អានតួអត្ថបទ
សភាអឺរ៉ុប-ឆ្មាំបដិវត្តន៍អ៊ីរ៉ង់

អ៊ីរ៉ង់ប្រតិកម្មឆេះដុំនៅក្រោយ សភាអឺរ៉ុប​បោះឆ្នោតលើសេចក្តីសម្រេច​ដាក់​ឆ្មាំបដិវត្តន៍​ក្នុងបញ្ជីខ្មៅ

អ៊ីរ៉ង់ កាលពីថ្ងៃ​ព្រហស្បតិ៍​​បាន​ព្រមាន​ពីផលវិបាក​អវិជ្ជមាន បើសិន​ប្រទេស​សមាជិកអឺរ៉ុបយល់ព្រម​ដាក់បញ្ចូល​ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ក្នុង​បញ្ជី​ក្រុមភេរវនិយម ទៅតាម​ការទាមទារ​របស់​សភាអឺរ៉ុប។ នៅថ្ងៃ​ពុធ សភាអឺរ៉ុប​បាន​បោះឆ្នោត​លើ​សេចក្តីសម្រេច​ទាមទារ​ឲ្យ​គេ​ដាក់​ឆ្មាំបដិវត្តន៍​របស់​អ៊ីរ៉ង់ ក្នុង​បញ្ជីខ្មៅ ដោយសារ​សកម្មភាព​ភេរវនិយម ការបង្រ្កាបហិង្សា​របស់​ក្រុមនេះទៅលើ​បាតុករ និងការពាក់ព័ន្ធបញ្ជូន​យន្តហោះដ្រូន​ទៅ​ឲ្យកងទ័ព​រុស្ស៊ីសម្រាប់​ធ្វើសង្រ្គាមនៅអ៊ុយក្រែន។

កងទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់ នៅភាកខាងកើត​របស់​ខេត្ត​អាស៊ែរបៃហ្សង់​របស់អ៊ីរ៉ង់ នៅ​ថ្ងៃទី ១៧​តុលា ២០២២
កងទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់ នៅភាកខាងកើត​របស់​ខេត្ត​អាស៊ែរបៃហ្សង់​របស់អ៊ីរ៉ង់ នៅ​ថ្ងៃទី ១៧​តុលា ២០២២ via REUTERS - WANA NEWS AGENCY
ផ្សាយពាណិជ្ជកម្ម

ភាពតានតឹង​រវាង​អឺរ៉ុប និង​អ៊ីរ៉ង់​បានកើនឡើង​មួយកម្រិតទៀត បន្ទាប់ពី​សភា​អឺរ៉ុប​បាន​បោះឆ្នោត​កាលពីថ្ងៃ​ពុធ លើ​សេចក្តីសម្រេច​ទាមទារ​ឲ្យ​ប្រទេស​សមាជិក ធ្វើដូច​អាមេរិក ដោយ​ដាក់បញ្ចូល​កងទ័ពឆ្មាំបដិវត្តន៍​អ៊ីរ៉ង់ ទៅក្នុង​បញ្ជីខ្មៅ កាលពី​ឆ្នាំ ២០១៩។

នៅក្នុង​សេចក្តីសម្រេច​កាលពីថ្ងៃពុធ សភាអឺរ៉ុប​បាន​ចោទប្រកាន់​កងកម្លាំងបដិវត្តន៍​អ៊ីរ៉ង់ថា បាន​ធ្វើប្រតិបត្តិការកងទ័ព​នៅ​ទឹកដីបរទេស លួចផ្តល់​យន្តហោះដ្រូន​ទៅ​ឲ្យ​កងទ័ពរុស្ស៊ី សម្រាប់ធ្វើសង្រ្គាមនៅអ៊ុយក្រែន និង​បើកការបង្រ្កាបហិង្សា​ទៅលើ​បាតុករ នៅក្នុងប្រទេស​អ៊ីរ៉ង់។

សេចក្តីសម្រេច​របស់សភា​អឺរ៉ុប​ដើម្បី​ទាមទារ​ឲ្យ​គេ​ដាក់​បញ្ចូល​កងទ័ពឆ្មាំបដិវត្តន៍​អ៊ីរ៉ង់​ក្នុងបញ្ជីភេរវនិយម នឹងបើកផ្លូវ​ឲ្យ​មាន​ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច​ទៅលើក្រុមនេះ ពីសំណាក់​ប្រទេស​សមាជិកអឺរ៉ុប។ សភាអឺរ៉ុប​ចេញសេចក្តីសម្រេច នៅ​ប៉ុន្មានថ្ងៃ​មុន​កិច្ចប្រជុំ​រដ្ឋមន្រ្តីការបរទេសអឺរ៉ុប ដែលត្រូវ​ពិភាក្សា​ផងដែរ​ពី​ខ្សែដាក់ទណ្ឌកម្ម​លើកទី​៤​ទៅលើ​អ៊ីរ៉ង់។

សេចក្តីសម្រេច​របស់​សភាអឺរ៉ុប គ្មាន​តម្លៃផ្លូវច្បាប់ ចាប់តម្រូវ​ឲ្យប្រទេសសមាជិកត្រូវតែធ្វើតាម។ ម្យ៉ាង ការដាក់ទណ្ឌកម្ម​ណាមួយ​ទៅលើ​អ៊ីរ៉ង់ គឺអាស្រ័យលើការសម្រេច​របស់​ក្រុមប្រឹក្សា​អឺរ៉ុប។

ប៉ុន្តែ នៅថ្ងៃ​ព្រហស្បតិ៍ នៅក្នុង​កិច្ចសន្ទនាតាមទូរស័ព្ទជាមួយ​សមភាគីអឺរ៉ុប រដ្ឋមន្រ្តីការបរទេស​អ៊ីរ៉ង់ លោក Hossein Amir Abdollahian បាន​បរិហារ​សេចក្តីសម្រេច​របស់សភាអឺរ៉ុប​ថា មិនត្រឹមត្រូវ និង​ធ្វើឡើង​តាមអារម្មណ៍។ សម្រាប់ប្រមុខការបរទេស​អ៊ីរ៉ង់ អឺរ៉ុប​កំពុង​បាញ់ជើងខ្លួនឯង បើសិន​អឺរ៉ុប​ដាក់​កងទ័ព​ឆ្មាំបដិវត្តន៍​របស់អ៊ីរ៉ង់​ក្នុង​បញ្ជីខ្មៅ។

បង្កើតឡើង​នៅ ឆ្នាំ ១៩៧៩ នៅ​ក្រោយ​បដិវត្តផ្តួលរំលំរបបរាជានិយម កងទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ត្រូវ​បាន​គេ​ចាត់ទុក​ជា​កងកម្លាំងប្រដាប់អាវុធ ដ៏មានអំណាច​ឥទ្ធិពល នៅអ៊ីរ៉ង់។

ប៉ុន្តែ សម្រាប់​រដ្ឋមន្រ្តីការបរទេស​អ៊ីរ៉ង់ កងទ័ព​ឆ្មាំបដិវត្តន៍​ជា​ស្ថាប័ន​ផ្លូវការ និង​អធិបតេយ្យ​ដែល​ដើរតួសំខាន់​ក្នុងការធានា​សន្តិសុខ​ជាតិ​របស់អ៊ីរ៉ង់ និងនៅក្នុង​តំបន់ ជាពិសេស​នៅក្នុងការប្រយុទ្ធប្រឆាំង​ក្រុមភេរវនិយម។ សេនាធិការកងទ័ពអ៊ីរ៉ង់វិញ​បាន​បន្ថែម​ថា ការដាក់បញ្ចូល​កងទ័ព​ឆ្មាំបដិវត្តន៍​ទៅក្នុង​បញ្ជីខ្មៅ នឹងធ្វើ​ឲ្យប៉ះពាល់​ដល់​សន្តិសុខ ភាពស្ងប់សុខ និង​សន្តិភាព។ ជាក់ស្តែង បើសិន​គ្មាន​ការចូលរួម​របស់​ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ នោះ រដ្ឋាភិបាល​អឺរ៉ុប​នឹង​ស្ថិតក្រោមការគ្រប់គ្រង​របស់​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ដែល​ធ្លាប់​សកម្មខ្លាំង​នៅអ៊ីរ៉ាក់ និងស៊ីរី។

បន្ថែម​ពីលើ​កងទ័ពជាតិ អ៊ីរ៉ង់ មានកងទ័ព​ឆ្មាំបដិវត្តន៍ដែល​មាន​សមាជិក ១២០ ០០០នាក់។ ក្រុមទាហាន​ឆ្នើមៗទាំងនេះ ដែលមាន​វត្តមាន​នៅក្នុង​ឯកភាពកងទ័ពជើងទឹក ជើងគោក និងជើងអាកាស ដើរតួនាទីសំខាន់​ក្នុងការធានាសន្តិសុខ​ឲ្យ​កប៉ាល់ដឹកប្រេង​របស់អ៊ីរ៉ង់ នៅឈូងសមុទ្រ​ពែរ្ស និង​សមុទ្រ​អ័រមុតផង និង​គ្រប់គ្រង​កម្មវិធី​អភិវឌ្ឍ​ផលិតមីស៊ីល​របស់​អ៊ីរ៉ង់ផង។

សេចក្តីសម្រេច​របស់សភាអឺរ៉ុប ទាមទារ​ឲ្យ​គេ​ដាក់បញ្ចូល​កងទ័ព​ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ទៅក្នុងបញ្ជីក្រុមភេរវនិយម នឹងទៅបំពុល ទំនាក់ទំនង​អឺរ៉ុប អ៊ីរ៉ង់ ដែលចុះ​ល្អក់កករ ដោយសារ សង្រ្គាមរុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន និង​ការចាប់ឃាត់ខ្លួន​ជនជាតិ​អឺរ៉ុប នៅក្នុង​ទឹកដីអ៊ីរ៉ង់ នៅក្នុង​បទចោទប្រកាន់លួចយកការណ៍សម្ងាត់ជាតិរបស់​អ៊ីរ៉ង់។

នៅ​ថ្ងៃអង្គារទី ១៧​មករា អាជ្ញាធរអ៊ីរ៉ង់​បាន​ចាប់ខ្លួនជនជាតិអាល្លឺម៉ង់ ម្នាក់ ក្នុងបទចោទប្រកាន់លួចថតទីតាំងរោងចក្រប្រេង​នៅភាគនិរតីប្រទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ