI ដែលតាមពិតជាស្ថាប័នឯករាជ្យនោះ។
តើលោកដូណាល់ ត្រាំ ត្រូវប្រឈមនឹងការបោះឆ្នោតទម្លាក់ចេញពីតំណែងប្រធានាធិបតី ដែរឬទេ?
ការលូកដៃ រារាំងដំណើរការស៊ើបអង្កេតរបស់ប្រព័ន្ធតុលាការ ត្រូវបានចាត់ទុក ជាបទល្មើសឧក្រិដ្ឋ និងអាចឈានទៅដល់ការបោះឆ្នោត ទម្លាក់ប្រធានាធិបតីចេញពីតំណែង។ ទោះជាសមាជិកព្រឹទ្ធសភាខ្លះ មកពីគណបក្សប្រជាធិបតេយ្យបានពន្លយពាក្យរួចហើយពីការបើកនិតិវិធីសម្រាប់ឈានទៅរកការបោះឆ្នោតទម្លាក់លោកដូណាល់ ត្រាំ ចេញពីតំណែងប្រធានាធិបតី សមាជិកសភាភាគច្រើន ទាំងមកពីគណបក្សកាន់អំណាច និងមកពីគណបក្សប្រជាធិបតេយ្យ យល់ថា ដំណាក់កាលនោះនៅមិនទាន់មកដល់ទេ។ គេត្រូវប្រមូលឲ្យបានច្រើនជាមុនសិន នូវភស្តុតាង ដែលបានបញ្ជាក់ថា ប្រធានាធិបតីបានរំលោភអំណាច លូកដៃរារាំង បំផ្លាញការស៊ើបអង្កេតរបស់តុលាការ។
ម្យ៉ាងវិញទៀត នៅក្នុងចម្លើយសំណេរ លោកជេមស៍ ខមីមិនបាននិយាយ ដាក់បន្ទុកលើលោកដូណាល់ ត្រាំនោះទេ។ លោកខមី ដែលល្បីឈ្មោះថា ជាមនុស្សម៉ត់ចត់ សរសេរកំណត់ហេតុរាល់ពាក្យដែលលោកបាននិយាយជាមួយប្រធានាធិបតី នឹងចូលខ្លួនក្នុងនាមជាសាក្សីតែប៉ុណ្ណោះ។ នៅក្នុងចម្លើយសំណេរ លោកខមីបានសរសេររៀបរាប់ពីអ្វីដែលលោកដូណាល់ ត្រាំ បាននិយាយ ប៉ុន្តែ លោកមិនបានបញ្ចេញយោបល់ វិនិច្ឆ័យថាលោកដូណាល់ ត្រាំ បានរារាំង ការស៊ើបអង្កេតរបស់FBIនោះទេ។ គឺរដ្ឋអាជ្ញាពិសេស ដែលត្រូវបានតែងតាំងសម្រាប់ស៊ើបអង្កេតលើការលូកដៃរបស់រុស្ស៊ី ដែលជាអ្នកវិនិច្ឆ័យ សម្រេចថា សំដីរបស់លោកដូណាល់ ត្រាំ មានលក្ខណៈ ដាក់សម្ពាធ ក្នុងគោលដៅ រារាំងដំណើរការស៊ើបអង្កេតរបស់តុលាការ។
នៅពេលនេះ លោកRobert Mueller ដែលទើបចូលធ្វើជារដ្ឋអាជ្ញាពិសេស កំពុងស៊ើបអង្កេតលើការជាប់ពាក់ព័ន្ធរវាងក្រុមឃោសនារបស់លោកដូណាល់ ត្រាំ ជាមួយរុស្ស៊ី។ តាមកាសែត លោកជេមស៍ ខមីទំនងជានឹងមិននិយាយអ្វីច្រើន លើសពីអ្វីដែលលោកបានសរសេរនៅក្នុងចម្លើយសំណេររបស់លោកនោះទេ ព្រោះដើម្បីកុំឲ្យប៉ះពាល់ដល់ដំណើរការស៊ើបអង្កេតរបស់រដ្ឋអាជ្ញា។ ប៉ុន្តែ បើសិនជារដ្ឋអាជ្ញាពិសេស រកឃើញថា លោកដូណាល់ ត្រាំ ពិតជាបានរារាំងដំណើរការស៊ើបអង្កេត ដែលផ្តោតទៅលើក្រុមឃោសនារបស់លោកមែន នោះរដ្ឋអាជ្ញានឹងរាយការណ៍ទៅសភា ដែលជាអ្នកមានសិទ្ធិសម្រេចបើកសនវការកាត់ទោស និងបោះឆ្នោត ទម្លាក់ប្រធានាធិបតីចេញពីតំណែង។
ករណីនេះបានកើតមានម្តងហើយ នៅសម័យលោកRichard Nixon នៅឆ្នាំ ១៩៧៤ ដែលនៅពេលនោះ សភាបានរៀបចំដំណើរការបោះឆ្នោតទម្លាក់លោកចេញពីតំណែង ដោយសារតែលោកបានលូកដៃ ចូលក្នុងដំណើរការស៊ើបអង្កេតក្នុងរឿងអាស្រូវ Watergate ដែលមានលោកជាប់ ពាក់ព័ន្ធ។ ប៉ុន្តែ សម័យនោះ លោកនិចសុនបានលាលែងចេញពីតំណែង ប្រធានាធិបតីមុននឹងលោកត្រូវសភាបោះឆ្នោតទម្លាក់លោកទៅទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ