អានតួអត្ថបទ
រូម៉ានី

រូម៉ានី៖​ក្រោយ​គ្រោះថ្នាក់​ឆេះ​រង្គសាល​ នាយករដ្ឋមន្រ្តី​ប្រកាស​ចុះ​ពី​តំណែង

នៅ​ថ្ងៃ​ពុធ ទី៤ វិច្ឆិកា លោក​នាយករដ្ឋមន្រ្តី​នៃ​ប្រទេស​រូម៉ានី​វ៉ិចទ័រ ប៉ុងតា (Victor Ponta) បាន​ប្រកាស​លា​ចុះ​ពី​មុខ​តំណែង។ ការ​ប្រកាស​ចាក​ចេញ​ពី​តំណែង​ប្រមុខ​រដ្ឋាភិបាល​របស់​លោក​ប៉ុងតា​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​គ្រោះថ្នាក់​ឆាបឆេះ​ក្នុង​រង្គសាល​មួយ​កាល​ពី​យប់​ថ្ងៃ​សុក្រ ទី៣០ តុលា​កន្លង​ទៅ​ដោយ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ៣២នាក់ និង​របួស​ជិត ២០០នាក់​ផ្សេង​ទៀត។ ក្រោយ​ព្រឹត្តិការណ៍​នោះ​មក មាន​ប្រជាជន​រូម៉ានី​ជា​ច្រើន​ពាន់នាក់​បាន​នំា​គ្នា​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​លោក​វ៉ិចទ័រ ប៉ុងតា​ចុះ​ចេញ​ពី​តំណែង។

លោក​​នាយករដ្ឋមន្រ្តី​​នៃ​​ប្រទេស​​រូម៉ានី​​វ៉ិចទ័រ ប៉ុងតា (Victor Ponta)
លោក​​នាយករដ្ឋមន្រ្តី​​នៃ​​ប្រទេស​​រូម៉ានី​​វ៉ិចទ័រ ប៉ុងតា (Victor Ponta) REUTERS/Grigore Popescu
ផ្សាយពាណិជ្ជកម្ម

ទីបំផុត និង​ដោយ​មិន​អាច​ទ្រាំទ្រ​នឹង​គំនាប​របស់​មហាជន​នៅ​តាម​ដងផ្លូវ​បាន លោក​វ៉ិចទ័រ ប៉ុងតា​ក៏​បាន​សម្រេច​ចិត្ត​ចុះ​ចេញ​ពី​កៅអី​នាយករដ្ឋមន្រ្តី។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រយៈពេល​ខ្លី​តាម​ទូរទស្សន៍ លោក​វ៉ិចទ័រ ប៉ុងតា​បាន​បញ្ជាក់​ថា លោក​យល់​ពី​កំហឹង​របស់​មហាជន​ដែល​កំពុង​ស្វែង​រក​អ្នក​ទទួល​ខុសត្រូវ​នៅ​ក្នុង​សោកនាដកម្ម​ឆេះ​រង្គសាល​កាល​ពី​រាត្រី​ថ្ងៃ​សុក្រ ទី៣០ តុលា​កន្លង​ទៅ និង​ថា អ្នក​ទទួល​ខុសត្រូវ​នៅ​ក្នុង​សោកនាដកម្ម​នោះ​មិនមែន​មាន​ត្រឹម​តែ​ម្ចាស់​រង្គសាល​ប៉ុណ្ណោះ​ទេ។

« ខ្ញុំ​បាន​តស៊ូ​ប្រយុទ្ធ​ដើម្បី​នយោបាយ តែ​ខ្ញុំ​មិន​អាច​តស៊ូប្រយុទ្ធ​ប្រឆំាង​នឹង​មនុស្ស​ដែល​បាន​ចុះ​ផ្លូវ​ដើម្បី​សម្តែង​កំហឹង​របស់​គេ​បាន​ឡើយ » នេះ​ជា​សម្តី​របស់​លោក​វ៉ិចទ័រ ប៉ុងតា។ គួរ​រម្លឹក​ជូន​ថា​នៅ​យប់​ថ្ងៃ​អង្គារ ទី៣ វិច្ឆិកា​កន្លង​ទៅ​ថ្មីៗ​នេះ មាន​ប្រជាជន​ជាង ៣០ ០០០នាក់​បាន​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​លោក​នាយករដ្ឋមន្រ្តី​វ៉ិចទ័រ ប៉ុងតា​ចុះ​ចេញ​ពី​តំណែង។ គឺ​ជា​ក្បួនបាតុកម្ម​ដ៏​ធំ​មួយ​ដែល​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រទេស​រូម៉ានី​ទេ​នា​រយៈពេល ២៥ឆ្នំា​ចុងក្រោយ​នេះ។

ហ្វូង​បាតុករ​បាន​ចោទ​មន្រ្តី​រដ្ឋអំណាច​ស្រុក​ពី​បទ​ស៊ីសំណូកសូកប៉ាន់​ជាមួយ​ម្ចាស់​រង្គសាល​ដែល​មិន​បាន​សាងសង់​រង្គសាល​ឲ្យ​ត្រឹមត្រូវ​តាម​ស្តង់ដារ។ « យើង​មិន​អាច​ទុក​បណ្តោយ​ឲ្យ​មាន​អំពើ​ពុករលួយ​រហូត​ដល់​សម្លាប់​មនុស្ស​ទៀត​បាន​ឡើយ » នេះ​ជា​ការ​ថ្លែង​របស់​លោក​ក្លៅ យ៉ូហានីស ប្រធានាធិបតី​រូម៉ានី​មក​ពី​គណបក្ស​អភិរក្សនិយម។ គួរ​ជម្រាប​ជូន​ថា រឿង​ឆេះ​រង្គសាល​គ្រាន់​តែ​ជា​ហេតុផល​មួយ​ក្នុង​ចំណោម​ហេតុផល​ផ្សេង​ទៀត​ដែល​មិន​អាច​អនុញ្ញាត​ឲ្យ​លោក​វ៉ិចទ័រ ប៉ុងតា​បន្ត​អង្គុយ​កៅអី​នាយករដ្ឋមន្រ្តី​បាន។

នៅ​ក្នុង​អតីតកាល ពោល​ក្នុង​នាម​ជា​មេធាវី​ម្នាក់ លោក​ប៉ុងតា​បាន​ជាប់ចោទ​ពី​បទ​រួមគំនិត​គេចពន្ធ និង​លាងសំអាត​លុយកខ្វក់។ អស់​ជា​ច្រើន​ខែ​កន្លង​មក​ហើយ​ដែល​លោក​ប៉ុងតា​បាន​ទទួល​គំនាប​ពី​ក្រុម​បក្សប្រឆំាង រួម​ទំាង​រូប​លោក​ប្រធានាធិបតី​ក្លៅ យ៉ូហានីស​ដែល​បាន​ទាមទារ​ឲ្យ​លោក​ចុះ​ចេញ​ពី​មុខ​តំណែង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ