អានតួអត្ថបទ

ការផ្ទុះអាវុធនៅព្រំដែនអ៊ីស្រាអែល អេហ្ស៊ីប សម្លាប់ទាហានអ៊ីស្រាអែល​៣នាក់

ទាហានអ៊ីស្រាអែល​៣នាក់ និង​ប៉ូលិសអេហ្ស៊ីប១នាក់ ស្លាប់​នៅក្នុង​ការប៉ះទង្គិចអាវុធ នៅព្រំដែន​អេហ្ស៊ីប និង​អ៊ីស្រាអែល កាលពីថ្ងៃ​សៅរ៍។ តាម​កងទ័ព​អ៊ីស្រាអែល ឧប្បត្តិហេតុ​កើតឡើង កើតឡើង​នៅប៉ុន្មានម៉ោង​ក្រោយ​ទាហានប្រចាំការនៅ​ព្រំដែន​អ៊ីស្រាអែល ទប់ស្កាត់ទាន់ពេលវេលា ការជួញដូរ​គ្រឿងញៀន ឆ្លងដែន ពីអេហ្ស៊ីប ចូលទៅ​អ៊ីស្រាអែល។

ទាហានស្រីអ៊ីស្រាអែល​យំសោក​នៅក្រោយ​មិត្ត​រួមការងារ​ម្នាក់​ត្រូ​វ​ឃាតករបាញ់សម្លាប់​នៅក្នុងពេល​ធ្វើប្រតិបត្តិការ​ដើរយាម​ព្រំដែនអេហ្ស៊ីប អ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ទី ៣​មិថុនា
ទាហានស្រីអ៊ីស្រាអែល​យំសោក​នៅក្រោយ​មិត្ត​រួមការងារ​ម្នាក់​ត្រូ​វ​ឃាតករបាញ់សម្លាប់​នៅក្នុងពេល​ធ្វើប្រតិបត្តិការ​ដើរយាម​ព្រំដែនអេហ្ស៊ីប អ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ទី ៣​មិថុនា AP - Tsafrir Abayov
ផ្សាយពាណិជ្ជកម្ម

កងទ័ពអ៊ីស្រាអែលដំបូងឡើយ បានប្រកាសថា ទាហានយាមព្រំដែន​២នាក់ ត្រូវ​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​នៅព្រឹកថ្ងៃ​សៅរ៍។ នៅប៉ុន្មាន​ម៉ោង​ក្រោយ បើកប្រតិបត្តិការ​តាមរកមុខ​ឃាតករ នៅព្រំដែនអ៊ីស្រាអែល អេហ្ស៊ីប កងទ័ព​អ៊ីស្រាអែល​និយាយ​ថា ទាហាន​អ៊ីស្រាអែល​ម្នាក់ទៀត​ស្លាប់ នៅក្នុង​ការប្រយុទ្ធ​តតាំង ជាមួយខ្មាន់​កាំភ្លើង ដែល​អាជ្ញាធរ​អ៊ីស្រាអែល​កំណត់​អត្តសញ្ញាណ​បាន​ថា ជា​ប៉ូលិស​អេហ្ស៊ីប។ តាម​កងទ័ព​អ៊ីស្រាអែលដដែល ប៉ូលិស​អេហ្ស៊ីប​ជាខ្មាន់កាំភ្លើង ដែលសង្ស័យ​ថា ជាអ្នក​បាញ់​សម្លាប់​ទាហាន​អ៊ីស្រាអែល ២នាក់ដំបូង។

នៅក្នុង​សេចក្តីថ្លែងការណ៍ ល្ងាចថ្ងៃសៅរ៍ កងទ័ពអេហ្ស៊ីប​និយាយ​ថា មន្រ្តីរក្សាសន្តិសុខ​របស់ខ្លួន​ម្នាក់ ​ដែលតាមប្រមាញ់​ក្រុមជួញដូរគ្រឿងញៀន បាន​ឆ្លង ប៉ុស្តត្រួតពិនិត្យ​នៅព្រំដែន​អ៊ីស្រាអែល និងអេហ្ស៊ីប។ បន្ទាប់មក ក៏មានការបាញ់តបតគ្នា​ជាមួយ ដែលនៅក្នុងនោះ ទាហាន​អ៊ីស្រាអែល​៣នាក់ត្រូវ​បាញ់សម្លាប់ ចំណែក ប៉ូលិស​អេហ្ស៊ីប ក៏ស្លាប់​ដោយសារ​គ្រាប់របស់​ទាហាន​អ៊ីស្រាអែល។

ការប៉ះទង្គិច​អាវុធ នៅ​ព្រំដែន អេហ្ស៊ីប​និង​អ៊ីស្រាអែល ជារឿង​ដ៏កម្រ គិតចាប់តាំង​ពី​ឆ្នាំ ១៩៧៩ នៅពេល​អេហ្ស៊ីប ក្លាយជា​ប្រទេស​អារ៉ាប់​ដំបូងគេដែលចុះកិច្ចព្រមព្រៀង​សន្តិភាព ជាមួយ​អ៊ីស្រាអែល។ នៅល្ងាច​ថ្ងៃ​សៅរ៍កងទ័ព​អ៊ីស្រាអែល​អះអាងថា កំពុង​បើកការស៊ើបអង្កេត ដោយមាន​ការសហការ​ពេញទំហឹង​ជាមួយ​កងទ័ពអេហ្ស៊ីប ដើម្បី​រកមូលហេតុ​ដែលធ្វើ​ឲ្យ​មានការប៉ះទង្គិចអាវុធ សម្លាប់គ្នា រវាងឆ្មាំព្រំដែន​អ៊ីស្រាអែល និងប៉ូលិស​អេហ្ស៊ីប។ ម្យ៉ាង កងទ័ពអ៊ីស្រាអែល​ចង់ដឹងផងដែរ​ថា តើ​ប៉ូលិស​អេហ្ស៊ីប​អាច​ផ្លោះ​ជញ្ជាំងនៅព្រំដែន ដើម្បី​ឆ្លងចូល​ទៅ​ក្នុងទឹកអ៊ីស្រាអែល​បាន​យ៉ាងដូចម្តេច ព្រោះថា ជញ្ជាំង នៅ​ព្រំដែន​ដែល​អ៊ីស្រាអែល​សាងសង់​នៅភាគខាងត្បូង​ជាមួយ​ប្រទេស​អេហ្ស៊ីប ដើម្បី​ទប់ស្កាត់​លំហូរជនអន្តោប្រវេសន៍អាហ្វ្រិក និងក្រុមភេរវនិយម​នៅតំបន់​ស៊ីណៃ មាន​កំពស់ខ្ពស់ និង​រុំព័ទ្ធដោយ​លួសបន្លា។

ហេតុការណ៍ ប៉ះទង្គិច​អាវុធរវាង​ទាហាន​អ៊ីស្រាអែល និង​ប៉ូលិស​អេហ្ស៊ីប កើតឡើង​នៅ​ក្នុងទឹកដី​អ៊ីស្រាអែល ត្រង់​តំបន់វាលខ្សាច់ Neguev ដែលជា​កន្លែង​សំបូរ​មាន​ការជួញដូរគ្រឿងញៀន។ ដោយ​មិនចង្អុរចោទប្រកាន់ចំៗ ប៉ូលិស​អេហ្ស៊ីប អ្នកនាំពាក្យ​របស់​កងទ័ព​អ៊ីស្រាអែលនិយាយ​ថា ករណី​បាញ់សម្លាប់ទាហាន​អ៊ីស្រាអែល អាច​ជាប់ពាក់ព័ន្ធ​នឹង​ការជួញដូរគ្រឿងញៀន។ កន្លែង​ដែល​ទាហានអ៊ីស្រាអែល បាញ់តបគ្នា​ជាមួយ​ប៉ូលិស​អេហ្ស៊ីប ស្ថិតនៅ​ចម្ងាយ ជាង​៣គីឡូម៉ែត្រ ប៉ុណ្ណោះ ពី​កន្លែង​ដែល​ឆ្មាំព្រំដែន​អ៊ីស្រាអែល​ប្រទះឃើញ​ជណ្តើរ និង​គ្រឿងញៀន​ដែល​គេ​លួច​នាំ​ឆ្លង​ចូល​ទឹកដី​អ៊ីស្រាអែល នៅព្រឹកថ្ងៃសៅរ៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ