អានតួអត្ថបទ
រុស្ស៊ី

ម៉ូស្គូ​ប្រតិកម្ម​ទល់​នឹង​រឿងអាស្រូវ​គេចពន្ធ​នៃ​ក្រុម​មនុស្សជំនិត​នឹង​លោក​ពូទីន

តប​នឹង​ឯកសារ​ប៉ាណាម៉ា​ចេញ​ដោយ​សហគមន៍​អ្នកកាសែតអន្តរជាតិ​ខាង​ស៊ើបអង្កេត ICIJដែល​ថា ក្រុម​មនុស្សជំនិត​នឹង​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន ចេះ​ទទួល​បាន​ប្រាក់កម្ចី ២.០០០លានដុល្លារ តាម​រយៈ​បណ្តាញ​ធនាគារ និង​ក្រុមហ៊ុន​ដែល​រក​ស៊ី​នៅ​តាម ​ប្រទេស​ជា ឋានសួគ៌​គេចពន្ធ អ្នកនាំពាក្យ​វិមានក្រេមឡាំង បាន​ចង្អុល​ឲ្យ​ឃើញ​ថា ព័ត៌មាន បែប​នេះ គឺ​សំដៅ​បង្ខូច​ឈ្មោះ​លោក​ពូទីន មុន​ដល់​ពេល​បោះឆ្នោត​នៅ​រុស្ស៊ី ក្នុង​ថ្ងៃ​មុខ។

លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន
លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន REUTERS/Alexei Nikolskyi
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ថ្ងៃ​ចន្ទ​ម្សិលមិញ ក្នុង​សន្និសីទកាសែត​តាម​រយៈ​ទូរទស្សន៍ អ្នកនាំពាក្យ​វិមានក្រេម ឡាំង​លោក ឌ្មីទ្រី ពេស្កូវ បាន​ប្រកាស​ថា ទីដៅ​ធំ​បំផុត នៃ​ការ​ផ្សាយ​ដំណឺង​បោកប្រាស់​នេះ គឺ វាយប្រហារ រូប​លោក​ប្រធានាធិបតី​រុស្ស៊ី ជា​ពិសេស គឺ​ក្នុង​បរិបទ​នៃ​ការ​បោះឆ្នោត​សភា នៅ​ខែ កញ្ញា​ខាង​មុខ និង ការ​បោះឆ្នោត​ប្រធានាធិបតី ក្នុង​២ឆ្នាំ​ទៀត។ លោក​ពេស្កូវ​បន្ត​ថា នៅ​បរទេស បាតុភាព​ភ័យ​ខ្លាច​រូប​ពូទីន ឥឡូវ​ឡើង​ដល់​កម្រិត កាល​ដែល​គេ​ហាម​មិនឲ្យ​និយាយ​អ្វី​ដែល​ល្អ​ឡើយ​អំពី​ប្រទេស​រុស្ស៊ី មិន​ថា​ជា​ទង្វើ​ឬ​ក៏​ជា​ សមិទ្ធិផល​ របស់​ រុស្ស៊ី។ ប៉ុន្តែ គេ​ត្រូវ​និយាយ​អ្វី​ដែល​អាក្រក់​អំពី​រុស្ស៊ី ហើយ​ត្រូវ​និយាយ​ឲ្យ​បាន​ច្រើន  ហើយ​ កាលណា​គ្មាន​អ្វី​និយាយ គឺ​ត្រូវ បឺត​ម្រាមដៃ​ប្រឌិត​ឡើង។ គឺ​យ៉ាង​នេះ ដែល​រុស្ស៊ី​ឃើញ​ច្បាស់។

តាម​យោបល់​លោក​ពេស្កូវ ការ​បើក​អាក្រាត​រង្គាល​រឿង​សម្ងាត់​កំបាំង ដែល​ត្រូវ​គេ​ឲ្យ​ឈ្មោះថា ឯកសារប៉ាណាម៉ា គឺ​ឥត​ចែង​អ្វី​ជា​ជាក់លាក់ឬ ថ្មី ឡើយ ទាក់ទង​នឹង រូប​ប្រធានាធិបតី​រុស្ស៊ី។ យើង​ស្គាល់​ច្បាស់ តើ​សហគមន៍​អ្នកកាសែត​ខាង​ស៊ើបអង្កេត​នោះ​ជា​អ្វី ក្នុង​ចំណោមពួក​គេ មាន​អ្នកកាសែត​ជា​ច្រើន ដែល​មុខ​របរ​ជា​អ្នកកាសែត មិនមែន​ជា​ចម្បង​ឡើយ ដ្បិតគេ​ជា​ច្រើន ជា​អតីត​និយោជិក​ក្រសួង​ការបរទេស​អាមេរិក ជា​អតីត​ភ្នាក់ងារ CIA ជា​អតីតភ្នាក់ងារ​ស៊ើបការណ៍សម្ងាត់​ផ្សេងៗ។ អ្នកនាំពាក្យ​វិមានក្រេមឡាំង បរិហារ​ព័ត៌មាន​គ្រវែងចេញ​មក ដោយ​ពួក អ្នកកាសែត​បែប​នេះ ថា​ជា​ព័ត៌មាន​ប្រឌិត និង​ក្លែងបំផ្លែង។

តប​នឹង​សំណួរ​អ្នកកាសែត លោក​ពេស្កូវ ឆ្លើយ​ថា វិមាន​ក្រេមឡាំង ក្នុង​ដំណាក់​ឥឡូវ មិនឃើញ មាន​ន័យ​អ្វី​ណា​ទេ​ ដាក់​ពាក្យ​ប្តឹង​ទល់​នឹង ការិយាល័យ​សាជីវកម្ម​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​ប៉ាណាម៉ា ក្រោម​ឈ្មោះ​ថា Mossack Fonseca ដែល​បាន​ចេញ​ផ្សាយ ឯកសារ​ពាំជាប់​ដោយ ធាតុ​ពិត​របស់​វា គឺ កកូរកកាយ​ក្នុង​គោលដៅ​មួលបង្កាច់​ពាក់ព័ន្ធ​នឹង រូប​លោកពូទីន។
 

គួរ​រំលឹក​ថា ក្នុង​ឆ្នាំ២០០៧ ពេល​ឆ្លើយ​តប​នឹង​សំណួរ​អ្នកកាសែត​បស្ចិមលោក​ម្នាក់ ថាគាត់​ជា អ្នក​មាន​បំផុត​នៅ​រុស្ស៊ី ប្រកប​ដោយ​ទឹកប្រាក់ ៤០.០០០លានដុល្លារ​ស្អីណា លោកពូទីន ថ្លែង​ថា បើ​នរណា​ចេះ​រក​ឃើញ​លុយ​នេះ សូម​ប្រាប់​គាត់​ផង គាត់​នឹង​ធ្វើកាដូឲ្យ​ទាំង​អស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ