អានតួអត្ថបទ
អ៊ីរ៉ាក់

អ៊ីរ៉ាក់៖ ក្រុម​គាំទ្រ​លោក ម៉ុកតាដា សាដរ៍ ធ្វើ​បាតុកម្ម​​ធំ ប្រឆាំង​នឹង​ការតែងតាំង​នាយក​រដ្ឋមន្ត្រី​ថ្មី

ជិតមួយឆ្នាំក្រោយ​ការបោះឆ្នោតសភា កាលពីខែតុលាឆ្នាំមុន អ៊ីរ៉ាក់កំពុងតែស្ថិតនៅក្នុងវិបត្តិនយោបាយ​ យ៉ាងតានតឹង​បំផុត។ ក្រុមបក្សនយោបាយ​ គ្មាន​ការចុះសម្រុងគ្នា ដើម្បីតែងតាំងនាយករដ្ឋមន្ត្រីថ្មី ខណៈវិបត្តិសេដ្ឋកិច្ចកាន់តែស៊ីរូងប្រទេសនេះ​ ពីមួយថ្ងៃទៅមួយថ្ងៃ។ នៅថ្ងៃសៅរ៍នេះ ក្រុម​ប្រជាជន​ដែលគាំទ្រលោក ម៉ុកតាដា សាដរ៍ ដែល​ជា​មេដឹកនាំនយោបាយអ៊ីស្លាម​ឈីអ៊ីតដ៏សំខាន់ម្នាក់ បាននាំគ្នាធ្វើបាតុកម្មយ៉ាងធំនៅក្រុង​បាកដាត ដើម្បីប្រឆាំងនឹងគម្រោង​តែងតាំង លោក ស៊ូដានី ជានាយករដ្ឋមន្ត្រីថ្មី ដែលប្រជាជនចោទថា ជាមនុស្ស​របស់​បក្សពួកពុករលួយ​ដដែលៗ។

បាតុករអ៊ីរ៉ាក់ លើកបដារូបថតលោក​​ Muqtada al-Sadr ដែលពួកគេចង់ឲ្យឡើងធ្វើជានាយករដ្ឋមន្ត្រី។ ក្រុងបាកដាត ថ្ងៃទី ៣០ កក្កដា ២០២២
បាតុករអ៊ីរ៉ាក់ លើកបដារូបថតលោក​​ Muqtada al-Sadr ដែលពួកគេចង់ឲ្យឡើងធ្វើជានាយករដ្ឋមន្ត្រី។ ក្រុងបាកដាត ថ្ងៃទី ៣០ កក្កដា ២០២២ AP - Anmar Khalil
ផ្សាយពាណិជ្ជកម្ម

៣ថ្ងៃបន្ទាប់ពី​បានសម្រុកចូលទៅក្នុងរដ្ឋសភា ក្រុមប្រជាជនអ៊ីរ៉ាក់ ដែល​គាំ​ទ្រលោក ម៉ុកតាដា សាដរ៍ បានត្រលប់ចុះផ្លូវ​ធ្វើបាតុកម្មធំ នៅថ្ងៃសៅរ៍ទី៣០កក្កដា ដើម្បីប្រឆាំងតវ៉ានឹងការតែងតាំងនាយករដ្ឋមន្ត្រី ដែលពួកខ្លួន​មិនពេញចិត្ត។

យោងតាមអ្នករាយការណ៍ព័ត៌មាន ប្រចាំនៅ​ទីក្រុងបាកដាត គេសង្កេតឃើញ ក្រុមមនុស្ស​បានសម្រុកចូលទៅក្នុងសង្កាត់បៃតង់នៃក្រុងបាកដាត​ ដែលជាតំបន់សំបូរទីតាំង​ស្ថាប័នរដ្ឋធំៗ ព្រមទាំងស្ថានទូតបរទេស។ បាតុករខ្លះ មានកាន់ទង់ជាតិ ខ្លះទៀតកាន់ផ្ទាំងបដារូបថត លោក ម៉ុកតាដា សាដរ៍ មេដឹកនាំចលនានយោបាយអ៊ីស្លាម​ឈីអ៊ីត ដែលពួកគេចង់ឲ្យ​ឡើងមកធ្វើ​នាយករដ្ឋមន្ត្រីដឹកនាំប្រទេស។​

សូមរំលឹកថា ក្រោយការបោះឆ្នោតសភា កាលពីខែតុលា អ៊ីរ៉ាក់នៅស្ថិតក្នុងការរាំងស្ទះនយោបាយដដែល។ ក្រុមបក្ស​នយោបាយធំៗគ្មាន​ការស្រុះស្រួលគ្នា ដើម្បីតែងតាំងប្រធានាធិបតី ព្រមទាំងនាយករដ្ឋមន្ត្រី។ ក្រុមសម្ព័ន្ធនយោបាយដឹកនាំដោយ​លោកអតីតនាយករដ្ឋមន្ត្រី Nouri al-Maliki បានសម្រេចចិត្តតែងតាំង លោក Mohamed Chia al-Soudani ឲ្យធ្វើជានាយករដ្ឋមន្ត្រីថ្មី។ លោក​ម្នាក់នេះ ត្រូវបាន​គេស្គាល់ថា គឺជា​អតីតទាហានប៉ារ៉ា ស្និទនឹង​ក្រុមឈីអ៊ីតអ៊ីរ៉ង់ ហើយដែល​ជាបក្សពួកតែមួយ ជាមួយនឹងមេដឹកនាំនយោបាយ​មុនៗ ដែល​ប្រជាពលរដ្ឋអ៊ីរ៉ាក់ ចោទថាជាក្រុមពុករលួយ។

ដោយឡែក ចលនានយោបាយរបស់​លោក ម៉ុកតាដា សាដរ៍ ដែលជាអ្នក​បានសំឡេងនាំមុខនៅក្នុងសភា ក្រោយ​ការបោះឆ្នោត​ខែតុលា បានសម្រេចដើរចេញពីសភា បន្ទាប់ពីបានជំទាស់នឹងគំនិត​តែងតាំងថ្នាក់ដឹកនាំធំៗ របស់ចលនា​នយោបាយ​ម្ខាងទៀត។ ថ្វីបើមិនចូលរួមក្នុងសភាថ្មី តែលោកចលនានយោបាយ​របស់​លោក ម៉ុកតាដា សាដរ៍ មានប្រជាប្រិយភាពយ៉ាងខ្លាំង ក្នុងចំណោម​ប្រជាពលរដ្ឋអ៊ីរ៉ាក់ ដែលចង់បិទបញ្ចប់​ការដឹកនាំរបស់​ក្រុម​បក្សពួក​ចែកអំណាចគ្នាបំរើ​ផលប្រយោជន៍អ៊ីរ៉ង់ ហើយចង់ឃើញ​ការធ្វើកំណែទម្រង់សេដ្ឋកិច្ច និងសង្គមអ៊ីរ៉ាក់។​

គួរកត់សំគាល់ថា ស្ថានភាពជាប់គាំងនយោបាយ អមជាមួយ​នឹង​ការពន្យុះឲ្យ​ធ្វើបាតុកម្មហិង្សា​​នាពេលនេះ បានបង្ហាញអំពីជំរៅវិបតិ្ត ដែលគ្មានសង្ឃឹមអាច​ដោះស្រាយ​បាន ដោយសារតែភាពរឹងរូស នៃក្រុមមេដឹកនាំចលនានយោបាយអ៊ីរ៉ាក់ទាំងអស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ